នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ សិស្សានុសិស្សមកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន៤០នាក់ បានចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ វេទិកាថ្នាក់រៀននេះធ្វើឡើងក្នុងគោលបំណងបង្កើន ចំណេះដឹងដល់សិស្សានុសិស្សស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជានាពេលអនាគត។
ជាកិច្ចចាប់ផ្ដើម លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសា សន៍នៅកម្ពុជា ចាប់ផ្ដើមធ្វើបទបង្ហាញរបស់ខ្លួនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយបានផ្ដោតទៅលើព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងរបបខ្មែរ ក្រហម រួមមាន ៖ ការចូលកាន់កាប់ទីក្រុងភ្នំពេញ, ការជម្លៀស ប្រជាជនដោយបង្ខំចេញ ពីទីក្រុង និងទីប្រជុំជន, ការកាប់សម្លាប់ទៅលើប្រជាជន និងជាចុងក្រោយ ដំណើរការនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថា សាលាក្តីខ្មែរក្រហម។ លោក ផេង ពង្សរ៉ាស៊ី ក៏បានពន្យល់បន្ថែមទៅលើនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ ឧក្រិដ្ឋកម្មឃោរឃៅ និងអំពើប្រល័យពូជសាសន៍។
បន្ទាប់ពីបទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី បានបញ្ចប់, លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តដឹកនាំសិស្សានុសិស្សពិភាក្សាទៅលើព្រឹត្តិ ការណ៍ ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងទីប្រជុំជន និង ក្រុមប្រជាជន ដែលត្រូវបានខ្មែរក្រហមបែងចែក។ មិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរ ក្រហមបានផ្ទុះឡើង។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមបាន វាយរំដោះភូមិ សាស្រ្តជាច្រើននៅក្នុងខេត្តកំពង់ចាម។ ប្រជាជនរស់នៅតំបន់រំដោះនៅ ពេលនោះ ត្រូវ បានចាត់ទុកថា ប្រជាជនចាស់ (ឬហៅថា ប្រជាជន៧០) ដែលត្រូវបាន កងទ័ពរំដោះខ្មែរ ក្រហមរំដោះចាប់តាំងពីឆ្នាំ១៩៧០។
នៅចន្លោះឆ្នាំ១៩៧២ និងឆ្នាំ ១៩៧៣ សង្គ្រាមរវាងទាហាន លន់ នល់ និងកងទ័ព រំដោះខ្មែរក្រហមផ្ទុះកាន់តែខ្លាំងឡើង ស្របពេលដែលកងទ័ពរំដោះខ្មែរក្រហមបន្តវាយ រំដោះកន្លែងជាច្រើនទៀត។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានវាយចូលដល់ទីរួមខេត្តកំពង់ចាម និងបានរំដោះពាក់កណ្តាលនៃទីរួមខេត្ត។ កងទ័ពរំដោះ ខ្មែរក្រហម បានជម្លៀសប្រជាជន ទាំងនេះចេញពីផ្ទះសម្បែងរបស់ខ្លួនឲ្យទៅនៅទីជន បទនានា ឬទៅរស់នៅភូមិកំណើតរបស់ខ្លួន។ ប្រជាជនដែលកងទ័ពរំដោះខ្មែរក្រហម ចូលមករំដោះបាននៅឆ្នាំ១៩៧៣ ត្រូវបានចាត់ទុកថា ប្រជាជនកណ្ដាល (ឬហៅថា ប្រជា ជន៧៣)។
បន្ទាប់ពីកងទ័ពរំដោះខ្មែរក្រហមវាយរំដោះទីក្រុងភ្នំពេញ និងទីរួមខេត្តកំពង់ចាម បានទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានហៅប្រជាជនទាំងនោះ ថា ប្រជាជន៧៥ ឬ ប្រជាជន ១៧ មេសា។ ប្រជាជនថ្មីទាំងនោះត្រូវបានខ្មែរក្រហម ជម្លៀសចេញពីទីក្រុង និងទីរួមខេត្ត មកកាន់ភូមិនានា។ ប្រជាជនថ្មីទទួលរងការកាប់ សម្លាប់ច្រើនជាងគេ។
ជាកិច្ចបន្ត សិស្សានុសិស្សទាំងអស់បានចូលទស្សនាបណ្ណាល័យខ្មែរក្រហមដែលមានតម្កល់សៀវភៅទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហមរាប់ពាន់ក្បាលសម្រាប់អាន និង សម្ភារឧបទេសសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ។
ចុងបញ្ចប់នៃវេទិកាថ្នាក់រៀននេះ គឺការចុះទស្សនាកិច្ចសិក្សានៅចេតិយរំឭកសម្រាប់សហគមន៍ និងការជួបសន្ទនាដោយផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សិស្សានុសិស្ស បានមកដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ដែលស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម និងឈ្វេងយល់បន្ថែមអំពីទីតាំងសម្លាប់ចំនួន៣នៅក្នុងនៅឃុំគគរ រួមមាន ៖ ទំនប់គគរ, វត្តគគរ និងឡដុតថ្នាំជក់។ ម៉ម ស្រឿន ដែលធ្លាប់ដឹកជញ្ជូនអ្នកទោសយកទៅសម្លាប់នៅការដ្ឋានទំនប់គគរ និងដឹកសម្ភារមកទុកនៅមន្ទីរ សន្តិសុខគគរ ចែករំលែកហេតុការណ៍នៃការដឹកប្រជាជនខ្មែរ និងចាមក្នុងមូលដ្ឋានឃុំគគរ និងបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមទៅកាន់សិស្សានុសិស្សចូលរួមទាំងអស់។
បន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀន យុវសិស្សបានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
សិស្ស ស្រ៊ាន ស្រីមុំ រៀនថ្នាក់ទី១២-C ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យឈីន លាន ហាន់ជ័យ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំទទួលបានចំណេះដឹងថ្មីអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ រឿងរ៉ាវនៃការជម្លៀសប្រជាជនធ្វើឲ្យខ្ញុំនឹកដល់រឿងរ៉ាវដែលអ៊ំស្រីរបស់ខ្ញុំធ្លាប់បាននិយាយ។ អ៊ំស្រីខ្ញុំឈ្មោះ សៃ យាន អាយុ៥៧ឆ្នាំ ធ្លាប់ប្រាប់ខ្ញុំពីការរត់គេចពីគ្រាប់ផ្លោង ការរស់នៅក្នុងតំបន់រំដោះ ការធ្វើការងារលំបាកវេទនា និងការហូបចុកមិនគ្រប់គ្រាន់។ បន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀននេះ ខ្ញុំនឹងយកអ្វីដែលខ្ញុំទទួលបានទៅសួរអ៊ំស្រី យាន បន្ថែម»។
សិស្ស ហែម រដ្ឋា រៀនថ្នាក់ទី១២-C ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យឈីន លាន ហាន់ជ័យ បានរៀបរាប់ថា «ខ្ញុំទទួលបានចំណេះដឹងលើសពីអ្វីដែលខ្ញុំរំពឹងទុកចេញពីការធ្វើបទបង្ហាញរបស់លោកគ្រូៗ និងការស្ដាប់សាច់រឿងរបស់អ៊ំប្រុសដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅពេលដែលខ្ញុំស្ដាប់ឮអំពីការជម្លៀសប្រជាជនក្នុងរបបខ្មែរក្រហម ខ្ញុំនឹកឃើញដល់យាយរបស់ខ្ញុំឈ្មោះ អ៊ឹម យឿន អាយុ៧៥ ដែលធ្លាប់និយាយប្រាប់ខ្ញុំអំពីការរត់គេចក្នុងអំឡុងពេលសង្រ្គាម និងការឃើញប្រជាជនជម្លៀសមកពីទីរួមខេត្តកំពង់ចាម និងទីក្រុងភ្នំពេញ។ ខ្ញុំមានការអាណិតអាសូរដល់ប្រជាជនដែលរងទុក្ខវេទនាពីសង្រ្គាម និងបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម»។
សិស្ស ហ៊ាង លីស៊ីង រៀនថ្នាក់ទី១២-C ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ឈីន លាន ហាន់ ជ័យ បង្ហាញទស្សនយល់ឃើញរបស់ខ្លួនចំពោះវេទិកាថ្នាក់រៀននេះថា «ខ្ញុំទទួលបានចំណេះដឹងថ្មីៗអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ពីការធ្វើបទបង្ហាញរបស់វាគ្មិន និងការទស្សនារូបភាពប្រវត្តិសាស្រ្តជាច្រើន។ ខ្ញុំធ្លាប់ស្ដាប់ការនិយាយប្រាប់ពីយាយរបស់ខ្ញុំឈ្មោះ ធាង យេត អាយុ៧៧ឆ្នាំ ដែលរស់នៅភូមិកោះពីរ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ យាយរបស់ខ្ញុំរៀបរាប់ពីការជម្លៀសក្រុមគ្រួសារទៅខេត្តបាត់ដំបង។ នៅពេលនោះ គាត់បានបែកបាក់គ្រួសារបងប្អូន និងស្លាប់អស់កូនចំនួន៦នាក់ ដោយសារតែគ្មានអាហារហូបចុកគ្រប់គ្រាន់។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងខិតខំរៀនសូត្រ និងចូលរួមទប់ស្កាត់កុំឲ្យរបបនេះវិលមកវិញម្ដងទៀត»។
អត្ថបទ ៖ លី ដេវីត និង ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា