ខ្ញុំឈ្មោះ ឌុច ភារុន អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ ឃ្លាំង ធឿន។ ខ្ញុំមានស្រុកកំណើតនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិឃុំដដែល។ ខ្ញុំមានកូនចំនួន២នាក់ គឺប្រុសមួយ និងស្រីមួយ។ កូនប្រុសច្បងរបស់ខ្ញុំមានអាយុ១៥ និងកូនស្រីពៅអាយុ១៣ឆ្នាំ។
ខ្ញុំជាមួយប្ដីរបស់ខ្ញុំបានស្គាល់ជាតិតាំងពីនៅក្មេងមកម៉្លេះ។ ខ្ញុំ និងប្ដីរស់នៅភូមិក្បែរគ្នា គឺខ្ញុំរស់នៅភូមិគោកមន ចំណែកឯប្ដីខ្ញុំរស់នៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ យើងបានចូលរៀនថ្នាក់ជាមួយគ្នា ប៉ុន្តែក្រោយមកខ្ញុំបានផ្លាស់ទៅរៀននៅក្រុងសិរីសោភ័ណវិញ។ ខ្ញុំរៀននៅក្រុងសិរីសោភ័ណមួយរយៈ ទើបខ្ញុំត្រឡប់មករស់នៅភូមិគោកមនវិញ។ ក្រោយពេលខ្ញុំត្រឡប់មករស់នៅភូមិកំណើតវិញ ប្ដីខ្ញុំក៏ឈប់រៀនដែរ ហើយគាត់បានចូលធ្វើការជាប៉ូលីសនៅក្រុងសំរោង។ ពេលយើងទាំងពីរជួបគ្នាម្ដងទៀត ខ្ញុំនិងគាត់ក៏ស្រឡាញ់គ្នា ហើយបានរៀបការនៅក្នុងឆ្នាំ២០១០។ បន្ទាប់ពីរៀបការរួច ប្ដីខ្ញុំបានផ្លាស់មកធ្វើការនៅប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំគោកមនវិញ ចំណែកខ្ញុំបានរកស៊ីលក់បាយ និងលក់គុយទាវ។ ខ្ញុំបានសម្រេចចិត្តឈប់លក់បាយ និងលក់គុយទាវ នៅពេលខ្ញុំមានកូន ហើយបានប្ដូរមកលក់អីវ៉ាន់ចាប់ហួយបន្តិចបន្តួចវិញ។
ខ្ញុំបានប្រកបមុខរបរលក់អីវ៉ាន់ចាប់ហួយរហូតមកដល់សព្វថ្ងៃនេះ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ខ្ញុំមិនបានប្រករបររកស៊ីទេដោយសារទាហានថៃបានឈ្លានពានទឹកដីខ្មែរ ធ្វើឱ្យខ្ញុំ និងប្រជាជនផ្សេងទៀតត្រូវភៀសខ្លួនចេញពីផ្ទះទៅរស់នៅជំរំជនភៀសសឹក។
ចាប់តាំងពីការផ្ទុះអាវុធលើកទី១ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានភៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅផ្ទះបងប្អូននៅខេត្តសៀមរាប។ ពេលនោះខ្ញុំភៀសខ្លួនទៅជាមួយកូនៗ ចំណែកប្ដីខ្ញុំនៅចាំផ្ទះ។ ប្តីខ្ញុំតែងតែនិយាយទូរស័ព្ទជាមួយខ្ញុំជារៀងរាល់ថ្ងៃ។ ប្ដីខ្ញុំគឺជាប៉ូលីសប៉ុស្តិ៍រដ្ឋបាល ដូច្នេះគាត់ត្រូវដើរល្បាតមើលការខុសត្រូវតាមភូមិ និងការពារសុវត្ថិភាពក្នុងភូមិ។ អំឡុងពេលរត់ភៀសខ្លួន ខ្ញុំមិនបានរកស៊ីលក់ដូរ ហើយកូនៗមិនបានរៀនដែរ។
បន្ទាប់ពីមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំនិងកូនបានត្រឡប់មកភូមិគោកមនវិញ ប៉ុន្តែមិនបានប៉ុន្មានខែផង ទាហានថៃបំពានបទឈប់បាញ់ជាមួយកម្ពុជា និង បំពានច្បាប់អន្តរជាតិ។ ទាហានថៃបានធ្វើការបាញ់គ្រាប់ប្លោងចូលមកទឹកដីកម្ពុជាម្ដងទៀតកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ សារជាថ្មីម្តងទៀតនៅតំបន់អានសេះ។
ពេលឃើញសភាពការណ៍មិនស្រួល នៅថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២៥ ខ្ញុំ និងកូនទាំងពីរនាក់បានភៀសខ្លួនចេញពីភូមិគោកមនម្ដងទៀត។ ចំណែកប្ដីខ្ញុំមិនបានទៅជាមួយខ្ញុំដូចកាលលើកទី១ដែរ ដោយសារគាត់ត្រូវនៅធ្វើការថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងភូមិឃុំ។ ខ្ញុំបានទៅស្នាក់នៅក្នុងវត្តគោកប៉ាទ្រី ស្ថិតនៅក្នុងក្រុងសៀមរាប។ ពេលស្នាក់នៅក្នុងជំរំជនភៀសសឹកក្នុងវត្តគោកប៉ាទ្រី ខ្ញុំនិងប្ដីតែងតែនិយាយទូរស័ព្ទជាមួយគ្នាដូចរាល់ដង គឺក្នុងមួយថ្ងៃ២ដង ដូចជាសួរសុខទុក្ខគ្នាទៅវិញទៅមក ខ្ញុំក៏តែងតែប្រាប់ប្ដីរបស់ខ្ញុំឱ្យប្រយ័ត្នប្រយែង និងមើលថែខ្លួន។
នៅវេលានៅម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២៥ ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំគោកមនម្នាក់ (ប៉ូលីសស្រី) បានហៅទូរស័ព្ទមកខ្ញុំ និងប្រាប់ថាប្ដីខ្ញុំត្រូវគ្រាប់ប្លោងរបស់ទាហានថៃរងរបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅស្រុកចុងកាល់ហើយ។ បន្ទាប់មកបងប្រុសខ្ញុំឈ្មោះ ឌុច ប៉ាង គឺជាប្រធានភូមិគោកមន បានរៀបរាប់ប្រាប់ខ្ញុំពីហេតុការណ៍ដែលបានកើតឡើងលើប្ដីខ្ញុំថា ពេលនោះមានបងៗកងទ័ពខ្មែរចំនួន៣នាក់ចង់ទិញអំពូលសឡា ហើយប្ដីខ្ញុំបាននាំបងៗកងទ័ពទាំងនោះមកតូបលក់អំពូលសឡា ដែលជាតូបបងប្រុសខ្ញុំ (ឌុច ប៉ាង) ស្ថិតនៅជាប់ផ្ទះខ្ញុំ។ ពេលមកដល់ ប្ដីខ្ញុំបានឈប់ម៉ូតូនៅមុខតូបបងប្រុសខ្ញុំ ភ្លាមៗនោះស្រាប់តែមានគ្រាប់ប្លោងរបស់ទាហានថៃបានធ្លាប់មកចំកណ្ដាលផ្លូវ នៅខាងមុខតូបបងប្រុសខ្ញុំ ជាហេតុធ្វើឱ្យប្ដីខ្ញុំត្រូវអំបែងគ្រាប់ផ្លោងសុះខ្លួនតែម្តង។
ពេលខ្ញុំបានឮដំណឹងនេះខ្ញុំស្លុតចិត្តខាងំងណាស់ ហើយកាន់តែរន្ធត់ខ្លាំងថែមទៀត។ នៅខណៈពេលខ្ញុំកំពុងតែរៀបចំអីវ៉ា់ន់ដើម្បីទៅមើលប្តីនៅមន្ទីរពេទ្យចុងកាល់ ខ្ញុំបានទទួលដឹណឹងថា ប្តីខ្ញុំបានស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យបាត់ទៅហើយ។ នៅវេលាម៉ោងប្រហែល៧យប់ថ្ងៃដដែល សពប្ដីខ្ញុំត្រូវបានបញ្ជូនមកជំរំជនភៀសសឹកក្នុងវត្តគោកប៉ាទ្រី ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា។ ចំណែកពិធីបុណ្យគម្រប់៧ថ្ងៃ ខ្ញុំមិនបានរៀបចំពិធីបុណ្យឱ្យសមរម្យជូនប្ដីខ្ញុំទេ ខ្ញុំគ្រាន់តែធ្វើបាយម្ហូបយកទៅវត្តប៉ុណ្ណោះ។
នៅថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២៥ ទើបខ្ញុំ និងកូនៗត្រឡប់មកផ្ទះវិញ។ អ្វីដែលខ្ញុំចង់ចាំពីប្ដីខ្ញុំ គឺគាត់ជាមនុស្សស្លូតបូត មិនដែលឈ្លោះជាមួយខ្ញុំទេ។ ប្ដីខ្ញុំឱ្យតម្លៃខ្ញុំជាប្រពន្ធណាស់។ ប្ដីខ្ញុំតែងតែជួយខ្ញុំ នៅពេលខ្ញុំត្រូវការអ្វីមួយ។ ប្ដីខ្ញុំតែងទូន្មានកូនឱ្យខំប្រឹងរៀន ពីព្រោះប្ដីខ្ញុំចង់ឱ្យកូនធ្វើជាប៉ូលីសដូចគាត់ដែរ។ ប្ដីខ្ញុំមានបំណងចង់ទិញរថយន្តមួយគ្រឿងសម្រាប់ខ្ញុំ និងកូន ប៉ុន្តែប្ដីខ្ញុំមិនទាន់បានសម្រេចបំណង ឥឡូវគាត់បានលាចាកលោកហើយ។
ទាហានថៃបានបង្កសង្រ្គាមក្នុងគោលបំណងចង់បានទឹកដីខ្មែរ បានធ្វើឱ្យប្ដីខ្ញុំស្លាប់ ហើយខ្ញុំប្រែជាស្រ្តីមេម៉ាយ កូនខ្ញុំកំព្រាឪពុក និងបាត់បង់ភាពកក់ក្កៅក្នុងគ្រួសារ។ ខ្ញុំពិតជាចង់បានយុត្តិធម៌សម្រាប់ប្ដីខ្ញុំណាស់ និងចង់ឱ្យទាហានថៃទទួលខុសត្រូវនូវអ្វីដែលខ្លួនបានបង្កឡើង។ ខ្ញុំបានបាត់បង់ប្តីជាទីស្រលាញ់ និងខូចខាតទ្រព្យសម្បត្តិដែលបានខិតខំរកជាយូឆ្នាំមកហើយ។
អត្ថបទ ៖ គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា





