វេទិកាថ្នាក់រៀនចុងសប្ដាហ៍ «ស្ដីអំពីការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម»

នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ យុវជននៅឃុំទន្លូងបានចូលរួមវេទិកាចុងសប្ដាហ៍ស្ដីអំពី «ការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម» រៀបចំដោយមជ្ឈមណ្ឌលឯកសារកោះថ្ម។  យុវជនចំនួន២៦នាក់ភាគច្រើនគឺជាជនជាតិដើមភាគតិចស្ទៀងមកពីឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំយុវជនដើរទស្សនាពិព័រណ៍ បណ្តុំរូបថត រូបគំនូរ និងផែនទីទាំង១៣៣ នៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទាប់មក លោក ឡុង ដានី ធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ស្តីអំពីការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម ដូចខាងក្រោម៖

១)ការបង្កើតសហករណ៍៖ សហករណ៍ គឺជាកន្លែងដែលឲ្យប្រជាជនរស់នៅជុំគ្នា ធ្វើការងាររួមគ្នា ហូបរួមគ្នា និងចែករំលែកការកំសាន្តជាសមូហភាព។ ខ្មែរក្រហមបង្កើតសហករណ៍ គឺជាផ្នែកមួយដែលលុបបំបាត់កម្មសិទ្ធិឯកជន របបមូលធនិយម និងពង្រឹងវណ្ណៈកសិករ និងកម្មករ។ នៅឆ្នាំ១៩៧៥ ភូមិកោះថ្ម និងភូមិផ្សេងៗទៀត នៅក្នុងឃុំទន្លូង ស្រុកមេមត់ ត្រូវបានខ្មែរក្រហមបង្កើតជាសហករណ៍នៅចុងឆ្នាំ១៩៧៥និងដើមឆ្នាំ១៩៧៦។

២) វណ្ណៈសង្គមពីរថ្មី ៖ ក) ប្រជាជនថ្មី ឬប្រជាជន១៧ មេសា គឺប្រជាជនដែលខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាឲ្យរស់នៅទីជនបទនៅក្នុងឆ្នំា១៩៧៥ ដើម្បីធ្វើការងារពលកម្មនៅតាមវាលស្រែ។ ខ) ប្រជាជនចាស់ ឬប្រជាជនមូលដ្ឋានគឺប្រជាជនរស់នៅតាមភូមិឃុំដែលខ្មែរក្រហមគ្រប់គ្រងតាំងពីមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប្រជាជនមូលដ្ឋាន ត្រូវបែងចែកជាពីរ គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម។ នៅក្នុងស្រុកមេមត់មានប្រជាជនថ្មីត្រូវខ្មែរក្រហមជម្លៀសមកពីភ្នំពេញចូលមករស់នៅតាមភូមិជាច្រើន។ ប្រជាជនថ្មីមួយចំនួនត្រូវខ្មែរក្រហមចាប់ទៅសម្លាប់ដោយចោទជាខ្មាំង និងមួយចំនួនទៀតស្លាប់ដោយសារជំងឺ។ ជនជាតិដើមភាគតិចស្ទៀងត្រូវជម្លៀសចេញពីភូមិក្នុងស្រុកមេមត់នៅចុងឆ្នាំ១៩៧៧ ពីព្រោះខ្មែរក្រហម បានធ្វើសង្គ្រាមជាទ្រង់ទ្រាយធំនៅតាមព្រំដែនជាមួយប្រទេសវៀតណាម។ ជនជាតិដើមភាគតិចស្ទៀង និងប្រជាជនមួយចំនួនធំត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅស្រុកស្នួល ខេត្តក្រចេះធ្វើការងារពលកម្មលំបាកវេទនា អត់ឃ្លាន។ ក្រោយមកប្រជាជនទាំងអស់ត្រូវបញ្ជូនត្រឡប់មកវិញពីខេត្តក្រចេះ ដឹកតាមកាណូតទៅភូមិភាគកណ្តាលក្នុងស្រុកចំការលើ និង ស្រុកបារាយណ៍។

៣) ពិធីរៀបមង្គលការមានរបៀបដូចជាពិធីបើកវគ្គប្រជុំ។ ពីធីរៀបការតូចមានចំនួន៣ ទៅ១០គូ ចំណែកពិធីរៀបការធំមានចំនួន២០ ទៅ១០០គូ។ ពិធីមង្គលការជនជាតិដើមភាគតិចស្ទៀងនៅក្នុងស្រុកមេមត់ក៏ដូចជាពិធីរៀមង្គលការផ្សេងៗទៀតនៅទូទាំងប្រទេសដែរ គឺភាគច្រើនត្រូវចាប់បង្ខំជាពិសេសនារី។ ការរៀបការម្តងៗចាប់ពី១០ ទៅ២០គូ។ ឪពុកម្តាយ បងប្អូនសាច់ញាតិមិនត្រូវអនុញ្ញាតឲ្យចូលរួមឡើយ។ ខ្មែរក្រហមអនុញ្ញាតឲ្យយុវជន យុវនារី ជនជាតិដើមភាគតិចស្ទៀងរៀបការមិនមែនចង់ឲ្យពួកគេបង្កើតគ្រួសារទេគឺគ្រាន់តែចង់ឲ្យពួកគេបង្កើតកូនដើម្បីធ្វើបដិវត្តន៍បន្តទៀត។

៤) ការរំលោភលើសិទ្ធិ និងពលកម្មរបស់កុមារ៖ នៅក្នុងរបបខ្មែរក្រហមកុមារជនជាតិដើមភាគតិចស្ទៀងត្រូវបំបែកចេញពីឪពុកម្តាយនិងបង្ខំឲ្យធ្វើពលកម្មផ្សេងៗដូចលើកអាចម៍គោ កាប់ដើមទន្ទ្រានខែត្រ សម្រាប់ធ្វើជីដាក់ស្រែ។ ការរៀនសូត្រ គឺមានរយៈពេលប្រហែលមួយម៉ោងក្នុងថ្ងៃ។

៥)ការបង្ខំឲ្យធ្វើការជាទម្ងន់៖ ជនជាតិដើមភាគតិចស្ទៀងក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស ត្រូវខ្មែរក្រហមបង្ខំឲ្យធ្វើការងារពលកម្មនៅតាមទីវាលស្រែលើសពី១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ហើយមិនមានអាហារហូបចុកគ្រប់គ្រាន់។

៦) បន្សុទ្ធកម្ម និងការសម្លាប់រង្គាល៖ ជនជាតិដើមភាគតិចស្ទៀង ត្រូវបានចាប់យកទៅដាក់គុក ធ្វើទារុណកម្ម និងសម្លាប់ដូចប្រជាជនកម្ពុជាដទៃទៀតជាពិសេសនៅក្នុងឆ្នាំ១៩៧៧ និង១៩៧៨ នៅពេលដែលកងទ័ពនិងកម្មាភិបាលភូមិភាគនិរតី ចូលមកបានចាប់ជនជាតិដើមភាគតិចស្ទៀងដែលធ្លាប់បម្រើការងារជាមេក្រុម មេកង មេភូមិ មេឃុំជាដើមត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅរៀនសូត្រ និងបាត់ខ្លួនរហូតមកដល់សព្វថ្ងៃនេះ។ នៅពេលជម្លៀសទៅរស់នៅក្នុង ស្រុកស្នួល ខេត្តក្រចេះ មានជនជាតិដើមភាគតិចស្ទៀងមួយចំនួនបានស្លាប់ដោយសារធ្វើទារុណកម្ម សម្លាប់ ធ្វើការងារហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល និងអត់អាហារ។ បន្តមកទៀត លោក ឡុង ដានី ធ្វើបទបង្ហាញបន្ថែមលើប្រធានបទស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការប្រើប្រាស់អំពើហិង្សា ការរើសអើង និងផលវិបាក។

មុនពេលបញ្ចប់វេទិកាថ្នាក់រៀនយុវជនមានចំណាប់អារម្មណ៍ដូចខាងក្រោម ៖

ខ្ញុំឈ្មោះ សិទ្ធី ដានីន ភេទស្រី អាយុ១៧ឆ្នាំ មកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ក្ដុលផ្សារ នៅឃុំទន្លូង ស្រុកមេមត់។ ថ្ងៃនេះខ្ញុំ ពិតជារំភើបចំពោះការមកទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ព្រោះវាជាលើកទីមួយដែលខ្ញុំមកចូលរួម។ ពេលចូលមកដល់ភ្លាមខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើផ្ទាំងគំនូរ និងផែនទីដែលរៀបចំនៅមជ្ឈមណ្ឌលឯកសារកោះថ្ម គឺបង្ហាញពីអ្នករស់រានមានជីវិតដែលពួកគាត់ធ្លាប់បានឆ្លងកាត់ការលំបាកវេទនាពីរបបប្រល័យពូជសាសន៍នេះ។ មុនពេលខ្ញុំមកទស្សនកិច្ចនៅក្នុងថ្ងៃនេះខ្ញុំគ្រាន់តែដឹងថាខ្មែរក្រហមធ្វើឲ្យមនុស្សស្លាប់ ប៉ុន្តែមិនបានដឹងថាខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីស្រុកកំណើត ហើយឲ្យប្រជាជនធ្វើការហួសកម្លាំងពលកម្មដោយធ្វើស្រែចម្ការច្រើនម៉ោង មិនបានទទួលទានអាហារគ្រប់គ្រាន់ បង្កឲ្យកើតជំងឺ និងស្លាប់ ព្រមទាំងបំបិទវត្តអារាម សាលារៀន និងមន្ទីរពេទ្យ។ បន្ទាប់មកបានប្រែក្លាយវត្តអារាមទៅជាគុកសម្រាប់ឃុំឃាំងមនុស្ស។ ខ្ញុំបានដឹងរឿងរ៉ាវច្រើនក្រោយពេលខ្ញុំបានមកចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍។ លោក ឡុង ដានី  ធ្វើបទបង្លាញទៅលើផ្ទាំងរូបភាពនីមួយៗធ្វើឲ្យខ្ញុំកាន់តែដឹងរឿងរ៉ាវថ្មីៗថែមទៀត ដែលពីមុនមកខ្ញុំពុំធ្លាប់បានដឹង។ ជាចុងក្រោយខ្ញុំសូមអរគុណដែលបានឲ្យខ្ញុំមានវត្តមាននៅក្នុងថ្ងៃនេះ។

ខ្ញុំឈ្មោះ អេង ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ក្ដុលផ្សារ នៅឃុំទន្លូង ស្រុកមេមត់។ មុនពេលខ្ញុំចូលរួមនៅក្នុងវេទិកាខ្ញុំពុំសូវដឹងរឿងរ៉ាវច្រើនទេ ព្រោះមិនមានអ្នកណានិយាយរៀបរាប់ប្រាប់ឡើយ។ ក្រោយពេលមកចូលរួមនៅក្នុងវេទិកានៅថ្ងៃនេះ ទើបខ្ញុំបានដឹងថាខ្មែរក្រហមបានធ្វើបាបប្រជាជនយ៉ាងឃោរឃៅបំផុត ដោយមានការជម្លៀសប្រជាជនចំនួន៣ដង លើកទី១) នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, លើកទី២) នៅចុងឆ្នាំ១៩៧៥ និងលើកទី៣) នៅចុងឆ្នាំ១៩៧៧, ការបង្កើតសហករណ៍, លុបបំបាត់វណ្ណៈផ្សេងៗ និងការរើសអើងវណ្ណៈ។ ខ្ញុំបានដឹងផែនការ៤ឆ្នាំរបស់ខ្មែរក្រហម, ការនាំចេញផលិតផលកសិកម្ម និងនាំចូលគ្រឿងអាវុធ គ្រឿងចក្រកសិកម្ម ការសម្លាប់អ្នកចេះដឹងនៅក្នុងប្រទេស ការរៀបចំពិធីមង្គលការដោយការបង្ខិតបង្ខំ, ការលុបបំបាត់សាសនា, សាលារៀន, ការបំបិទសិទ្ធសេរីភាពផ្សេងៗចំពោះប្រជាជន, ការប្រើប្រជាជនឲ្យធ្វើការហួសកម្លាំង និងការផ្តល់របបអាហារឲ្យប្រជាជនហូបពុំគ្រប់គ្រាន់។ ការសម្លាប់ប្រជាជនដោយចោទថា គឺជាភ្នាក់ងារស៊ើបការណ៍របស់សហភាពសូវៀត សហរដ្ឋអាមេរិក និងវៀតណាមជាដើម។ ជាចុងក្រោយខ្ញុំចង់ឲ្យប្អូនៗជំនាន់ក្រោយបានមកចូលរួមវេទិកាថ្នាក់រៀននៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្មដូចខ្ញុំដែរ ។

អត្ថបទ ៖  ឈុំ រ៉ា និង វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត​ ៖​ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖