បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាប្រគល់ អំណោយម៉ូតូកង់បីជូនដល់ប្រជាជននៅភូមិបាក់នឹម

នៅក្នុងប្រទេសកម្ពុជាខែមេសា គឺជាខែមួយដែលមានអាកាសធាតុក្តៅហួតហែង។ ជារៀងរាល់ឆ្នាំប្រជាជនខ្មែរតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​របស់ខ្លួននិងជួបជុំគ្រួ​សារបងប្អូន ប្រកបដោយសេចក្តីសប្បាយរីករាយ។ ក្រលេកទៅមើលអតីតកាលវិញ អំពើប្រល័យពូជសាសន៍នៅប្រទេសអាល្លឺម៉ង់ បូស្ន៊ី-ហឺហ្សីហ្គោវីន រវ៉ាន់ដា និង កម្ពុជា តែងតែកើតឡើងនៅក្នុងខែមេសា។ ជាក់ស្តែង ខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបានបណ្តាលឲ្យប្រជាជនកម្ពុជាប្រមាណជាង២លាននាក់ស្លាប់បាត់បង់ជីវិត។  នៅក្នុងខែមេសានេះ អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួន ប្រារព្ធទិវារំឭកការចងចាំអំពីអំពើប្រល័យពូជសាសន៍ ក្នុងគោលបំណងផ្សព្វផ្សាយនិងជំរុញឲ្យមានការចូលរួមការពារ និងទប់ស្កាត់នូវអំពើប្រល័យពូជសាសន៍។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំកម្មវិធីប្រគល់ម៉ូតូកង់បីមួយគ្រឿង ដែលជាអំណោយរបស់បណ្ណាល័យសម្តេចម៉ែនៃមជ្ឈ​ម​ណ្ឌលឯកសារកម្ពុជាជូនដល់ភូមិបាក់នឹមដែលមានប្រជាជនចំនួន៤៦៤គ្រួសារ ស្ថិតនៅ ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិបាក់នឹម, អា​ជ្ញាធរមូលដ្ឋាន និង គណៈកម្មាធិការអាចារ្យវត្តបាក់នឹម សរុបចំនួន៣០នាក់។ គោលបំណងនៃការប្រគល់ជូនអំណោយម៉ូតូកង់បីទៅដល់ភូមិបាក់នឹម គឺសម្រាប់អ្នក​រស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិបាក់នឹម ដែលស្ថិតនៅចម្ងាយជាង២០គីឡូម៉ែត្រពីទីប្រជុំជន ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃ ទៅកាន់មន្ទីរសម្រាកព្យាបាល ឬ មណ្ឌលសុខភាព ព្រោះប្រជាជនរស់នៅភូមិបាក់នឹមភាគច្រើនជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានវ័យ​ចំណាស់ មានជីវភាពខ្វះខាត និងមិនធ្លាប់បានទៅពិនិត្យសុខភាព ព្រោះតែខ្វះខាតថវិកានិងមធ្យោបាយធ្វើដំណើរ។ មួយវិញទៀតដោយសារ ភូមិបាក់នឹមប៉ែកខាងជើង មានទីតាំងស្ថិតនៅឆ្ងាយដាច់ស្រយាលតាមបណ្តោយជើងភ្នំដំរីរមៀល។ ផ្លូវក្នុងភូមិមានសភាពនៅពិបាកក្នុងការធ្វើដំណើរ និងមិនទាន់មានភ្លើងអគ្គិសនី និងទឹកស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅឡើយ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ផាត ចាន់សុនិតា ប្រធានក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពត មានមតិស្វាគមន៍ទៅកាន់អ្នកចូលរួម និង រៀបរាប់អំពីការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅភូមិបាក់នឹមថា បច្ចុប្បន្នមានក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជានៅភូមិបាក់នឹមចំនួន៦នាក់ បន្តចុះទៅជួបសួរសុខទុក្ខ និងសម្ភាសន៍អំពីរឿងរ៉ាវបទពិសោធន៍ឆ្លងកាត់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៧០នាក់នៅក្នុងភូមិបាក់នឹម​​។ ការធ្វើបទសម្ភាសន៍នេះ គឺដើម្បីយកទៅបោះពុម្ពផ្សព្វផ្សាយអប់រំពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅអំឡុងរបបខ្មែរក្រហម។

នៅក្នុងខែមីនា ឆ្នាំ២០២៣ កន្លងមក ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធិ និង ការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះមកពិនិត្យសុខភាពបឋមដូចជា ពិនិត្យចង្វាក់បេះដូង វាស់សំពាធឈាម ពិនិត្យជាតិខ្លាញ់ ជាតិស្ករ ផ្តល់ប្រឹក្សាយោបល់ដោយវេជ្ជបណ្ឌិតជនជាតិហ្វីលីពីនដេមីរៃយ៍ និង ចែកកញ្ចប់អនុស្សាវរីយ៍ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅក្នុងភូមិបាក់នឹមចំនួនពីរលើករួចមក ដោយមានអ្នកចូលរួមចំនួន៨៤នាក់។ ក្នុងខែឧសភា ខាងមុខនេះ ក្រុមការងារមានគម្រោងចុះមកពិនិត្យសុខភាពជាបន្តបន្ទាប់ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀតដែលនៅសេសសល់ក្នុងភូមិបាក់នឹម។

ជាកិច្ចបន្ទាប់លោក សុខ វណ្ណៈ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រគល់ម៉ូតូកង់បីជូនដល់លោក ពយ អ៊ូច មេភូមិបាក់នឹមនិងជាតំណាងឲ្យប្រជាពលរដ្ឋចំនួន៤៣៦គ្រួសារ និងប្រជាជនសរុប១៤៩១នាក់។

លោក ពយ អ៊ូច បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា  « ខ្ញុំសប្បាយរីករាយណាស់ ដែលលោកនាយក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាយកចិត្តទុកដាក់ជួយនិងប្រគល់ម៉ូតូកង់បីជូនដល់ភូមិបាក់នឹម ដោយឃើញថាបងប្អូនអ្នករស់រានមានជីវិតពីសង្រ្គាម និងរបប ប៉ុល ពត រស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីមន្ទីរពេទ្យ និងទីប្រជុំជននានា។ ខ្ញុំសូមមានសំណើរពីរចំណុចទៀតបន្ថែមទៅលើការប្រើប្រាស់ម៉ូតូកង់បី សម្រាប់ជាមធ្យោបាយជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទៅកាន់មណ្ឌលសុខភាពឬមន្ទីរសម្រាកព្យាបាល គឺ ៖ សំណើរទី១) ក្នុងករណីមានបងប្អូនប្រជាជនឈឺថ្កាត់បន្ទាន់ ឬស្រ្តីឆ្លងទន្លេ ត្រូវទៅមន្ទីរពេទ្យសូមឲ្យគាត់អាចប្រើប្រាស់ម៉ូតូកង់បីនេះសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទី២) ប្រសិនបើមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលចង់ធ្វើបុណ្យទាននៅតាមវត្ត សូមអនុញ្ញាតឲ្យគាត់ប្រើប្រាស់ម៉ូតូកង់បីជាមធ្យោបាយធ្វើដំណើរ ព្រោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមិនធ្លាប់បានធ្វើបុណ្យទានពីមុនមកទេ ទើបតែសម័យសន្តិភាពនេះមានឱកាសធ្វើបុណ្យទាន»។

នៅចុងបញ្ចប់ ក្រុមការងារចែកអាហារ កញ្ចប់អនុស្សាវរីយ៍ និងមធ្យោបាយធ្វើដំណើរជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានមកចូលរួមក្នុងកម្មវិធី។

អត្ថបទ ៖ ផាត ចាន់សុនិតា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖