វេទិកា «លើកកម្ពស់សិទ្ធិស្រ្ដី» នៅក្នុងស្រុកអន្លង់វែង ត្រូវបានរៀបចំឡើងដោយមជ្ឈ មណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០ ២៣នេះ។
ប្រជាពលរដ្ឋចំនួន២៣នាក់ (ស្រី២០នាក់ និងប្រុស៣នាក់) ក្នុងចំណោមប្រជាជនសរុបប្រមាណ១០៧គ្រួសារនៃភូមិយាងត្បូង បានចូលរួមនៅក្នុងវេទិកានេះ ដែលផ្តោតលើប្រវត្ដិសា ស្រ្ដខ្មែរក្រហម ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសិទ្ធិរបស់ស្ត្រីក្នុងការទទួលព័ត៌មានការសិក្សា និងការអភិវឌ្ឍន៍សង្គម។
បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានដឹកនាំការពិភាក្សានេះ ដោយបង្ហាញអំពីការងាររបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងគម្រោងថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានអនុវត្ដកន្លងមក ជាមួយប្រជាជននៅក្នុងភូមិយាងត្បូង និងទូទាំងស្រុកអន្លង់វែង។
បន្ទាប់មក លោកបានជ្រើសរើសផ្ទាំងពិព័រណ៍រូបថតដែលបង្ហាញអំពីការធ្វើការងារដោយបង្ខំនៅក្នុងរបបខ្មែរក្រហម រូបគ្រោងឆ្អឹង និងលាលដ៏ក្បាលជនរងគ្រោះ ការធ្វើកោសល្យវិច្ច័យលើគ្រោងឆ្អឹង និងលលាដ៏ក្បាលជនរងគ្រោះ និងផែនទីរណ្ដៅសាកសពរួម ដើម្បីធ្វើការពិភាក្សាជាមួយអ្នកភូមិ។ ពិព័រណ៍ទាំងនេះគឺជាផ្នែកមួយដែលយកចេញពីពិព័រណ៍រួមដែលមានចំនួនប្រមាណជាង១០០ផ្ទាំងដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធី «ខួប២៤ឆ្នាំនៃទិវានយោបាយឈ្នះ ឈ្នះ» កាលពីចុងឆ្នាំ២០២២កន្លងទៅនេះ។
ពិព័រណ៍ទាំងនោះ បានរំឮកនូវការចងចាំដល់ស្រ្ដីដែលធ្លាប់ឆ្លងកាត់ជំនាន់ខ្មែរក្រហម គឺបទពិសោធន៍ដ៏ជូរចត់ដែលខ្លួនយល់ថា ហាក់ទើបនឹងកើតឡើងថ្មីៗមកលើខ្លួន និងក្រុមគ្រួសារ។ ស្រ្ដីភាគច្រើនបាននិយាយអំពីការជួបប្រទះនឹងការងារដោយបង្ខំ ដូចជា ការលើកទំនប់ ជីកប្រឡាយ និងធ្វើជីដាក់ស្រែ ក៏ប៉ុន្ដែ ដើម្បីអាចរស់រានមានជីវិត ស្រ្ដីទាំងនោះបានខិតខំធ្វើការងារគ្រប់បែបយ៉ាងដែលអង្គការខ្មែរក្រហមបានតម្រូវ។
នៅពេលដែលការពិភាក្សាឈានដល់ដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្រ្ដីភាគច្រើនបាននិយាយថា ខ្លួនមិនធ្លាប់បានឮ ឬបានដឹងពីដំណើរការនេះពីមុនមកទេ។ ទោះជាយ៉ាងនេះក្ដី ការចងចាំរបស់ស្រ្ដីទាំងនោះក៏នៅតែបន្ដអំពីការលះបង់ និងការចូលរួមរបស់ខ្លួនក្នុងបុព្វហេតុជាតិមាតុភូមិ។
តើដាច់ឆ្ងាយពីដំណើរការរបស់តុលាការខ្មែរក្រហម និងធ្វើឲ្យជះឥទ្ធិពលដល់ស្រ្ដីដែរឬទេ?
វេទិកានេះ បានផ្ដល់នូវការពិភាក្សាអំពីទាក់ទងសិទ្ធិ និងប្រវត្ដិសាស្រ្ដខ្មែរក្រហម ជាពិសេស គឺបញ្ហាប្រឈមរបស់ស្រ្ដីនៅក្នុងភូមិ នៅពេលដែលបរិបទប្រវត្ដិសាស្រ្ដខ្មែរក្រហមបានធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបការរស់នៅមួយចំនួន។
ការមិនអើពើ ឬដាច់ឆ្ងាយពីដំណើរការកាត់ទោសរបស់តុលាការខ្មែរក្រហម គឺជាការខ្វះចន្លោះមួយរបស់ស្រ្ដីដែលបង្ហាញពីគន្លាតនៃការអប់រំ ឬរៀនសូត្រពិតប្រាកដមួយអំពីបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ពីជំនាន់ខ្មែរក្រហម និងការផ្លាស់ប្តូរផ្នត់គំនិតក្នុងពេលសុខសន្ដិភាព។ ដំណើរការស្វែងរកយុត្ដិធម៌ ក៏ជាផ្នែកមួយនៃការអប់រំ និងរៀនសូត្ររបស់មនុស្សក្នុងសង្គមអំពីកំហុសដែលបានកើតឡើង ជាពិសេសទាក់ទងនឹងសិទ្ធិជាមូលដ្ឋានរបស់មនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត។
យា មុំ គឺជាស្រ្ដីម្នាក់ដែលមានតួនាទីជាអនុភូមិក្នុងភូមិយាងត្បូង បាននិយាយនៅក្នុងវេទិកាសាធារណៈនេះថា ខ្ញុំចង់ឲ្យស្រ្ដីៗនាំគ្នាខិតខំពង្រឹងសមត្ថភាព និងផ្លាស់ផ្នត់គំនិតអវិជ្ជមានរបស់ខ្លួនដើម្បីរៀនសូត្រពីចំណេះដឹងដែលថ្មីៗ មានភាពក្លាហាន និងរឹងមាំ ដើម្បីមានភាពស្មើគ្នាទៅនឹងបុរសនៅក្នុងសង្គម។ ស្រ្ដីប្រៀបបានទៅនឹងមាតាដៃមួយរយ ឬមាតានៃពិភពលោកដែលអាចធ្វើការងារមួយរយជំពូក ខណៈពេលបុរសៗមួយចំនួនមិនបានមើលឃើញពីតម្លៃនៃការលះបង់ និងថែមទាំងបានប្រើប្រាស់អំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្ដទៅលើស្រ្ដីទៀតផង។ ស្រ្ដីត្រូវមានភាពម្ចាស់ការក្នុងការជ្រោមជ្រែង និងដឹកនាំគ្រួសារ ជាពិសេស គឺការអប់រំដល់កូនចៅ ឬយុវជនជំនាន់ក្រោយរបស់ខ្លួនឲ្យរៀនសូត្របានខ្ពង់ខ្ពស់ និងការប្រើប្រាស់ចំណេះដឹង និងប្រាជ្ញាដើម្បីកសាងធនធានមនុស្ស។ នៅពេលណាកើតមានអំពើហិង្សាក្នុងគ្រួសារ ខ្ញុំនឹងប្រើប្រាស់វិធានការសម្របសម្រួល និងវិធានការច្បាប់ដោយសហការជាមួយប្រជាការពារភូមិ និងអាជ្ញាធរមូលដា្ឋនដើម្បីអប់រំជាបន្ទាន់។ ទាំងនេះ គឺជាការផ្ដល់ភាពកក់ក្ដៅមួយដែលឆ្លើយតបទៅនឹងការទុកចិត្ដរបស់ប្រជាជននៅក្នុងភូមិដើម្បីការចូលរួមក្នុងមូលដ្ឋានក្នុងការផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមាន និងការរស់នៅឲ្យមានភាពល្អប្រសើរ។
ផ្នែកបន្ទាប់មកទៀតនៃវេទិកានេះ ក៏មានការរួមបញ្ចូលនូវការពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍សហគមន៍ ដែលជាគម្រោងមួយផ្ដោតសំខាន់ទៅលើការជំរុញឲ្យប្រជាជនក្នុងសហគមន៍ស្វែងរកចំណុចពិសេសក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកចំណុចពិសេសទាំងនោះទាញរកចំណូលទ្រទ្រង់សហគមន៍របស់ខ្លួន។
ការអភិវឌ្ឍន៍នេះក៏រួមបញ្ចូលនូវភាពសន្សំសំចៃ និងការគិតយ៉ាងល្អិតល្អន់ ដើម្បីកុំឲ្យសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានហូរចេញទៅខាងក្រៅ រួមមានទាំងការដាំដុះ និងបង្កបង្កើនផលជុំវិញផ្ទះជាដើម។
ជាចុងបញ្ចប់ ថ្នាក់ដឹកនាំភូមិយាងត្បូងក៏បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដែលបានបង្កើតវេទិកានេះឡើង ដោយបានជំរុញឲ្យមានការពិភាក្សាអំពីសិទ្ធិ ជាពិសេសទៅលើស្រ្ដីនៅក្នុងមូលដ្ឋាន ស្របពេលដែលប្រជាជនកំពុងត្រូវការដោះស្រាយបញ្ហាទាំងនេះឲ្យមានភាពប្រសើរឡើងជាងមុន។
អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
អត្ថបទ ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា