វេទិកាអប់រំសហគមន៍ស្ដីពី ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ នៅភូមិស្រះតាអឹម

នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ក្រោមប្រធានបទ «អតីតកម្មាភិបាលខ្មែរក្រហមបានបង្ហាញការសោកស្ដាយពីការលះបង់ជីវិតដើម្បីបដិវត្តន៍»។ វេទិកានេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តស្រះតាអឹម ភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ មានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៥នាក់ ស្រី៦នាក់ និងសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យអង្គរសចំនួន២១នាក់ គឺស្រី១៣នាក់ និងប្រុស៨នាក់ចូលរួមក្នុងវេទិកានេះ។

គោលបំណងនៃការប្រារព្ធធ្វើវេទិកានេះ គឺដើម្បីលើកទឹកចិត្តឲ្យ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមទៅកាន់ក្មេងៗជំនាន់ក្រោយ ដែលត្រូវជាចៅៗរបស់ខ្លួន ឬធ្វើជាគ្រូបង្រៀនក្រៅប្រព័ន្ធស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដល់ចៅៗរបស់ខ្លួនដែលជាសិស្សានុសិស្ស ។

វេទិកានេះ ប្រព្រឹត្តទៅរយៈពេលពីរម៉ោង ចាប់ពីម៉ោង៩កន្លះព្រឹករហូតដល់ម៉ោង១១កន្លះ ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ប្រធានភូមិ អាចារ្យ គណៈកម្មការវត្ត អ្នករស់រានមានជីវិត និងសិស្សានុសិស្សដែលជាក្មេងៗជំនាន់ក្រោយ។ ដំណើរការនៃវេទិកា ត្រូវបានផ្តោតជាសំខាន់លើ ១) ការធ្វើបទបង្ហាញខ្លីស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម, ២) ការចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមពីអ្នករស់រានមានជីវិតពីរបបនេះ, ៣) ការសន្ទនាអន្តរជំនាន់ពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម, និង ៤) ការលើកឡើងពីការអភិវឌ្ឍន៍សហគមន៍។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ផេង ពង្សរ៉ាស៊ី ដែលជានាយករបស់មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង និងជានាយកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានណែនាំខ្លួន និងបង្ហាញអំពីគោលបំណងសំខាន់ៗ នៃការប្រារព្ធធ្វើវេទិកានាព្រឹកនេះ ។

បន្ទាប់មកទៀត លោក ជា ប៉ាក មេភូមិស្រះតាអឹម មានមតិស្វាគមន៍ និងតម្រង់ទិសអ្នកចូលរួមទាំងអស់ឲ្យតាមដាន និងចូលរួមសកម្មភាពនៃការធ្វើវេទិកានាព្រឹកនេះ ។ លោកមេភូមិ បាន រៀបរាប់អំពីរឿងរ៉ាវសំខាន់ៗនៅក្នុងសម័យសង្គ្រាម ដែលបានកើតឡើងនៅក្នុងភូមិស្រះតាអឹម ប្រាប់ដល់អ្នកចូលរួមទាំងអស់ ជាពិសេសប្រាប់ដល់ក្មេងៗជំនាន់ក្រោយ ឲ្យដឹងពីប្រវត្តិភូមិឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីបញ្ចប់ការរៀបរាប់ លោក ជា ប៉ាក បានប្រកាសបើកម្មវិធីសម្រាប់ព្រឹកនេះ។

លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញខ្លីៗ ដោយចាប់ផ្ដើមពីការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ការកើតមានសង្គ្រាមស៊ីវិល ការចូលធ្វើបដិវត្តន៍របស់ប្រជាជនកម្ពុជា ការទម្លាក់គ្រាប់បែក ការកាន់កាប់អំណាចរបស់ខ្មែរក្រហម និងការដួលរលំ នៃរបបខ្មែរក្រហម។ លើសពីនេះទៅទៀត លោក ផេង ពង្សរ៉ាស៊ី ក៏បានធ្វើការបង្ហាញដោយសង្ខេបពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម ដើម្បីបញ្ជាក់ថា របបខ្មែរក្រហមគឺពិតជាបានកើតមាន ហើយមេដឹកនាំនៃរបបនោះពិតជាត្រូវបានកាត់ទោសពីទោសកំហុសរបស់ខ្លួន។ ការលើកឡើងរបស់លោក ផេង ពង្សរ៉ាស៊ី ទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម គឺជារឿងរ៉ាវទូទៅមួយដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម ហើយរឿងរ៉ាវប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងដែលបានកើតមាននៅតាមសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា។ ដើម្បីជាឧទាហរណ៍ជាក់ស្តែងចំពោះសាច់រឿងប្រវត្តិសាស្ត្រ នេះ លោក ផេង ពង្សរ៉ាស៊ី បានលើកទឹកចិត្តឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនដែលបានចូលរួមនៅក្នុងវេទិកានេះ ឡើងនិយាយប្រាប់ទៅក្មេងៗពីប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិរឿងរ៉ាវនៅក្នុងមូលដ្ឋានកាលពីសម័យខ្មែរក្រហម។

នៅចុងបញ្ចប់នៃវេទិកា លោកមេភូមិស្រះតាអឹម ក៏បានលើកឡើងពីផែនការកសាងនិង អភិវឌ្ឍសហគមន៍។ ជាដំបូង លោកមេភូមិបានលើកឡើងពីការបង្កើតជាសមាគមន៍ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋតាមរយៈការបណ្តាក់ទុនទិញជីធ្វើស្រែ។ កិច្ចការនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ ហើយបានដំណើរការហូតមកដល់សព្វថ្ងៃនេះ។​ បន្ទាប់មក លោកមេភូមិបានបង្ហាញពីផែនការអភិវឌ្ឍន៍ផ្លូវលំពីរខ្សែទៀតនៅក្នុងភូមិស្រះតាអឹម ដែលផែនការនេះនៅមិនទាន់មានជំនួយទ្រទ្រង់នៅឡើយទេ។ ក្រៅពីនេះ លោកមេភូមិក៏ស្នើសុំឲ្យមានការជួយជ្រោមជ្រែងក្នុងការកសាងសាលារៀនមួយខ្នងបួនបន្ទប់ នៅក្នុងសាលាបឋមសិក្សាស្រះតាអឹម។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា


អត្ថបទផ្សេងទៀត៖