នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំយុវជនចំនួន៣០០នាក់ មកទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្ដីពីសារសំខាន់នៃការសិក្សាស្ដីអំពី «សារសំខាន់នៃការសិក្សាប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់កោះថ្ម x-16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាកិច្ចចាប់ផ្តើមលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាបានអញ្ជើញ ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ព្រមទាំងយុវជនកាយរិទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមយុវជនចូលទស្សនាពិព័រណ៍រូបថតនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយចាប់ផ្តើមចេញពីតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភ័ស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូរដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
បន្ទាប់ពីបានទស្សនាពិព័រណ៍រូបភាពនៅមជ្ឈមណ្ឌលឯកសារកោះថ្មរួចមក គណៈប្រតិភូ និងយុវជនបានបន្តដំណើរទៅកាន់តំបន់កោះថ្ម X-16 ដើម្បីរៀបចំវេទិកាថ្នាក់រៀននៅអគារមិត្តភាព។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍អំពីការតស៊ូរបស់សម្តេតេជោ ហ៊ុនសែន ជាការប្តូរសាច់ស្រស់ឈាមស្រស់ ដើម្បីទទួលបានសុខសន្តិភាព និងស្ថិរភាព។ នៅក្នុងភាពជាអ្នកដឹកនាំល្អ អ្នកដឹកនាំត្រូវមានតួនាទីដើរមុនគេជានិច្ច រៀបចំផែនការជាមុនដើម្បីឲ្យការងារមានភាពប្រសើរ។ ជាពិសេសអ្នកដឹកនាំល្អត្រូវតែគោរពតួនាទីជានិច្ច ត្រូវហ៊ានលះបង់ជាធំ។
ជាកិច្ចបន្តលោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ដល់យុវជនមានដូចខាងក្រោម ៖
- វាស់ស្ទង់ចំណេះដឹងមុនវេទិកាចាប់ផ្តើម ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។
- ចែកចាយទស្សនាវដ្តីស្វែងរកការពិតដល់យុវជនទាំងអស់។
- បទបង្ហាញ និងពន្យល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)៖ គោលនយោបាយ៨ចំណុចរបស់របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)។
លោក ផេង ពង្សរ៉ាស៊ី បានពន្យល់សិស្សានុសិស្សថា នៅដំណាក់កាលដំបូងយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងចាប់ផ្តើមជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងប្រមាណ២លាននាក់ក្រោមមូលហេតុផ្សេងៗ ដូចជា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់បែកលើទីក្រុង ប្រជាជនចេញទៅយកស្បៀងអាហារនៅទីជនបទ និងបំបែកចារកិច្ចរបស់ខ្មាំងជាដើម។ ការជម្លៀសដោយបង្ខំនេះបានបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់ ជាពិសេសកុមារ មនុស្សចាស់ជរា និងអ្នកជំងឺបានស្លាប់នៅតាមផ្លូវ។ ស្រ្តីមានផ្ទៃពោះជាច្រើនបានស្លាប់នៅពេលសម្រាលកូនដោយសារគ្មានថ្នាំសង្កូវ ឬសេវាសុខាភិបាល។ ក្មេងៗបានវង្វេងបាត់ពីឪពុកម្តាយ។ ប្រជាជនភាគច្រើនមិនដឹងថា តើនឹងមានអ្វីកំពុងតែកើតឡើង ទេ។ លោក ផេង ពង្សរ៉ាស៊ី បានបន្តថាការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី២ គឺខ្មែរក្រហមបានជម្លៀសប្រជាជននៅភូមិភាគបូព៌ា រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ) ទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលបន្ទាប់ពីខ្មែរក្រហមបានចោទប្រកាន់មេដឹកនាំ និងកម្មាភិបាលនៅភូមិភាគបូព៌ាក្បត់ដោយបានចូលរួមជាមួយប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ ការជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលនេះបានបណ្តាលឲ្យប្រជាជនភូមិភាគបូព៌ាជាច្រើន បានស្លាប់ដោយសារការយកទៅសម្លាប់ ដោយសារជំងឺ និងអត់អាហារ។ ទី២) ការលុបបំបាត់លុយ និងផ្សារ។ ទី៣) ការលុបបំបាត់ទ្រព្យសម្បត្តិឯកជន។ ទី៤) ការលុបបំបាត់ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបំផ្លាញសាលារៀន វត្តអារាម និងកន្លែងលក់ដូរផ្សេងៗ។ ទី៥) ខ្មែរក្រហមបានបង្កើតសហករណ៍ និងការដ្ឋានការងារដែលតម្រូវឲ្យប្រជាជនទាំងអស់ធ្វើស្រែចម្ការ និងលើកទំនប់ធំៗ។ ទី៦) ខ្មែរក្រហមបានសម្លាប់អ្នកចេះដឹង អតីតទាហាន លន់ នល់ និងជនជាតិចាម វៀតណាម និង ចិន។ ទី៧) ខ្មែរក្រហមបានបង្កើតមន្ទីរឃុំឃាំងជិត២០០កន្លែង ដើម្បីឃុំឃាំងប្រជាជនដែលខ្លួនចោទថាក្បត់ ហើយប្រជាជនទាំងនោះភាគច្រើនត្រូវបានសម្លាប់យ៉ាងសាហាវ។ ទី៨) ខ្មែរក្រហមបានបង្កសង្រ្គាមជាមួយវៀតណាមនៅតាមព្រំដែនរហូតដល់ថ្ងៃដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែកមរា ឆ្នាំ១៩៧៩។
- បញ្ចាំងខ្សែភាពយន្តឯកសារចំនួនពីរ ទី១) ភាពយន្តឯកសារអំពីដំណើរឆ្ពោះទៅសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងទី២) ខ្សែភាពយន្តឯកសារអំពីមរតក ២ឆ្នូ។
- បទបង្ហាញ និងពន្យល់អំពីនិយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារ ឬសហគមន៍ និងប្រទេសជាតិ ។
- វាស់ស្ទង់ចំណេះដឹងសិស្សក្រោយវេទិកាបញ្ចប់ ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។
ចំណាប់អារម្មណ៍របស់គ្រូ និងសិស្ស
ខ្ញុំឈ្មោះ ឡា មុឡាង មានអាយុ១៤ឆ្នាំ ភេទស្រី គឺជាសិស្សមកពីសាលាអនុវិទ្យាល័យ ហ៊ុនសែន ឈូក។ ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំងចំពោះការដែលបានមកចូលរួមនៅថ្ងៃនេះ។ ខ្ញុំបានដឹងពីព្រឹត្តិការណ៍ប្លែកៗដែលខ្ញុំមិនធ្លាប់បានដឹង និងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងបានយល់ដឹងអំពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន។ ខ្ញុំគិតថាព្រឹត្តិការណ៍សង្រ្គាមដែលបានកើតឡើងនេះ វាពិតជាឃោរឃៅ ដែលបានសម្លាប់មនុស្សជាច្រើនដែលគ្មានកំហុស។ ខ្ញុំមិនចង់ឲ្យមានសង្រ្គាមកើតឡើងជាលើកទីពីរទេ។ ក្រោយពីបានមកសិក្សា និងបានស្ដាប់លោកគ្រូបកស្រាយរួចមក ខ្ញុំបានយល់ដឹងនិងខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយបានរៀនសូត្រអំពីប្រវត្តិសាស្រ្តឲ្យបានច្រើន និងបានដឹងអំពីផលវិបាកនៃសង្រ្គាម និងវិធីទប់ស្កាត់។ បើតាមគំនិតរបស់ខ្ញុំ ចង់មានការផ្សព្វផ្សាយពីវិធានការ និងការទប់ស្កាត់របបប្រល័យពូជសាសន៍ ដើម្បីឲ្យក្មេងៗបានដឹងអំពីបញ្ហារបស់ប្រទេសជាតិពេលមានសង្រ្គាម និងបង្រៀនឲ្យក្មេងជំនាន់ក្រោយស្រឡាញ់សន្តិភាព។ ជាចុងក្រោយ បើសិនបើមានឱកាសជាលើកទីពីរ ខ្ញុំចង់ចូលរួមនៅក្នុងកម្មវិធីប្រវត្តិសាស្រ្តនេះទៀត ព្រោះបានផ្ដល់បទពិសោធន៍ថ្មីៗជាច្រើនដល់រូបខ្ញុំ។
ខ្ញុំបាទឈ្មោះ លី ស៊ី ភេទប្រុសមានអាយុ១៨ រៀនថ្នាក់ទី១២ គឺជាយុវជនមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយក្រៃលែងចំពោះកម្មវិធី ទស្សនកិច្ចសិក្សាសម្រាប់ក្រុមកាយរិទ្ធិ យុវជនសសយក យុវជនកាកបាទក្រហម មកកាន់មជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់កោះថ្មអិច១៦។ នៅពេលដែលខ្ញុំបានសិក្សា និងបានទស្សនាខ្សែភាពយន្តឯកសារខ្លីៗដែលនិយាយអំពីប្រវត្តិសាស្រ្ត និងថ្នាក់ដឹកនាំរួចមក ធ្វើឲ្យខ្ញុំដឹងពីការលះបង់ និងការតស៊ូរបស់ថ្នាក់ដឹកនាំឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍។ ម្យ៉ាងទៀតបានឲ្យខ្ញុំយល់ដឹងពីព្រឹត្តការណ៍ថ្មីៗជាច្រើន។ ជាចុងក្រោយខ្ញុំសូមអរគុណចំពោះបងៗក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មដែលបានធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តឲ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រ និងឈ្វេងយល់អំពីបញ្ហានៃសង្រ្គាម ព្រមទាំងបង្រៀនឲ្យយុវជនស្រឡាញ់សន្តិភាព។ ខ្ញុំសំណូមពរឲ្យមជ្ឈមណ្ឌលឯកសារកោះថ្មបន្តធ្វើកម្មវិធីបែបនេះទៀត ដើម្បីឲ្យយុវជនជំនាន់ក្រោយបានចូលរួម។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា