ខ្ញុំឈ្មោះ ស៊ុំ សំអឿន អាយុ៧២ឆ្នាំ សព្វថ្ងៃខ្ញុំមានតួនាទីជាប្រធានប្រជាការពារភូមិនៅក្នុងឃុំលាយបូរ។ ខ្ញុំមានស្រុកកំណើតនៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ដុំ ស៊ុំ (ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៧៣) និងម្ដាយឈ្មោះ ប៉ែន សៀង។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ គឺស្រី៣នាក់ និងប្រុស៣នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ បច្ចុប្បន្នខ្ញុំមានប្រពន្ធឈ្មោះ ប៉ា សុខន និងមានកូនចំនួន៦នាក់។
កាលវ័យកុមារ ខ្ញុំចូលរៀននៅសាលាអង្គមេត្រីបានរយៈពេលបីឆ្នាំ។ បន្ទាប់មក ខ្ញុំបានប្តូរទៅរៀននៅសាលាព្រែកសង្កែ ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារពូរបស់ខ្ញុំគឺជាគ្រូបង្រៀន ហើយយកខ្ញុំទៅនៅជាមួយគាត់។ ខ្ញុំបានរៀននៅសាលាព្រែកសង្កែបានរយៈពេលមួយឆ្នាំ ក៏ប្ដូរទៅរៀននៅសាលាព្រែកកក់បានរយៈពេលមួយឆ្នាំទៀត។ តមក ខ្ញុំបានផ្ទេរមករៀននៅសាលាស្ថិតនៅក្នុងភូមិខ្សាច់ប្រឆេះ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ខ្ញុំរៀនដល់ថ្នាក់ទី៣ចាស់។ នៅឆ្នាំ១៩៧០ ខ្ញុំបានត្រឡប់មកខេត្តតាកែវវិញ ហើយបានប្រឡងជាប់សញ្ញាបត្រឌីប្លូម។
នៅឆ្នាំ១៩៧០ ដដែល ខ្ញុំបានឡើងទៅភ្នំពេញ និងបានចូលធ្វើជាប៉ូលិស។ ខ្ញុំត្រូវបានរដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ប្រើឲ្យរៀបចំសណ្ដាប់ធ្នាប់នៅក្នុងទីក្រុងភ្នំពេញ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានបញ្ជាខ្ញុំនិងអ្នកឯទៀតដែលធ្វើជាប៉ូលិសឲ្យដោះឯកសណ្ឋានប៉ូលិសចេញ។ យោធាខ្មែរក្រហមបានបញ្ជាប្រជាជនឲ្យចាកចេញពីទីក្រុងភ្នំពេញរយៈពេល១០ថ្ងៃប៉ុណ្ណោះ ព្រោះត្រូវរៀបចំទីក្រុងឡើងវិញ។ នៅតាមផ្លូវខ្ញុំប្រទះឃើញសាកសពទាហានជាច្រើនដែលស្លាប់ដោយសារការប្រយុទ្ធគ្នា។ យោធាខ្មែរក្រហមនាំផ្លូវខ្ញុំ និងប្រជាជនឯទៀត និងមិនឲ្យយើងដើរបែកចេញទៅណាឡើយ។
លុះមកដល់ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ខ្មែរក្រហមបានឲ្យយើងដេកជុំគ្នានៅក្នុងវត្តតាសូរ។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យខ្ញុំ និងប្រជាជនជម្លៀសចូលទៅរស់នៅក្នុងភូមិដែលយើងធ្លាប់រស់នៅពីមុនទេ ព្រោះខ្លាចពិបាកគ្រប់គ្រង។ នៅទីនោះ ខ្មែរក្រហមចាត់ទុកខ្ញុំគឺជាប្រជាជនថ្មី និងឲ្យចូលក្នុងកងយុវជន។ ខ្មែរក្រហមបានប្រើខ្ញុំឲ្យធ្វើស្រែ និងរែកដីដំបូក។ បន្ទាប់មក ខ្មែរក្រហម ចាត់តាំងខ្ញុំឲ្យទៅជីកប្រឡាយនៅទំនប់លោករយៈពេលពីរខែ។ តមក ទើបខ្មែរក្រហមផ្លាស់ខ្ញុំឲ្យទៅជីកប្រឡាយនៅខ្ពប់ត្របែក និងភ្ជួរដីនៅចម្ការសៀង។
នៅឆ្នាំ១៩៧៧ ឈ្លបខ្មែរក្រហមបានយកប្អូនបង្កើតរបស់ខ្ញុំម្នាក់ទៅសម្លាប់ចោល ព្រោះប្អូនរបស់ខ្ញុំធ្លាប់ធ្វើជាទាហាន លន់ នល់។ ចំណែកពូរបស់ខ្ញុំក៏ត្រូវកងឈ្លបខ្មែរក្រហមយកទៅសម្លាប់ចោលដែរដោយសារគាត់ធ្លាប់ធ្វើជានាយកសាលា។
នៅរៀងរាល់ថ្ងៃទី១០ និងទី២០ នៃខែនីមួយៗ កម្មាភិបាលខ្មែរក្រហមកោះហៅសមាជិកកងមកប្រជុំនៅវត្តលាយបូរដើម្បីពង្រឹងការងារប្រចាំថ្ងៃ។ នៅពេលប្រជុំម្ដងៗ ចុងភៅធ្វើបង្អែម និងនំឲ្យយើងហូប។
នៅដើមឆ្នាំ១៩៧៩ ខ្ញុំបានរៀបការ។ បន្ទាប់ពីរៀបការរួច ខ្ញុំទៅរស់នៅភូមិប្រាសាទ។ នៅទីនោះ ខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើស្រែចម្ការមិនបានប៉ុន្មានថ្ងៃផង កងទ័ពវៀតណាមបានវាយចូលមករំដោះ និងបានយកខ្ញុំមកភ្នំពេញដើម្បីរៀន «គោលនយោបាយរណសិរ្ស» រយៈពេលជាងមួយខែ។ បន្ទាប់មកពីរៀនចប់ ខ្ញុំបានដើរត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨០ ខ្ញុំបានប្ដូរមករស់នៅភូមិអង្គគគីរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយបានចូលធ្វើជាប៉ូលិស។ នៅឆ្នាំ១៩៩០ អង្គភាពបានបញ្ជូនខ្ញុំទៅវាយតទល់ជាមួយខ្មែរក្រហមក្នុងបេសកម្មក៥ និងបន្សល់ទុកស្នាមរបួសជើង ដៃ និងកញ្ចឹងកមកដល់បច្ចុប្បន្ន។ នៅអំឡុងពេលធ្វើប៉ូលិសខ្ញុំធ្លាប់បានទៅរៀននៅវៀតណាមរយៈពេល៦ខែ និងបានទទួលតួនាទីជាអធិការរងក្រុងដូនកែវ។
អត្ថបទ៖ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ