នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម ត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ចំនួន៣ថ្នាក់ ដែលមានសិស្សចូលរួមសរុបប្រមាណ១៦០នាក់ នៃវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅសាលប្រជុំនៃវិទ្យាល័យ។ វេទិកាថ្នាក់រៀននេះ រៀបចំដោយគ្រូឧទ្ទេស សម វិចិត្រ និងជានាយករងវិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ខេត្តកណ្តាល។
គោលបំណងនៃវេទិកាថ្នាក់រៀននេះ គឺចង់ឱ្យសិស្សានុសិស្សយល់ដឹងពីព្រឹត្តិការណ៍ពិតដែលបានកើតឡើង មុន និងក្រោយការដួលរលំនៃរបបខ្មែរក្រហម, ទិដ្ឋភាពជាក់ស្តែងនៅក្នុងមន្ទីរស-២១ នាឆ្នាំ១៩៧៩ និង «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
កន្លងមក សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ស្អាង ធ្លាប់បានចូលរួមដំណើរទស្សនកិច្ចសិក្សានៅទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯករួចមកហើយ។ ទោះជាយ៉ាងណា ទស្សនកិច្ចសិក្សានោះមិនទាន់បានឆ្លើយតបនូវចម្ងល់ទាំងអស់របស់សិស្សានុសិស្សទេ។ ហេតុដូចនេះហើយ ទើបមានការរៀបចំសកម្មភាពវេទិកាថ្នាក់រៀនពីរបបខ្មែរក្រហមម្តងទៀត ដើម្បីឆ្លើយតប និងបំពេញបន្ថែមនូវចំណេះដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
ការរៀបចំវេទិកាថ្នាក់ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ គឺផ្តោតលើសកម្មភាព៖ ១) ទស្សនាខ្សែភាពយន្តឯកសារ រៀបរាប់អំពីព្រឹត្តិការណ៍នៅក្នុងមន្ទីរស-២១ក្រោយឆ្នាំ១៩៧៩ និងការថែរក្សាភស្តុតាងប្រវត្តិសាស្ត្រទាក់ទងនឹងអំពើប្រល័យពូជសាសន៍ និង ២) ទស្សនាខ្សែភាពយន្តឯកសារ ដែលមានចំណងជើងថា «សាក្សីដំបូង» ដែលបានរៀបរាប់អំពីសមមិត្ត ហូ វ៉ាន់តៃ គឺជាអ្នកថតរូបជនជាតិវៀតណាមដែលបានមកដល់មន្ទីរសន្តិសុខស-២១ នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩ ហើយបានឃើញរឿងដ៏រន្ធត់ដែលកើតឡើងនៅទីនោះ។ នៅក្នុងភាពយន្តឯកសារនេះ បានបង្ហាញអំពីលោក យិន នាន ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តជាច្រើនក្នុងការរក្សាទុកឯកសាររាប់លាន ទាក់ទងនឹងរបបខ្មែរក្រហមសម្រាប់មនុស្សជំនាន់ក្រោយ។
សិស្សានុសិស្ស និងគ្រូឧទ្ទេស បានចំណាយពេលជិតពីរម៉ោងសម្រាប់វេទិកាថ្នាក់រៀនថ្ងៃនេះ។ ចុងក្រោយ គ្រូឧទ្ទេសផ្តល់សេចក្តីសង្ខេបពីខ្សែភាពយន្តឯកសារ និងការពិភាក្សាពីមេរៀន ព្រមទាំងឆ្លើយរាល់ចម្ងល់របស់សិស្សានុសិស្សទាក់ទងវេទិកាថ្នាក់រៀន។
វេទិកាថ្នាក់រៀនទាំងមូលត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ក្រុមគ្រូបង្រៀន ការិយាល័យអប់រំស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីអប់រំ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងអំពើហិង្សា កុំឱ្យឡើងម្តងទៀត។
វេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហម តាមរយៈការបញ្ចាំងខ្សែវីដេអូឯកសារ គឺជាវិធីសាស្ត្របង្រៀនដ៏មានប្រសិទ្ធភាព ក្នុងការជួយឱ្យយុវជនជំនាន់ក្រោយយល់ដឹងពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា។ សកម្មភាពនេះមិនត្រឹមតែជួយឱ្យសិស្សានុសិស្សចងចាំមេរៀនក្នុងថ្នាក់បានល្អតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យសិស្សចង់រៀនសូត្រពីអតីតកាល ដើម្បីចូលរួមទប់ស្កាត់កុំឱ្យអំពើប្រល័យពូជសាសន៍កើតមានជាថ្មីម្តងទៀតនៅក្នុងសង្គមជាតិ។
អត្ថបទ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ







