អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការ ចូលរួមវេទិកាអប់រំថែទាំសុខភាព និងពិនិត្យសុភាព នៅមជ្ឈមណ្ឌលឯកសារកោះថ្ម

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះសួរសុខទុក្ខ និងបានពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម ដែលជាជនពិការចំនួន២៥នាក់ រស់នៅក្នុងឃុំទន្លូង និងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រជាជននៅឃុំទន្លូង និង ឃុំជាំតាម៉ៅ ស្រុកមេមត់ភាគច្រើនគឺជាជនជាតិដើមភាគតិចស្ទៀង។ កាលពីមុនសង្រ្គាម ជនជាតិភាគតិចស្ទៀងប្រកបមុខរបរធ្វើស្រែ និងបរបាញ់សត្វព្រៃដើម្បីយកមកបរិភោគ។ ពេលបរបាញ់សត្វបានហើយ គាត់មិនលក់ដូរទេ គឺទុកចែកគ្នាបរិភោគ។ នៅពេលអស់អាហារ ទើបគាត់នាំគ្នាចេញទៅបរបាញ់សត្វបន្តទៀត។ តាមទម្លាប់តៗគ្នា ជនជាតិស្ទៀងមិនធ្វើស្រែអចិន្រ្តៃយ៍នៅមួយកន្លែងទេ ពីព្រោះការធ្វើស្រែនៅមួយកន្លែងទទួលបានទិន្នផលស្រូវតិចតួច។ ដូច្នេះ ប្រជាជននៅឃុំទន្លូង និង ឃុំជាំតាម៉ៅ តែងតែប្តូរទីតាំងដីស្រែពីមួយកន្លែងទៅមួយកន្លែងជារៀងរាល់ពីរទៅបីឆ្នាំម្តង។

ជនជាតិភាគតិចស្ទៀងមានជំនឿលើអារក្សអ្នកតា រហូតដល់ពេលដែលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៧៥។ នៅពេលនោះ ជនជាតិភាគតិចស្ទៀងត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែប្រវាស់ដៃ។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចដំបូងៗ ខ្មែរក្រហមអនុញ្ញាតឲ្យជនជាតិភាគតិចស្ទៀងនិយាយភាសា និងប្រារព្ធពិធីសាសនារបស់ខ្លួននៅឡើយ។ លុះដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្តើមបែងចែកជនជាតិភាគតិចស្ទៀងឲ្យទៅរស់នៅតាមសហករណ៍ យកទ្រព្យសម្បត្តិដាក់រួម និងលែងឲ្យមានកម្មសិទ្ធឯកជនទៀតហើយ។ នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសជនជាតិភាគតិចស្ទៀងចេញពីឃុំទន្លូង និង ឃុំជាំតាម៉ៅ ឲ្យទៅរស់នៅតាមតំបន់ផ្សេងៗ ដូចជា នៅភូមិស្រែតាពេជ្រ ភូមិស្រែចា ភូមិអាលួច ភូមិស្វាយជ្រះ ក្នុងស្រុកស្នួល ខេត្តក្រចេះ។ បន្ទាប់មក ជនជាតិភាគតិចស្ទៀងភាគច្រើនត្រូវបានជម្លៀសបន្តពីស្រុកស្នួល ទៅដល់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ នៅខណៈពេលនោះ ជនជាតិភាគតិចស្ទៀងបានបាត់បង់សិទ្ធិសេរីភាពគោរពសាសនាទាំងស្រុង។ ចំណែកការប្រើប្រាស់ភាសាស្ទៀង ក៏លែងមានទៀតដែរ។ បន្ទាប់ពី កងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសហការជាមួយកងទ័ពវៀតណាមទទួលជោគជ័យលើកងទ័ពខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជនជាតិភាគតិចស្ទៀងបានវិលត្រឡប់ពីខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តក្រចេះមករស់នៅស្រុកកំណើតវិញ។

នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេវី ខេត្តត្បូងឃ្មុំ បានរៀបចំពិនិត្យសុខភាពបឋមដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនពិការចំនួន២៥នាក់ ដែលរស់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីពិនិត្យសុខភាពជូន តា យាយ អ៊ំ ពូ មីង ទាំង២៥នាក់រួចរាល់ វេជ្ជបណ្ឌិត ដោក រដ្ឋា គឺជាប្រធានផ្នែកវះកាត់ទូទៅ (General surgery) នៃមន្ទីរពេទ្យខេវី មានប្រសាសន៍ថា លោកយាយ លោកតា ដែលបានមកពិនិត្យសុខភាពនៅថ្ងៃនេះភាគច្រើនមានជំងឺពុកឆ្អឹងខ្នង ឬ មានសាច់លៀននៅឆ្អឹងខ្នង ជំងឺលើសឈាម និងឡើងជាតិអាស៊ីតមានតិចតួច។

វេជ្ជបណ្ឌិត ដោក រដ្ឋា មានយោបល់បន្ថែមពាក់ព័ន្ធនឹងអ្នកជំងឺពុកឆ្អឹងខ្នងភាគច្រើនកើតទៅលើមនុស្សចាស់ ដោយសាតែគាត់ធ្វើការងារធ្ងន់កាលពីក្មេងបណ្តាលឲ្យស្រុតឆ្អឹងប៉ះទង្គិចគ្នាធ្វើឲ្យឈឺ។ ចំពោះការព្យាបាលគ្រូពេទ្យព្យាបាលទៅតាមអាការជំងឺរបស់គាត់ ដោយប្រើថ្នាំកាល់ស្យូម ដើម្បីពង្រឹងឆ្អឹងឲ្យរឹងមាំឡើងវិញ ឧស្សាហ៍ហាត់ប្រាណ និងមិនត្រូវដេកនៅលើពូក ព្រោះធ្វើឲ្យឆ្អឹងខ្នងស្រុតចូលគ្នា។ អ្នកជំងឺត្រូវដេកលើកន្ទេលរាបស្មើ ប្រសិនបើអ្នកជំងឺចេះហែលទឹកត្រូវទៅហែលទឹក និងតោងមែកឈើដើម្បីជួយសម្រួលដល់ឆ្អឹងខ្នង។ វេជ្ជបណ្ឌិតក៏ប្រាប់អ្នកជំងឺឲ្យតមរបបអាហារដែលមានរសជាតិ ប្រៃ ផ្អែម ហើយត្រូវចៀសវាងអាហារកំប៉ុង និងស៊ុប ព្រោះពពួកអាហារទាំងនោះ មានផ្ទុកជាតិសូដ្យូមច្រើន ជាពិសេសអាហារកំប៉ុងគឺមានផ្ទុកជាតិសូដ្យូមច្រើនជាង ៥០០ មីលីក្រាមក្នុងមួយកំប៉ុង។ ទោះជាយ៉ាងណាក៏ដោយ នៅមានអាហារកំប៉ុងមួយចំនួន មានផ្ទុកជាតិសូដ្យូមតិចតួចដែរ។ ដូច្នេះ យើងអាចពិនិត្យមើលទៅលើកំប៉ុងអាហារទាំងនោះ ស្វែងរកសញ្ញាដែលបញ្ជាក់ថាមានសុវត្ថិភាព និងជួយឲ្យសុខភាពយើងល្អ។ ជាមួយគ្នានេះដែរស៊ុបសណ្តែកក្រហម និងទឹកដោះគោសម្លាប់មេរោគរួច អាចហូបបានសម្រាប់អ្នកជំងឺលើសឈាម ប៉ុន្តែដំឡូងបារាំងកញ្ចប់ សាច់កែច្នៃ និងអាហារក្លាសេ (ឆ្អិនស្រាប់) សុទ្ធតែផ្ទុកជាតិសូដ្យូមខ្ពស់។

តុង សុផល ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សុផល ពិការជើងឆ្វេងដោយសារតែជាន់មីនពេលគាត់ធ្វើទាហានអំឡុងឆ្នាំ១៩៩០ នៅឃុំជីរោ ទ៍ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ពេលមកចូលរួមជាមួយក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈ​មណ្ឌលឯកសារកម្ពុជា និងការពិនិត្យសុខភាពបឋមរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេវី ខេត្តត្បូងឃ្មុំនៅព្រឹកមិញ សុផល បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាជួយសម្របសម្រួលឲ្យក្រុមគ្រូពេទ្យមកពិនិត្យជំងឺជូនខ្ញុំ ធ្វើឲ្យខ្ញុំបានដឹងពីជំងឺពិតប្រាកដ ងាយស្រួលក្នុងព្យាបាល»។

សួង សុធី ភេទប្រុស អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅស្រុកជើងព្រៃ បច្ចុប្បន្នរស់នៅ ភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ សុធី ពិការដៃខាងស្តាំដោយសារពេលធ្វើទាហានផ្ទុះគ្រាប់ត្រូវដៃខាងស្តាំនៅក្នុងឆ្នាំ១៩៨៥ ។ សុធី មានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍រំភើបរីករាយ និងអរគុណ ចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានជួយសម្របសម្រួលឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេវី មកពិនិត្យជំងឺដល់ខ្ញុំ និងសប្បាយចិត្តដែលបានមកជួបជុំនិងហូបបាយថ្ងៃត្រង់ ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការនៅក្នុងស្រុកមេមត់ផ្សេងទៀត»។

អត្ថបទ ៖ គឹម សុវណ្ណដានី, សុខ វណ្ណៈ និង ទាវ សម្ផស្ស ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖