ខ្ញុំឈ្មោះ ផ្លុង សឿន ភេទប្រុស អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំគឺជាកូនកសិករនិងមានបងប្អូនចំនួន៥នាក់។ ខ្ញុំគឺជាកូនទី៣នៅក្នុងចំណោមបងប្អូនរបស់ខ្ញុំ។ នៅអាយុ១៣ឆ្នាំ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាពន្លៃ។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៤ខ្ញុំ ក៏ឈប់រៀនដោយសារ កើតមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ និងកើតមានចលាចលនៅក្នុងស្រុកភូមិ។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងរដ្ឋការ លន់ នល់ និងក្រុមខ្មែររំដោះ (ខ្មែរក្រហម) ក៏ចាប់ផ្តើមផ្ទុះឡើងជាបន្តបន្ទាប់។ នៅអំឡុងពេលនោះ ផ្ទះសម្បែង ផលដំណាំ មាន់ ទា ជ្រូក គោ ក្របី របស់ប្រជាជននៅក្នុងភូមិត្រូវឆេះ បាក់បែក និងងាប់អស់ជាច្រើនក្បាល។
មកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានយកឈ្នះទៅលើរបប លន់ នល់ ទាំងស្រុង ចំណែក លន់ នល់ បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក។ ចាប់តាំងពីថ្ងៃនោះមក ខ្មែរក្រហមចាប់ផ្តើមកាន់អំណាច និងគ្រប់គ្រងប្រជាជនទាំងអស់នៅក្នុងប្រទេស។ បន្ទាប់មក ខ្មែរក្រហមបានដាក់ផែនការឲ្យប្រជាជនធ្វើការហួសកម្លាំង និងមិនឲ្យហូបចុកគ្រប់គ្រាន់ឡើយ។ ចំណែកខ្ញុំត្រូវប្រធានសហករណ៍ប្រើឲ្យទៅរែកសំណាបឲ្យប្រជាជនស្ទូង ក្នុងមួយថ្ងៃឲ្យបានចំនួន២០០កណ្តាប់។ ប៉ុន្តែខ្ញុំត្រូវដើរប្រមាណ២គីឡូពីកន្លែងសំណាប ទៅដល់កន្លែងស្ទូង។
មួយរយៈក្រោយមក មេកងខ្មែរក្រហមឈ្មោះ ដេត រៀបចំផ្លាស់ខ្ញុំចេញពីស្រុកមេសាង ឲ្យទៅ ឈើកាច់បាភ្នំដើម្បីជីកព្រែកនៅទីនោះ ប៉ុន្តែខ្ញុំសុំអនុញ្ញាតពីកម្មាភិបាលខ្មែរក្រហមនៅធ្វើការនៅក្នុងស្រុកមេសាងដដែល ពីព្រោះឪពុករបស់ខ្ញុំកំពុងឈឺ ចំណែកបងស្រីពីនាក់ទៀតរបស់ខ្ញុំបានស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺ។ កម្មាភិបាលខ្មែរក្រហមបានយល់ព្រមតាមសំណើររបស់ខ្ញុំ និងបានចាត់តាំងអ្នកផ្សេងដែលនៅក្នុងក្រុមជាមួយខ្ញុំ ឲ្យទៅជីកព្រែកនៅឈើកាច់បាភ្នំជំនួសខ្ញុំវិញ ហើយមួយឆ្នាំក្រោយមក គាត់ក៏បានវិលត្រឡប់មកវិញ ហើយមកធ្វើការងារជាមួយក្រុមរបស់ខ្ញុំនៅស្រុកមេសាងដដែល។
នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀសប្រជាជននៅក្នុងភូមិឃុំ រួមទាំងគ្រួសាររបស់ខ្ញុំឲ្យទៅកាន់ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខ្ញុំនិងគ្រួសារបានដើរមកដល់ឈើកាច់បាភ្នំ ក៏នាំគ្នាត្រឡប់មកភូមិកំណើតវិញ ព្រោះខ្ញុំដឹងថាកងទ័ពរណសិរ្សសាគ្គីសង្រ្គោះជាតិកម្ពុជាបានចូលមករំដោះប្រជាជនកម្ពុជាហើយ។ ពេលមកផ្ទះ ខ្ញុំនិងក្រុមគ្រួសារ ព្រមទាំងប្រជាជននៅក្នុងភូមិបាននាំគ្នាទៅច្រូតយកស្រូវយកមកទុក និងចែកគ្នាហូប។ រឿងរ៉ាវទាំងនេះខ្ញុំនៅតែចងចាំរហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ ភួង សុខថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង