បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងសកលលោក បានយកខែមេសាធ្វើជាការរំឭកដល់ការកាប់សម្លាប់ និងការសម្លាប់រង្គាល ព្រោះនៅក្នុងខែនេះ មានប្រទេសជាច្រើនបានកើតមានអំពើប្រល័យពូជសាសន៍ ដូចជា ប្រទេសរ៉្វាន់ដា ប្រទេសបូស្ន៊ី ប្រទេសស៊ូដង់ ប្រទេសអាមេនី និងប្រទេសកម្ពុជា។ ដើម្បីរំឭក និងឲ្យមានការចងចាំអំពីការកាប់សម្លាប់ ប្រទេសជាច្រើនបានបង្កើតឲ្យមានកម្មវិធី តែងនិពន្ធចម្រៀង កំណាព្យ ការប្រគុំតន្ត្រី ការសម្ដែងសិល្បៈ និងការតាំងពីព័រណ៍ផ្សេងៗ។ ចំពោះប្រទេសកម្ពុជា ដើម្បីរំឭកដល់ការកាប់សម្លាប់រង្គាល មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតជាវេទិកាថ្នាក់រៀន ជាមួយសិស្សានុសិស្សនៅតាមវិទ្យាល័យ ក្នុងន័យឲ្យពួកគាត់បានសិក្សារៀនសូត្រ។ ការបង្កើតជាវេទិកាថ្នាក់រៀននេះ គឺធ្វើឡើងនៅក្នុងគោលបំណងឲ្យសិស្សានុសិស្សមានការចងចាំរឿងរ៉ាវដែលធ្លាប់កើតមាននៅក្នុងរបបខ្មែរក្រហម និងធ្វើយ៉ាងណាកុំឲ្យរបបនេះវិលត្រឡប់មកវិញម្តងទៀត។
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាថ្នាក់រៀនជាមួយសិស្សានុសិស្សមកពីវិទ្យាល័យព្រះអង្គឌួង ចំថ្ងៃដែលវិទ្យាល័យនេះកំពុងរៀបចំការប្រារព្ធធ្វើសង្ក្រាន្តទទួលឆ្នាំថ្មី២០២៣។ សិស្សានុសិស្សបានមកចូលរួមនៅក្នុងកម្មវិធីវេទិកា នៅពេលព្រឹក និងចូលរួមកម្មវិធីសង្ក្រាន្តនៅក្នុងបរិវេណវិទ្យាល័យរបស់ខ្លួននៅពេលរសៀល។ ដោយមូលហេតុនេះ សិស្សនុសិស្សមួយចំនួនបានត្រៀមបម្រុងសម្លៀកបំពាក់នៅក្នុងកាតាបរបស់ខ្លួន ដើម្បីផ្លាស់ប្តូរត្រៀមចូលរួមកម្មវិធីសង្ក្រាន្តរបស់វិទ្យាល័យ។ យើងមិនបានហាមឃាត់ការផ្លាស់ប្តូរសម្លៀកបំពាក់ទេ ព្រោះការធ្វើវេទិកាថ្នាក់រៀននេះ ស្ថិតនៅចុងសប្តាហ៍ដែលជាថ្ងៃឈប់សម្រាករបស់សិស្ស។ នៅក្នុងវេទិកា សិស្សានុសិស្សបានសិក្សានូវចំណុចសំខាន់ៗជាច្រើនដែលទាក់ទងជាមួយប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។
ជាកិច្ចចាប់ផ្ដើមលោក ផេង ពង្សរ៉ាស៊ី គឺជានាយកម្មវិធីអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានសម្តែងការស្វាគមន៍ និងប្រាប់ពីគោលបំណងដែលបង្កើតវេទិកានេះឡើង។ បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី បានធ្វើការបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដោយសង្ខេបខ្លីៗទៅកាន់សិស្សានុសិស្សដើម្បីឲ្យសិស្សដឹងថាការកាប់សម្លាប់មិនមែនស្ថិតនៅក្នុងតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺមានប្រទេសជាច្រើនទៀតកើតមានអំពើនេះ និងកើតក្នុងខែមេសាដូចគ្នា។
បន្ទាប់មក សិស្សានុសិស្សទាំងអស់សរសេររឿងរ៉ាវដែលខ្លួនបានដឹងតាមរយៈការសិក្សានៅក្នុងសាលារៀន និងជីដូនជីតា ដែលជាអ្នកឆ្លងកាត់របបខ្មែរក្រហមផ្ទាល់។ ការរៀបរាប់អំពីរឿងរ៉ាវដែលខ្លួនបានដឹង បានធ្វើឲ្យសិស្សានុសិស្សមានការចងចាំ និងចង់សិក្សារៀនសូត្របន្ថែមទៀតទៅលើចំណុចមួយចំនួនដែលខ្លួនមិនទាន់ច្បាស់ តាមរយៈការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស និងសួរសំណួរផ្សេងៗ។ នៅក្នុងការធ្វើបទបង្ហាញលោកគ្រូឧទ្ទេសបានយកចំណុចសំខាន់ៗមួយចំនួនរៀបរាប់ប្រាប់សិស្សានុសិស្ស ក្នុងនោះមានដូចជា ការចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ខ្មែរក្រហម ការជម្លៀសប្រជាជនដោយបង្ខំ គោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហម និងមានជាការចាក់ខ្សែវីដេអូរឯកសារខ្លីៗដែលរៀបរាប់ពីការដឹកនាំរបស់កម្មាភិបាលធំ និងសកម្មភាពការងាររបស់ប្រជាជនមួយចំនួន។ បន្ថែមពីលើនេះទៅទៀត ដើម្បីឆ្លើយតបទៅសំណួររបស់សិស្សានុសិស្ស គ្រូឧទ្ទេស បានធ្វើការរៀបរាប់ពីដើមកំណើតរបស់ខ្មែរក្រហម និងការគ្រប់គ្រងប្រទេសរបស់លោក លន់ នល់ និង ប៉ុល ពត។
ក្រោយពីបញ្ចប់ការសួរសំណូររបស់សិស្សានុសិស្ស លោក ផេង ពង្សរ៉ាស៊ី បានធ្វើការពន្យល់ពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ សកម្មភាពដែលកើតមានអំពើប្រល័យពូជសាសន៍ និងវិធីសាស្រ្ដក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងកម្រិតបុគ្គល សហគមន៍ និងប្រទេសជាតិ។ ជាចុងបញ្ចប់ សិស្សានុសិស្សបានធ្វើតារាងស្ទាប់ស្ទង់មតិមួយទៀត ដើម្បីវាស់ស្ទង់អំពីចំណេះដឹងដែលទទួលបាននៅក្នុងវេទិកាថ្ងៃនេះ។ ខាងក្រោមនេះគឺជាការចងចាំពីរឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហមរបស់សិស្សានុសិស្សចំនួន៤នាក់ ដែលបានសរសេរមុនពេលស្ដាប់ការពន្យល់របស់គ្រូឧទ្ទេសនៅក្នុងវេទិកា ៖
ជឹម ធារ៉ា ភេទស្រី អាយុ១៧ឆ្នាំ៖
តាមរយៈយាយរបស់ខ្ញុំ គាត់បាននិយាយថានៅសម័យនោះ ដំណាំដែលយើងដាំនៅផ្ទះខ្លួនឯង មិនឲ្យម្ចាស់ដែលជាអ្នកដាំបេះហូបបានទេ ប្រសិនបើយើងហ៊ានបេះហូបមានន័យថាយើងបានក្បត់នឹងអង្គការ ហើយយើងនឹងត្រូវបានយកទៅកសាង។ នៅសម័យនោះ ពិធីរៀបការ ត្រូវបានអង្គការជាអ្នករៀបចំ និងរើសគូស្រករឲ្យ ដោយមិនមានសិទ្ធិតវ៉ាអ្វីទាំងអស់។ អង្គការបានឲ្យប្រជាជនឈរជាជួរ ហើយរៀបការម្តងចំនួន១០០គូ ឬលើសពីនេះទៅទៀត។ ចំណែកការហូបចុកវិញគឺ បបរមួយខ្ទះត្នោត ដាក់អង្ករតែពីរកំប៉ុងតែប៉ុណ្ណោះ។ ដូច្នេះក្នុងសមាជិកម្នាក់ៗទទួលបានតែបបរមួយវែក ដែលមានអង្ករមួយស្លាបព្រា និងមានទឹកយ៉ាងច្រើន មិនសមទៅនឹងកម្លាំងដែលប្រជាជនធ្វើការងារធ្ងន់ទេ។ ម្យ៉ាងវិញទៀត ក្នុងមួយថ្ងៃទទួលបានអាហារតែពីរពេលប៉ុណ្ណោះ។ អ្នកខ្លះឃ្លានពេក ក៏បានទៅចាប់ជីងជក់ ខ្យងក្តាម ត្រីយកទៅដុតធ្វើជាអាហារដើម្បីចម្អែតក្រពេះ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់។ ចំណែកឯការស្លៀកពាក់វិញ គឺស្លៀកពាក់ខោអាវពណ៌ខ្មៅទាំងប្រុសទាំងស្រី។ លើសពីនេះទៀត ប្រសិនបើអង្គការសួរនាំនរណាម្នាក់ ហើយអ្នកនោះបានឆ្លើយប្រាប់ទៅអង្គការថាខ្លួនពិតជាមានចំណេះដឹងមែន នោះអង្គការនឹងយកទៅកសាង ព្រោះសម័យនោះអង្គការចង់ឲ្យអ្នកមិនចេះអក្ស ឬអ្នកល្ងង់ធ្វើជាអ្នកដឹកនាំ។ ចំណែកឯការហៅរកគ្នា គឺមិនអាចហៅឈ្មោះ ឬហៅពូ មីង បងប្អូន បានឡើយ។ ពាក្យសមមិត្ត ត្រូវបានហៅជាទូទៅក្នុងសម័យនោះ។ ខ្មែរក្រហមបានយកក្មេងៗទៅដាក់នៅកងចល័តកុមារ ចំណែកឪពុកម្តាយចាត់តាំងឲ្យទៅធ្វើការងារផ្សេង។ ការអប់រំនៅសម័យខ្មែរក្រហមមិនជ្រៅជ្រះដូចនៅសម័យបច្ចុប្បន្ននេះទេ ព្រោះសម័យនោះមិនសូវមានគ្រូបង្រៀន។
ឆើន ស្រីឡូត ភេទស្រី អាយុ១៧ឆ្នាំ៖
តាមរយៈឪពុកម្តាយតាយាយ ដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម បានប្រាប់ខ្ញុំនិងកូនចៅថា នៅជំនាន់នោះការរស់នៅខុសពីបច្ចុប្បន្ន គឺមិនមានសេរីភាពទេ។ នៅសម័យនោះមានការគាបសង្កត់គំរាមកំហែង មិនអាចរស់នៅជួបជុំគ្រួសារ មិនបានសម្រាកគ្រប់គ្រាន់ ធ្វើការទាំងថ្ងៃទាំងយប់ ហូបចុកមិនបានគ្រប់គ្រាន់ គឺហូបតែបបរ១ចាន ហើយបបរនោះមិនមានអង្ករច្រើនទេ។ លោកតាលោកយាយខ្ញុំនិយាយថា គាត់ហូបមិនឆ្អែតទេ ពេលខ្លះគាត់កាប់ដើមចេក បេះស្លឹកឈើដែលហូបកើត ឬស្លឹកកន្ទួតមកលាយបបរជាដើម។ នៅសម័យនោះបើខ្មែរក្រហមចង់សម្លាប់នរណាម្នាក់ ខ្មែរក្រហមតែងតែនិយាយថាយកអ្នកនោះទៅកសាង។ ចំណែកឯការរើសគូស្រករវិញ គឺខ្មែរក្រហមជាអ្នករើសឲ្យ និងរៀបការក្នុងពេលតែមួយជាមួយគ្នា ហើយពេលខ្លះរៀបការចាប់ពី២០គូឡើងទៅ។ នៅសម័យនោះបើសិនជាមិនព្រមរៀបការតាមអង្គការចាត់ចែងឲ្យនឹងត្រូវចាត់ទុកថាជាខ្មាំង។
ស៊ីថា សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ៖
តាមរយៈការយល់ឃើញខ្លះៗ ឬការចងចាំរបស់ខ្ញុំពីប្រវត្តិសាស្ត្រខ្មែរក្រហម ពីលោកគ្រូអ្នកគ្រូ នៅសាលារៀន និងជីដូនជីតាខ្ញុំបានប្រាប់ថា នៅពេលដែលខ្មែរក្រហមបានចូលទៅដល់ទីក្រុងភ្នំពេញ គឺខ្មែរក្រហមបានបំបែកក្រុមគ្រួសារ មិនថាអ្នកមាន អ្នកក្រ គ្រូពេទ្យ បញ្ញាវន្ត ព្រះសង្ឃ និងប្រជាជនស្លូតត្រង់ឡើយ។ ខ្មែរក្រហមបានចាប់ព្រះសង្ឃផ្សឹក និងបំបែកសមាជិកគ្រួសារឲ្យនៅឆ្ងាយពីគ្នា។ ខ្មែរក្រហមបានប្រើប្រជាជនឲ្យធ្វើស្រែរួមគ្នា និងបរិភោគអាហាររួមគ្នា។ ប្រសិនបើធ្វើខុសអ្វីមួយ ឬធ្វើឲ្យខូច និងបែកបាក់របស់អង្គការ នឹងត្រូវយកទៅសម្លាប់ និងធ្វើទារុណកម្មជាដើម។ នៅថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនបានរួចផុតពីរបបដ៏សាហាវឃោរឃៅនេះ។ ចំពោះប្រជាជនដែលបែកបាក់គ្រួសារ អាចស្វែងរកសមាជិកគ្រួសាររបស់ខ្លួនដែលនៅរស់រានមានជីវិត។ របបខ្មែរក្រហមបានធ្វើឲ្យប្រជាជនខ្មែរចងចាំ និងមិនអាចបំភ្លេចបានឡើយ។ បន្ទាប់ពីរបបនេះបានបញ្ចប់ទៅ បានបន្សល់ទុកនូវក្មេងកំព្រា ជនពិការ និងស្ត្រីមេម៉ាយ ជាច្រើន។
ឈិន ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ៖
របបខ្មែរក្រហម គឺជារបបប្រល័យពូជសាសន៍ ដែលប្រជាជនខ្មែរគ្រប់រូបមិនចង់ឲ្យកើតឡើងវិញម្តងទៀតឡើយ។ ជាសម័យកាលមួយដែលខ្មែរសម្លាប់ខ្មែរ និងស្អប់ប្រជាជនខ្មែរគ្នាឯង។ ប្រជាជនពិបាកក្នុងការរស់នៅ ដោយសារតែប្រជាជនធ្វើការងារច្រើន និងទទួលបានរបបអាហារតិចតួចពីអង្គការ។ ប្រសិនបើឃ្លាន ហើយទៅលួចដកដំឡូងហូប ហើយឈ្លបតាមទាន់ ឈ្លបនឹងយកអ្នកលួចនោះទៅធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់ចោល។ នៅសម័យនោះប្រជាពលរដ្ឋធ្វើការទាំងថ្ងៃក្តៅ ហាលភ្លៀងហើយមិនហ៊ានត្អូញត្អែរឡើយ។ របបខ្មែរក្រហមជារបបដែលផ្តាច់ការជាទីបំផុត ព្រោះបានបំបែកបំបាក់គ្រួសារប្រជាជន ឪពុកម្តាយព្រាត់ពីកូន ប្តីព្រាត់ពីប្រពន្ធ។ ក្រោយរបបខ្មែរក្រហមដួលរលំ ប្រជាជនមួយចំនួនបានរត់ភៀសខ្លួនទៅរស់នៅព្រំដែនថៃ។
អត្ថបទ ៖ ភា រស្មី និង ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង