វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅស្រុកកោះសូទិន ៖ «ការងារមួយថ្ងៃនៅកងចល័តក្នុងរបបខ្មែរក្រហម»

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំ សហគមន៍ស្ដីពី​ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការងារមួយ ថ្ងៃនៅកងចល័តក្នុងរបប​ខ្មែរក្រហម» ​ដោយមានការចូលរួមពីលោក សោម សេរី និង លោក លឹម ផល្លី  សមាជិកក្រុមប្រឹក្សាឃុំ អ្នករស់រាន​មាន​ជីវិតពីរបបខ្មែរក្រហម និងសិស្សមកពីវិទ្យាល័យកោះសូទិន។  វេទិកាអប់រំសហគមន៍ រៀបចំឡើងនៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ក្នុងគោលបំណងដើម្បី បង្កើតឱកាសឲ្យមានកិច្ចសន្ទនាអន្តរជំនាន់រវាងអ្នក​កើតមុន​ និង​ក្រោយ​របប​ខ្មែរក្រហម រួមទាំងជំរុញឲ្យ មានការយល់ដឹងអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសហគមន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម។

ចាប់ផ្ដើមកម្មវិធី លោក សោម សេរី សមាជិកក្រុមប្រឹក្សាឃុំ​ បានឡើងនិយាយបើកវេទិកាអប់រំ សហគមន៍ និងប្រាប់អំពីសារសំខាន់ក្នុងការចងចាំប្រវត្តិសាស្រ្តខ្មែរក្រហមដែលប្រជាជនកម្ពុជាឆ្លង កាត់​រាល់ទុក្ខវេទនា, ការបែកបាក់គ្រួសារ, ការបាត់បង់ជីវិតដោយសារតែសង្រ្គាម និងអំពើប្រល័យពូជ សាសន៍​។ សមាជិកក្រុមប្រឹក្សាឃុំរំឭកទៅកាន់យុវសិស្សអំពីការជម្លៀសចេញពីគ្រួសារ ការបង្ខំឲ្យធ្វើការ​នៅតាមការដ្ឋានទំនប់ និងការរៀបការនៅវត្តស្ងួនពេជ្រ។ ពេលវេលា និងសកម្មភាពទាំងនេះក្នុង របប​ខ្មែរក្រហមគឺនៅតែស្ថិតក្នុងការចងចាំរបស់គាត់។ បន្ទាប់ពីនិយាយបើកវេទិកាអប់រំសហគមន៍ លោក សោម សេរី លើកទឹកចិត្ដដល់យុវសិស្សឲ្យខិតខំរៀនសូត្រ និងចូលរួមថែរក្សាសុខសន្តិភាព។

លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញស្ដីពីប្រវត្តិ សាស្រ្តកម្ពុជាប្រជាធិបតេយ្យ។  បន្ទាប់ពីធ្វើបទបង្ហាញចប់ លោក ស៊ាង ចិន្ដា ដឹកនាំកិច្ចពិភាក្សាទៅលើ​ប្រធានបទស្ដីអំពី «ការងារមួយថ្ងៃក្នុងកងចល័តនៅក្នុងរបបខ្មែរក្រហម។» សិស្សត្រូវបានបែង ចែកទៅ​ជា៣ក្រុមដែលក្រុមនីមួយៗទទួលបានប្រធានបទពិភាក្សារៀងៗខ្លួន និងការជួបសន្ទនាផ្ទាល់ ជាមួយ​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្រុមនីមួយៗមានរយៈពេល៣០នាទីដើម្បីពិភាក្សាដោយ មាន​ការ​ចូលរួមផ្ដល់សក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីបទពិសោធន៍របស់ខ្លួន។

តំណាងក្រុមពិភាក្សានីមួយបានឡើងធ្វើបទបង្ហាញពីប្រធានបទរបស់ខ្លួន និងអំពីអ្វីដែលខ្លួន បានពិភាក្សា និងដឹងពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូចខាងក្រោម៖

  • ក្រុមទី១ដែលមានសមាជិកក្រុមរួមមាន ញឹម បញ្ញា, មុយ ចាន់លាប, ស៊ុបអ៊ី រីណា, ឡាយ ម៉េងគាង, ឈី រក្សា, អ៊ីម ឆេងសៀវ និង លី ស្រីពៅ ទទួលបានប្រធានបទស្ដីពី «ការធ្វើការងារ​នៅការដ្ឋានឆ្ន័ត្រ»។ ក្រុមទី១បានសង្ខេប​អ្វីដែលខ្លួនពិភាក្សា និងដឹងពីការរៀបរាប់ពីបទពិសោធន៍របស់ លោក ឌឿន គឹមសាន ៖

«នៅដើមឆ្នាំ១៩៧៦ ខ្មែរក្រហមបានរៀបផែនការបួនឆ្នាំលើកទី១ ពីឆ្នាំ១៩៧៧-១៩៨០។ ដើម្បីសម្រេចគោលបំណងផែនការបួនឆ្នាំ ខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការនៅតាមការដ្ឋានលើកទំនប់ និងធ្វើស្រែ។ លោក ឌឿន គឹមសាន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ធ្លាប់ធ្វើការនៅការ​ដ្ឋានឆ្ន័ត្រ បាននិយាយថា ​នៅឆ្នាំ១៩៧៦ គឺជាការចាប់ផ្ដើមបង្កើតសហករណ៍ និងការធ្វើការ នៅកង​ចល័ត​នៅតាមការដ្ឋាន។ គឹមសាន ត្រូវបញ្ជូនទៅធ្វើការនៅកងចល័តរយដែលមាន ទិសដៅធ្វើស្រែ​និង​លើកទំនប់នៅការដ្ឋានឆ្ន័ត្រ។ គឹមសាន ត្រូវងើបពីម៉ោង៤ និងចូលប្រជុំជួររយៈពេលមួយម៉ោង។ ការងារ​ចាប់ផ្ដើមធ្វើពីម៉ោង៦ព្រឹកដល់ម៉ោង១១ និងពីម៉ោង១ដល់ម៉ោង៥រសៀល។ ម៉ោង៦ដល់ម៉ោង៧​ល្ងាច​គឺជាម៉ោងធ្វើការងារសង្គមនិយមដែល គឹមសាន និងសមមិត្តផ្សេងទៀត ត្រូវទៅកាប់ទន្ទ្រានខែត្រ​និង​កំប្លោកដើម្បីយកមកធ្វើជាជី។ នេះគឺជាការរៀបរាប់ការងារពេញមួយថ្ងៃរបស់ គឹមសាន ក្នុងកងចល័តនៅ​ការដ្ឋានឆ្ន័ត្រនៅក្នុងរបបខ្មែរក្រហម។»

  • ក្រុមទី២ដែលមានសមាជិកក្រុមរួមមាន សូទី អាស៊ីរ៉ស់, រ៉សាត រ៉ស៊ីសាស់, បូ មយូរ័ត្ន, ភិន ចាន់ថេង, លី ស្រីមី, រិទ្ធីស្រីណែត និង ឌឿន ស្រីវី ទទួលបានប្រធានបទស្ដីពី «ការភ្ជួរដីស្រែនៅការ​ដ្ឋានឆ្ន័ត្រ»។ ក្រុមទី២បានសង្ខេបសាច់រឿងដែលខ្លួនពិភាក្សា និងដឹងពីការរៀបរាប់ពីបទពិសោធន៍របស់ អាន រី៖

«ប្រជាជនត្រូវបានចាត់ចូលធ្វើការងារនៅតាមកងចល័តក្នុងរបបខ្មែរក្រហម ដើម្បីធ្វើការភ្ជួររាស់ លើកទំនប់ និងដាំដំណាំផ្សេងៗ។ អាន រី ត្រូវបញ្ជូនទៅធ្វើស្រែនៅការដ្ឋានឆ្ន័ត្រនៅក្នុងឆ្នាំ១៩៧៦។ នៅ​រដូវវស្សា អាន រី ត្រូវបានចាត់តាំងឲ្យកាន់គោមួយនឹម និងភ្ជួររាស់នៅលើវាលស្រែឆ្ន័ត្រ ដែលមាន ផ្ទៃដី​ទំហំប្រមាណ៥០០ហិកតា។ អាន រី ត្រូវក្រោកតាំងពីម៉ោង៤ទៀបភ្លឺ និងទៅប្រជុំជួរ។ បន្ទាប់ មក អាន រី បររទេសគោទៅភ្ជួរដីស្រែ។ នៅកន្លែងភ្ជួរមានគោសរុបចំនួនប្រាំនឹមសម្រាប់ធ្វើការភ្ជួររាស់ដី ស្រែចំនួន១​ហិកតា។ អាន រី ចាប់ផ្ដើមភ្ជួរដីចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១០ព្រឹក។ បន្ទាប់មក អាន​ រី សម្រាក​ហូបបបរ និងយកគោទៅឲ្យស៊ីស្មៅរហូតដល់ម៉ោង៤ល្ងាចទើបទៅយកមកវិញ។ នៅរដូវប្រាំង អាន រី ត្រូវចាត់តាំងឲ្យទៅដឹកឧសនៅពាមជាំងដើម្បីយកមកដាក់នៅរោងបាយ»។

  • ក្រុមទី៣ដែលមានសមាជិកក្រុមរួមមាន សំ វិច្ឆិកា, ថុល សុធានី, ហួ សុវណ្ណរី, អ៊ី លក្ខអា​លីហ្សា, វង សុខមាន និង អេស ម៉ានីស ទទួលបានប្រធានបទស្ដីពី​«ការងារក្នុងកងចល័តនារីឈាន​មុខ» ក្រុមទី៣ បានសង្ខេប​អ្វីដែលខ្លួនពិភាក្សានិងដឹងពីការរៀបរាប់ពីបទពិសោធន៍របស់ អាន រី ៖

«បន្ទាប់ពីខ្មែរក្រហមដាក់ចេញផែនការបួនឆ្នាំ ប្រជាជនទទួលរងការធ្វើការហួសកម្លាំង និងហូប មិនគ្រប់គ្រាន់។ ចេង សុថុល អាយុ៦១ឆ្នាំ រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន លើកឡើងថា ៖ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសចេញពីភូមិទៅពាមជីកង ដោយជិះទូកនិងមិន​មាន​កន្លែង​ស្នាក់​នៅ។ ខ្ញុំ​ដេក​នៅព្រៃចេករយៈពេល២០ថ្ងៃ ទើបមានឡានបន្តដឹកទៅតាំងគោក។ នៅពេលទៅ ដល់តាំងគោក ឪពុកម្ដាយរបស់ខ្ញុំត្រូវដាក់ឲ្យធ្វើការងារច្រូតស្រូវនៅការដ្ឋានស្នែងទង ក្នុងសង្កាត់ស្វាយ ភ្លើង។ ខ្ញុំត្រូវទៅបេះត្រកួនយកមកហូប។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវដាក់ឲ្យធ្វើការនៅកងចល័តឈានមុខ​ដើម្បីរែកដីនៅការដ្ឋានកំពង់ត្របែក។ នៅពេលនោះមានសមាជិកចំនួន១០០នាក់។ ខ្ញុំត្រូវក្រោកចាប់ពី ម៉ោង៥ទៀបភ្លឺដើម្បីដើរទៅប្រជុំជួរ និងបន្ទាប់មកទៅធ្វើការតាមផែនការដាក់ឲ្យ។ ខ្ញុំនិងសមមិត្តនារីផេ្សង​ទៀតត្រូវស្លៀកពាក់ខោអាវពណ៌ខ្មៅ និងក្រមាពណ៌ខៀវ និងពាក់ស្បែកជើងកង់ឡាន។ បន្ទាប់ពីធ្វើការ​នៅការដ្ឋាននៅពេលថ្ងៃរួច ខ្ញុំត្រូវបន្តធ្វើការងារនៅពេលយប់ចាប់ពីម៉ោង៨ទៅម៉ោង៩យប់ គឺបាតុកម្មវាយ កណ្ដុរ។ ខ្ញុំធ្វើការនៅកងចល័តនារីឈានមុខនៅការដ្ឋានកំពង់ត្របែករហូតដល់ឆ្នាំ១៩៧៩។ បន្ទាប់ពី របប ប៉ុល ពត ដួលរំលំ ខ្ញុំវិលត្រឡប់មករស់នៅភូមិកំណើតវិញ»។

បន្ទាប់ពីការឡើងធ្វើបទបង្ហាញរបស់ក្រុមនីមួយៗបានបញ្ចប់ លោក ស៊ាង ចិន្តា បន្តដឹកនាំកិច្ច​ពិភាក្សាទូទៅ និងបកស្រាយសំណួររបស់យុវសិស្សទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម។ ជាចុងក្រោយ ក្រុម​ការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចែកសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» ជាភាសាខ្មែរបោះពុម្ពលើកទី២ និងទស្សនាវដ្ដីស្វែងរកការពិតដល់ សិស្ស​និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទុកជាឯកសារផ្ទាល់ខ្លួន និងដើម្បីធ្វើការឈ្វេងយល់បន្ថែម​ពី ប្រវត្តិសាស្ត្រនេះ។

នៅពេលរសៀល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សទៅមើលចេតិយរំឭកសម្រាប់​សហគមន៍ និងទីតាំងសម្លាប់ប្រជាជនខ្មែរ និងចាម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្ស ទទួលបានការស្វាគមន៍ដោយ លោក តុង សុភា តំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរ​ក្រហមក្នុងមូលដ្ឋានឃុំគគរ។ លោក តុង សុភា ក៏បានរៀបរាប់ពីព្រឹត្តិការណ៍នៃការសម្លាប់ប្រជាជននៅ ក្នុងរបបខ្មែរក្រហមនៅក្នុងភូមិឃុំរបស់គាត់។

អត្ថបទ ៖ ទូច វណ្ណេត និង លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម​

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖