ក្រុមការងារនៃគម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលហៅកាត់ថាគម្រោងប្រវត្តិសាស្រ្ត និងសុខភាព បានធ្វើការសហការជាមួយ អង្គការ TPO ដើម្បីផ្តល់សេវាជំនួយផ្នែកសុខភាពផ្លូវចិត្តដល់ឪពុកម្តាយរបស់កុមារចំនួន១១នាក់ដែលរងគ្រោះបាត់បង់ជីវិតដោយសារលិចទូកកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
កម្មវិធីនេះគឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលដំណឹងតាមរយៈអត្ថបទរបស់ខ្មែរថាមស៍ ដែលចុះផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ នេះគឺជាផ្នែកមួយនៃគម្រោងប្រវត្តិសាស្រ្ត និងសុខភាពក្នុងការធ្វើការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីឲ្យមានភាពប្រសើរឡើងនូវសុខភាពរបស់គាត់ទាំងផ្លូវចិត្ត និងផ្លូវកាយ។
មុននឹងរៀបចំកម្មវិធីនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា និងអង្គការ TPO បានទំនាក់ទំនងសាកសួរព័ត៌មាន និងសួរអំពីតម្រូវការគាំទ្រផ្លូវចិត្តពីឪពុកម្តាយជនរងគ្រោះ ព្រមទាំងសុំការអនុញ្ញាតិពីអាជ្ញាធរមូលដ្ឋាន។ មេភូមិកោះចំរើន និងមេឃុំកំពង់ភ្នំក្នុង រីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅដោយអនុញ្ញាតិឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា និងអង្គការ TPO រៀបចំកម្មវិធីដើម្បីផ្តល់ការប្រឹក្សាផ្លូវចិត្តដល់ឪពុកម្តាយជនរងគ្រោះនៅក្នុងសហគមន៍របស់គាត់។ ក្រៅពីការផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្ត ក៏មានការផ្តល់ប្រឹក្សាសុខភាពផ្លូវកាយដោយវេជ្ជបណ្ឌិត Demosthenes Reyes ជាគ្រូពេទ្យផ្តល់ប្រឹក្សារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានចូលរួមកម្មវិធីនេះដែរ។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណវត្តគីរីរតនារ៉ាម ហៅ វត្តកំពង់ភ្នំក្នុង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ឪពុកម្តាយជនរងគ្រោះ ព្រះសង្ឃ, បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកឯកទេសចិត្តសាស្រ្តមកពីអង្គការ TPO។ កម្មវិធីនេះក៏មានការនិមន្តព្រះសង្ឃមកចូលរួមពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសល្យជូនវិញ្ញាណក្ខន្ធជនរងគ្រោះតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាដែរ។
បន្ទាប់ពី ពិសារអាហារថ្ងៃត្រង់រួច វេជ្ជបណ្ឌិត Demosthenes Reyes បានប្រាប់អ្នកចូលរួមអំពីការថែទាំសុខភាពផ្លូវកាយ ដោយលើកទឹកចិត្តដល់ឪពុកម្តាយជនរងគ្រោះទទួលស្គាល់នូវការពិតជៀសវាងការគិតច្រើនបន្ទោសខ្លួនឯងខ្លាំង ដែលបណ្តាលឲ្យមានបញ្ហាផ្លូវចិត្តប៉ះពាល់ដល់បេះដូង និងសម្ពាធឈាមឡើងខ្ពស់។ លោកបន្តថា មជ្ឈមណ្ឌលឯកសារកម្ពុជានឹងផ្តល់ជូននូវការពិនិត្យសុខភាពដល់ឪពុកម្តាយរបស់កុមាររងគ្រោះក្នុងពេលឆាប់ៗ ប្រសិនបើគាត់មានបញ្ហាសុខភាពផ្លូវកាយ។
មជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើការជាមួយអ្នករស់រានមានជីវិតពីរបបខ្មែក្រហម និងជំរុញលើកទឹកចិត្តឲ្យគាត់មកពិនិត្យសុខភាពជាប្រចាំដើម្បីឲ្យគាត់ដឹងពីស្ថានភាពជំងឺរបស់ខ្លួន និងដឹងពីជំងឺផ្សេងៗទៀតដែលកើតមាន ដែលអាចឲ្យគាត់អាចទប់ស្កាត់បានទាន់ពេលវេលា។ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏ធ្វើការជាមួយសហគមន៍មួយចំនួនទៀត ជាពិសេសសហគមន៍ដែលមានជនជាតិភាគតិចរស់នៅច្រើន ដើម្បីឲ្យអ្នកទាំងនោះទទួលបាននូវសេវាសុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយដែរ។
អត្ថបទ ៖ សោម ប៊ុនថន និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិត