សិស្សវិទ្យាល័យនិងនិស្សិតនៅខេត្តត្បូងឃ្មុំចូលរួមវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦

មានសិស្សានុសិស្សចំនួន៥៤នាក់មកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ខ្នារ និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ក្រែក និងនិស្សិត ក្នុងខេត្តត្បូងឃ្មុំ​  បានមកចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបានធ្វើទស្សនកិច្ចទៅកាន់តំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦ ដែលរៀបចំដោយក្រុមការងារមជ្ឈមណ្ឌលឯកសារកោះ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះ ផ្តោតសំខាន់ទៅលើប្រធានបទ ការជម្លៀសប្រជាជនដោយបង្ខំ និងការសម្លាប់យ៉ាងរង្គាលនៅទួលពោធិ៍ជ្រៃ។

ជាកិច្ចចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានដឹកនាំយុវជនដើរទស្សនាពិព័រណ៍រូបថតសម័យសង្គ្រាមកាលពីទសវត្សរ៍ឆ្នាំ១៩៦០ រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ រូបថតភ័ស្ថុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់ សម្តេច ហ៊ុន សែន និងយុទ្ធមិត្តចំនួន៤រូបទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់។

តមក លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) លើប្រធានបទការជម្លៀសប្រជាជនចេញពីទីក្រុង, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ លោក ឡុង ដានី មានប្រសាសន៍ថា កាលពី៤៨ឆ្នាំមុន គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅខណៈពេលខ្មែរក្រហមមកដល់ទីក្រុងភ្នំពេញរយៈពេល២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបានបញ្ជាឲ្យកងទ័ពរបស់ខ្លួនជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងនានាទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែ ក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានយកលេសដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់នៅទីក្រុងភ្នំពេញ ប្រជាជនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញហើយ ដូច្នេះប្រជាជនមិនចាំបាច់យកទ្រព្យសម្បត្តិច្រើនទៅតាមខ្លួន និងចាក់សោផ្ទះទេ។ ប៉ុន្តែកាពិតខ្មែរក្រហមមិនបានអនុញាតឲ្យប្រជាជនត្រឡប់មកផ្ទះវិញពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនជម្លៀសច្រើនលើសលុបបានស្លាប់ដោយសារការសម្លាប់ ការធ្វើការងារហួសកម្លាំង និងអត់អាហារ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានរកឃើញថា នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសបង្ខំប្រជាជនចេញពីទីក្រុងភ្នំពេញយ៉ាងហោចណាស់ចំនួនប្រហែល២លាននាក់រួមមាន ៖ បុរស ស្រ្តី មនុស្សចាស់ ក្មេង ព្រះសង្ឃ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកជំងឺ អ្នករបួស ស្រ្តីទើបសម្រាលកូន។ ប្រជាជនទាំងនោះមិនត្រូវបានខ្មែរក្រហមផ្តល់កន្លែងស្នាក់ និងស្បៀងអាហារហូបចុកគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យមានការលំបាកវេទនា និងស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមការប៉ាន់ប្រមាណ មានប្រជាជនចំនួនចន្លោះពី២ពាន់ ទៅ២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញ និងការធ្វើដំណើរតាមផ្លូវទៅកាន់ទីជនបទនានា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម រួមមាន នួន ជា និង ខៀវ សំផន ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានរកឃើញថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូចជា បទមនុស្សឃាត បទធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយរួមទាំងអំពើអមនុស្សធម៌ផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

វេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម បានចប់នៅម៉ោង១១ព្រឹក បន្ទាប់មក លោក ឡុង ដានី បានដឹកនាំសិស្សនិងនិស្សិតទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦ គឺជាទីតាំងដែលសម្តេច ហ៊ុន សែន និងយុទ្ធមិត្តចំនួន៤រូប ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ដោយផ្ទាល់។

 ចំណាប់អារម្មណ៍របស់សិស្សនិងនិស្សិត ៖

ខ្ញុំឈ្មោះ ផាត លីហ៊ួ ភេទប្រុស មានអាយុ ១៨ឆ្នាំ រៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនក្រែក។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានមកចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារកោះថ្មក្នុងថ្ងៃនេះ។ ពេលខ្ញុំបានមកដល់ភ្លាម ខ្ញុំឃើញការតាំងបង្ហាញរូបភាព ផ្ទាំងគំនូរ រួមទាំងផែនទី តែខ្ញុំពុំទាន់ដឹងច្បាស់ថារូបភាពដែលតាំងនោះចង់និយាយអំពីអ្វីនោះទេ។ ក្រោយមក លោកគ្រូ ឡុង ដានី គឺជាប្រធានមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើបទបង្ហាញពីផ្ទាំងរូបភាព រូបគំនូរ និងផែនទីទាំងនោះ ទើបខ្ញុំបានដឹងអំពីប្រវត្តិសាស្រ្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយពីបានចូលរួមវេទិកានៅក្នុងថ្ងៃនេះបានធ្វើឲ្យខ្ញុំដឹងថា ប្រជាជនដែលរស់នៅក្នុងរបបខ្មែរក្រហមពិតជាពិបាកវេទនា គ្មានសេរីភាព និងរស់នៅគ្មានភាពកក់ក្ដៅ។ ប្រជាជនត្រូវបានបំបែកឲ្យរស់នៅឆ្ងាយពីគ្រួសារ និងបែកបាក់បងប្អូន ហើយខ្មែរក្រហមបានសម្លាប់មនុស្សឥតមេត្តា។ ប្រជាជនគ្មានអាហារហូបចុកគ្រប់គ្រាន់ និងត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំគិតថាយើងជាយុវជនជំនាន់ក្រោយត្រូវខិតខំរៀនសូត្រដើម្បីឲ្យប្រទេសយើងមានសន្តិភាព។

នាងខ្ញុំឈ្មោះ ហាក់ វុត្តី ភេទស្រី មានអាយុ១៦ឆ្នាំ មកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ខ្នារ។ នាងខ្ញុំ ពិតជាមានអារម្មណ៍រំភើបជាខ្លាំងដែលបានមកចូលរួមវេទិកាថ្នាក់រៀនថ្ងៃនេះ ព្រោះនាងខ្ញុំមិនធ្លាប់បាន មកមជ្ឈមណ្ឌលឯកសារកោះថ្មពីមុនមកទេ។ ពេលដែលខ្ញុំមកដល់ខ្ញុំឃើញមានរូបភាពពីរបបខ្មែរក្រហមជាច្រើនមានទាំងរូបសាកសព ឆ្អឹង លលាដ៏ក្បាល រូបភាពពេលប្រជាជនធ្វើការ រូបភាពពេលជម្លៀសចេញពីទីក្រុងភ្នំពេញ រូបក្រោយឆ្នាំ១៩៧៩ និងផ្ទាំងគំនូររបស់សម្ដេច ហ៊ុន សែន ដែលធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំជំនួយមករំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍រួមជាមួយសមមិត្តចំនួន៤រូបទៀត។ ក្រោយពីបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តខ្មែរក្រហមរួចមក ខ្ញុំយល់ឃើញថារបបមួយនេះឃោរឃៅ ដោយលុបបំបាត់ចោលនូវសិទ្ធិសេរីភាពប្រជាជនដែលមានចំណេះដឹង និងបំផ្លាញចោលនូវក្រុមជនជាតិ សាសនាផ្សេងៗ ហើយបានគាបសង្កត់ប្រជាជនមិនឲ្យមានសេរីភាព គ្មានសិទ្ធិប្រឆាំងតវ៉ា ជាពិសេសជាងនេះទៅទៀតនោះ គឺប្រជាជនធ្វើការលើសកម្លាំង មិនមានអាហារបរិភោគគ្រប់គ្រាន់ ថែមទាំងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនថែមទៀត។ ដើម្បីចូលរួមទប់ស្កាត់របបនេះកុំឲ្យកើតឡើងនាថ្ងៃអនាគត យើងគ្រប់គ្នាគប្បីចេះស្រឡាញ់រួបរួមសាមគ្គីគ្នា មិនរើសអើងវណ្ណៈ ពណ៌សម្បុរ និងពូជសាសន៍ ហើយចូលរួមផ្សព្វផ្សាយពីការប៉ះពាល់នៃអំពើហិង្សា និងអំពើប្រល័យពូជសាសន៍ឲ្យបានទូលំទូលាយ ។

ខ្ញុំឈ្មោះ ម៉ៅ ស៊ីនធាង គឺជាអតីតសិស្សនៅទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ក្រែក ហើយបច្ចុប្បន្ន គឺនិស្សិតឆ្នាំទីមួយ។ ខ្ញុំធ្លាប់បានរៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមជាមួយលោកគ្រូ ឡុង ដានី គឺជាប្រធានមជ្ឈមណ្ឌលឯកសារនៅកោះថ្មម្តងរួចមកហើយ ហើយថ្ងៃខ្ញុំបានយល់ដឹងបន្ថែមទៀតអំពីពាក្យពេចន៍ដែលខ្មែរក្រហមប្រើនៅក្នុងសម័យនោះ។ ខ្ញុំចង់ឲ្យសិស្សយកចិត្តទុកដាក់ និងសួរសំណួរដើម្បីមានការពិភាក្សានៅក្នុងវេទិកាថ្នាក់រៀននេះ ។

អត្ថបទ ៖​ ឈុំ រ៉ា និង វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖​ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

 

អត្ថបទផ្សេងទៀត៖