ក្មេងជំនាន់ក្រោយរំឮកពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម និងបទពិសោធន៍របស់ជីដូនជីតារបស់ខ្លួនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម

ខែមេសា កាលពីសតវត្សរ៍ទី២០ ជាពេលវេលានៃការក៏កើតអំពើប្រល័យពូជសាសន៍នៅក្នុងសាកលលោក។ នៅដើមសតវត្សរ៍ទី២១នេះ អំពើប្រល័យពូជសាសន៍នៅតែបន្តកើតមានជាហូរហែរ ហើយយន្តការនៃការទប់ស្កាត់អំពើនេះ ក៏ត្រូវបានធ្វើឡើងផងដែរតាមវិធីសាស្ត្រផ្សេងៗដូចជាការអប់រំ ការកាត់សេចក្តីចំពោះបទឧក្រិដ្ឋ និងការផ្តួចផ្តើមគំនិតដើម្បីបន្ថយសន្ទុះនៃការរីករាលដាលនៃអំពើប្រល័យពូជសាសន៍។ ជារៀងរាល់ឆ្នាំ យើងសង្កេតឃើញថា ប្រទេសមួយចំនួនក្នុងសាកលលោក បានកំណត់យកខែមេសាជាខែនៃការស្វែងយល់ពីអំពើប្រល័យពូជសាសន៍ដែលបានកើតឡើងនាពេលអតីតកាល ដើម្បីរំឮកដល់ពិភពលោកឲ្យនឹកឃើញឡើងវិញនូវរឿងរ៉ាវអាក្រក់ៗដែលបានកើតមានឡើង ក៏ដូចជាដាស់តឿនដល់មនុស្សជំនាន់ក្រោយឲ្យចងចាំពីរឿងរ៉ាវទាំងនោះក្នុងន័យចូលរួម បង្ការការកកើតឡើងវិញច្រំដែលៗនៃទង្វើរអមនុស្សធម៌ ឃោរឃៅ និងសម្លាប់រង្គាល។ សិស្ស និស្សិត និងបុគ្គលិកអង្គការមកពីវិទ្យាល័យ មហាវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានបង្កើតកម្មវិធី ឬគម្រោងផ្សេងៗ ដើម្បីរំឮកពីព្រឹត្តិការណ៍កើតមានអំពើប្រល័យពូជសាសន៍កាលពីអតីតកាល ដូចជាកម្មវិធីប្រឡងប្រជែងតែងកំណាព្យ   និពន្ធបទចម្រៀង និពន្ធបទភ្លេង ប្រគុំតន្ត្រី សម្តែងសិល្បៈ តាំងពិព័រណ៍រូបថត និងបញ្ចាំងខ្សែវីដេអូឯកសារនានាទាក់ទងនឹងព្រឹត្តិការណ៍នានាស្តីអំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដែលបានកើតមានឡើងនៅលើបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសរ៉្វាន់ដា ការសម្លាប់រង្គាលហូឡូខស ប្រទេសបូស្នៀហឺហ្សឺ   ហ្គូវីន ប្រទេសកម្ពុជា និងការសម្លាប់រង្គាលនៅតំបន់ដាហ្វ័រប្រទេសស៊ូដង់ជាដើម ដែលសុទ្ធសឹងជាប្រទេសដែលធ្លាប់បានទទួលរងនូវការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដែលចាប់ផ្តើមនៅក្នុងខែមេសាដូចគ្នា។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង បានប្រារព្ធធ្វើកម្មវិធី វេទិកាថ្នាក់រៀនចុងសប្តាហ៍របស់ខ្លួនដូចសព្វមួយដង ហើយអ្នកចូលរួមទាំង៣០នាក់គឺជាសិស្សថ្នាក់វិទ្យាល័យនៃ វិទ្យាល័យ ចម្រើនវិជ្ជា មានទីតាំងស្ថិតនៅក្នុងសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ដើម្បីចូលរួមចំណែកក្នុងការរំឭក និងការយល់ដឹងពីអំពើប្រល័យពូជសាសន៍ដែលបានកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នៅកម្ពុជា អ្នកចូលរួមទាំងអស់ ត្រូវបានណែនាំពីគម្រោងសរសេរអត្ថបទខ្លីៗទាក់ទងនឹង «ការសិក្សារួចមកហើយ និងការចងចាំពីរឿងរ៉ាវបទពិសោធន៍ ឬព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងក្រុមគ្រួសាររបស់ខ្លួនកាលពីរបបខ្មែរក្រហម» ដោយឆ្លើយនឹងសំណួរមួយដូចៗគ្នាគឺ៖ «ចូរប្អូនសរសេរអត្ថបទខ្លីមួយ ស្តីអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ឬសរសេរពីរឿងរ៉ាវរបស់ក្រុមគ្រួសារប្អូនដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម?»។ ការអនុវត្តគម្រោងសំណេរនេះ គឺកើតឡើងមុនពេលដែលអ្នកទាំងនោះចូលរួមនៅក្នុងវេទិការយៈពេល២ម៉ោង ពិភាក្សាលើប្រធានបទ «ការចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃ១៧ មេសា ១៩៧៥ និងការជម្លៀសប្រជាជនទៅកាន់ទីជនបទ» ជាជំពូកមួយនៃសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ មុននឹងចាប់ផ្តើមសរសេរ សិស្សានុសិស្សទាំងអស់ មិនត្រូវបានណែនាំ ឬពន្យល់អ្វីឡើយទាក់ទងនឹងរបបខ្មែរក្រហម ព្រោះថាគម្រោងនេះគឺជាការរំឮកឡើងវិញពីអ្វីដែលខ្លួនបានរៀនរួចមកហើយ ឬដឹងរួចមកហើយពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ សិស្សានុសិស្ស បានចំណាយពេលវេលាកន្លះម៉ោង សម្រាប់គម្រោងមួយនេះ។ អ្នកទាំងនោះ អង្គុយដោយស្ងៀមស្ងាត់នៅលើកៅអីផ្តៅ រៀងៗខ្លួន ហើយចាប់ផ្តើមកាន់ប៊ិក និងក្រដាស សរសេរពីចំណេះដឹងផ្ទាល់ខ្លួនពីប្រធានបទ ដោយមិនងាកឆ្វេងស្តាំ​ ឬសួរគ្នីគ្នាឡើយ។ (សំណេររបស់សិស្ស នឹងដាក់នៅក្នុងផ្នែកខាងក្រោមនៃអត្ថបទនេះ)

បន្ទាប់ពីរយៈពេលកន្លះម៉ោងនៃការរំឭកឡើងវិញពីការចងចាំ និងបន្ទាប់ពីបានប្រមូលដោយក្រុមការងាររួចមក សិស្សា នុសិស្សទាំងអស់បានចំណាយពេលវេលាបន្ថែមជាងពីរម៉ោងទៀត ដើម្បីបំពេញបន្ថែមនូវចំណេះដឹងពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រដ៏មានសារសំខាន់នានាទាក់ទងនឹងការរារាំង និងទប់ស្កាត់ការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍។

នៅពេលរសៀលថ្ងៃដដែល ក្រុមសិស្សានុសិស្សទាំងអស់ធ្វើដំណើរទៅកាន់ទីតាំងមួយឈ្មោះថា «ទួលធាតុ» ជាកន្លែងកប់សាកសពមនុស្សរបស់អ្នកភូមិនានាក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានចម្ងាយប្រមាណ៨០គីឡូ ម៉ែត្រពីទីរួមខេត្តព្រៃវែង។ នៅលើទីតាំង«ទួលធាតុ» មានសំណង់ចេតិយរឹងមាំមួយនៅចំកណ្តាល ទីទួល និងមានផ្ទាំងពាក្យស្លោករំឮកពីការចងចាំពីអំពើប្រល័យពូជសាសន៍ចំនួនពីរផ្ទាំងទល់ខ្នងគ្នានៅលើទម្រធ្វើពីស៊ីម៉ងត៍កម្ពស់កន្លះមែ៉ត្រ និងស្ថិតនៅចម្ងាយប្រមាណ១០ម៉ែត្រពីសំណង់ចេតិយ។ ផ្ទាំងទី១នៃពាក្យស្លោកសរសេរថា «និយាយពីការរស់នៅក្នុងរបបខ្មែរក្រហម គឺនិយាយពីការផ្សះផ្សា អប់រំកូនចៅឲ្យអត់ឱន អធ្យាស្រ័យគ្នា» និងផ្ទាំងទី២សរសេរថា «រៀនពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ គឺរៀនពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍»។ នៅឆ្នាំ២០២០ មជ្ឈមណ្ឌលឯកសារកម្ពុជា បាន     កសាងសំណង់ចេតិយ និងផ្ទាំងពាក្យស្លោកនេះឡើង ដើម្បីផ្តល់ជាទីកន្លែងសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រើប្រាស់ជាទីកន្លែងតម្កល់អដ្ឋិធាតុសាច់ញាតិបងប្អូនខ្លួន ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម និងដើម្បីប្រើប្រាស់ទីតាំងនេះជាកន្លែងប្រារព្ធធ្វើកម្មវិធីសាសនា ឬកម្មវិធីអប់រំនានាដូចជា វេទិកាអប់រំសាធារណៈស្តីពីបទពិសោធន៍ឆ្លងកាត់របបខ្មែក្រហម និងវេទិកាអប់រំដទៃទៀតដែលធានាដល់ការពិភាក្សាអន្តរជំនាន់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។ សិស្សានុសិស្ស ត្រូវបានណែនាំពីសំណង់ទាំងពីរ និងផ្តល់ឱកាសឲ្យមានការពិភាក្សា និងសួរឆ្លើយពីទីតាំងនេះ។ យើងបានចំណាយពេលវេលាជាងពីរម៉ោងនៅលើទួលធាតុ ហើយសិស្សានុសិស្សទាំងអស់ ក៏មានឱកាសឈ្វេងយល់បានច្រើនដែរពីទីតាំងទួលធាតុ ការសម្លាប់មនុស្ស ការកសាងមន្ទីរសន្តិសុខ និងកន្លែងសម្លាប់របស់ខ្មែរក្រហម ព្រមទាំងយល់ដឹងបានច្រើនពីវិធីសាស្ត្រនៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ខាងក្រោមនេះ ជាសំណេររបស់សិស្សានុសិស្សទាំង៣០នាក់ ដែលបានសរសេររៀបរាប់ពីការចងចាំរបស់ខ្លួនទាក់ទងនឹងអំពើប្រល័យពូជសាសន៍នៅកម្ពុជា៖

ហ៊ន លីហួ ភេទស្រី អាយុ១៧ឆ្នាំ៖

នៅពេលមានរបបកម្ពុជាប្រជាធិបតេយ្យកើតឡើងដំបូង ប្រជាជនទាំងអស់សប្បាយរីករាយជាខ្លាំង ប៉ុន្តែមិនយូរប៉ុន្មានក៏មានការប្រែប្រួល ព្រោះខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា ដើម្បីឲ្យទៅធ្វើស្រែចម្ការនៅឯជន  បទ។ នៅក្នុងតំបន់ភូមិភាគខ្លះប្រជាជនក៏មានការហូបចុកគ្រប់គ្រាន់។ ប៉ុន្តែនៅកន្លែងផ្សេងទៀត ក៏មានការខ្វះខាតស្បៀងអាហារ ព្រោះតែការអនុវត្តដី១ហិកតា ឲ្យប្រជាជនធ្វើស្រូវឲ្យបាន៣តោន។ ឪពុករបស់ខ្ញុំគាត់ធ្លាប់ប្រាប់ខ្ញុំថា កាលនោះគាត់ជាក្មេងប្រុសដែលមានអាយុ៧ឆ្នាំ។ គាត់បាននិយាយប្រាប់ខ្ញុំថានៅសម័យនោះសម្បូរត្រីណាស់ គាត់បានស្ទូចត្រីដើម្បីដូរជាមួយនឹងអំបិលពីកងនៅផ្ទះបាយ។ គាត់បានប្រាប់ទៀតថា ក្មេងនៅសម័យនោះ អ្នកដែលមានអាយុចាប់ពី៦ឆ្នាំដល់១០ឆ្នាំគេឲ្យទៅឃ្វាលគោក្របីជាក្រុមៗទៅតាមកងនីមួយៗ។ នៅចន្លោះឆ្នាំ១៩៧៧-១៩៧៨ លោកតារបស់ខ្ញុំត្រូវបានទាហានខ្មែរក្រហមចាប់យកទៅធ្វើទាហាន។ នៅមុនពេលក្រុមទាហានរណសិរ្ស និងកងទ័ពវៀតណាមចូលមកដល់តំបន់ដែលឪពុកខ្ញុំកំពុងរស់នៅ មានការដាំបបរផ្លែកន្ទួត ធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ និងខ្លះទៀតមិនមានកម្លាំងកំហែងក្នុងខ្លួន ព្រោះតែជំងឺរាករួសក្រោយពេលហួបបបរកន្ទួតរួច និងខ្លះទៀតបានសន្លប់ ក៏ត្រូវបានអង្គការយកទៅកប់ទាំងរស់។ នៅពេលរត់ភៀសខ្លួនគាត់បាននិយាយទៀតថា មានប្រជាជន និងក្រុមទាហានជាច្រើនបានស្លាប់ពាសពេញផ្ទៃទឹកនៅក្នុងទន្លេ និងកន្លែងខ្លះទឹកទន្លេមានពណ៌ក្រហមដូចទន្លេឈាម។ មិនតែប៉ុណ្ណោះ ការធ្វើការហួសកម្លាំងនៅក្នុងសម័យខ្មែរក្រហមបានធ្វើឲ្យមនុស្សជាច្រើនកើតមានជំងឺរាំុរ៉ៃ ក្រោយពេលរបបខ្មែរក្រហមដួលរលំទៅ។

ជឿន រក្សា ភេទស្រី មានអាយុ១៦ឆ្នាំ៖

របបខ្មែរក្រហម ជារបបមួយដ៏សាហាវយង់ឃ្នង បានសម្លាប់ប្រជាជនអស់ជាច្រើននាក់ ក្នុងនោះក៏មានសមាជិកដែលជាលោកតារបស់ខ្ញុំម្នាក់ដែរ។ ម្តាយរបស់ខ្ញុំបានរៀបរាប់ពីទុក្ខលំបាករបស់គាត់នាសម័យនោះ រួមទាំងទុក្ខដ៏ក្រៀមក្រំដែលបាត់បង់ឪពុកជាទីស្រឡាញ់គឺលោកតារបស់ខ្ញុំ។ ម្តាយរបស់ខ្ញុំបានប្រាប់ថា លោកតារបស់ខ្ញុំជាគ្រូបង្រៀនម្នាក់ និងជាជនគំរូនៅក្នុងស្រុកភូមិដោយសារគាត់ជាអ្នកចេះដឹង។ គេបានមកចាប់គាត់ និងសួរនាំ ប៉ុន្តែគាត់មិនព្រមប្រាប់គេថា គាត់ជាគ្រូបង្រៀនឡើយ។ គាត់ព្យាយាមធ្វើឡឺកឺ ធ្វើជាមនុស្សមិនគ្រប់ដើម្បីឲ្យគេជឿ។ លោកតាខ្ញុំត្រូវបានគេចាប់ឃុំអស់ជាច្រើនថ្ងៃ និងហូបអាហារសាបៗគ្មានរសជាតិ។ ក្រោយពីរួចខ្លួន តារបស់ខ្ញុំបានស្ម័គ្រចិត្តចូលបម្រើកងទ័ព។ កាលនោះម្តាយរបស់ខ្ញុំទើបតែមានអាយុ៦ទៅ៧ឆ្នាំប៉ុណ្ណោះ មិនសូវបានឃើញមុខឪពុកទេ ព្រោះលោកតាខ្ញុំ មួយទៅពីរខែម្តង ទើបគាត់បានត្រឡប់មកលេងផ្ទះ។ អស់កាលដ៏យូរ ម្តាយខ្ញុំរួមទាំងអ៊ំៗរបស់ខ្ញុំ បានចាំបាត់ៗមិនឃើញលោកតាត្រឡប់មកផ្ទះ។ យើងមានការព្រួយបារម្ភខ្លាំងណាស់។ លុះក្រោយមកក៏ទទួលដំណឹងថា លោកតារបស់ខ្ញុំបានស្លាប់ដោយសារគ្រាប់កាំភ្លើងយ៉ាងទារុណ។ លោកយាយខ្ញុំមានសេចក្តីទុក្ខសោកសង្រេងយ៉ាងខ្លាំង ព្រោះរៀបការនិងរស់នៅជាមួយគ្នាមិនបានយូរ មិនបានជួបជុំគ្រួសារ ក៏ត្រូវបានបាត់បង់បុរសដែលជាមេជ្រោងគ្រួសារ ហើយលោកយាយខ្ញុំក៏ក្លាយជាស្ត្រីមេម៉ាយចិញ្ចឹមកូន៥នាក់តែឯងគ្មានទីពឹង។ ឯម្តាយនិងអ៊ំខ្ញុំក៏ក្លាយជាកូនកំព្រាឪពុក។

ម៉ៅ កញ្ញា ភេទស្រី អាយុ២០ឆ្នាំ៖

របបខ្មែរក្រហមជាប្រវត្តិសាស្ត្រមួយដែលសាហាវបំផុតរបស់ប្រទេសកម្ពុជា។ ប្រជាជននៅក្នុងសម័យនោះត្រូវរស់នៅដោយការបំបិទសិទ្ធិសេរីភាព ការហូបចុកមិនគ្រប់គ្រាន់ ក៏ដូចជាត្រូវបង្ខិតបង្ខំឲ្យធ្វើការមួយថ្ងៃ១២ម៉ោងពេញ១សប្តាហ៍។ ក្មេងតូចៗត្រូវបានគេបញ្ជួនឲ្យទៅធ្វើការកើបលាមកគោ ហើយមនុស្សពេញវ័យត្រូវធ្វើការកាប់ដី ឬធ្វើស្រែចម្ការដែលអង្គការបានបញ្ជា។ ចំណែកឯមនុស្សចាស់ជរាត្រូវនៅមើលថែក្មេងៗតូចៗឬទារក។ ចំពោះការអប់រំវិញគឺបានបង្រៀនឲ្យស្មោះស្ម័គ្រនឹងអង្គការ ពោលគឺអង្គការជាឪពុកម្តាយ។ ដោយឡែកក្នុងសម័យនោះពុំមានសាលារៀនអ្វីទេ ដោយសារសាលារៀនត្រូវបានកម្ទេចចោល ហើយលោកគ្រូអ្នកគ្រូត្រូវរត់ភៀសខ្លួនដោយសារសង្គ្រាម។ ម្យ៉ាងវិញទៀតនរណាក៏ដោយឲ្យតែប្រឆាំងនឹងអង្គការត្រូវតែសម្លាប់ចោលទាំងអស់ «ស៊ូសម្លាប់ច្រឡំ ប្រសើរជាងដោះលែងច្រឡំ» «ទុកក៏មិនចំណេញ ដកចេញក៏មិនខាត»។ នៅក្នុងរបបនោះប្រជាជនប្រមាណ២លាននាក់ត្រូវបានសម្លាប់ដោយខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហម បន្សល់ទុកនូវក្មេងកំព្រា ស្ត្រីមេម៉ាយ ជនពិការក៏ដូចជាអ្នកមានរបួសជាច្រើននាក់ផងដែរ។ របបនេះ ធ្វើឲ្យប្រជាជនខ្មែររងទុក្ខវេទនា និងធ្វើឲ្យមានការស្អប់ខ្ពើមចំពោះរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងមួយនេះ។

វ៉ន សាវី ភេទប្រុស អាយុ១៦ឆ្នាំ៖

តាមរយៈការយល់ដឹងខ្លះៗ ឬការចងចាំរបស់ខ្ញុំពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺលំបាកសម្រាប់ប្រជាជនខ្មែរយើងដោយសាររបបនេះមានការរើសអើងវណ្ណៈ ការគាបសង្កត់ទៅលើការហូបអាហារ ការស្លៀកពាក់ ហើយពេលខ្លះក៏មានផលវិបាកមួយចំនួនដូចជាការសម្លាប់ឃោរឃៅពេលដែលយើងធ្វើខុសពីបទបញ្ជាដែលអង្គការបានដាក់ឲ្យធ្វើ។ មិនត្រូវមានទំនាស់ទេ ដោយសារសម័យនោះក្នុងគ្រួសារនីមួយៗមិនថាអ្នកមានឬអ្នកក្រ សុទ្ធតែទទួលនូវបទពិសោធន៍ដូចគ្នា។ បើកូនស្រីត្រូវកាត់សក់ឲ្យខ្លីដើម្បីជួយខ្មែរក្រហម ហើយកូនប្រុសត្រូវជួយខ្មែរក្រហមឲ្យមានភាពធូរធារដូចជាការដាំដំឡូង ធ្វើស្រែចម្ការជាដើម។ ម្យ៉ាងវិញទៀតការបញ្ជារបស់ខ្មែរក្រហម«អង្គការ» មានចាប់ពីថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។ ពេលខ្លះមានការពិបាកដោយសារហូបតែបបរប៉ុណ្ណោះ ប៉ុន្តែបើយើងជំទាស់អង្គការ យើងនឹងត្រូវស្លាប់មិនខានមិនថាចាស់ឬក្មេងទេ។ ពួកគេមិនអាណិតអាសូរយើង នៅពេលយើងឈឺឡើយ ពោលគឺប្រើគ្មានត្រាប្រណី។ ដូច្នេះយើងមិនត្រូវយកគំរូតាមពួកខ្មែរក្រហមឡើយ។

កុល ស្រីនាថ ភេទស្រី អាយុ១៦ឆ្នាំ៖

ដំបូងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការខ្មែរក្រហម ឬ ប៉ុល ពត បានកៀរប្រជាជនខ្មែរចេញពីទីក្រុងភ្នំពេញដោយកុហកថា ទីក្រុងភ្នំពេញទម្លាក់គ្រាប់បែក ហើយនិយាយថាឲ្យប្រជាជនចេញតែពីរបីថ្ងៃប៉ុណ្ណោះ នឹងត្រឡប់មកវិញ។ អង្គការបានប្រាប់ទៀតថាមិនបាច់យកអ្វីច្រើនទៅទេ។ នេះជាចលនាដំបូងរបស់របបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដែលមាន ប៉ុល ពត​ ជាអ្នកដឹកនាំ។ មិនត្រឹមតែបានភៀសខ្លួនប្រជាជនខ្មែរប៉ុណ្ណោះទេ ថែមទាំងសម្លាប់អ្នកចេះដឹង តារាល្បីៗ មេដឹកនាំសាសនាផ្សេងៗ ព្រោះចោទថាក្បត់នឹងអង្គការ។ ម្យ៉ាងទៀត ឲ្យប្រជាជនស្លៀកពាក់ខ្មៅ ចាប់ព្រះសង្ឃផ្សឹក ដើម្បីឲ្យទៅធ្វើស្រែចម្ការ លើកដី និងធ្វើទំនប់ផ្សេងៗ និងចាស់ៗឲ្យនៅមើលក្មេងតូចៗ ហើយក្មេងអាយុ៥ ទៅ៧ឆ្នាំឲ្យដើរកើបអាចម៍គោ ក្របី។ ពេលដល់ម៉ោងហូប ឲ្យហូបតែបបរមិនឲ្យហូបបាយទេ។ រីឯដំណាំឬផ្លែឈើ របស់ហូបដែលខ្លួនបានដាំនៅផ្ទះគឺមិនឲ្យបេះហូបបានទេ ព្រោះជារបស់អង្គការ។ បើល្មើសច្បាប់នេះត្រូវយកទៅកសាង។ ពាក្យថាកសាងនៅសម័យនោះមានន័យថាយកទៅសម្លាប់ចោល។

ព្រាប ស្រីអឿយ ភេទស្រី អាយុ១៦ឆ្នាំ៖

តាមដែលខ្ញុំឮពីលោកគ្រូអ្នកគ្រូ និងលោកយាយរបស់ខ្ញុំ គាត់បាននិយាយថា របបខ្មែរក្រហមជារបបដែលអាក្រក់បំផុត ព្រោះរបបនេះបានពង្រាត់បងប្អូនឲ្យបែកបាក់គ្នា រស់នៅក្រោមគំនាប់អង្គការ បរិភោគមិនបានគ្រប់គ្រាន់ បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដូចជាការជ្រើសរើសគូស្រករ ត្រូវអង្គការចាប់គូឲ្យ ជាពិសេសចំពោះដំណាំបរិភោគដែលយើងដាំដោយខ្លួនឯងក៏គ្មានសិទ្ធិបេះយកមកហូបបានដែរ។ ប្រសិនបើហ៊ានបេះ ហើយអង្គការដឹងនឹងយកទៅសម្លាប់ចោល។ ប្រទេសជាតិស្ថិតនៅក្នុងភ្លើងសង្គ្រាម មានការបាញ់សម្លាប់គ្នា និងសុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរដូចគ្នា ដែលធ្វើឲ្យប្រជាជនខ្មែរបាត់បង់ជីវិតអស់រាប់ពាន់នាក់ ដែលកាលពីមុនមិនមានការស្លាប់ច្រើនបែបនេះទេ។ រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាពលរដ្ឋខ្មែរបានជួបនូវទុក្ខវេទនាគ្រប់បែបយ៉ាង ធ្វើឲ្យប្រជាជនខ្មែរមិនអាចបំភ្លេចបាន។

 

ប៊ន ច័ន្ទស្រីនូ ភេទស្រី អាយុ១៦ឆ្នាំ៖

មានមូលហេតុ៣យ៉ាងដែលធ្វើឲ្យខ្មែរក្រហមដួលរលំ។

ទី១) ការស្អប់ខ្ពើមរបស់ខ្មែរក្រហមចំពោះប្រជាជន៖ ការអនុវត្តផលិតស្រូវ៣តោនក្នុង១ហិកតាពុំទទួលបានជោគ ជ័យឡើយ។ ប៉ុន្តែពួកកម្មាភិបាលបានធ្វើរបាយការណ៍ក្លែងក្លាយនិងបញ្ជួនស្រូវទៅតាមផែនការទៅឲ្យមជ្ឈិម។ មេដឹកនាំមជ្ឈិមបក្ស ជឿជាក់លើរបាយការណ៍នេះ។ ឯអ្នកថ្នាក់ក្រោមមិនហ៊ានរាយការណ៍ពីព័ត៌មានពិតឡើយ។ ប្រជាជនរស់ដោយភាពអត់ឃ្លាន ខ្វះអាហារ ធ្វើការច្រើនម៉ោង រងនូវការសម្លាប់ និងស្លាប់ដោយសារកង្វះអាហារ។

ទី២) ធ្វើសង្គ្រាមជាមួយវៀតណាម៖ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមត្រូវបានបញ្ជួនទៅព្រំដែន និងធ្វើសង្គ្រាមរប៉េះរប៉ោះជាមួយវៀតណាម។ ក្រោយមកមានការបង្កើតបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដោយលោក ហេង សំរិនជាប្រធាន ហើយរណសិរ្សនេះបានរួបរួមជាមួយកងទ័ពវៀតណាមដើម្បីវាយយកទីក្រុងភ្នំពេញពីពួកខ្មែរក្រហម។

ទី៣) ការចម្រាញ់យកមនុស្សបរិសុទ្ធ(វិសុទ្ធកម្ម)៖ ត្រូវបានជ្រើសរើសមេដឹកនាំនៅក្នុងជួរបក្សនយោបាយជាច្រើនរូប ដែលនាំឲ្យមានចលនានៅក្នុងជួរបក្សនយោបាយ។ ការធ្វើបែបនេះនាំឲ្យនរយោបាយលែងទុកចិត្តគ្នា តាំងពីថ្នាក់មជ្ឈិម ភូមិភាគ ភូមិ និងឃុំ។ ដូច្នេះឲ្យតែពួកគេសង្ស័យលើនរណាម្នាក់ ឬក្រុមណាម្នាក់គឺត្រូវសម្លាប់ចោល តាមពាក្យស្លោក «សម្លាប់ច្រឡំ ប្រសើរជាងលែងច្រឡំ» «ទុកមិនចំណេញ ដកចេញមិនខាត»។

រម្យ ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ៖

ពួកខ្មែរក្រហម បានបង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំង ១២ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍ ដោយមិនមានការហូបចុកគ្រប់គ្រាន់។ ផ្តាច់មនោសញ្ចេតនាប្តីប្រពន្ធនិងកូន។ ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា។ ធ្វើវិសុទ្ធកម្ម បំផ្លិចបំផ្លាញប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា វត្តអារាម បំផ្លាញធនធានមនុស្ស បង្កើតមន្ទីរសន្តិសុខគ្រប់កន្លែង(គុក)។ អំពើខាងលើនេះខុសពីសន្ធិសញ្ញាអន្តរជាតិ គឺបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម។ បញ្ហានេះហើយ ទើបបានជារាជរដ្ឋាភិបាលបានស្នើសុំទៅអង្គការសហប្រជាជាតិ ឲ្យបង្កើតតុលាការកូនកាត់មួយដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។ តុលាការកូនកាត់នោះគឺសាលាក្តីខ្មែរក្រហម។

កុន វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ៖

តាមរយៈការយល់ដឹងខ្លះៗ ឬការចងចាំរបស់ខ្ញុំ គឺនៅសម័យខ្មែរក្រហមជាសម័យមួយដែលឃោរឃៅខ្លាំង គឺអ្នកដឹកនាំគ្មានចិត្តអាណិតឡើយ មានតែពាក្យថាសម្លាប់នៅពេលដែលនរណាម្នាក់ធ្វើខុស ហើយអ្វីដែលគួរឲ្យខ្លាចទៀតនោះគឺសូម្បីតែកូនក្មេងក៏គេមិនលើកលែងឲ្យដែរ គឺគេប្រើឲ្យធ្វើការទៅតាមអាយុ។ នៅសម័យនោះទៀតសោត ប្រជាជនមិនសូវបានញុាំអាហារគ្រប់គ្រាន់ឡើយ សូម្បីតែបន្លែផ្លែឈើដែលគេដាំខ្លួនឯងក៏គេមិនអាចហូបបានដែរ គឺត្រូវយកទៅឲ្យចុងភៅដើម្បីទុកហូបរួមគ្នា។ ចំណែកឯការរៀបការវិញ បុគ្គលមិនមានសិទ្ធិក្នុងការជ្រើសរើសអ្នកដែលខ្លួនចង់រៀបការជាមួយបានឡើយ។ អ្វីដែលសំខាន់នោះ គឺគេត្រូវការអ្នកដែលព្យាយាមធ្វើការព្រោះគេតម្រូវឲ្យប្រជាពលរដ្ឋធ្វើការងារជាច្រើនម៉ោង ពេលខ្លះរហូតដល់គ្មានពេលសម្រាកទៀតផង។ ពេលខ្លះទៀតប្រជាពលរដ្ឋមិនអាចទ្រាំនឹងការអត់ឃ្លានបាន ក៏លួចយកដំឡូងមកដុតហូប។ បើសិនជាគេឃើញ គេនឹងយកទៅសម្លាប់ចោល។

ប៉ាវ រតនា ភេទប្រុស អាយុ១៦ឆ្នាំ៖

តាមរយៈការយល់ដឹងខ្លះៗរបស់ខ្ញុំ របបខ្មែរក្រហមជារបបដែលឃោរឃៅបំផុតដែលប្រទេសយើងមិនធ្លាប់មាន។ ពួកខ្មែរក្រហមបានសម្លាប់ប្រជាជនខ្មែរអស់យ៉ាងច្រើន។ មិនតែប៉ុណ្ណោះ ថែមទាំងជម្លៀសឪពុកម្តាយ កូន បងប្អូន ចេញពីគ្នាទៅតាមខេត្តផ្សេងៗព្រមទាំងបានដាក់ទារុណកម្មយ៉ាងច្រើនដូចជាជីកប្រឡាយ លើកកណ្តាប់ជាដើម។ នៅសម័យនោះប្រជាជនមានសភាពស្គមស្គាំង ល្ហិតល្ហៃព្រោះមិនបានហូបដិតដល់ ព្រមទាំងរងទារុណកម្មថែមទៀត។ មួយវិញទៀត ចំពោះបុគ្គលណាដែលមិនស្តាប់តាមវិន័យ ឬបញ្ជា ឬល្មើសបញ្ជា គឺនឹងត្រូវយកទៅសម្លាប់ចោលឥតសន្តោសឡើយ ដោយយកឡេសថា «យកទៅកសាង»។ តាមរយៈរឿងរ៉ាវរបស់លោកតាខ្ញុំ គឺតារបស់ខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង ប៉ុន្តែគាត់ក៏ត្រូវបានគេយកទៅសម្លាប់ព្រោះពេលនោះគាត់ជានាយកសាលារៀន។ យាយរបស់ខ្ញុំត្រូវបានគេជម្លៀសទៅខេត្តពោធិ៍សាត់។ រី​​​ឯប៉ា និងមីងរបស់ខ្ញុំ ត្រូវបានជម្លៀសទៅខេត្តស្វាយរៀងដើម្បីជីកប្រឡាយ។ នៅសម័យនោះ ដោយសារតែអ៊ំរបស់ខ្ញុំម្នាក់ទៅជួយការងារប៉ារបស់ខ្ញុំ ក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលនៅពេលយប់។ ក្នុងនាមខ្ញុំជាក្មេងជំនាន់ក្រោយ នៅពេលដែលខ្ញុំឮលោកគ្រូអ្នកគ្រូ និងក្រុមគ្រួសាររបស់ខ្ញុំប្រាប់រឿងរ៉ាវបែបនេះដល់ខ្ញុំ អារម្មណ៍របស់ខ្ញុំគឺពិតជាស្អប់ពួកខ្មែរក្រហមខ្លាំងណាស់។

ចាន់ ដាណេ ភេទស្រី អាយុ១៧ឆ្នាំ៖

របបប្រល័យពូជសាសន៍របស់ខ្មែរក្រហម បានមកពីការចងចាំរបស់ខ្មែររហូតមកដល់សព្វថ្ងៃនេះ។ បើតាមខ្ញុំដឹង របបខ្មែរក្រហមជាសង្គ្រាមផ្ទៃក្នុងសម្លាប់ខ្មែរគ្នាឯង។ ប៉ុល ពត បានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧មេសា១៩៧៥។ បន្ទាប់មកបានប្រើមនុស្សដូចទាសករ ស្លៀកសំលៀកបំពាក់ខ្មៅ និងកាត់សក់ត្រឹមក ដើម្បីបញ្ជាក់ថាយើងស្រឡាញ់អង្គការ។ អង្គការបានប្រើមនុស្សឥតល្ហែ ប៉ុន្តែឲ្យពួកគេហូបតែបបរ អ្នកខ្លះឃ្លានពេកក៏ទៅចាប់សត្វតូចៗមកហូបបន្ថែម។ អ្នកដែលក្បត់នឹងអង្គការត្រូវបានគេយកទៅកសាងឬដាំដំឡូង។ ប៉ុល ពត បានបង្រៀនឲ្យកូនស្អប់ឪពុកម្តាយ ហើយត្រូវស្មោះត្រង់នឹងអង្គការជានិច្ច។ ប្រជាជនគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ចំណែកការរើសគូស្រករវិញ គឺត្រូវអង្គការចាប់គូឲ្យតែម្តង។ មនុស្សអាចរស់នៅសម័យនោះបានត្រូវធ្វើខ្លួនជាមនុស្សគថ្លង់។ មនុស្សដែលមានសមត្ថភាពត្រូវបានគេយកទៅសម្លាប់ព្រោះខ្លាចគេចេះជាងខ្លួន។ ប្រជាជនខ្មែររស់នៅទាំងលំបាកបែកពីគ្រួសារ គ្មានភាពកក់ក្តៅ គ្មានសាសនា សាលារៀន អ្វីទាំងអស់។

អឿន ច័ន្ទតារារស្មី ភេទប្រុស អាយុ១៨ឆ្នាំ៖

របបខ្មែរក្រហម គឺជារបបមួយដែលបានឆ្លុះបញ្ចាំឲ្យឃើញថានៅសម័យខ្មែរក្រហម ការរស់នៅ ជីវភាព ទំនៀមទម្លាប់ផ្សេងៗដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម គឺពិបាកខ្លាំងណាស់។ ខ្មែរក្រហមបានធ្វើឲ្យប្រជាជនមានការលំបាកខ្លាំង ដោយសារតែមានការជិះជាន់ពីថ្នាក់ខ្ពស់ក៏ដូចជាមេដឹកនាំ ដោយមានការប្រើអំពើហិង្សា ការជម្លៀសប្រជាជន ពីកន្លែងមួយទៅកន្លែងមួយទៀត។ ប្រជាជនរស់នៅដោយគ្មានសន្តិភាព គ្មានទីជម្រកសមរម្យ ច្បាស់លាស់ បែកបាក់គ្រួសារ គ្មានម្ហូបអាហារគ្រប់គ្រាន់ ជាពិសេសមានការរើសអើងពូជសាសន៍ ពណ៌សម្បុរ និងខាងផ្នែកសាសនាជាខ្លាំងដែលឈានទៅដល់អំពើប្រល័យពូជសាសន៍ ដែលបង្កឲ្យប្រជាជននៅក្នុងរបបខ្មែរក្រហមរស់នៅដោយភាពភ័យខ្លាច ដោយសារតែមានការកាប់សម្លាប់។ មានក្រុមសាសនាផ្សេងៗ មានការបង្ខិតបង្ខំពីសំណាក់មេដឹកនាំជាដើម។

វន កែវសម្ភស្ស ភេទស្រី អាយុ១៥ឆ្នាំ៖

សម័យខ្មែរក្រហម គឺជាសម័យមួយដែលឃោរឃៅណាស់។ នៅក្នុងសម័យនោះ ពួកខ្មែរក្រហមបានសម្លាប់មនុស្សអស់ជាច្រើន។ តាមរយៈការនិយាយរបស់ជីដូនខ្ញុំ គាត់បានប្រាប់ថា នៅក្នុងសម័យខ្មែរក្រហម លោកយាយរបស់ខ្ញុំបានធ្វើការនៅក្នុងផ្ទះបាយ បន្ទាប់មកក៏ចាត់ឲ្យលោកយាយរបស់ខ្ញុំជីកប្រឡាយវិញដោយទទួលបានអាហារជាបបរ ដោយមានតែគ្រាប់អង្ករតែ២ ៣គ្រាប់ប៉ុណ្ណោះ។ រីឯការសម្រាកវិញគឺមានរយៈពេលតិចតួចណាស់។ ចំណែកឯសម្លៀកបំពាក់វិញគឺទទួលបានតែ១សម្រាប់ប៉ុណ្ណោះពណ៌ខ្មៅ។ ប្រសិនជាមាននរណាម្នាក់ក្បត់នឹងអង្គការ គេនឹងសម្លាប់ចោលភ្លាម ដោយប្រើភាសាថាយកទៅកសាង ឬអ្វីផ្សេងទៀត។ សម័យនោះពួកគេបានធ្វើទារុណកម្មប្រជាជនខ្មែរណាស់ ដោយបង្អត់អាហារ…។

នួន ដាកា ភេទប្រុស អាយុ១៧ឆ្នាំ៖

តា និងយាយ របស់ខ្ញុំមានកូនចំនួន១០នាក់។ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ តារបស់ខ្ញុំគឺជាកងទ័ពខ្មែរក្រហម។ រីឯយាយរបស់ខ្ញុំគឺជាកងនារី។ ម្តាយរបស់ខ្ញុំ គឺជាកូនទី៣ក្នុងចំណោមកូន១០នាក់។ តារបស់ខ្ញុំបាននិយាយថា គាត់បានឃើញគេធ្វើទារុណកម្មប្រជាជនស្ទើរតែរាល់ថ្ងៃ ដោយសារការមិនគោរពច្បាប់របស់អង្គការ។ អ៊ំរបស់ខ្ញុំបាននិយាយថា គាត់ធ្វើស្រែជាច្រើនកន្លែងនិងច្រើនម៉ោង។ ចំណែកឯអាហារវិញ គឺពុំបានហូបឆ្អែតឡើយ។ គាត់និយាយថា គាត់ពិតជាអស់កម្លាំងខ្លាំងណាស់។ ម៉ែរបស់ខ្ញុំ គាត់មិនបានធ្វើការអ្វីទេ ព្រោះគាត់នៅតូចនៅឡើយ។ ក្រោយពីកងទ័ពរណសិរ្សកម្ពុជាបានវាយឈ្នះកងទ័ពខ្មែរក្រហម គ្រួសាររបស់ខ្ញុំបានបាត់បង់បងប្អូន២នាក់ នៅតែអ៊ំ៨នាក់ប៉ុណ្ណោះ។

រ៉េត ផាត់សា ភេទស្រី អាយុ១៧ឆ្នាំ៖

នៅសម័យនោះ ប្រជាជនទាំងអស់រស់នៅក្រោមការគាបសង្កត់របស់អ្នកដឹកនាំ ហើយជីវភាពរស់នៅរបស់ប្រជាជនខ្មែរនាសម័យនោះ ក៏មានការលំបាកខ្លាំងណាស់ដែរ។ ប្រជាជនទាំងអស់ត្រូវធ្វើការតាមអ្នកដឹកនាំបញ្ជា ដោយគ្មានការតវ៉ាឡើយ។ បើមានជនណាម្នាក់តវ៉ានឹងបញ្ជាអ្នកដឹកនាំ ជននោះនឹងត្រូវគេចាប់យកទៅធ្វើទារុណកម្ម ឬសម្លាប់ចោល។ ចំពោះការបរិភោគវិញ គឺមិនអាចហូបបានគ្រប់គ្រាន់ឡើយ។

ម៉ូវ មួយលាង ភេទស្រី អាយុ១៥ឆ្នាំ៖

សម័យខ្មែរក្រហមជាសម័យមួយដ៏ឃោរឃៅ និងព្រៃផ្សៃ ដោយឲ្យប្រជាជនបែកបាក់គ្រួសារ ហើយមិនមានថ្នាំព្យាបាល និងសម្លៀកបំពាក់ត្រឹមត្រូវឡើយ។ ឲ្យចំណីអាហារមិនគ្រប់គ្រាន់ ហើយថែមទាំងមិនឲ្យក្មេងសិក្សារៀនសូត្រ។ ខ្មែរក្រហម បានសម្លាប់អ្នកដែលមានចំណេះដឹង និងសម្លាប់ប្រជាជនណាដែលក្បត់នឹងអង្គការ ហើយបានបញ្ជាឲ្យក្មេងៗចេះបាញ់សម្លាប់គ្នាឯង។ ជួនកាលសម្លាប់ដល់ទៅសមាជិកគ្រួសារទៀតផង។ ចំពោះអាហារហូបចុកវិញ គឺហូបតែបបរប៉ុណ្ណោះ។ ពួកខ្មែរក្រហមបានឲ្យប្រជាជនធ្វើស្រែចម្ការគ្មានពេលសម្រាកឡើយ។ ក្រោយពេលរំដោះ ប្រជាជនខ្លះបាត់បង់សាច់ញាតិ បងប្អូន សម្បូរជនពិការ និងគ្មានផ្ទះសម្បែង។

ហួន លីណា ភេទស្រី អាយុ១៦ឆ្នាំ៖

តាមរយៈការយល់ដឹងខ្លះៗ ឬការចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺខ្មែរក្រហមចាប់ផ្តើមពីឆ្នាំ១៩៧៥ និងបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នៅសម័យនោះពួកខ្មែរក្រហមបានធ្វើបានប្រជាជនខ្មែរជាច្រើនដូចជា រស់នៅបែកពីគ្រួសារ ធ្វើការធ្ងន់ៗចាប់ពី១២ម៉ោងដល់១៥ម៉ោង និងហូបតែបបររាវ។ ជួនកាលហូបត្រកួន ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ស្រ្តីត្រូវកាត់សក់ក្រឡឹងក វាយដំសម្លាប់ប្រជាជនខ្មែរមិនញញើតដៃ មិនថាប្រុស មិនថាស្រី។ នៅពេលដែលនរណាម្នាក់ធ្វើឲ្យបាត់វត្ថុអ្វីមួយ ឬលួចបន្លែផ្លែឈើមកហូបដើម្បីបំបាត់ឃ្លាន ត្រូវបានគេចោទប្រកាន់ថាក្បត់នឹងអង្គការត្រូវយកទៅកសាង។

រ៉ុង ថុនា ភេទប្រុស អាយុ១៧ឆ្នាំ៖

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាការគាបសង្កត់ ជិះជាន់លើសិទ្ធិប្រជាជនទាំងមូលក្នុងរបបនោះ ដោយមិនគិតពីការអត់ឃ្លាន ភាពលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តឡើយ។ ភាពលំបាករបស់ប្រជាជនខ្មែរក្រហមបានឆ្លុះបញ្ចាំងឲ្យយើងដឹងបាននៅតាមសាលារៀន និងតាមរយ:ជីដូន ជីតាចាស់ៗដែលធ្លាប់រស់នៅក្នុងរបបនោះកាលពីចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ការជិះជាន់ និងការគាបសង្កត់យ៉ាងកំហិតបែបនេះ បានធ្វើឲ្យប្រជាជនពិបាកក្នុងការរស់នៅណាស់ ព្រោះប្រជាជនមានការស្រេកឃ្លាន មានរាងកាយស្គមស្គាំង ស្លេកស្លាំង ល្ហិតល្ហៃ គ្មានកម្លាំងធ្វើការងារ ហើយត្រូវកម្មាភិបាលបង្ខិតបង្ខំឲ្យធ្វើការទៀត។ ជួនកាលអាចប្រើអំពើហិង្សាដែលធ្វើឲ្យប្រជាជនដាច់ដង្ហើមម្តងៗ។ ជាងនេះទៅទៀត គឺខ្មែរក្រហមមិនត្រូវការទុកប្រជាជនដែលមានចំណេះដឹងឡើយ ជាពិសេសគឺគ្រូបង្រៀនតែម្តង ដែលត្រូវខ្មែរក្រហមចាប់យកទៅកសាង ឬយកទៅសម្លាប់ចោលដោយមិនគិតពីការបែកបាក់របស់គ្រួសារទេ។

សុវណ្ណ វិសាល ភេទប្រុស អាយុ១៦ឆ្នាំ៖

តាមរយ:ការចងចាំនិងការយល់ដឹងរបស់ខ្ញុំ ដែលខ្ញុំធ្លាប់បានឮពីលោកតារបស់ខ្ញុំ គឺគាត់ធ្លាប់ឆ្លងកាត់របបដ៏ព្រៃផ្សៃមួយនេះ ហើយគាត់ធ្លាប់បាននិយាយប្រាប់ខ្ញុំថា នេះគឺជារបបដែលពិភពលោចាត់ទុកជានរកអវិចី។ លោកតារបស់ខ្ញុំបានប្រាប់ថា គាត់រស់នៅឆ្លងកាត់របបនេះដោយលំបាកវេទនា អត់ឃ្លាន ហើយជួបតែអំពើហិង្សារៀងរាល់ថ្ងៃ។ គាត់ខំប្រឹងប្រែងធ្វើការ និងស្តាប់តាមបញ្ជារបស់គេ ដោយសម្របខ្លួនទៅតាមស្ថានភាពដែលកើតមានឡើង។ គាត់ក៏ធ្លាប់បានប្រាប់ខ្ញុំថា គេប្រុងតែនឹងយកគាត់ទៅសម្លាប់ចោលផងដែរ ប៉ុន្តែបានពូរបស់គាត់ជួយឲ្យរួចខ្លួនមកវិញ។ គាត់ទ្រាំរស់នៅក្នុងស្ថានភាពបែបនេះរហូតដល់មានការរំដោះជាតិឡើងវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ គាត់បានចាត់ទុករឿងដែលគាត់ឆ្លងកាត់នេះជាប្រវត្តិសាស្ត្រនៅក្នុងឆាកជីវិតរបស់គាត់ផងដែរ។

ឃាង សុណាវី ភេទស្រី​ អាយុ១៨ឆ្នាំ៖

នៅឆ្នាំ១៩៧៥ ពួកខ្មែរក្រហមបានជម្លៀសប្រជាជនកម្ពុជាពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ដោយប្រាប់ថាសម្អាតទីក្រុង។ ប្រសិនបើមិនមាននរណាចាកចេញទេ នោះនឹងត្រូវសម្លាប់ចោលទាំងអស់។ ចាប់តាំងពីពេលនោះមកពួកខ្មែរក្រហមបានធ្វើទុក្ខបុកម្នេញលើប្រជាជនខ្មែរយ៉ាងព្រៃផ្សៃដូចជា៖

-ការធ្វើការហួសប្រមាណពី១២ម៉ោង ទៅ១៥ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍។

-ពុំមានអាហារហូបចុកគ្រប់គ្រាន់ (ហូបបបរ មានអង្ករ ២ ៣ គ្រាប់) ។

-បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។

-កម្ទេចវត្តអារាមបំផ្លាញសាសនា ហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី។

-ការធ្វើវិសុទ្ធកម្ម។

-ផ្តាច់មនោសញ្ចេតនារវាងប្តីប្រពន្ធនិងកូន។

-សម្លាប់ចោលរាល់អ្នកដែលប្រឆាំងនឹងបញ្ជារបស់អង្គការ។

-អ្នកដែលមានចំណេះដឹងត្រូវតែសម្លាប់ចោលទាំងអស់ និងឲ្យអ្នកដែលគ្មានចំណេះដឹងដឹកនាំវិញម្តង។

-ជាសម័យដែលប្រកាន់យករបបកុម្មុយនីស្ត។

-អ្នកដែលឆ្លើយសំណួររបស់អង្គការយឺត ក៏ត្រូវយកទៅកសាង។

-ប្រើពាក្យស្លោក«សម្លាប់ច្រឡំ ជាជាងលែងច្រឡំ» «ទុកមិនចំណេញដកចេញមិនខាត» ត្រូវបានប្រើប្រាស់នៅក្នុងសម័យខ្មែរក្រហមញឹកញាប់។

-ការរៀបការ អង្គការជាអ្នករៀបចំឲ្យ ទោះមិនស្រឡាញ់ក៏ដោយ។

លី ម៊ីម៊ី ភេទស្រី អាយុ១៧ឆ្នាំ៖

សម័យខ្មែរក្រហម គឺជាសម័យកាលមួយដែលប្រជាជនរស់នៅរងទុក្ខវេទនា និងជាសម័យដែលឃោរឃៅបំផ្លាញជាតិសាសន៍ខ្លួនឯង។ របបខ្មែរក្រហម ជារបបមួយដែលបំបិទសិទ្ធិសេរីភាពប្រជាជន ការធ្វើទារុណកម្ម ជាពិសេសបង្ខំឲ្យប្រជាជនធ្វើការ១២ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍ ហើយប្រជាជនហូបតែបបរ និងធ្វើការហួសកម្លាំង។ លុបបំបាត់ចោលនូវសាសនា ជាពិសេសគឺឲ្យជឿជាក់តែលើអង្គការតែមួយប៉ុណ្ណោះ បើមិនដូច្នេះទេនឹងត្រូវសម្លាប់ចោល ហើយនៅក្នុងរបបនេះក៏បានបង្កើតពាក្យស្លោកមួយផងដែរគឺ «សម្លាប់ច្រឡំ ជាជាងច្រឡំ» «ទុកក៏មិនចំណេញ ដកចេញក៏មិនខាត»។ ម្យ៉ាងវិញទៀតគឺនៅក្នុងរបបនេះ ផ្តាច់មនោសញ្ចេតនាឪពុកម្តាយ ប្តីប្រពន្ធ និងកូនៗ។ ការបំបែកបំបាក់ពង្រាត់គ្រួសារចេញពីគ្នា ជាពិសេសការរើសអើងចំពោះប្រជាជនថ្មី ឬប្រជាជន១៧មេសា។ ប្រជាជនទាំងនោះទទួលរងនូវការវាយធ្វើបាបយ៉ាងខ្លាំង និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។ របបនេះបានសម្លាប់ប្រជាជនខ្មែរអស់ជាច្រើននាក់ ហើយថែមទាំងបន្សល់ទុកនូវក្មេងកំព្រា ស្រ្តីមេម៉ាយ ចាសជរា និងជនពិការផងដែរ។ នៅក្នុងសម័យកាលនោះមានការសម្លាប់អ្នកចេះដឹង និងនិស្សិតបញ្ញាវ័ន្តចោល។ របបនេះដឹកនាំដោយលោក ប៉ុល ពត ក្រោយធ្វើចលនារំដោះថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។

ខឹម ចាន់ម៉ានីហ្សា ភេទស្រី អាយុ១៦ឆ្នាំ៖

ក្រោយពី លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីដំណែង ហើយក៏ចាប់ផ្តើមមានក្រុមខ្មែរក្រហមជាបណ្តើរ។ ក្រោយមកទៀតពួកខ្មែរក្រហមបានពង្រីកសមាជិកខ្លួនកាន់តែច្រើនឡើង ដោយ ប៉ុល ពត ជាមេដឹកនាំ និងថ្នាក់ដឹកនាំជាន់ខ្ពស់ឯទៀតដូចជា អៀង សារី, ខៀវ សំផន ,សាឡុត ស ជាដើម។ ប៉ុល ពត បានដឹកនាំក្រុមខ្មែរក្រហម ធ្វើរដ្ឋប្រហារទម្លាក់ លន់ នល់ ម្តង ហើយថែមទាំងប្តូររបៀបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងស្រុង។ ខ្មែរក្រហមបានបិទទ្វារអាជីវកម្មធំទាំងអស់នៅកម្ពុជា ទាំងរោងចក្រកាត់ដេរ និងរោងចក្រផលិតគ្រឿងដែកជាដើម។ ខ្មែរក្រហមបានបិទ មិនឲ្យប្រើរូបិយប័ណ្ណនៅក្នុងប្រទេសឡើយ។ ថ្ងៃដែលប្រជាជនចាំមិនភ្លេចនោះគឺ ថ្ងៃ១៧មេសា ១៩៧៥។ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញមករស់នៅស្រុកស្រែ និងប្រើឲ្យអ្នកទាំងអស់នោះធ្វើស្រែទាំងអស់។ មិនតែប៉ុណ្ណោះ នៅក្នុងរបបនេះ ប៉ុល ពត បានបែងចែកវណ្ណៈទៀត មានទាំងអ្នកថ្មីនិងអ្នកចាស់។ អ្នកថ្មីគឺជាអ្នកដែលជម្លៀសពីទីក្រុងភ្នំពេញ ហើយអ្នកចាស់គឺរស់នៅទីជនបទស្រាប់។ ពួកខ្មែរក្រហមបានប្រើប្រជាជនខ្មែរយើងឲ្យធ្វើការជាច្រើនម៉ោង ដោយឲ្យតែទឹកបបរសម្រាប់បរិភោគប៉ុណ្ណោះ ហើយថែមទាំងសម្លាប់ប្រជាជនខ្មែរដោយគ្មានត្រាប្រណីឡើយ។ លុះដល់ថ្ងៃ៧មករា ដែលជាថ្ងៃដែលសម្តេច ហ៊ុន សែន ជួយប្រជាជនទាំងអស់ឲ្យរួចផុតពីនរកដ៏កាចសាហាវនេះ។

ឃន ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ៖

ក្រោយសម័យសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយ លន់ នល់ បានដួលរលំទៅ ក៏កើតមានសម័យកម្ពុជាប្រជាធិបតេយ្យ «របប ប៉ុល ពត» ហៅថារបបខ្មែរក្រហម។​ ពួកខ្មែរក្រហមបានចូលមកទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយយកលេសថាសម្អាតទីក្រុង ខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ ខ្មែរក្រហមបានផ្សឹកព្រះសង្ឃ ឲ្យទៅធ្វើស្រែចម្ការ ជីកប្រឡាយ ប្រជាជនបែកបាក់គ្រួសារ ប្រពន្ធកូន ឪពុកម្តាយ។ ប្រជាជនផ្លាស់របៀបរស់នៅថ្មី គឺដេករួម ហូបរួម និងធ្វើការងាររួម។ ប្រជាជនខ្វះម្ហូបអាហារ អង្គការឲ្យហូបតែបបររាវ១វែក។ អង្គការបានបង្ហាត់ក្មេងឲ្យកាន់កាំភ្លើង។ អ្នកដែលមិនធ្វើតាមអង្គការត្រូវបានគេយកទៅសម្លាប់«យកទៅកសាង»។ របបនេះបានសម្លាប់មនុស្សអស់ជាច្រើន។ របបនេះបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ របបនេះប្រព្រឹត្តទៅអស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបន្សល់ទុកនូវការឈឺចាប់ដែលមិនអាចបំភ្លេចបាន។

សាក់ លីតា ភេទស្រី អាយុ១៦ឆ្នាំ៖

នៅសម័យខ្មែរក្រហម ប្រជាជននៅសម័យនោះមានការរងទុក្ខជាខ្លាំង ដោយត្រូវប្រើកម្លាំងបាយ តែចំពោះការបរិភោគវិញមិនបានគ្រប់គ្រាន់ឡើយ។ លោកតាលោកយាយរបស់ខ្ញុំ គាត់បាននិយាយថានៅក្នុងសម័យនោះគឺវេទនាណាស់ អាយុ ៧,៨ ឆ្នាំត្រូវទៅកាប់ដើមទន្ទ្រាងខេត្រ។ រីឯក្មេងអាយុ ១២ឬ១៣ឆ្នាំ ត្រូវទៅកាប់ដី ហើយត្រូវធ្វើពីព្រឹករហូតដល់យប់។ ចំពោះការស្លៀកពាក់វិញ គឺមិនបានស្អាតបាតទេ គឺមានតែ១សម្រាប់ (កំប្លេ) ជាប់នឹងខ្លួនទេ។ នៅពេលល្ងាចចេញពីធ្វើការ ទើបបានទៅងូតទឹក ហើយបោកគក់នៅទីនោះ ដើម្បីបានស្លៀកពាក់វិញ។ ចំពោះទន្លេគឺនៅឆ្ងាយពីផ្ទះ ទម្រាំតែដើរដល់ផ្ទះខោអាវស្ងួតល្មម។ នៅពេលនោះយាយរបស់ខ្ញុំគឺជាអ្នកច្រូតកាត់ ហើយសូម្បីតែទឹកក៏ពិបាកក្នុងការផឹកដែរ។ រីឯតារបស់ខ្ញុំគឺជាអ្នកគង្វាលក្របី។ នៅពេលមួយ ជីដូនរបស់ខ្ញុំបានឃើញគេយកស្ត្រីម្នាក់ទៅសម្លាប់ចោលដោយវាយនឹងត្បូងចបនៅក្រោមដើមឈើមួយដើម ហើយបោះទារកម្នាក់ឡើងលើ រួចទម្លាក់ពីលើឈើស្រួចស្លាប់ទៅ មើលទៅគួរឲ្យភ័យខ្លាចពិតមែន។ នៅពេលដែលភៀសខ្លួន ជីដូនរបស់ខ្ញុំបានទៅសុំកងទ័ពវៀតណាមជិះឡានជាមួយ រីឯតារបស់ខ្ញុំត្រូវធ្វើដំណើរទៅពោធិ៍សាត់មកព្រៃវែងវិញ ដោយធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃ។

ម៉ៃ សាមាន ភេទប្រុស អាយុ១៨ឆ្នាំ៖

បន្ទាប់ពីដួលរលំរបបសាធារណរដ្ឋខ្មែរមក នៅឆ្នាំ១៩៧៥ ក៏បានកកើតនូវរបបកម្ពុជាប្រជាធិបតេយ្យ ឬអាចហៅម្យ៉ាងទៀតថារបបខ្មែរក្រហម។ នៅក្នុងរបបមួយនេះមានគោលនរយោបាយដឹកនាំគឺមានភាពល្អប្រសើរ ធ្វើឲ្យប្រទេសមានការរីកចម្រើន តែជាក់ស្តែងគ្រាន់តែយកជាគោលការណ៍យកមុខទៅ អង្គការសហប្រជាជាតិប៉ុណ្ណោះ។ ចំពោះទំនាក់ទំនងរវាងស្រុកខេត្ត និងក្រុង គឺត្រូវបានបិទចោលទាំងស្រុង ហើយម្យ៉ាងទៀតការដាក់នូវគោលការណ៍ផលិតស្រូវ៣តោន ក្នុង១ហិកតា ដែលជារឿងមិនអាចធ្វើទៅបានគ្រប់តំបន់ ហើយតំបន់ដែលមិនអាចធ្វើបាននោះ ប្រជាជនត្រូវខ្វះស្បៀងហូប គឺឲ្យហូបតែបបរ១ពេលឲ្យតែ១ចានប៉ុណ្ណោះ។ ការឲ្យធ្វើការងារហួសកម្លាំង ១ថ្ងៃ ១២ម៉ោង ៧ថ្ងៃក្នុង១សប្តាហ៍។ តំបន់ខ្លះទៀតបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដូចជាចាប់ដកក្រចកនឹងដង្កាប់ ឆក់ខ្សែភ្លើងមិនឲ្យស្រែក ជ្រមុជទឹក វាយនឹងរំពាត់ ហើយស្ត្រីវិញបានយកសត្វអសិរពិសមកឲ្យខាំ ឬដាក់ក្នុងអាវរបស់ស្ត្រី។ នៅក្នុងរបបនេះដែរក៏បានប្រើទ្រឹស្តីមួយថា «ទុកមិនចំណេញ ដកចេញមិនខាត» គឺប្រជាជនថ្មី ប្រជាជន១៧មេសា ភាគច្រើនត្រូវគេធ្វើទារុណកម្មនឹងយកទៅសម្លាប់។ ចំពោះការសម្លាប់គេបានយកធាងត្នោតយកមកអា ក សម្លាប់ ឬបាញ់ដោយកាំភ្លើង ពេលខ្លះបានវះយកថ្លើមមកធ្វើម្ហូប មើលទៅព្រៃផ្សៃបំផុត។ ចំពោះក្មេងតូចៗគឺត្រូវបោកនឹងគល់ត្នោតតែម្តង។ ការសម្លាប់នេះបើគ្រួសារជាអ្នកធ្វើការនៅសម័យសាធារណៈរដ្ឋគឺត្រូវសម្លាប់ទាំងគ្រួសារតែម្តង។

ខាត់ លីហេង ភេទប្រុស អាយុ១៧ឆ្នាំ៖

ពួកខ្មែរក្រហមបានបង្ខិតបង្ខំឲ្យប្រជាជន និងព្រះសង្ឃទៅធ្វើស្រែចម្ការ។ បើមាននរណាបដិសេធ ខ្មែរក្រហមនឹងនាំយកទៅសម្លាប់ចោល។ របបខ្មែរក្រហមបានបំផ្លិចបំផ្លាញផ្លូវថ្នល់ វត្តអារាម សាលារៀន ទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្រដទៃទៀត។ នៅរបបនេះប្រជាជនខ្មែរប្រៀបនៅក្នុងគុកឥតជញ្ជាំងអ៊ីចឹង គឺឲ្យធ្វើការ១២ម៉ោង ក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍ ព្រមទាំងមិនឲ្យហូបចុកបានគ្រប់គ្រាន់ថែមទៀត។ ត្រូវសម្លាប់ចោលទាំងពូជក៏មាន។ របបខ្មែរក្រហមបានសម​្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ ដើម្បីឲ្យអង្គការរបស់ពួកគេបានរីកចម្រើនកាន់តែឆាប់រហ័ស។ របបនេះបានបង្កើតសុភាសិតមួយឃ្លាថា «ទុកមិនចំណេញ ដកចេញមិនខាត»។ សុភាសិតមួយនេះបានជំរុញចិត្តគំនិតរបស់ពួកគេឲ្យសម្លាប់ប្រជាជនខ្មែរកាន់តែច្រើនឡើងៗស្ទើរតែផុតពូជទៅហើយ។ ពួកខ្មែរក្រហមបានយកក្មេងជំទង់ និងមនុស្សដែលមិនចេះអក្សរ(ល្ងង់) ឲ្យគ្រប់គ្រងតំបន់ និងបញ្ជាឲ្យពួកគេសម្លាប់អ្នកដែលមានចំណេះដឹង អស់ជាច្រើន។ ប្រជាជនបានរួចផុតបន្ទាប់ពីការរំដោះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម។

ទាវ ជាស៊ីញ ភេទស្រី មានអាយុ១៦ឆ្នាំ៖

យោងតាមការសិក្សារបស់ខ្ញុំកន្លងមក របបខ្មែរក្រហមជារបបមួយដែលធ្វើឲ្យប្រជាជនរងទុក្ខវេទនា អត់បាយទឹក ព្រាត់ប្រាស់គ្រួសារ សាច់ញាតិ និងរស់នៅយ៉ាងឈឺចាប់អស់រយ​ៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលចាប់ផ្តើមពីការចូលកាន់កាប់ទីក្រុងភ្នំពេញ របស់ខ្មែរក្រហនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឲ្យរស់នៅតាមទីជនបទ។ ក្នុងការជម្លៀសនោះពួកខ្មែរក្រហមបានប្រាប់ប្រជាជនថា អង្គការត្រូវបោសសម្អាតខ្មាំង គ្មានមធ្យោបាយដឹកជញ្ជួនស្បៀង និងខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ ជាការពិតណាស់ អង្គការចង់ឲ្យរាស្ត្រទៅបង្កបង្កើនផលស្រូវ និងដំណាំយកមកឲ្យអង្គការ និងដើម្បីបំពេញគោលនយោបាយរបស់ខ្លួន​ ដែលចង់បង្កើតសហករណ៍កម្រិតខ្ពស់ តម្រូវឲ្យប្រជាជនរស់នៅរួម ធ្វើការរួមគ្នា ហូបចុកជាមួយគ្នា និងចែករំលែកការកំសាន្តជាសមូលហភាព។ គោលការណ៍នេះគ្រាន់តែជាទ្រឹស្តីរបស់ខ្មែរក្រហមប៉ុណ្ណោះ ធាតុពិតជាក់ស្តែង គោលនរយោបាយសមូលហភាពនេះ បានបង្ខំឲ្យប្រជាជនព្រាត់ប្រាសក្រុមគ្រួសារ កាត់ផ្តាច់មនោសញ្ចេតនាគ្រប់ស្ថានភាព។ ត្រូវរស់នៅក្នុងព្រៃគ្មានផ្ទះសម្បែង ហាលថ្ងៃ ហាលភ្លៀង កើតជំងឺ រោគរាតត្បាត គ្មានអាហារហូបចុកគ្រប់គ្រាន់ បណ្តាលឲ្យខ្សោះកម្លាំង ល្ហិតល្ហៃដៃជើង កើតមានជំងឺ គ្មានថ្នាំព្យាបាល ថែមទាំងត្រូវធ្វើការជាទម្ងន់។ ទោះបីស្រីប្រុស កុមារក្តី ត្រូវស្តាប់តាមអង្គការបញ្ជា។ អង្គការបញ្ជាឲ្យកាប់គាស់ លើកទំនប់១ថ្ងៃ ១០ម៉ោង ព្រមជាមួយនឹងសម្លៀកបំពាក់ពណ៌ខ្មៅដែលស្រូវកម្តៅខ្លាំង។ ប្រជាជនមិនអាចលួចសម្រាកបានឡើយ បើពុំដូច្នេះទេ​ ត្រូវអង្គការប្រើពាក្យថា «យកទៅកសាង» មានន័យថាយកទៅសម្លាប់​មិនខាន។ ចំពោះក្រុមគ្រួសារខ្ញុំ ខ្ញុំគ្រាន់តែដឹងថា ជីតាទួតរបស់ខ្ញុំក៏ត្រូវស្លាប់ក្នុងរបបនយោបាយដ៏ខ្មៅងងឹតរបស់ខ្មែរក្រហមនេះដែរ។ ចំណែកយាយទួតវិញ ត្រូវព្រាត់ប្រាសពីបងប្អូនសាច់ញាតិ។ ដូច្នេះហើយគាត់ក៏បានមករស់នៅស្រុកពាមរក៍ ទាំងដែលកាលពីមុនគាត់ធ្លាប់រស់នៅស្រុកបាភ្នំ។

រិត លីណា ភេទស្រី មានអាយុ១៦ឆ្នាំ៖

ខ្មែរក្រហមបានចូលមកត្រួតត្រាប្រទេសកម្ពុជា ធ្វើឲ្យប្រជាជនកម្ពុជាបែកបាក់ពីគ្រួសារ ហើយនៅឆ្ងាយពីគ្រួសារ។ គេបានបង្ខិតបង្ខំប្រជាជនខ្មែរឲ្យធ្វើការគ្មានឈប់ឈរ បង្អត់បាយហើយយកទៅសម្លាប់ដោយគ្មានញញើតសោះ។ លោកតាខ្ញុំធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម​។ គាត់ខ្លាចរបបនេះខ្លាំងណាស់។ នៅសម័យនោះ គេតម្រូវឲ្យស្ត្រី មិនថាក្មេងឬចាស់កាត់សក់ត្រឹម ក ដើម្បីបញ្ជាក់ថាស្មោះត្រង់នឹងពួកគេ។ គេពិតជាសាហាវនិងឃោរឃៅខ្លាំងណាស់ ដែលលើដៃសម្លាប់មិនថាក្មេង ឬចាស់។ នៅសម័យនោះគ្មានអាហារហូបចុកគ្រប់គ្រាន់ ហើយគ្មានសម្លៀកបំពាក់ច្រើនទេ មានតែ១ឈុតទេ គឺឈុតពណ៌ខ្មៅ។ លោកតាខ្ញុំបាននិយាយប្រាប់ពីដំណើររឿង និងទុក្ខលំបាកនៅសម័យ ប៉ុល ពត និងការរស់នៅឆ្ងាយពីបងប្អូន។ គាត់និយាយថា ប្រសិនបើយើងទៅលួចរបស់ខ្មែរក្រហមហូប នៅពេលដែលគេចាប់បាននឹងត្រូវសម្លាប់ចោល។ ខ្មែរក្រហម មានរណ្តៅ១សម្រាប់យកមនុស្សទៅបាញ់សម្លាប់ចោល។ មានឆ្អឹងគរលើគ្នាជាច្រើន មិនដឹងថាចិត្តរបស់ពួកគេសាងពីអ្វីទេ។ នៅសម័យនោះធ្វើការគ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំលេបដូចសម័យនេះទេ។ ខ្ញុំពិតជាខ្លោចចិត្តជាខ្លាំងនៅពេលដែលប្រជាជនខ្មែរ ត្រូវបានប្រទេសដទៃចូលមកត្រួតត្រាសម្លាប់ប្រជារាស្ត្រ។ ជាការឈឺចាប់មួយដែលប្រជាជនខ្មែរយើងពិបាកនឹងនិយាយរៀបរាប់អំពីទុក្ខ។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី  នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត ៖ ភា រស្មី និង ថុន ស្រីពេជ្រ  បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖