វេទិកាសួរសុខទុក្ខ និងសំណេះសំណាលអំពីការថែទាំសុខភាពជាមួយជនពិការដែលរស់រានមានជីវិតពីរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

ដូចដែលយើងបានដឹងហើយថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវបានបិទបញ្ចប់នាចុងឆ្នាំ២០២២ ដោយជោគជ័យ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបាន​ចូល​រួម​ចំណែក​ធ្វើកិច្ចការលើផ្នែកមួយនៃសំណងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ដោយរួមបញ្ចូលទាំងអតីតខ្មែរក្រហម ដែលមានអាយុចាប់ពី ៥០ ឡើងទៅដោយគិតត្រឹមឆ្នាំ២០២២ និងចាប់ផ្តើមបើកដំណើរការជាផ្លូការនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្នុងដំណើរការនៃគម្រោង ក្នុងឆ្នាំ២០២៣ នេះ គឺចែកចេញជាបួនផ្នែក ទី១) វេទិការប្រជុំពិភាក្សា និងសំណេះសំណាល ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីការថែទាំសុខភាព ទី២) វេទិកាប្រជុំពិភាក្សា និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព ទី៣) វេទិកាអប់រំពីសុភាពផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទី៤) វេទិការអប់រំពីការថែទាំសុខភាពមនុស្សចាស់ និងពិនិត្យសុខភាពបឋមដោយវេជ្ជបណ្ឌិត ជំនាញនៅតាមមូលដ្ឋានដែលដាច់ស្រយាល។

នៅស្រុកអន្លង់វែង គឺជាតំបន់ផ្តាច់ខ្លួនចុងក្រោយនៃការធ្វើសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមដើម្បីទទួល បានសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨  ដែលជាតំបន់បន្សល់ទុកនូវយុទ្ធជន និងប្រជាជនពិការពីសង្គ្រាម ដូចជា​ ពិការជើង ពិការដៃ ពិការភ្នែក ដោយសារការជាន់មីន និងត្រូវគ្រាប់នៅពេលប្រយុទ្ធគ្នា។

នាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំ វេទិកាពិភាក្សា និងអប់រំពីការថែទាំសុខភាពមនុស្សចាស់ សម្រាប់ជនពិការដែលរស់នៅក្នុងស្រុកអន្លង់វែង ចំនួន២៥នាក់ ដែលក្នុងនោះមានស្រី ២នាក់ (ភាគច្រើនជនពិការជាមនុស្សប្រុសដែលជាយុទ្ធជនខ្មែរក្រហម)។

ឆាយ​ សុទ្ធ អាយុ ៦៤ឆ្នាំ មានស្រុកកំណើតនៅស្រុកសូត្រនិគម ខេត្តសៀមរាប ពិការជើងខាងស្តាំដោយសារជាន់មីននៅពេលធ្វើដំណើរលើខ្នងភ្នំគូលែន ក្នុងឆ្នាំ១៩៧៦ ពេលដែលដឹងថាខ្លួនពិការ គាត់មានការបាក់ទឹកចិត្តខ្លាំង មិនចង់រស់បន្តទៀតទេដោយខ្លាចពិបាកដល់គ្រួសារមើលថែទាំ ប៉ុន្តែគាត់មានការលើកទឹកចិត្តពីបងប្អូន និងប្តី​ឲ្យខំប្រឹងតស៊ូរស់បន្តទៀតរហូតដល់សព្វថ្ងៃ។ ពេលដែលជាន់មីន ប្តីរបស់ សុទ្ធ និងកងទ័ព២នាក់ទៀតបានជួយសែងគាត់ទៅព្យាបាលនៅជំរំពេទ្យខ្មែរក្រហមដែលតាំងនៅក្នុងព្រៃលើខ្នងភ្នំគូលែន។ ថ្មីៗនេះភ្នែករបស់គាត់ខាងឆ្វេងដែលប៉ះនឹងរំសេវមីន​ក៏មើលលែងឃើញ ប៉ុន្តែគាត់មិនដែលបានទៅពិនិត្យភ្នែកទេ។ ចំណែកជំងឺផ្សេងទៀតមានដូចជា ទឹកនោមផ្អែម និងលើសខ្លាញ់។

សឿន ព្រំ ហៅ ម៉ែន អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ពិការជើងទាំងសងខាងដោយសារជាន់មីន នៅខាងលិចភ្នំព្រះវិហារ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៨៤។ ក្រោយពេលមានរបួសនិងពិការ គាត់យល់ថា មានការលំបាក​ និងជាបន្ទុករបស់គ្រួសារ។​ នៅពេលដែលគាត់ពិការថ្មីៗ និងមានអាយុ២០ឆ្នាំ ពេលនោះសុខភាពរបស់គាត់នៅល្អ និងមិនមានជំងឺផ្សេងៗទេ ប៉ុន្តែដល់ពេលគាត់មានវ័យ៤០ឆ្នាំ ជំងឺផ្សេងៗចាប់ផ្តើមកើតឡើង ដូចជា ឫសដូងបាត និងតំរងនោម។ ពេលឈឺទៅព្យាបាលនៅពេទ្យរដ្ឋ​ គឺគាត់ប្រើប័ណ្ណ បសស ដែលមិនចំណាយប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែការព្យាបាលមិនទទួលបានផលលឿននោះទេ។ ពេលខ្លះគាត់ទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលឯកជន គាត់ទទួលបានលទ្ធផលល្អជាង និងលឿនជាង ប៉ុន្តែគាត់ចំណាយថវិកាផ្ទាល់ខ្លួនច្រើនដែលជាហេតុធ្វើឲ្យជីវភាពរបស់គាត់ធ្លាក់ចុះ។

ចំពោះចំណាប់អារម្មណ៍ក្នុងការចូលរួមវេទិកាព្រឹកនេះ អ៊ំ ពូ មីង​ មានសេចក្តីរីករាយ និងពេញចិត្តដោយបានទទួលចំណេះដឹងថ្មីៗដែលពួកគាត់ពុំធ្លាប់បានដឹងពីការថែទាំសុខភាព។ អ្នកចូលរួមសំណូមពរឲ្យមានការបង្កើតកម្មវិធីអប់រំពីសុខភាពដល់ជនពិការ ដូចជាពួកគាត់ឲ្យបានច្រើនដងតាមដែលមជ្ឈមណ្ឌលអាចធ្វើទៅបាន។ ជាពិសេស​ ប្រសិនបើមានការចុះទៅពិនិត្យសុខភាពដល់ជនពិការក្នុងមួយឆ្នាំម្តង គឺពិតជាប្រសើរដោយ​សារជនពិការមានការលំបាកក្នុងការធ្វើដំណើរ និងមានជីវភាពខ្វះខាត។

អត្ថបទ ៖ គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖