អ្នកស្រី ជា ធីតា ទើបប្រទះឃើញអដ្ឋិធាតុរបស់ប្តីឈ្មោះ អ៊ឹង សុខា ជាថ្មីវិញបន្ទាប់ពីបាត់បង់អស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។ អដ្ឋិធាតុនេះគឺជាអដ្ឋិធាតុមួយនៅក្នុងហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) ដែលមានកោដ្ឋសរុបចំនួន៤៦៤ រក្សានៅវត្តលង្កា រៀបចំទុកដាក់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ កោដ្ឋទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៧០ ឆ្នាំ១៩៨០ និង ឆ្នាំ១៩៩០។
អ្នកស្រី ជា ធីតា បានរៀបរាប់ថា ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំឈ្មោះ អ៊ឹង សុខា នៅឆ្នាំ១៩៨១។ ប្តីរបស់ខ្ញុំមានតួនាទីជាប្រធានមន្ទីរ វិទ្យុជាតិ នៅទីក្រុងភ្នំពេញ។ ប្តីរបស់ខ្ញុំមានស្រុកកំណើតនៅភូមិចាអោ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ខ្ញុំរួមរស់ជាមួយប្ដីខ្ញុំបានរយៈពេល៣ឆ្នាំ ទើបខ្ញុំសម្រាលបានកូនស្រីម្នាក់។ នៅឆ្នាំ១៩៨៤ ប្ដីរបស់ខ្ញុំជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសប៊ុលហ្ការី ចំណែកខ្ញុំត្រូវនៅមើលថែកូនតូចរបស់ខ្ញុំនៅទីក្រុងភ្នំពេញ។
នៅចុងឆ្នាំ១៩៨៧ ខ្ញុំទទួលដំណឹងថាប្ដីរបស់ខ្ញុំបានស្លាប់នៅប្រទេសប៊ុលហ្ការី ដោយគ្រោះថ្នាក់ក្នុងពេលជិះរថភ្លើង ហើយកាលនោះគាត់មានអាយុ៣១ឆ្នាំ។ ប្តីរបស់ខ្ញុំរៀនមិនទាន់ចប់ទេ។ បន្ទាប់ពីទទួលដំណឹងពីការស្លាប់របស់ប្តីខ្ញុំ ខ្ញុំបានស្នើទៅអង្គភាពវិទ្យុជាតិ សុំឱ្យជួយរៀបចំដឹកសាកសពប្ដីរបស់ខ្ញុំត្រឡប់មកស្រុកកំណើតវិញ តាមជើងយន្តហោះមកកាន់ក្រុងភ្នំពេញ។ នៅដើមឆ្នាំ១៩៨៨ សពប្ដីរបស់ខ្ញុំបានដល់មកទីក្រុងភ្នំពេញ។ ខ្ញុំនិងក្រុមការងារនៅវិទ្យុជាតិ បានរៀបចំធ្វើពិធីបុណ្យសពប្តីរបស់ខ្ញុំតាមប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅផ្ទះឪពុកម្តាយខ្ញុំ ម្ដុំផ្សារស៊ីឡឹប។ បន្ទាប់មក សពប្ដីរបស់ខ្ញុំត្រូវដង្ហែរទៅបូជានៅវត្តលង្កា ក្នុងទីក្រុងភ្នំពេញ។ ក្រោយពីបូជាសពរួចរាល់ ក្រុមគ្រួសារខ្ញុំបានរៀបចំទុកដាក់ធាតុប្ដីរបស់ខ្ញុំនៅក្នុងកោដ្ឋ ដោយមានបិតភ្ជាប់រូបថតប្តីរបស់ខ្ញុំមួយសន្លឹក និងមានប្រអប់កញ្ចក់ការពារពីលើមួយជាន់ទៀត។ ខ្ញុំនិងក្រុមគ្រួសារបានផ្ញើធាតុប្តីរបស់ខ្ញុំជាមួយព្រះសង្ឃគង់នៅវត្តលង្កា។
នៅឆ្នាំ១៩៩៧ ខ្ញុំមានបំណងទៅទទួលអដ្ឋិធាតុប្ដីរបស់ខ្ញុំយកទៅបញ្ចុះឯស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំវិញ។ ប៉ុន្ដែខ្ញុំស្វែងរកធាតុប្ដីខ្ញុំមិនឃើញទាល់តែសោះ ដោយសារទីតាំងតម្កល់អដ្ឋិធាតុប្តីរបស់ខ្ញុំត្រូវបានរុះរើប្ដូរទីតាំងជាច្រើនលើក។ នៅឆ្នាំ២០០០ ខ្ញុំសម្រេចចិត្តទៅស្វែងរកអដ្ឋិធាតុប្តីរបស់ខ្ញុំម្ដងទៀត ប៉ុន្ដែនៅតែរកមិនឃើញ។ ហេតុនេះ ខ្ញុំបានរៀបចំពិធីឧបកិច្ចដោយកើបដីក្នុងវត្តលង្កាមួយក្តាប់តំណាងធាតុប្ដីរបស់ខ្ញុំ ដើម្បីយកទៅបញ្ចុះក្នុងផ្នូរនៅស្រុកកំណើត។
នៅខែធ្នូ ឆ្នាំ២០២៥ កន្លងមក ខ្ញុំបានធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅវត្តលង្កា។ ខ្ញុំបានជួបព្រះអង្គ ចាន់ ហើយព្រះអង្គមានសង្ឃដីកាប្រាប់ខ្ញុំអំពី ហោអដ្ឋិធាតុ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំឡើងសម្រាប់តម្កល់អដ្ឋិធាតុអ្នកដែលបានទទួលមរណកាលទៅ ឱ្យមានសណ្ដាប់ធ្នាប់ និងងាយស្រួលសម្រាប់សាច់ញាតិស្វែងរក។
នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបានមកជួបព្រះបវរសត្ថា ហួរ សារិទ្ធិ ជាព្រះចៅអធិការរងវត្តលង្កា ព្រះកុសុមារាម ដើម្បីស្វែងរកអដ្ឋិធាតុប្តីរបស់ខ្ញុំនៅ ហោអដ្ឋិធាតុ វត្តលង្កា ដែលព្រះអង្គ ចាន់ បានប្រាប់ខ្ញុំកន្លងមក។ ព្រះបវរសត្ថា ហួរ សារិទ្ធិ បានទាក់ទងទៅលោក រស់ សំពៅ ប្រធានហោអដ្ឋិធាតុនៃមជ្ឈមណ្ឌលឯកសារកម្ពុជាអំពីព័ត៌មាននេះ។ លោក រស់ សំពៅ បានយកសៀវភៅបញ្ជីឈ្មោះអដ្ឋិធាតុដែលបានស្រាវជ្រាវ និងចងក្រងទុក មកឱ្យខ្ញុំពិនិត្យ ទើបខ្ញុំរកឃើញឈ្មោះប្តីរបស់ខ្ញុំ អ៊ឹង សុខា ពិតប្រាកដមែននៅលេខរៀង២០៧។ ខ្ញុំបានស្នើសុំពីមជ្ឈមណ្ឌលឯកសារកម្ពុជារួចហើយ ខ្ញុំនឹងមកទទួលអដ្ឋិធាតុប្តីរបស់ខ្ញុំទៅបញ្ចុះនៅឯស្រុកកំណើត នៅចុងឆ្នាំ២០២៦។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា










