សិទ្ធិនារី៖ សិទ្ធិរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាស្រ្តីក្នុងការទទួលបានសេវាសុខភាព និងសង្គម

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាស្រ្តីមានសិទ្ធិក្នុងការទទួលបានការថែទាំសុខភាព​ និងសេវាសង្គម​ហើយនេះគឺជាសំណងដោយផ្ទាល់បន្តិចបន្តួចសម្រាប់អ្នករស់រានមានជីវិតជាស្រ្តី បន្ទាប់ពីការទទួលរងគ្រោះក្រោមរបបខ្មែរក្រហម និងបានលះបង់ក្នុងការស្តារនិងអភិវឌ្ឍន៍សង្គមជាតិនិងគ្រួសារ។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាស្រ្តីមានជាង៦០ភាគរយ នៃអ្នករស់រានមានជីវិតទូទៅបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ ក្នុងចំណោមតួលេខនេះ មួយចំនួនគឺជាស្រ្តីមេម៉ាយ។ ស្រ្តីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមឡើងវិញ ទន្ទឹមនឹងការខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់កូនៗឲ្យបានធំធាត់។ ស្រ្តីមានពេលវេលានិងលទ្ធភាពតិចតួចក្នុងការថែទាំសុខភាពរបស់ខ្លួន ដោយសារបញ្ហាជីវិភាពនិងកាតព្វកិច្ចដែលត្រូវបំពេញ។

នៅពេលដែលវ័យរបស់គាត់កាន់តែចាស់និងស្ថិតក្រោមស្ថានភាពលំបាក ស្រ្តីមួយចំនួនបានចូលមកជ្រកកោននិងចាត់ទុកវត្តអារាមដូចជាផ្ទះរបស់គាត់ ហើយបួសជាដូនជីនៅទីនោះ។ វត្តអារាមមិនត្រឹមតែជាទីកន្លែងសក្ការៈនិងទីដែលគាត់អាចសន្សំកុសល ដើម្បីភាពស្ងប់សុខប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យគាត់អាចបន្ធូរអារម្មណ៍តានតឹងបាន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីដែលជាយាយជី កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារបានចុះទៅសាកសួរសុខទុក្ខយាយជីចំនួន១៤នាក់នៅវត្តលង្កា​ ដោយបានណែនាំវេជ្ជបណ្ឌិត ជនជាតិហ្វីលីពីន ឈ្មោះថា ដេមី រៃយ៍ ដែលមានបទពិសោធន៍វះកាត់ជំងឺមហារីកនិងព្យាបាលជំងឺទូទៅជាច្រើនឆ្នាំ  ដើម្បីធ្វើការប្រឹក្សាយោបល់អំពីផ្នែកសុខភាពដល់លោកយាយជីនៅទីនោះ។ សេវាកម្មដែលផ្តល់ជូនរួមមាន ការផ្តល់ការពិនិត្យសុខភាពបឋមដូចជាការវាស់កម្រិតស្ករក្នុងឈាម សម្ពាធឈាម ចង្វាក់បេះដូង និងការពិនិត្យទូទៅ។ ជាលទ្ធផល ខណៈដែលយាយជីមួយចំនួនមានសុខភាពល្អធម្មតា យាយជីមួយចំនួនតូចមានកម្រិតជាតិស្ករនិងសម្ពាធឈាមខ្ពស់  ហើយយាយជីមួយចំនួនទៀតកំពុងប្រើប្រាស់ថ្នាំព្យាបាលជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ទោះបីជាមានបញ្ហាសុខភាពដូចមានរៀបរាប់ខាងលើ  យាយជីដែលទទួលបានការពិគ្រោះ មានវិធីគ្រប់គ្រងស្ថានភាពសុខភាពរបស់ខ្លួនបានល្អ។ វេជ្ជបណ្ឌិត ដេមី រៃយ៍​ បានណែនាំដល់យាយជីឲ្យមានការតាមដានសុខភាពរៀងរាល់៣ខែម្តង។

វត្តមានរបស់ក្រុមការងារ រួមទាំងការនាំយកសេវាកម្មសុខភាពមកដល់ទីតាំងផ្ទាល់  កាន់តែធ្វើឲ្យផ្ទះរបស់គាត់កាន់តែមានភាពកក់ក្តៅ និងជួយឲ្យយាយជីចេះថែទាំសុខភាពកាន់តែប្រសើរ។ ការយល់ដឹងនិងការថែទាំសុខភាព អាចជួយឲ្យគាត់មានសុខភាពល្អ ដើម្បីបញ្ចេញសមត្ថភាពជាស្រ្តីគំរូក្នុងការចែករំលែកបទពិសោធន៍ដល់មនុស្សជំនាន់នេះនិងជំនាន់ក្រោយ។​ កិច្ចការបន្តិចបន្តួចនេះត្រូវបានមើលឃើញថា មានអត្ថន័យពិសេសសម្រាប់អ្នករស់រានជីវិតពីរបបខ្មែរក្រហម។ ការផ្តល់ជូននូវសេវាសុខភាពនិងសង្គមដល់ស្ត្រីដែលជាអ្នករស់រានមានជីវិតទៀតសោត គឺជាការឆ្លើយតបទៅនឹងសិទ្ធិក្នុងការទទួលបានការថែទាំសុខភាពនិងសេវាសង្គម និងចូលរួមចំណែកដើម្បីធ្វើឲ្យការប្រារព្ធទិវាសិទ្ធិស្ត្រីឆ្នាំនេះកាន់តែមានអត្ថន័យជ្រាលជ្រៅ។

អត្ថបទ​ ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖