នាព្រឹកព្រលឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំការជួបសំណេះ
សំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងសាលាឆាន់វត្តស្ងួនពេជ្រ។ ជារៀងរាល់ថ្ងៃសីល៍ ប្រជាជនចំណុះជើងវត្តស្ងួនពេជ្រ ដែលភាគច្រើនមានអាយុចាប់ពី៥០ឆ្នាំឡើង និងជាស្ត្រី ចាស់ជរា បានមកសុំសីល៍ ប្រគេនចង្ហាន់ព្រឹកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តស្ងួនពេជ្រ ដើម្បីបញ្ជូនបុណ្យកុសលដល់បុព្វការីជនដែលបាន
លាចាកនេះទៅហើយ និងស្វែងយល់ពីព្រះធម៌នៃព្រះពុទ្ធសានា។
វត្តអារាម គឺជាទីកន្លែងសម្រាប់សិស្សដែលមិនមានលទ្ធភាពជួលផ្ទះស្នាក់នៅរៀនសូត្រ ជាកន្លែងស្វែងរកសេចក្តីស្ងប់ក្នុងចិត្តដល់អ្នកមានវិបិត្តផ្លូវចិត្ត ជាកន្លែងសំណាក់ឬសំចតសម្រាប់អ្នកដំណើរឆ្ងាយជិត ជាកន្លែងសម្រាប់ទុរគតជន ឬជនអនាថាដែលគ្មានលទ្ធភាពចិញ្ចឹមជីវិត ដូនជី តាជី និងជនពិការ (ពិការរាង្គកាយ និងពិការខួរក្បាល) ស្នាក់នៅក្នុងវត្តអារាមរហូតដល់ជីវិតចុងក្រោយបាន មិនតែប៉ុណ្ណោះវត្តអារាមក៏ជាទីកន្លែងដែលផ្តល់ក្តីសង្ឃឹមដល់ទុរគតជនគ្រប់ស្រទាប់វណ្ណៈ។ ក្នុងនោះដែរយើងក៏បានដឹងដែរថា វត្តអារាមក៏បានចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយការអប់រំកុំឲ្យចងកំហឹង កុំឲ្យសងសឹក តាមវិធីសាស្ត្រការរំងាប់ចិត្តតាមធម៌ព្រះពុទ្ធ គឺ «ពៀររំងាប់ដោយការមិនចងពៀរ»។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ស្ទើរ៩០ភាគរយនៃអ្នករស់រានមានជិវិតពីរបបខ្មែរក្រហម ប្រឈមនឹងវិបត្តិផ្លូវចិត្ត ជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត។ ក្រោយពេលការបង្កើតឡើងវិញនៃវត្តអារាម ប្រជាជនចាស់ក្មេង ប្រុសស្រី ដែលកាន់ព្រះពុទ្ធសាសនា ចាប់ផ្តើមប្រណិបត្តិ និងប្រើប្រាស់ទីវត្តអារាមដើម្បីជួបជុំពិភាក្សាពីវិបត្តិផ្លូវចិត្ត ចែករំលែកទាំងទុក្ខព្រួយ និងក្តីរីករាយ ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សារ និងព្យាបាលរបួលដល់គ្នាទៅវិញទៅមក។ ដោយឡែក វត្តស្ងួនពេជ្រ ក៏បានបង្កើតឡើងវិញ និងមានការកសាងស្តូបដើម្បីតម្កល់អធិធាតុប្រជាជនដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមក្នុងបរិវេណវត្តដែរ។
ពេលដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាទៅដល់វត្ត មានមនុស្សចាស់ និងមនុស្សវ័យកណ្តាលប្រមាណជា ៨០នាក់ កំពុងតែវេរចង្ហាន់ព្រឹក និងសុំសីលនៅក្នុងសាលាឆាន់។ ក្រុមការងារចាប់ផ្តើមរៀបចំ កញ្ចប់អនុស្សាវីយ៍ និងអាហារពេលព្រឹកជូនដល់ប្រជាជនចំណុះជើងវត្ត ក៏ដូចជាការប្រគេនទ័យទានដល់ព្រះសង្ឃគង់នៅក្នុងវត្តស្ងួនពេជ្រ។ ក្រោយពេលកិច្ចសុំសីសល៍បានបញ្ចប់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានណែនាំខ្លួន ដល់ប្រជាជនដែលនៅសាលាឆាន់ អំពីគោលបំណងក្នុងការចុះមកជួបសួរសុខទុក្ខ ក៏ដូចជាការណែនាំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងមានការពិនិត្យសុខភាពបឋមដោយលោកវេជ្ជបណ្ឌិត ដេមី រេយស៍ គឺជាជនជាតិហ្វីលីពីន ដល់អ្នកចូលរួមដែលចង់ពិនិត្យ និងពិគ្រោះជំងឺទូទៅ។ ការពិនិត្យមានដូចជា ៖ ពិនិត្យសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម។
ក្រោយពីការពិនិត្យ និងពិគ្រោះជំងឺ
រួចរាល់ អ្នកចូលរួមទទួលសេវានេះ មានការរីករាយ និងសប្បាយចិត្ត ក្រៃលែង ដោយលោកតាលោកយាយខ្លះមិនដែលបានទៅពិនិត្យ និងប្រឹក្សាជំងឺជាមួយវេជ្ជបណ្ឌិតកន្លងមកទេ ព្រោះតែការខ្វះខាតថវិកា ក៏ដូចជាការធ្វើដំណើរទៅមណ្ឌលសុខភាព។ ដូនជីមួយចំនួនមានការត្រេកអរ ព្រោះគាត់កំពុងតែបារម្ភពីកម្រិតជាតិស្ករក្នុងខ្លួន និងបញ្ហាជំងឺលើសសម្ពាធឈាម ដោយគាត់មានអាការគួរឲ្យព្រួយបារម្ភមួយចំនួន ដូចជា ៖ ពិបាកសម្រាន្ត រួយកញ្ចឹងក ឈឺក្បាល វិលមុខ ស្ពឹកជើង។ល។ ក្រោយការពិនិត្យ មានលោកយាយលោកតា ប្រមាណជា ៣៥នាក់ នៃអ្នកចូលរួមពិនិត្យសុខភាពបឋម ៤០នាក់ មានជំងឺលើសឈាម និងប្រមាណ ១០នាក់មានសញ្ញាណវិវត្តិទៅរកជំងឺទឹកនោមផ្អែម។
អត្ថបទ ៖ គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា