នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសាខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្តីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» ដំបូងនៅដើមឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះមានការចូលរួមពីសិស្សានុសិស្ស មកពីវិទ្យាល័យ ហ៊ុន សែន កោះអណ្តែត ចំនួន៣៥នាក់ ក្រោមការដឹកនាំរបស់គ្រូលោកគ្រូ-អ្នកគ្រូ ឯកទេសប្រវត្តិវិទ្យាចំនួន២រូប។ វេទិកាថ្នាក់រៀននេះជំរុញ លើកទឹកចិត្តដល់យុវជន និងក្មេងៗជំនាន់ក្រោយឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងចងចាំអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ជាពិសេសរបបខ្មែរក្រហម ដើម្បីទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមកើតឡើងម្តងទៀត។
នៅវេលាម៉ោង៨កន្លះព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ សិស្សានុសិស្សបានមកដល់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងបានទស្សនាពិព័រណ៍រូបថតដែលស្ថិតនៅខាងមុខ និងខាងក្នុងការិយាល័យ។ សិស្សានុសិស្សទាំងអស់ ត្រូវបានណែនាំឲ្យស្គាល់ពីឯកសារខ្មែរក្រហមដែលមាននៅក្នុងទូដែកស្ថិតនៅខាងក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ នៅក្នុងឱកាសនោះ យុវជនមួយចំនួនបានសួរសំណួរទាក់ទងនឹងផ្ទាំងរូបថត និងឯកសារខ្មែរក្រហម។ បន្ទាប់មក យុវជនទាំងអស់តម្រូវឲ្យបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹង មុនពេល វេទិកាថ្នាក់រៀនចាប់ផ្ដើម។
លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចាប់ផ្ដើមធ្វើបទបង្ហាញ បន្ទាប់ពីសិស្សានុសិស្សបានបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងរួច។ ដោយមានសំណូមពរពីគ្រូដឹកនាំសិស្ស លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញទាក់ទងនឹងប្រធានបទ «មូលហេតុនៃការកើតឡើងរបបខ្មែរក្រហម»។ បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញលើប្រវត្តិសាស្ត្រខ្មែរក្រហម លោក ផេង ពង្សរ៉ាស៊ី បន្តធ្វើបទបង្ហាញអំពីនិយមន័យអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រជាក់លាក់ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និង ប្រទេសជាតិ។
បន្ទាប់ពីរយៈពេលប្រមាណជា២ម៉ោងនៃការធ្វើបទបង្ហាញ លោក ផេង ពង្សរ៉ាស៊ី តម្រូវឲ្យសិស្សានុសិស្សបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងក្រោយវេទិកា ដើម្បីចង់ដឹងថាតើចំណេះដឹងសិស្សានុសិស្សកើនឡើងឬយ៉ាងណា។ បន្ទាប់មក ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ, គ្រូដឹកនាំ និងសិស្សានុសិស្សបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។
នៅវេលាម៉ោង២ពេលរសៀល សិស្សានុសិស្សទាំងអស់បានធ្វើដំណើរទៅកាន់អតីតមន្ទីរសន្តិសុខក្នុងរបបខ្មែរក្រហម ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីស្តាប់ការចែករំលែករឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទីនោះ។ លោកតា សេង ហេង សព្វថ្ងៃមានអាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរៀបរាប់ទាក់ទងទៅនឹងទីតាំងមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្រាំងតាចាន់ នៅក្នុងរបបខ្មែរក្រហមថា មន្ទីរសន្តិសុខនេះ គឺជាកន្លែងបង្អត់អាហារអ្នកទោស ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់អ្នកទោស។ បន្ទាប់ពីរៀបរាប់រួចហើយ លោកតា សេង ហេង បានបង្ហាញសិស្សានុសិស្សទាំងអស់ពីការបណ្តើរអ្នកទោសចូលមន្ទីរសន្តិសុខ កន្លែងឃុំឃាំង កន្លែងសួរចម្លើយ កន្លែងសម្លាប់ ហើយចុងក្រោយ គាត់បាននាំសិស្សានុសិស្សទៅមើលបូជនីយដ្ឋានតម្កល់អដ្ឋិធាតុជនរងគ្រោះពីរបបខ្មែរក្រហម។
នៅក្នុងឱកាសនោះ លោក ផេង ពង្សរ៉ាស៊ី រៀបរាប់ប្រាប់សិស្សានុសិស្សបន្ថែមពីការបង្កើតមន្ទីរសន្តិសុខរបស់ខ្មែរក្រហម ហើយមន្ទីរសន្តិសុខក្រាំងតាចាន់ គឺជាមន្ទីរសន្តិសុខថ្នាក់ស្រុកមួយក្នុងចំណោមមន្ទីរសន្តិសុខទាំង១៩៧ ដែលខ្មែរក្រហមបានបង្កើតឡើង។ លោក ផេង ពង្សរ៉ាស៊ី ក៏បានលើកឡើងពីការចងក្រងរបាយការណ៍លម្អិតទាក់ទងនឹងមន្ទីរសន្តិសុខក្រាំងតាចាន់ ប្រាប់ដល់ក្រុមយុវជនទាំងអស់ឲ្យបានដឹង មុននឹងសិស្សានុសិស្សដើរមើលទីតាំងផ្សេងទៀតនៅជុំវិញមន្ទីរសន្តិសុខនេះ។
អត្ថបទ ៖ ជីម សុខគា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា