សិស្សានុសិស្សចំនួន៣៧នាក់ ប្រុសចំនួន២០នាក់ និងស្រីចំនួន១៧នាក់ នៃវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ បានទស្សនកិច្ចសិក្សានៅតាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង និងមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានបង្កើតទស្សនកិច្ចសិក្សានេះឡើង ក្នុងគោលបំណងជំរុញឲ្យយុវជនចងចាំអំពីប្រវត្ដិសាស្រ្ដខ្មែរក្រហម ការផ្សះផ្សា និងការកសាងសន្ដិភាពនៅលើអតីតទីតាំងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហមនៅអន្លង់វែង។ ទស្សនកិច្ចសិក្សាស្ដីពី «សន្ដិភាព និងសិទ្ធិមនុស្ស» បាននាំមកនូវការឈ្វែងយល់ស៊ីជម្រៅពីទីតាំងប្រវត្ដិសាស្រ្ដសំខាន់ៗដល់យុវជនជំនាន់ក្រោយ ដែលជាកេរដំណែលចលនាខ្មែរក្រហមនៅតំបន់អន្លង់វែង ហើយក៏ជាការចងចាំរួមរបស់ប្រជាជនកម្ពុជា។ ទីតាំងប្រវត្ដិសាស្ដ្រនៅតំបន់អន្លង់វែងចំនួន១៤ រួមបញ្ចូលទាំងទីតាំងបូជាសព ប៉ុល ពត ដែលជាមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមនៅទីនោះ។ ប៉ុល ពត បានស្លាប់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ដោយសារជំងឺគាំងបេះដូង នៅក្នុងខ្ទមតូចមួយនៅលើខ្នងភ្នំដងរែក ក្បែរច្រកព្រំដែនកម្ពុជា-ថៃ។ សពរបស់ ប៉ុល ពត ត្រូវបានបូជារយៈពេលពីរថ្ងៃក្រោយមកទៀតជាមួយនឹងគ្រឿងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន និងសំបកកង់ឡាន ដោយមានទាហានតែប៉ុន្មាននាក់ប៉ុណ្ណោះចូលរួម។ រំឭកកាល ប៉ុល ពត ឡើងកាន់អំណាចក្នុងខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហម បានជម្លៀសប្រជាជនប្រមាណជាពីរលាននាក់ឲ្យចាកចេញពីទីក្រុងភ្នំពេញ និងប្រហារជីវិតមេដឹកនាំជាន់ខ្ពស់បីរូបនៃរដ្ឋការ លន់ នល់ រួមមាន ឡុង បូរ៉េត នាយករដ្ឋមន្រ្ដី, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និង លន់ ណុន ដែលជាប្អូនប្រុសរបស់លោកសេនាប្រមុខ លន់ នល់។ ក្រៅពីនេះ មន្រ្ដីរដ្ឋការ និងនាយទាហានរាប់រយនាក់របស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរក៏ត្រូវបានសម្លាប់ក្នុងពេលនោះដែរ។ ស្ថានភាពចលាចលគួរឲ្យភ័យខ្លាច និងដោយបង្ខិតបង្ខំ បានបង្កឲ្យប្រជាជនបាត់បង់អាយុជីវិតនៅតាមដងផ្លូវជាមួយនឹងទ្រព្យសម្បត្ដិដែលត្រូវបានបោះបង់ចោល។ មិនតែប៉ុណ្ណោះ អ្នកជំងឺក៏ត្រូវបានកងកម្លាំងខ្មែរក្រហមបណ្ដេញចេញពីមន្ទីរពេទ្យ ឬសម្លាប់ ចំណែកឯស្ដ្រីមានផ្ទៃពោះបានស្លាប់ខណៈពេលសម្រាលកូន។ ដំណើរទស្សនកិច្ចសិក្សា បានបង្កឱកាសឲ្យសិស្សានុសិស្សជួបពិភាក្សាគ្នា និងឈ្វែងយល់បន្ថែមទៅលើរឿងរ៉ាវដែលបានកើតឡើង និងអ្វីដែលខ្លួនមិនធ្លាប់បានដឹង ឬមានភាពស្រពិចស្រពិលនៅឡើយ។ ក្រៅពីនេះ ការបើកចំហរឲ្យមានការសួរសំណួរដែលសិស្សានុសិស្សចង់ដឹងបំផុត គឺជាដំណើរការដើម្បី ឈានទៅរកការពិភាក្សា និងការយល់ដឹងពិតប្រាកដមួយ។ សំណួរជាច្រើនត្រូវបានបំផុសនៅក្នុងការពិភាក្សា បន្ទាប់ពីលោកបណ្ឌិត លី សុខឃាង បានចាក់បញ្ចាំងកុនឯកសារទាក់ទងនឹង «ភាពចលាចលនៅទីក្រុងភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែមេសា ឆ្នាំ១៩៧៥» និង «មន្ទីរស២១ ឬគុកទួលស្លែង» ព្រមទាំងបទបង្ហាញអំពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ និងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។ យុវជនម្នាក់បានលើកជាសំណួរថា « តើប្រវត្ដិសាស្រ្ដខ្មែរក្រហមបានផ្ដល់អ្វីខ្លះដល់សិស្សានុសិស្ស និងក្មេងៗជំនាន់ក្រោយ?» ជាមួយនឹងការទស្សនាកុនឯកសារយ៉ាងយកចិត្ដទុកដាក់ ជាពិសេសឯកសារ «មន្ទីរស២១ ឬុគុកទួលស្លែង» និងការធ្វើបទបង្ហាញអំពីប្រវត្ដិសាស្រ្ដខ្មែរក្រហម សិស្សានុសិស្សបានរំលេចនូវសំណេរខ្លីៗដែលបង្ហាញនូវអារម្មណ៍សោកសៅ និងក្ដីអាណិតអាសូរចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ដោយយល់ឃើញថា អំពើឃោរឃៅរបស់ខ្មែរក្រហម បានបំពារបំពានលើសិទ្ធិសេរីភាព លើប្រជាជន ការគាបសង្កត់ដោយខ្វះនូវព្រហ្មវិហារធម៌ និងការបង្កការឈឺចាប់ ដោយការធ្វើទារុណកម្មសួរចម្លើយ ការបំបែកក្រុមគ្រួសារ ការជម្លៀសដោយបង្ខំ និងការបញ្ជាឲ្យធ្វើការដូចជាសត្វធាតុ។ សិស្សានុសិស្សនៅក្នុងក្រុមបានមើលឃើញថា ប្រវត្ដិសាស្រ្ដខ្មែរក្រហមបានផ្ដល់នូវបទពិសោធន៍ និងចំណេះ និងការបណ្ដុះស្មារតីឲ្យមនុស្សស្អប់ខ្ពើមនូវសង្គ្រាម ព្រមទាំងបង្កើនធនធានមនុស្សដើម្បីឈានទៅរកការអភិវឌ្ឍ។ នៅផ្នែកចុងក្រោយនៃការពិភាក្សា ក៏រួមបញ្ចូលនូវវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការឈានទៅរកការផ្សះផ្សា ដោយបង្រៀនឲ្យយុវជនប្រកាន់ខ្ជាប់នូវការស្រឡាញ់ភាពសម្បូរបែបរបស់មនុស្ស ភាពខុសគ្នានៃវប្បធម៌ សាសនា និងសហគមន៍។ ដំណើរទស្សនកិច្ចសិក្សា បាននាំសិស្សានុសិស្សទៅកាន់សារមន្ទីរផ្ទះតាម៉ុក និងទស្សនា «ពិព័រណ៍១០០ផ្ទាំង ដើម្បីការចងចាំ» នៅទីនោះ ដោយរាប់ចាប់តាំងពីវត្ដមាននៃការឡើងកាន់អំណាចរបស់ក្រុមកុម្មុយនីស្ដខ្មែរក្រហម និងស្ថានភាពរស់នៅរបស់ប្រជាជន ការដួលរលំ និងការរត់ភៀសខ្លួនរបស់កម្មាភិបាលខ្មែរក្រហម និងការបញ្ចប់សង្គ្រាមនៅតំបន់អន្លង់វែង។ ការសិក្សាឈ្វែងយល់ផ្ទាល់នៅតាមទីតាំងប្រវត្ដិសាស្រ្ដនីមួយៗក្នុងសហគមន៍អន្លង់វែង ជំរុញឲ្យយុវជនឈ្វែងយល់បន្ថែម និងរៀនគិតលើសពីអ្វីដែលខ្លួនបានអាន និងស្រាវជ្រាវតាមឯកសារ ព្រមទាំងហ៊ានប្រឈមមុខទៅនឹងប្រវត្ដិសាស្រ្ដរបស់ខ្លួនដែលបានកើតឡើង។
អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង