វេទិកាអប់រំសហគមន៍នៅខេត្តព្រៃវែង ៖ ជីវិតនៅក្រោមរបបខ្មែរក្រហម និងជីវិតបច្ចុប្បន្ន

ពីរថ្ងៃបន្ទាប់ពីខួបលើកទី៤៤ឆ្នាំទិវាជ័យជំនះ៧មករា នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០​២៣នេះ មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានអនុវត្តគម្រោង «វេទិកាអប់រំសហគមន៍» ជា​មួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១០នាក់ដែលត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សនៃអនុវិទ្យាល័យត្រពាំងជ្រែចំនួន១៥នាក់ដែលទំនេរពីការសិក្សា នៅក្នុងបរិវេណវត្តត្រពាំងជ្រែ ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតឲ្យមានកិច្ចសន្ទនាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីខ្មែរក្រហម និងក្មេងជំនាន់ក្រោយ ស្តីអំពី «ទំនាក់ទំនងជីវិតឆ្លងកាត់របបខ្មែរក្រហម និងជីវិតបច្ចុប្បន្ន»។ តាមរយៈប្រធានបទនេះ ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចាប់ផ្តើមអនុវត្តកិច្ចការរបស់ខ្លួន ដោយគ្រាន់តែធ្វើការសម្របសម្រួលចំពោះកិច្ចពិភាក្សាអន្តរជំនាន់លើប្រធានបទខាងលើ តាមជំហានៗដូចខាងក្រោម៖

ជំហានទី១៖ ស្វែងយល់ពីជីវិតសព្វថ្ងៃរបស់ក្មេងៗជំនាន់ក្រោយ និងចំណេះដឹងពីមុនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម

ដំបូងលោក ផេង ពង្សរ៉ាស៊ី បានចាប់ផ្តើមពិភាក្សាជាមួយសិស្សានុសិស្សអំពីជីវិតនៅពេលបច្ចុប្បន្នរបស់ពួកគេ ដោយផ្តោតសំខាន់ទៅការរស់នៅប្រចាំថ្ងៃ ដូចជា ការសិក្សា ការប្រើប្រាស់សម្ភារ រួមមាន ទូរសព្ទ យានជំនិះ ប្រាក់កាស ការប្រើប្រាស់សិទ្ធិ ការដើរហើរ ការហូបចុក និងការស្លៀកពាក់។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានបន្តការពិភាក្សាពីចំណេះដឹងផ្ទាល់ខ្លួនរបស់សិស្សទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈសំណួរបំផុស «តើអ្នកទាំងអស់គ្នា ធ្លាប់បានដឹង និងរៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហមដែរឬទេ?»។ សិស្សខ្លះឆ្លើយថា «ធ្លាប់» ហើយសិស្សខ្លះទៀតឆ្លើយថា «មិនធ្លាប់»។ លោក លោក ផេង ពង្សរ៉ាស៊ី បានសួរបន្តថា «តើអ្នកបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមមកពីណា? នរណាជាអ្នកប្រាប់?»។ មានតែសិស្សានុសិស្សប៉ុន្មាននាក់ប៉ុណ្ណោះនិយាយថាខ្លួន «ធ្លាប់» បានដឹង និងបានឮពីជីដូនជីតានិយាយប្រាប់។ ឧទាហរណ៍ សិស្សប្រុសវ័យ១៣ឆ្នាំម្នាក់បានងើបពីកៅអី ហើយនិយាយថា «ខ្ញុំធ្លាប់បានឮយាយខ្ញុំនិយាយប្រាប់ថា សមាជិកគ្រួសាររបស់គាត់ភាគច្រើនបានស្លាប់ ហើយសមាជិកខ្លះទៀតបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ យាយខ្ញុំនិយាយទៀតថា ដំបូងគឺមានការទម្លាក់គ្រាប់បែក ហើយបន្ទាប់មករបប ប៉ុល ពត ចូលកាន់កាប់ប្រទេស។ ចាប់តាំងពី ប៉ុល ពត ចូលកាន់កាប់ប្រទេសមក ប្រជាជននៅក្នុងភូមិជួបការលំបាកខ្លាំង ដោយត្រូវធ្វើការងារធ្ងន់ និងហូបមិនឆ្អែត»។ ចុងក្រោយ លោក ផេង ពង្សរ៉ាស៊ី បានណែនាំឲ្យសិស្សានុសិស្សទាំងនោះ ស្តាប់រឿងរ៉ាវជីវិតរស់នៅក្រោមរបបខ្មែរក្រហមពីជីដូនជីតាដែលកំពុងតែមានវត្ត​មាន​នៅក្នុងវេទិកានេះ។ សិស្សានុសិស្សទាំងអស់ ក៏ត្រូវបានណែនាំឲ្យផ្តោតការយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការនិយាយរៀបរាប់ និងការចែករំលែកបទពិសោធន៍ពីអ្នកដែលបានឆ្លងកាត់របបខ្មែរក្រហមផ្ទាល់។

ជំហានទី២៖ ក្មេងៗជំនាន់ក្រោយស្វែងយល់ពីការអធិប្បាយត្រួសៗអំពីប្រវត្តិសាស្ត្រខ្មែរក្រហម

ដើម្បីជាចំណេះដឹងខ្លះៗមុននឹងក្មេងៗជំនាន់ក្រោយចូលរួមស្តាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន លោក ផេង ពង្សរ៉ាស៊ី បានអធិប្បាយខ្លះៗអំពីព្រឹត្តិការណ៍ ដែលបានកើតឡើងក្នុងអំឡុងពេលនៃការកាន់កាប់អំណាចរបស់ខ្មែរក្រហមដូចជា ការស្ម័គ្រចិត្តរបស់ប្រជាជនក្នុងការចូលបម្រើបដិវត្តន៍ខ្មែរក្រហម ការរស់នៅក្នុងរបបខ្មែរក្រហម និងទុក្ខលំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ផេង ពង្សរ៉ាស៊ី បានផ្តល់ឱកាសដល់អ្នករស់រានមានជីវិតទាំងអស់លើកឡើងអំពីរឿងហេតុពិតដែលបានកើតឡើងនៅក្នុងមូលដ្ឋានឃុំត្រពាំងស្រែ ដើម្បីជាឧទាហរណ៍បន្ថែមលើព្រឹត្តិការណ៍រួមសំខាន់ៗដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ជាមួយនឹងការលើកឡើងពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្មេងៗជំនាន់ក្រោយបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់ត្រាចូលទៅក្នុងសៀវភៅកំណត់ហេតុរបស់ខ្លួន។

ជំហានទី៣៖ កិច្ចសន្ទនាអន្តរជំនាន់-ក្មេងៗជំនាន់ក្រោយស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហមពីចាស់ៗ

សិស្សានុសិស្សទាំង១៥នាក់ ត្រូវបានបែងចែកជាបីក្រុម។ ចំណែកអ្នករស់រានមានជីវិតទាំង១០នាក់ គឺជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា តើក្រុមសិស្សមួយណាដែលគាត់ចង់ចូលរួមជាមួយ។ ទីបំផុត យើងទទួលបានក្រុមពិភាក្សាអន្តរជំនាន់ចំនួនបីក្រុម ដែលក្រុមនីមួយៗមានការចូលរួមពីសិស្សចំនួនប្រាំនាក់ និងអ្នករស់រានមានជីវិតចំនួនពីបីទៅបួននាក់។ ក្រុមនីមួយៗ ទទួលយកប្រធានបទដូចគ្នាគឺ «ទំនាក់ទំនងជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងជីវិតបច្ចុប្បន្ន» យកទៅពិភាក្សា។ ការពិភាក្សានៅក្នុងក្រុម បានប្រព្រឹត្តទៅតាមការណែនាំ ដូចតទៅ ៖ ១) អ្នករស់រានមានជីវិត គឺជាអ្នកចែករំលែកបទពិសោធន៍របស់ខ្លួនប្រាប់ទៅក្មេងៗ (២) ក្មេងៗស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រាពីព្រឹត្តិការណ៍ដែលខ្លួនបានឈ្វេងយល់ ព្រមទាំងសួរសំណួរផ្សេងៗទាក់ទងនឹងប្រធានបទ។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង គឺជាអ្នកសម្របសម្រួលតាមក្រុមនីមួយៗ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបចេញពីការពិភាក្សាក្រុម។ ចំណែកឯការរៀបរាប់លម្អិត នឹងមាននៅក្នុងរបាយការណ៍រួមស្តីពីសកម្មភាពគម្រោង៖

ក្រុមទី១៖ មានសិស្សានុសិស្សចូលរួមចំនួន៥នាក់ ស្រី៣នាក់ និងអ្នករស់រានមានជីវិតចំនួន៣នាក់។ កិច្ចពិភាក្សាបានចាប់ផ្តើមដោយអ៊ំស្រី ផន ម៉ោ បានរៀបរាប់រឿងរ៉ាវនៅក្នុងឃុំត្រពាំងស្រែ តាំងពីពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ, ការទម្លាក់គ្រាប់បែក និងការជម្លៀសខ្លួនចេញពីភូមិដើម្បីគេចពីការទម្លាក់គ្រាប់។ បន្ថែមលើនេះ អ៊ំស្រី ផន ម៉ោ និងអ៊ំប្រុស វង់ ចក់ បានបង្ហាញអំពីព្រឹត្តិការណ៍នានាដូចជា ការធ្វើការរបស់កុមារនៅក្នុងសហករណ៍ ការហូបអាហារ ការស្លៀកពាក់ ការធ្វើការងារ ដោយរួមជាមួយការលើកយកជាឧទាហរណ៍អំពីសកម្មភាពទាំងអស់របស់ខ្លួនដែលបានអនុវត្ត និងឃើញជាក់ស្ដែង។ ចុងក្រោយ អ៊ំប្រុស សុខ មឿន បានធ្វើការសង្ខេបចំណុចទាំងអស់នេះឡើងវិញ មុននឹងសិស្សា​នុសិស្សនៅក្នុងក្រុម១ឡើងទៅធ្វើបទបង្ហាញអំពីចំណេះដឹងដែលខ្លួនទទួលបាន។ ខាងក្រោមនេះគឺជាចំណេះដឹងរបស់ក្រុមទី១ ទទួលបាន ៖

ក្រោយពីការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្រុមទី១ទទួលបានចំណេះដឹងអំពីព្រឹត្តិការណ៍សំខាន់ៗចំនួន៣គឺ ទី១) ការទម្លាក់គ្រាប់បែករបស់ លន់ នល់ ទី២) ការរត់ចូលព្រៃ និង ទី៣) ការធ្វើការហួសកម្លាំង។ ត្រង់ចំណុចនេះ សិស្សានុសិស្សក្នុងក្រុមទី១បានដឹងថានៅក្នុងរបប លន់ នល់ នៅក្នុងស្រុកភូមិរបស់ខ្លួនរស់នៅមានការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែល លន់ នល់ បានពឹងឲ្យជួយ។ ដូច្នេះនៅពេលមានការទម្លាក់គ្រាប់​បែក ប្រជាជនបានរត់គេចចូលព្រៃដើម្បីចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម។ បន្ទាប់ពីបដិវត្តន៍ខ្មែរក្រហមទទួលបានជោគជ័យ ប្រជាជនទាំងអស់ចាប់ផ្ដើមធ្វើការហួសកម្លាំង និងសម្រាកមិនគ្រប់គ្រាន់។ នៅក្នុងក្រុមទី១ដដែល សិស្សានុសិស្សបានបង្ហាញអំពីអារម្មណ៍អាណិតអាសូរ និងសោកស្ដាយដែលលោកតាលោកយាយនៅរស់ជីវិតពីរបបខ្មែរក្រហមជួបរឿងឃោរឃៅមួយនេះ។

ក្រុមទី២ ៖ មានសិស្សានុសិស្សចំនួន៥នាក់ ក្នុងនោះមានប្រុស២នាក់ និងមានអ៊ំចាស់ៗចំនួន៤នាក់។ នៅក្នុងក្រុមទី២ អ៊ំ ប៊ូ សន បាននិយាយថា ខ្មែរក្រហមទទួលបានជ័យជម្នះនៅឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជោគជ័យ ខ្មែរក្រហមបានជម្លៀសប្រជាជនទៅតាមទីជនបទដើម្បីធ្វើស្រែ។ នៅឆ្នាំ១៩៧៧ នៅក្នុងភូមិខ្មែរក្រហមចាប់ផ្ដើមបង្កើតក្រុមនារីដើម្បីធ្វើការងារធ្ងន់ៗ។ ក្រោយមកទៀត គ្រួសាររបស់លោកយាយ ប៊ូ សន ត្រូវបានកម្មាភិបាលខ្មែរក្រហមជម្លៀសទៅខេត្តពោធិ៍សាត់ និងបានសម្លាប់សមាជិក្នុងគ្រួសាររបស់គាត់អស់ជាច្រើននាក់។

ចំណែកលោកយាយ សាំង ហ៊ាត បាននិយាយថា នៅក្នុងសម័យខ្មែរក្រហមអង្គការបានជម្លៀសគ្រួសាររបស់គាត់ទៅស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅទីនោះ កម្មាភិបាលខ្មែរក្រហមតូចៗមួយក្រុម បានមកចាប់គ្រួសាររបស់គាត់ទៅសម្លាប់ចោល។ មុនដំបូងក្រុមឈ្លបមកចាប់ចង ឪពុក និងបងប្អូនរបស់គាត់បណ្តើរទៅមួយខ្សែដែលមានចំនួន៥នាក់។ ក្រោយមកទៀតអង្គការបានមកចាប់ម្ដាយរបស់គាត់បន្តទៀត។ ឃើញដូច្នេះគាត់បានសម្រេចចិត្តរត់គេចចេញពីទីកន្លែងនោះដើម្បីឲ្យខ្មែរក្រហមបាញ់សម្លាប់ ព្រោះគាត់គិតថា បើឲ្យឈ្លបខ្មែរក្រហមយកកាំបិទអាក ឬ យកដំបង និងដងចបវាយគាត់ទម្លាក់ចូលក្នុងរណ្ដៅនឹងធ្វើឲ្យគាត់ឈឺចាប់យូរ។ អំឡុងពេលគាត់រត់ចេញពីកង កងឈ្លបមិនឃើញគាត់ទេ ព្រោះគាត់នៅតូចនៅឡើយ។ គាត់បានបន្តរត់ទៅមុខទៀត និងបានឃើញរណ្ដៅដែលមានសាកសពជាច្រើន។ គាត់បានរើសយកខោអាវអ្នកដែលស្លាប់ក្នុងរណ្ដៅមកពាក់។

តមកយាយ ទន់ អ៊ាង បានរៀបរាប់ថា គ្រួសារប្អូនរបស់គាត់ក៏ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តពោធិ៍សាត់ដែរ។ នៅទីនោះ ប្អូនស្រីរបស់គាត់ដែលមានផ្ទៃពោះ៩ខែទៅហើយ ត្រូវបានអង្គការយកទៅសម្លាប់ចោលជាមួយប្ដី។ ចំណែកមួយគ្រួសារផ្សេងទៀត នៅក្បែរគ្នានោះ ប្រពន្ធមានផ្ទៃពោះ៩ខែដែរ ក៏ត្រូវបានកងឈ្លបយកទៅសម្លាប់ចោលដូចគ្នា។ ចំពោះការសម្លាប់មនុស្ស អង្គការយកកាំបិទកាប់ ឬដំបងវាយទម្លាក់ចូលក្នុងរណ្ដៅដើម្បីកប់។

បន្ទាប់ពីចប់ការរៀបរាប់ ក្រុមទី២ បានរៀនអំពីព្រឹត្តិការណ៍សំខាន់ៗ ដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុងទៅតាមទីជនបទ ការបង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំង ការសម្លាប់សមាជិកនៅក្នុងគ្រួសារដោយមិនលើកលែងសូម្បីកូនក្មេង។ បន្ថែមលើនេះ ក៏មានការសម្លាប់ប្រជាជននៅខាងខេត្តពោធិ៍សាត់ជាច្រើនគ្រួសារ បើទោះបីជាស្រ្តីមានផ្ទៃពោះជិតគ្រប់ខែក៏ដោយ។

ក្រុមទី៣៖ មានសិស្សានុសិស្សចំនួន៥នាក់ ក្នុងនោះមានសិស្សប្រុស៣នាក់ និងមានចាស់ៗនៅក្នុងភូមិចំនួន៣នាក់។ នៅក្នុងក្រុមទី៣ ចាស់ៗនៅក្នុងភូមិបានរៀបរាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ នៅក្នុងឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារសម្ដេចព្រះ នរោត្តម សីហនុ។ ចាប់ពីពេលនោះមកមានសង្គ្រាមជាប់រហូតដល់ឆ្នាំ១៩៧៥។ ការធ្វើសង្គ្រាមគឺ លន់ នល់ បានពឹងវៀតណាមខាងត្បូងឲ្យជួយ ហើយសម្ដេចព្រះ សីហនុ បានពឹងវៀតណាមខាងជើង។ នៅពេលយួនវៀតណាមខាងត្បូងចូលមកដល់បានធ្វើបាបប្រជាជនខ្មែរ ធ្វើបាបអ្នកស្រុក រំលោភស្រីក្រមុំ ហើយពេលខ្លះសម្លាប់ស្រ្តីទាំងនោះទៀតផង។ ចាប់តាំងពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឲ្យប្រជាជនស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដើម្បីបញ្ជាក់ថាពណ៌នេះគឺជាពណ៌តំណាងឲ្យទាសករ។ ប៉ុន្តែខ្មែរក្រហមបែរជាប្រាប់ប្រជាជនថាដើម្បីសម្គាល់ថាជាកសិករបរិសុទ្ធ។ បន្ទាប់ពីចប់ការរៀប​រាប់របស់ចាស់ៗ សិស្សានុសិស្សបានដឹងថា នៅឆ្នាំ១៩៧០ មានសង្គ្រាមកើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីវៀតណាមខាងជើង និងខាងត្បូង។ ប្រជាជនរស់នៅ លំបាកវេទនាដោយសារសង្គ្រាម។ ក្រោយពីរបប លន់ នល់ ដួលរលំ នៅឆ្នាំ១៩៧៥ ប្រជាជនកាន់តែលំបាកវេទនា ព្រោះប្រជាជនគ្មានសិទ្ធសេរីភាពទាំងអស់សូម្បីតែការស្លៀកពាក់។ ប្រជាជនមួយចំនួនត្រូវបានអង្គការចោទថាក្បត់ ឬក៏សន្តិសម្ព័ន្ធ ហើយអ្នកដែលអង្គការចោទប្រកាន់ គឺភាគច្រើនត្រូវបានយកទៅសម្លាប់ចោល។

ជំហានទី៤៖ ជីវិតក្រោយរបបខ្មែរក្រហម និងការអភិវឌ្ឍភូមិឃុំ

បន្ទាប់ពីរយៈពេល៤៤ឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំ អ្នករស់រានមានជីវិតភាគច្រើនបានឈានចូលដល់ វ័យចាស់ជរា និងមានជំងឺជាប់ខ្លួន។ តាមរយៈការសាកសួរពីក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង យើងបានស្តាប់ឮផ្ទាល់នឹងត្រចៀកថា ភាគច្រើននៃអ្នកចូលរួមនៅក្នុងវេទិកាអប់រំសហគមន៍ មានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ដុំគីស និងសន្លាក់។ អ្នករស់រានមានជីវិតជាស្ត្រីចំនួនពីរនាក់បាននិយាយថា ខ្លួនធ្លាប់វះកាត់ច្រើនលើកដោយសារជំងឺគីស។ អ្នករស់រានមានជីវិតជាបុរសៗពីរបីនាក់ បានត្អូញត្អែរពីជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលកំពុងញុំាញីជីវិតរបស់គាត់។ លោក ផេង ពង្សរ៉ាស៊ី បានប្រាប់អ្នកអ្នករស់រានជីវិតពីរបបខ្មែរក្រហមពីការបោះពុម្ពកូនសៀវភៅ ណែនាំអំពីសុខភាព ដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចប្រើប្រាស់សម្រាប់ការថែទាំសុខភាពរបស់ខ្លួន ដែលកូនសៀវភៅនេះនឹងចងក្រងរួចរាល់ក្នុងពេលឆាប់ៗនេះ។ ទាក់ទងនឹងការអភិវឌ្ឍភូមិឃុំ អ្នករស់រានមានជីវិតទាំងអស់បានត្អូញត្អែរពីការឡើងថ្លៃទំនិញ។ ទោះបីយ៉ាងណា មេភូមិនិងសមាជិកក្រុមប្រឹក្សាឃុំត្រពាំងស្រែ បានឲ្យដឹងពីការអភិវឌ្ឍផ្លូវ និងប្រព័ន្ធទំនប់ប្រឡាយ ដែលជាតម្រូវការចំាបាច់បំផុតរបស់ប្រជាជនក្នុងមូលដ្ឋាន។

ជំហានទី៥៖ ស្វែងយល់ពីចំណាប់អារម្មណ៍របស់អ្នកចូលរួម និងការចុះទៅកាន់គេហដ្ឋានផ្ទាល់របស់អ្នករស់រានមានជីវិត

នេះជាជំហាននៃការវាយតម្លៃលើដំណើរការវេទិកាអប់រំសហគមន៍របស់យើង។ ក្រុមការងារបានទៅជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតចំនួន៣នាក់ ដើម្បីស្នើសុំការចែករំលែករឿងរ៉ាវជីវិតលម្អិតឆ្លងកាត់របបខ្មែរក្រហម និងសាកសួរពីមិតយោបល់របស់គាត់ចំពោះការវាយតម្លៃសកម្មភាពវេទិកាថ្នាក់រៀនកាលពីម្សិលមិញ ក៏ដូចជាស្នើសុំយោបល់សម្រាប់ការអភិវឌ្ឍវេទិកានេះនាពេលអនាគត។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖