វេទិកាអប់រំសហគមន៍ នៅវត្តខ្នារកកោះ

វេទិកាអប់រំសហគមន៍ស្តីពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាការរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋានឃុំដូងខ្ពស់ និងគណៈកម្មការវត្តខ្នារកកោះ ត្រូវបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្តខ្នារកកោះ ភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម១៦នាក់ ព្រមទាំងសិស្សានុសិស្សមកពីវិទ្យាល័យ សុខអាន ដូងខ្ពស់ ចំនួន២០នាក់។ គោលបំណងនៃការប្រារព្ធធ្វើវេទិកាអប់រំនេះ គឺដើម្បីបង្កើតឲ្យមានការពិភាក្សាអន្តរជំនាន់ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការទប់ស្កាត់អំពើហិង្សានៅកម្រិតបុគ្គលនិងសហគមន៍។ បន្ថែមពីនេះទៀត វេទិកានេះក៏បានពិភាក្សាដែរពីបញ្ហាប្រឈមដែលកំពុងតែកើតមាននៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

ការជ្រើសរើសទីតាំងសម្រាប់ធ្វើវេទិកា

ក្រុមការងារ ត្រូវបានណែនាំឲ្យជ្រើសរើសទីតាំងបរិវេណវត្តខ្នារកកោះដើម្បីធ្វើវេទិកា ព្រោះថាទី១) បរិវេណវត្តនេះមានសភាពធំទូលាយ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើវេទិកា និងទី២) វត្តនេះមានប្រវត្តិធ្លាប់ត្រូវបានប្រើប្រាស់ធ្វើជាមន្ទីរពេទ្យខ្មែរក្រហមក្នុងអំឡុងដើម​ទសវត្សរ៍ឆ្នាំ១៩៧០ ហើយព្រះវិហារចាស់ទ្រុឌទ្រោមត្រូវបានប្រើប្រាស់ជាកន្លែងដាក់អំបិលក្នុងរបបខ្មែរក្រហម។ ខាងក្រោមនេះ ជាប្រវត្តិត្រួសៗពីវត្តខ្នារកកោះ ៖

ព្រះវិហារវត្តខ្នារកកោះ ស្ថិតនៅក្នុងភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ នៅតែបន្សល់ទុកស្លាកស្នាមដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមរហូតមកដល់សព្វថ្ងៃនេះ។ អ្នកភូមិ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងគណៈកម្មការវត្តខ្នារកកោះ បានបោះបង់ព្រះវិហារនេះចោលមួយអន្លើរ ហើយបាននិងកំពុងកសាងព្រះវិហារថ្មីសន្លាងមួយស្ថិតនៅក្បែរព្រះវិហារចាស់ប្រមាណ២០ម៉ែត្រ ដោយសារតែព្រួយបារម្ភពីការបាក់ស្រុតនៃអគារព្រះវិហារនេះ។ នៅខាងក្នុងព្រះវិហារចាស់ទ្រុឌទ្រោមនេះ មានបន្សល់ទុកព្រះពុទ្ធបដិមាធ្វើពីស៊ីម៉ង់ត៍ធំមួយភ្នែន និងក្តារមឈូសបាក់បែកធ្វើអំពីឈើមួយស្ថិតនៅពីក្រោយបល្ល័ង្គព្រះ។ ជើងសសរទាំងអស់ដែលទ្រតួព្រះវិហារទាំងមូល មានសភាពប្រេះស្រាំខ្លាំង និងបែកជាបំណែកៗ។

ព្រះតេជគុណចៅអធិការវត្ត និងគណៈកម្មការវត្តបានប្រាប់ឲ្យដឹងថា សភាពប្រេះស្រាំទាំងនេះគឺបណ្តាលមកពីជាតិប្រៃនៃអំបិលដែលខ្មែរក្រហមបានស្តុកទុក នៅរយៈកាលគ្រប់​គ្រងដោយ ប៉ុល ពត។ ជញ្ជាំងព្រះវិហារទាំងបួនទិស ក៏ត្រូវបានបាក់ស្រុត និងរបេះដោយដុំៗ។ គំនូរពណ៌នៅតាមជញ្ជាំង និងដំបូល គឺនៅមានសភាពស្រស់ស្អាត ចម្រុះពណ៌ និងច្បាស់ៗ។ ក្រៅពីប្រើប្រាស់ជាឃ្លាំងអំបិល ខ្មែរក្រហមបានប្រើប្រាស់អគារព្រះវិហារនេះជាមន្ទីរពេទ្យ និងកន្លែងដាក់អ្នកជំងឺទៀត។ មិនមានអ្នកជំងឺស្លាប់នៅក្នុងព្រះវិហារនេះច្រើនទេ ហើយសាកសពទាំងនោះត្រូវបានសែងចេញយកទៅកប់ចោលនៅបរិវេណមួយដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងព្រះវិហារ។

ក្រោយឆ្នាំ១៩៧៩ ផ្នែកខ្លះនៃព្រះវិហារ ត្រូវបានជួសជុលឡើងវិញ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាដែលទើបងើបឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហម។ បើតាមប្រវត្តិរបស់វត្តខ្នារកកោះដែលរៀបរាប់ដោយព្រះចៅអធិការបានឲ្យដឹងថា បរិវេណវត្តនេះត្រូវបានបង្កើតឡើងនៅលើទីទួលមួយកន្លែងកាលពីឆ្នាំ១៨០៦ ហើយមកដល់ពេលបច្ចុប្បន្នមានអាយុកាល២១៧ឆ្នាំ គ្រប់គ្រងដោយព្រះគ្រូចៅអធិការ១៥ជំនាន់រួចមកហើយ។

សកម្មភាពនៃការធ្វើវេទិកា

លោក វ៉ាន់ ចន្ថន ជាអនុប្រធានសាងសង់វត្តខ្នារកកោះ ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីវេទិកានេះ បានអញ្ជើញលោក ទេស ណាវី ជាក្រុមប្រឹក្សាឃុំដូងខ្ពស់ ឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបើកវេទិកា។ លោកក្រុមប្រឹក្សា បានប្រាប់ពីមូលហេតុនៃការប្រារព្ធធ្វើវេទិកានៅពេលនេះថា ជាការបង្កើតកិច្ចពិភាក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបានលើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឲ្យចែករំលែករឿងរ៉ាវជីវិតរបស់ខ្លួនប្រាប់ដល់ក្មេងៗជំនាន់ក្រោយដើម្បីការចងចាំ ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមយុវជនទាំងអស់ឲ្យយកចិត្តទុក​ដាក់ស្តាប់ និងកត់ត្រាពីព្រឹត្តិការណ៍សំខាន់ៗដែលបានកើតមានលើជីវិតផ្ទាល់ខ្លួនរបស់អ្នករស់រានមានជីវិតម្នាក់ៗ។

ព្រះតេជគុណអនុគុណស្រុកបូរីជលសារ ព្រះនាម សយ វុទ្ធី បានផ្តាំផ្ញើបន្ថែមដល់ប្អូនៗយុវជនទាំងអស់ឲ្យត្រង់ត្រាប់ស្តាប់ការពន្យល់ និងការចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមពីសំណាក់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី ជានាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានពន្យល់ត្រួសៗពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងបានសង្ខេបពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជាចំណេះដឹងបន្ថែមដល់សិស្សានុសិស្ស និងអ្នករស់រានមានជីវិត។ លោក ផេង ពង្សរ៉ាស៊ី បានបន្ថែមថា ការលើកឡើងពីមាតិកាប្រវត្តិសាស្ត្រនៅពេលនេះ គឺគ្រាន់តែជាចំណេះដឹងទូទៅស្តីពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមប៉ុណ្ណោះ។ ចំណែករឿងរ៉ាវពិតដែលបានកើតឡើងនៅក្នុងភូមិតាសៃ គឺជាបទពិសោធន៍ជាក់ស្តែងដែលអ្នករស់រានមានជីវិតពីរបបនេះបានជួបប្រទះដោយផ្ទាល់ ហើយបទពិសោធន៍នេះនឹងត្រូវបានចងចាំដោយក្មេងៗជំនាន់ ក្រោយដែលត្រូវជាចៅ ចៅទួតរបស់អ្នកទាំងនោះ។

មតិយោបល់របស់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

លោក ផេង ពង្សរ៉ាស៊ី បានដាស់តឿនម្តងទៀតដល់ក្រុមយុវជនជំនាន់ទាំងអស់ អំពីវិធីសាស្ត្រដ៏មានសារសំខាន់ខ្លះៗក្នុងការទប់ស្កាត់អំពើហិង្សានានាដែលអាចនឹងឈានដល់ការកកើតអំពើប្រល័យពូជសាសន៍នៅពេលអនាគត។ លោក ផេង ពង្សរ៉ាស៊ី បានបង្ហាញពីគន្លឹះខ្លះៗដែលយុវជនអាចចូលរួមទប់ស្កាត់អំពើហិង្សាក្នុងកម្រិតបុគ្គលបាន ដែលការទប់ស្កាត់នេះគឺជាឫសគល់នៃការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិដោយគ្មានសង្គ្រាម។

សន្និដ្ឋានរួម

ក្នុងរយៈពេលជាងពីរម៉ោងនៃការអនុវត្តវេទិកាអប់រំសហគមន៍នៅវត្តខ្នារកកោះ យើងសង្កេតឃើញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់បានចែករំលែករឿងរ៉ាវរបស់គាត់យ៉ាងក្បោះក្បាយ និងពិតជាបានចូលរួមបង្រៀនដល់យុវជនជំនាន់ក្រោយពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ចំណែកក្មេងៗជំនាន់ក្រោយដែលជាសិស្សានុសិស្សវិញ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ក្នុងការត្រងត្រាប់ស្តាប់ រឿងរ៉ាវរបស់អ្នករស់រានមានជីវិតទាំងអស់ដែលបានលើកឡើង។ តំណាងសិស្សានុសិស្សចំនួនពីរនាក់ដែលបានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន បានបង្ហាញថាខ្លួននិងអ្នកឯទៀតមានអារម្មណ៍អាណិតអាសូរចំពោះអ្នករស់រានមានជីវិត និងខិតខំរៀនសូត្របន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សា។

បណ្តាំផ្ញើរបស់ប្រធានភូមិ និងចាស់ព្រឹទ្ធាចារ្យចំពោះសិស្សានុសិស្ស

លោកតា អ៊ឹម ធន ដែលជាអាចារ្យធំនៅវត្តខ្នារកកោះ បានធ្វើសេចក្តីសន្និដ្ឋានរួមមួយនិយាយទៅកាន់ក្មេងដែលជាសិស្សានុសិស្សទាំងអស់ថា ការសិក្សាពីប្រវត្តិសាស្ត្រដ៏ជូរចត់នាសម័យខ្មែរក្រហម គឺមានសារសំខាន់ណាស់ក្នុងការថែរក្សាសន្តិភាពដែលមានស្រាប់។ លោកតា បានស្នើសុំឲ្យក្មេងៗទាំងអស់យកចិត្តទុកដាក់ពីប្រវត្តិសាស្ត្រនេះ និងស្នើសុំឲ្យបន្តការពិភាក្សាពីប្រវត្តិសាស្ត្រនេះជាមួយជីដូនជីតាផ្ទាល់នៃសិស្សម្នាក់ៗ នៅតាមគេហដ្ឋានរៀងខ្លួន បន្ទាប់ពីបានចូលរួមនៅក្នុងវេទិកានេះរួច។ លោកតា បានបន្តថា អ្វីដែលជាការលើកឡើងរបស់ក្រុមការងារ ក៏ដូចជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺសុទ្ធសឹង​តែជាការពិតជាក់ស្តែងដែលបានកើតឡើងនាសម័យខ្មែរក្រហម។

លោក អិន ឈឿន អនុប្រធានភូមិរទេះភ្លូក បានផ្តល់អនុសាសន៍ទៅកាន់សិស្សា​នុសិស្សទាំងអស់ឲ្យយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀត ជាពិសេសរៀនសូត្រឲ្យបានស៊ីជម្រៅពីប្រវត្តិសាស្ត្រដ៏ជូរចត់ដែលបានកើតមានចំពោះជីដូនជីតារបស់ខ្លួន។ «មានតែការរៀនសូត្រទេ ទើបអាចបំបាត់អំពើហិង្សា និងការកាប់សម្លាប់គ្នាបាន។ ដូច្នេះ ក្មួយៗត្រូវតែខិតខំរៀនសូត្រ និងស្វែងយល់ឲ្យស៊ីជម្រៅលើប្រវត្តិសាស្ត្ររបស់យើង ជាពិសេសរឿងរ៉ាវដែលបានកើតឡើងលើគ្រួសាររបស់ក្មួយៗផ្ទាល់»។

លោក ប៉ាញ់ ប៉ាល់ ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ រៀបរាប់ថា ៖

«… ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ គឺក្នុងឆ្នាំ១៩៧១និង១៩៧២ ព្រះសង្ឃដែលគង់នៅក្នុងវត្តនេះ ត្រូវបានជម្លៀសចេញពីវត្តទាំងអស់ មិនដឹងជម្លៀសទៅកាន់កន្លែងណាខ្លះទេ។ ខ្ញុំក៏នៅមិនបានជាប់លាប់ដែរ ប៉ុន្តែគ្រាន់តែដឹងថា បរិវេណវត្តនេះ ត្រូវបានប្រើប្រាស់ជាមន្ទីរពេទ្យរបស់ខ្មែររំដោះ មានឈ្មោះថា មន្ទីរពេទ្យស្រុក១០៨។ ខ្ញុំដឹងថា មានកន្លែងស្លថ្នាំមួយស្ថិតនៅខាងកើតព្រះវិហារថ្មីនេះ។ ចំណែកខាងត្បូងព្រះវិហារ គឺជាកន្លែងចុងភៅរបស់ពេទ្យ……….»។

លោក ហង្ស ផាន អាយុ៧៣ឆ្នាំ រស់នៅភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ រៀនរាប់ថា ៖

«ខ្ញុំមានអាយុ៧៣ឆ្នាំ ប៉ុន្តែខ្ញុំមិនបានដឹងពីប្រវត្តិវត្តនេះច្បាស់លាស់ឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំនៅចងចាំបានគឺដោយសារតារបស់ខ្ញុំគឺលោកតា ហង្ស គឺជាគណៈកម្មការនៅវត្តនេះ គឺជាអ្នកនិយាយប្រាប់។ វត្តនេះ កាលដើមឡើយមានឈ្មោះថា វត្តកកោះ។ ដល់ពេលក្រោយមក វត្តនេះក៏បានប្តូរឈ្មោះទៅជា វត្តខ្នារកកោះ។ លោកតាលោកយាយមួយចំនួនក៏ឆ្ងល់ដែរថាហេតុអ្វីបានជាមានការដូរឈ្មោះដូច្នេះ។ ដើមហេតុដែលវត្តនេះកើតឡើងគឺថា មានដើមកកោះធំមួយស្ថិតនៅលើទួលមួយក្នុងភូមិមួយឈ្មោះឫស្សីជោត។ ចាស់ៗបានដាក់ឈ្មោះថា ទួលកកោះ។ ក្រោយមក វត្តមួយត្រូវបានកសាងនៅលើទីទួលនេះ ហើយដាក់ឈ្មោះថា វត្តកកោះ។

លុះក្រោយមកទៀត វត្តនេះក៏ត្រូវរុះរើមកសាងសង់នៅក្នុងបរិវេណទួលត្រពាំងខ្នារដោយមានឈ្មោះថា វត្តទួលត្រពាំងខ្នារ។ មួយរយៈក្រោយមក ដោយសារតែវត្តនេះមានដើមកំណើតចេញពីទួលកកោះ អ្នកភូមិក៏បាននិយមហៅវត្តនេះថា វត្តខ្នារកកោះ រហូតមកដល់សព្វថ្ងៃនេះ។ វិហារទីមួយកាលដែលសាងសង់ដំបូង គឺតាំងពីមុនជំនាន់បារាំងគ្រប់គ្រងទៅទៀត។ កាលនោះ វត្តនេះត្រូវបារាំងវាយបំផ្លាញចោលរូបចម្លាក់រូបទេពនាងខ្មៅចោល។ ពីដើមមក លោកតាខ្ញុំប្រាប់ថា រូបនេះមានបារមីខ្ពស់ណាស់។ ប្រសិនបើមានអ្នកធ្វើការ និងអ្នកមានផ្ទៃពោះ ដើរកាត់មុខរូបចម្លាក់ទេពនាងខ្មៅនេះ គឺមានគ្រោះថ្នាក់ហើយ។ បើអ្នកធ្វើការ គឺប្រាកដជាធ្លាក់បុណ្យសក្តិ។ ឯអ្នកមានផ្ទៃពោះវិញ គឺប្រាកដជារលូតកូនជាក់ជាមិនខាន។ ក្រោយមកទៀត រូបព្រះពុទ្ធបដិមាមួយអង្គធំ ក៏ត្រូវវាយបំផ្លាញចោលដែរ ដោយសារតែរូបបដិមានេះមានចម្លាក់នាងហ៊ីងព្រះធរណីនៅផ្នែកខាងក្រោយ ដោយសារតែរូបចម្លាក់នេះបានធ្វើឲ្យក្មេងៗខ្លាច។

តមកជំនាន់ ប៉ុល ពត  នៅឆ្នាំ១៩៧៥ ប្រជាជនដែលបានជម្លៀសមកពីភ្នំពេញ ត្រូវយកមកដាក់នៅក្នុងបរិវេណវត្តនេះ ហើយនៅឆ្នាំ១៩៧៦ បរិវេណវត្តខ្នារកកោះនេះត្រូវប្រើប្រាស់ជាមន្ទីរពេទ្យស្រុក១០៨។ ព្រះវិហារចាស់ដែលស្ថិតនៅជាប់ព្រះវិហារថ្មី គឺជាកន្លែងស្លថ្នាំពេទ្យ។ កន្លែងសាលារៀនបឋមសិក្សា (ស្ថិតនៅជាប់នឹងព្រះវិហារចាស់) គឺជាកន្លែងព្យាបាល។ ចំណែ​ក​សាលាបាឡីវិញ គឺជាកន្លែងស្នាក់នៅរបស់កម្មាភិបាលខ្មែរក្រហម»។

លោក សុខ ស្រ៊ាង អាយុ៧៥ឆ្នាំ រស់នៅភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ រៀនរាប់ថា ៖

«ខ្ញុំសុំលើកព្រឹត្តិការណ៍នៅក្រោយឆ្នាំ១៩៧០ មកនិយាយប្រាប់ក្មួយៗ ព្រោះថាមានប្អូនៗ ក្មួយៗខ្លះ មិនជឿទេថាមានគេយកមនុស្សទៅសម្លាប់ចោល។ ដូច្នេះសូមក្មួយៗស្តាប់ឲ្យច្បាស់ថា ក្រោយពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ពីតំណែង លន់ នល់ ក៏បានឡើងជានាយករដ្ឋមន្ត្រីនាពេលនេះ។ ក្រោយមក សម្តេចព្រះ នរោត្តម សីហនុ បានអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគីដើម្បីតស៊ូ។ ព្រៃម៉ាគី មានន័យថា ព្រៃសាមគ្គី។ នៅពេលនោះ ប្រជាជននាំគ្នាចូលព្រៃ ព្រោះស្រឡាញ់សម្តេចឳ។ ប៉ុន្តែដំបូងៗ អ្នកចូលព្រៃទាំងនោះវាយមិនឈ្នះ លន់ នល់ ទេ។ ប្រជាជនរស់នៅក្នុងភូមិនេះ មានអ្នកនៅខាងក្រៅ និងអ្នកនៅខាងក្នុង (ខាងក្រៅ សំដៅលើការចូលរួមកម្លាំងជាមួយ លន់ នល់។ ចំណែកអ្នកនៅខាងក្នុង សំដៅលើអ្នករួមកម្លាំងជាមួយខ្មែរក្រហម)។ គ្រូបង្រៀននៅតាមភូមិ ត្រូវខាង លន់ នល់ អូសទាញទៅអស់ហើយ ព្រោះខាងរណសិរ្សបានបិទសាលារៀនអស់ហើយពេលនោះ។ អ្នកខ្លះចូលធ្វើជាទាហានពាក់ស័ក្តិ៣ ស័ក្តិ៤។ គ្រូខ្ញុំឈ្មោះ ចៅ ជួន បានចូលធ្វើទាហានលន់ នល់ នៅផ្សារល្វេរ ពាក់ស័ក្តិ២។ ដូច្នេះ ភូមិនេះបានក្លាយទៅជា «តំបន់ទាញតោង» ឬ «តំបន់ប្រទាញប្រទង់»។

នៅចន្លោះឆ្នាំ១៩៧២ និង ឆ្នាំ១៩៧៣ នៅក្នុងភូមិខ្ញុំគឺចាប់ផ្តើមតឹងតែងឡើងៗ គឺលែងមានរបបហូបចុកឯកជនហើយ គឺហូបរួម។ ពុំមាននរណាម្នាក់ហ៊ានប្រព្រឹត្តអ្វីផ្តេសផ្តាសឡើយ។ ខ្ញុំសុំលើកពីប្រវត្តិរបស់ខ្ញុំដូចតទៅ ៖ ឪពុកក្មេកខ្ញុំត្រូវកម្មាភិបាលប្រើឲ្យទៅដឹកអង្ករនៅសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ ឪក្មេកខ្ញុំប្រកែកមិនព្រមទៅ ព្រោះកូនគាត់ដែលត្រូវជាប្រពន្ធខ្ញុំ ទើបតែឆ្លងទន្លេបាន៣ថ្ងៃ។ ពីរបីថ្ងៃក្រោយមក ឪក្មេកខ្ញុំបានមកប្រាប់ខ្ញុំថា កូន! គេហៅឪឲ្យទៅប្រជុំ ហើយគេនិយាយថា គេចង់ចាប់ឪហើយ ព្រោះឪមិនបានទៅដឹកអង្ករនៅសំឡាញ។ ប្រាំមួយថ្ងៃក្រោយមក គេមកហៅឪក្មេកខ្ញុំឲ្យទៅក្រាំងឆេះ គឺគេយកគាត់ទៅដាក់គុកនៅទីនោះ។ បីបួនថ្ងៃក្រោយមក ខ្ញុំឮថាគេយកឪក្មេកខ្ញុំទៅវាយចោល។ ថ្ងៃនោះ ក្រុមរណសិរ្សវាយមនុស្សចោលពីរនាក់។ ម្នាក់ទៀតឈ្មោះ ហៀង។ ខ្ញុំឮតាមគេនិយាយតគ្នាថា ក្រុមរណសិរ្សចង់កម្ចាត់អ្នកមានសក្តិភូមិ។ ក្រោយមក គេមកចាប់ តាឈឺន នៅត្រឡាចម្នាក់ទៀត យកទៅបាញ់ចោល ឲ្យប្រជាជនមើលឃើញជាក់ស្តែង។ តាឈឺន គឺជាអ្នកមានទ្រព្យសម្បត្តិក្នុងភូមិម្នាក់ដែរ។

ថ្ងៃមួយ មានការប្រយុទ្ធគ្នានៅក្នុងភូមិ។ ពួក លន់ នល់ បានបាញ់ផ្លោងពីផ្សារល្វេរមកធ្លាក់នៅក្នុងភូមិខ្ញុំ។ ប្រជាជនទាំងអស់នាំគ្នារត់ទៅ «ជីងោក» ដើម្បីគេចគ្រាប់ផ្លោង១០៥មីលីម៉ែត្រ។ បន្តិចក្រោយមក ពួក លន់ នល់ បានចូលមកដល់ភូមិ និងបានសម្លាប់ក្រុមរណសិរ្សអស់រាប់រយនាក់ ស្លាប់ពេញត្រង់សេ (លេណដ្ឋាន)។ ចំណែកទាហាន លន់ នល់ វិញ ក៏ស្លាប់ច្រើនណាស់ដែរ។

មុនឆ្នាំ១៩៧៥បន្តិច ខ្មែរក្រហមវាយបានកំពង់ជ្រៃ។ ប្រជាជននៅក្នុងស្រុក១០៨ភាគច្រើន ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅព្រៃគាំ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។ នៅខែមេសា ឆ្នាំ១៩៧៥ មានប្រជាជនជម្លៀសមកពីភ្នំពេញ និងទីកន្លែងផ្សេងៗទៀតច្រើនណាស់ មកកាន់ទីនេះ។ អ្នកខ្លះបានស្លាប់ក្នុងពេលជម្លៀស។ អតីតទាហាន និងមន្ត្រីរដ្ឋការជំនាន់ លន់ នល់ ត្រូវខ្មែរក្រហមបោកបញ្ឆោតថាឲ្យបានចូលធ្វើការដូចដើម និងពាក់ស័ក្តិដូចដើម។ មានអ្នកចាញ់បោកខ្មែរក្រហមច្រើនណាស់ បានស្ម័គ្រចិត្តចុះឈ្មោះក្នុងបញ្ជីដើម្បីបានវិលត្រឡប់មកកាន់ភ្នំពេញវិញ។ ប៉ុន្តែតាមពិត អ្នកចុះឈ្មោះទាំងនោះ ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ចោលនៅភ្នំខ្លែងទាំងអស់។ ក្រោយមក ខ្ញុំត្រូវគេជម្លៀសឲ្យទៅនៅត្រពាំងអណ្តើក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំត្រូវខ្មែរក្រហមឲ្យចូលនៅក្នុងកងចល័តពិសេស។ ខ្ញុំហូបមិនដែលបានឆ្អែតទេ។ ក្នុងរបបខ្មែរក្រហម ខ្ញុំអាចសុំប្រធានកងមកលេងស្រុកកំណើតបានម្តងដែរ។ ប៉ុន្តែពេលមកដល់ភូមិ ខ្ញុំគ្មានឃើញនរណាម្នាក់នៅផ្ទះទេ»។

សិស្ស សួន ដេត ភេទប្រុស អាយុ១៧ឆ្នាំ  បាននិយាយថា «ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងណាស់ នៅពេលដែលបានស្តាប់ការលើកឡើងរបស់លោកតាៗពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំជឿជាក់មួយរយភាគរយថា ពិតជាមានរបបខ្មែរក្រហមកើតឡើងមែន។ ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះលោកតាលោកយាយដែលមានបទពិសោធន៍កំសត់ ជូរចត់ឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំនឹងខិតខំរៀនសូត្រ ដើម្បីជួយអភិវឌ្ឍសង្គមជាតិយើង»។

សិស្ស ជួង លីអ៊ី ភេទស្រី អាយុ១៨ឆ្នាំ បាននិយាយថា «ខ្ញុំពិតជាមានអារម្មណ៍ សង្វេគ ពេលដែលខ្ញុំបានឮពីប្រវត្តិសាស្ត្រខ្មែរនាសម័យមុន ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពយ៉ាងជូរចត់របស់ប្រជាជនកម្ពុជា។ ក្នុងនាមនាងខ្ញុំជាសិស្សមួយរូបដែលកំពុងសិក្សានៅថ្នាក់ទី១២ ខ្ញុំប្តេជ្ញាចិត្តខិតខំសិក្សាដើម្បីឲ្យមានអនាគតល្អ និងជួយឲ្យប្រទេសជាតិមានភាពរីកចម្រើនតទៅមុខ។ ខ្ញុំមិនធ្វើឲ្យប្រទេសជាតិធ្លាក់ចុះ និងឱនថយដូចសម័យមុនឡើយ»។

បញ្ហាប្រឈមនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន

លោកអនុភូមិឈ្មោះ អិន ឈឿន បានប្រាប់ដល់អ្នកចូលរួមក្នុងវេទិកាទាំងអស់ពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងភូមិរបស់គាត់ថា អ្នកភូមិនៅមានចិត្តស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទទួលយកវ៉ាក់សាំងការពារជំងឺកូវិដ-១៩។ លោក អិន ឈឿន បានស្នើសុំឲ្យប្រជាជនក្នុងភូមិគាត់ ស្វែងយល់ឲ្យបានច្រើនថែមទៀតពីគុណសម្បត្តិនៃការទទួលវ៉ាក់សាំងការពារជំងឺកូវីដនេះ ព្រោះថាវាអាចជួយថែរក្សាសុខភាព និងអាយុជីវិតបានយូរតទៅទៀត។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖