ប្រវត្តិអតីតសាលាស្រុកកែវសីមា ខេត្តមណ្ឌលគិរី

អតីតអាគារសាលាស្រុកកែវសីមា ស្ថិតនៅក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អាគារនេះសាងសង់ឡើងនៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ស្ថិតនៅក្នុងរបបសង្គមរាស្រ្តនិយម។ អតីតអាគារសាលាស្រុកកែវសីមា ត្រូវបានទុកឱ្យនៅទំនេរចាប់តាំងពីឆ្នាំ១៩៩៨ មករហូតដល់បច្ចុប្បន្ន។

បើតាមលោក តែម ថញ ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិដើមភាគតិចស្ទៀងកាត់ព្នង មានស្រុកកំណើតនៅភូមិស្រែព្រះ ឃុំស្រែខ្ទុម ស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្នរស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា បានរៀបរាប់ថា៖ នៅឆ្នាំ១៩៦១ ខ្ញុំគឺជាសិស្សរៀននៅសាលាបឋមសិក្សាអូរអាម ក្នុងឃុំស្រែខ្ទុម។ ខ្ញុំធ្លាប់បានឃើញព្រះភក្ត្រសម្តេចព្រះ នរោត្តម សីហុន អំឡុងពេលព្រះអង្គយាងតាមឧទ្ធម្ភាគចក្រទៅប្រកាសបង្កើតខេត្តមណ្ឌលគិរីជាផ្លូវការដោយផ្ទៃដីខេត្តមណ្ឌលគិរីត្រូវបានកាត់យកពីផ្នែកខ្លះនៃខេត្តក្រចេះ។ អំឡុងពេលនោះខ្ញុំគឺ សិស្សបានឈរចាំអបអរសាទរតាមដងផ្លូវ ខណៈពេលមេឃកំពុងភ្លៀងតិចៗ ឯឧទ្ធម្ភាគចក្រព្រះអង្គកំពុងហោះទាបៗ និងល្បឿនយឺតៗ។ ខ្ញុំបានឃើញព្រះភក្ត្រព្រះអង្គព្រមដែលលើកដៃស្វាគមន៍មកកាន់ប្រជានុរាស្រ្តដែលកំពុងឈរចាំទទួលស្វាគមន៍ព្រះអង្គ។ ដំបូងខេត្តមណ្ឌលគិរីមានស្រុកចំនួន៣តែប៉ុណ្ណោះ គឺស្រុកកោះញែក ស្រុកច្បារ និងស្រុកអូររាំង។

នៅឆ្នាំ១៩៦២ រាជរដ្ឋាភិបាលនៃរបបសង្គមរាស្ត្រនិយមបានបង្កើតស្រុកកែវសីមានៃខេត្តមណ្ឌលគិរី បន្ថែមទៀត ដោយមានឃុំស្រែខ្ទុម តែមួយប៉ុណ្ណោះគឺជាចំណុះឱ្យស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពេលនោះអាគារសាលាស្រុកកែវសីមាមួយខ្នង ត្រូវបានសាងសង់ឡើងនៅក្នុងភូមិសែ្រខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា លើទំហំផ្ទៃដីជុំវិញអគារប្រមាណកន្លះហិកតា។ ហើយអគារសាលាស្រុកបែរមុខទៅទិសខាងកើត។ អាគារសាលាស្រុកកែវសីមាមានកម្ពស់ពីរជាន់ និងបន្ទប់ចំនួនបួន ដោយជាន់ទី១មានមួយបន្ទប់ និងជាន់ទី២មានចំនួនបីបន្ទប់ ក្នុងនោះរួមមានបន្ទប់ចៅហ្វាយស្រុក បន្ទប់ការិយាល័យ និងបន្ទប់បុគ្គលិកធ្វើការនៅក្នុងសាលាស្រុក។ អគារសាលាស្រុកកែវសីមាបានលាបថ្នាំពណ៌ស។ ចៅហ្វាយស្រុកកែវសីមាដំបូងមានឈ្មោះ អ៊ុក សំអឿន (អ៊ុក សំអឿន បានបាត់ខ្លួនចាប់តាំងពីកងទ័ពវៀតកុងចូលដល់ស្រុកកែវសីមានៅក្នុងឆ្នាំ១៩៧០)។ ទីតាំងអតីតអាគារសាលាស្រុកកែវសីមាមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦ ចូលតាមផ្លូវលំមកកាន់ភូមិស្រែខ្ទុម។

នៅក្នុងឆ្នាំ១៩៦៤-១៩៦៥ អាគារសាលាស្រុកកែវសីមា បានក្លាយជាសាលាបឋមសិក្សាស្រែព្រះ។ ចំណែកសាលាស្រុកកែវសីមាត្រូវបានផ្លាស់មកទីតាំងថ្មីនៅផ្ទះរបស់ចៅហ្វាយស្រុកកែវសីមាឈ្មោះ អ៊ុក សំអឿន វិញ។ គ្រូបង្រៀននៅសាលាបឋមសិក្សាស្រែព្រះ ភាគច្រើនមកពីស្រុកក្រោម និងខេត្តក្រចេះ។ សាលាបឋមសិក្សាស្រែព្រះមានចំនួន៣បន្ទប់ កូនសិស្សគឺជាជនជាតិដើមភាគតិចព្នង ស្ទៀង និងជនជាតិរអង ដែលរស់នៅតាមភូមិផ្សេងៗក្នុងឃុំស្រែខ្ទុម។ សាលាបឋមសិក្សាស្រែព្រះបានបើកឱ្យកូនសិស្សរៀនសូត្ររហូតដល់មានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទើបបិទទ្វារទាំងស្រុង។

នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ អតីតអាគារសាលាស្រុកកែវសីមា ឬសាលាបឋមសិក្សាស្រែព្រះ ត្រូវបានទាហាន លន់ លន់ គ្រប់គ្រង និងចាប់ផ្ដើមបង្កើតកងកម្លាំង ដោយជ្រើសរើសបុរសក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ដែលមានអាយុចាប់ពី២០ដល់៤០ឆ្នាំ ដើម្បីដេញកងទ័ពវៀតកុងចេញពីប្រទេសកម្ពុជា។ ទាហាន លន់ នល់ ស្នាក់នៅអគារអតីតសាលាស្រុកកែវសីមា  រយៈពេលបីខែ  ដោយបានជីកលេណដ្ឋានជុំវិញអគារ។ លេណដ្ឋាននីមួយៗមានជម្រៅពីរម៉ែត្រ និងមានបណ្តោយ៦-៧ម៉ែត្រ ដើម្បីការពារខ្លួន។  បន្ទាប់មកទាហាន លន់ នល់ បានដកត្រឡប់ទៅទីរួមខេត្តមណ្ឌលគិរីវិញ។ ចំណែកអតីតអាគារសាលាស្រុកកែវសីមាត្រូវបានបោះបង់ចោល គ្មានមនុស្សចូលមកធ្វើការ ឬស្នាក់នៅឡើយ។

នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ក្នុងរបបខ្មែរក្រហម អតីតអាគារសាលាកែវសីមាត្រូវបានបោះបង់ចោលបន្តទៀត  ព្រោះខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ចេញពីស្រុកកែវសីមា និងតម្រូវឱ្យទៅរស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្រជាជនស្រុកកែវសីមាទាំងអស់នៅតែបន្តរស់នៅក្នុងស្រុកកោះញែក។

នៅឆ្នាំ១៩៨១ ប្រជាជនដែលមានស្រុកកំណើតនៅស្រុកកែវសីមា បានវិលត្រឡប់ពីស្រុកកោះញែកមករស់នៅស្រុកកែវសីមាវិញ ដោយមានលោក​ ទូយ ឌឿ ធ្វើជាលេខាបក្សស្រុកកែវសីមា។ ប៉ុន្តែប្រជាជនទាំងនោះមិនអាចចូលមករស់នៅតាមភូមិកំណើតរបស់ខ្លួនបានភ្លាមៗទេ ព្រោះមានគ្រាប់មីនមិនទាន់ផ្ទុះ និងមានកងទ័ពខ្មែរក្រហមនៅលាក់ខ្លួនក្នុងព្រៃក្បែរៗភូមិប្រជាជន។  ដូច្នេះប្រជាជនឃុំស្រែខ្ទុម និងឃុំស្រែព្រះនៃស្រុកកែវសីមា ត្រូវរស់នៅជាបណ្តោះអាសន្នក្នុងឃុំមេម៉ង និងឃុំចុងផ្លាស់នៃស្រុកកែវសីមា។

នៅឆ្នាំ១៩៨៥ លេខាបក្សស្រុកកែវសីមាឈ្មោះ ទូយ ឌឿ ត្រូវខ្មែរក្រហមបាញ់សម្លាប់ ទើបលោក ត្រឹម វណ្ណា ឡើងធ្វើជាលេខាបក្សស្រុកកែវសីមាបន្ត។ នៅចន្លោះពីឆ្នាំ១៩៨៧ ដល់ ឆ្នាំ១៩៨៨ ប្រជាជនទាំងអស់បានវិលត្រឡប់មករស់នៅក្នុងឃុំស្រែខ្ទុម និងឃុំស្រែព្រះ នៃស្រុកកែវសីមាវិញ។

ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្រុមការងារអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បានយកអតីតអគារសាលាស្រុកកែវសីមាសម្រាប់ធ្វើជាទីតាំងការងារ។ ចំណែកប្រជាជនធម្មតាមិនអាចចូលក្នុងអាគារសាលាស្រុកបានឡើយ។ អ្នកដែលអាចចូលក្នុងអាគារសាលាស្រុកបានលុះត្រាតែជាអ្នកធ្វើការងារឱ្យអ៊ុនតាក់។ បន្ទាប់ពីបោះឆ្នោតសកលលើកទី១នៅឆ្នាំ១៩៩៣ អតីតអាគារសាលាស្រុកកែវសីមា ដែលបន្សល់ទុកមកពីរបបសង្គមរាស្ត្រនិយម ត្រូវបានយកមកប្រើប្រាស់ជាអាគារសាលាស្រុកកែវសីមាបណ្តោះអាសន្នរហូតដល់ឆ្នាំ១៩៩៧។

នៅឆ្នាំ១៩៩៨ សាលាស្រុកកែវសីមាត្រូវបានផ្លាស់ទៅទីតាំងថ្មីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។  បច្ចុប្បន្នស្រុកកែវសីមា មានឃុំចំនួន៥ គឺឃុំចុងផ្លាស់ ឃុំមេម៉ង ឃុំស្រែឈូក ឃុំស្រែខ្ទុម និងឃុំស្រែព្រះ។ ចំណែកអតីតអាគារសាលាស្រុកកែវសីមាដែលបានសាងសង់ក្នុងជំនាន់សង្គមរាស្ត្រនិយម ត្រូវបានទុកចោលរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖