ថៃចុះបញ្ជីប្រាសាទបុរាណខ្មែរជារបស់ខ្លួនដោយខុសច្បាប់

រដ្ឋាភិបាលថៃបានយកក្បួនយុទ្ធសាស្ត្រចាស់ ដែលធ្លាប់ប្រតិបត្តិក្នុងពេលសង្គ្រាមឈ្លានពាននានាពីអតីតកាល ជាពិសេសគឺនៅក្នុងសម័យសង្គ្រាមលោកលើកទី២មកអនុវត្តសាជាថ្មី។ ក្បួនយុទ្ធសាស្ត្របែបនេះ ត្រូវបានប្រើប្រាស់នាពេលដែលក្រុមមហាអំណាចជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ រឹបអូសយកទីតាំងវប្បធម៌នានា ព្រមទាំងដកហូតយកវត្ថុបុរាណ និងទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ក្នុងគោលបំណងដើម្បីកេងប្រវ័ញ្ច ស្វែងរកប្រាក់ចំណេញក៏ដូចជាដើម្បីគាំទ្រដល់ទ្រឹស្តីប្រវត្តិសាស្ត្រផ្នែកនយោបាយ និងវប្បធម៌។

ទោះបីជាយ៉ាងនេះក៏ដោយ វាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយ ដោយស្ថិតនៅក្នុងសម័យទំនើបទៅហើយ ប្រទេសថៃហ៊ានជ្រុលក្នុងការចាត់បញ្ចូលទីតាំងបេតិកភណ្ឌវប្បធម៌របស់ខ្មែរជារបស់ខ្លួនទៅវិញ បើទោះ​បីជាក្បួនយុទ្ធសាស្ត្ររបស់ខ្លួនធ្លាប់មានឈ្មោះអសោចនៅក្នុងប្រវត្តិសាស្ត្រយ៉ាងណាក្ដី។ ខ្ញុំយល់ថា នាយកដ្ឋានវិចិត្រសិល្បៈថៃ ប្រហែលជាបានមើលរំលងនូវកាលៈទេសៈនេះ ឬមួយក៏ប្រហែលជាមានជំនឿថាទង្វើខុសឆ្គងនេះនឹងត្រូវទទួលយកដោយប្រទេសកម្ពុជា និងពិភពលោក។

នាយកដ្ឋានវិចិត្រសិល្បៈថៃ គួរតែពិចារណាឡើងវិញនូវសកម្មភាពរបស់ខ្លួនទើបជាការប្រសើរ ព្រោះថាគ្មានទង្វើក្បត់ឧត្តមគតិណាដែលធ្ងន់ធ្ងរជាងការដែលស្ថាប័នវប្បធម៌របស់ប្រទេសមួយ បែរជាមានចេតនាដកហូតកេងប្រវ័ញ្ច ឬបំផ្លាញតម្លៃវត្ថុបុរាណវប្បធម៌ ដែលខ្លួនបានស្បថថានឹងថែរក្សានិងការពារនោះឡើយ មិនថាជាសម្បត្តិរបស់ជាតិសាសន៍ណាមួយនោះទេ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖