តក់ ធុន ៖ ទាស់សរសៃដោយសារប្រធានកងប្រើឲ្យកាប់ឧស

ខ្ញុំឈ្មោះ តក់ ធុន អាយុ៨២ឆ្នាំ រស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ កុយ តុញ និងម្ដាយឈ្មោះ គី ព្រមទាំងមានបងប្អូនបង្កើតចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៤នាក់។ កាលពីដើម ខ្ញុំមិនបានសិក្សារៀនសូត្រដូចកុមារដទៃនៅក្នុងភូមិទេ ដោយសារតែជីវភាពគ្រួសាររបស់ខ្ញុំមានការខ្វះខាត។ ខ្ញុំជួយធ្វើកិច្ចការងារផ្ទះ និងជួយដកស្ទូងឪពុកម្តាយ។ នៅពេលខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំឈ្មោះ អិន ថន។ កម្មវិធីរៀបការរបស់ខ្ញុំនៅពេលនោះមានរយៈពេល៣យប់៣ថ្ងៃ។

តក់ ធុន អាយុ៨២ឆ្នាំ រស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

រហូតមកដល់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក៏កើតមានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះ នរោត្តម សីហនុ ដោយលោក លន់ នល់។ ពេលនោះនៅក្នុងស្រុកភូមិរបស់ខ្ញុំក៏ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក។ ថ្ងៃមួយពេល ខ្ញុំនិងគ្រួសាររត់ចូលទៅពួននៅក្នុងត្រង់សេ (លេ​ណដ្ឋាន) ស្រាប់តែមានយន្ដហោះមកទម្លាក់ធុងសាំង (គ្រាប់បែកណាប៉ាល់) ចំត្រង់សេ បណ្តាលឲ្យឆាបឆេះ ប៉ុន្តែមិនបណ្តាលឲ្យខ្ញុំនិងគ្រួសាររងរបួសឡើយ។ នៅពេលដែលខ្ញុំលូនចេញពី ត្រង់សេ ក៏ឃើញផ្ទះរបស់ខ្ញុំត្រូវភ្លើងឆេះស្ទើរគ្មានសល់ឡើយ។ ខ្ញុំនិងគ្រួសារត្រូវទៅរស់នៅតាមវាលស្រែស្ថិតនៅក្នុងភូមិថ្មសិលា។ ចំណែកប្រជាជនខ្លះដែលរស់នៅខាងលិចវត្តបារាច ស្ថិតនៅក្នុងភូមិរបស់ខ្ញុំ បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកនេះ។ មួយរយៈក្រោយមក ខ្ញុំ​និងគ្រួសារបានចូលមករស់នៅក្នុងភូមិឬស្សីស្បាតវិញ។ នៅចុងឆ្នាំ១៩៧៣ សកម្មភាពនៃការទម្លាក់គ្រាប់បែកនេះបានស្ងប់ស្ងាត់ទៅវិញ។ នៅពេលនោះការរស់នៅរបស់ខ្ញុំ និងប្រជាជនដទៃទៀតលែងមានការភ័យខ្លាចដូចពីមុនទៀតហើយ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ ពេលនោះការរស់នៅរបស់ខ្ញុំក៏ដូចប្រជាជនដទៃទៀត មិនទាន់មានការលំបាកទេ។ រយៈពេលប្រហែលជា៦ខែក្រោយ ខ្មែរក្រហមចាប់ផ្ដើមប្រមូលរបស់របរដាក់ជារបស់រួម ព្រមទាំងបានបង្កើតសហករណ៍ និងរោងបាយរួម ។ នៅពេលនោះ ប្រធានកងប្រើខ្ញុំឲ្យធ្វើការងារ ស្ទូង ដក ច្រូតកាត់ មិនដែលមានពេលឈប់សម្រាកឡើយ។ ក្រៅពីការងារដកស្ទូង ប្រធានកងប្រើខ្ញុំឲ្យបុកស្រូវសម្រាប់ត្រៀមបម្រុងទុកហូបនៅក្នុងរដូវវស្សា។ ចំណែកការហូបចុកវិញ គឺចុងភៅមិនដែលឲ្យខ្ញុំហូបឆ្អែតម្ដងណាឡើយ។ ពេលខ្លះ ខ្ញុំបានទៅលួចគាស់ដំឡូងយកមកស្ងោរហូប ដើម្បីបំបាត់ភាពស្រេកឃ្លាន ប៉ុន្តែប្រសិនបើឈ្លបតាមទាន់នឹងយកយើងទៅកសាងមិនខាន។ ពេលវេលាដែលលំបាកបំផុតនៅក្នុងរបបខ្មែរក្រហម គឺពេលដែលខ្ញុំទើបតែសម្រា​លកូនរួច ប្រធានកងបានប្រើខ្ញុំឲ្យទៅកាប់ឧស និងទួលយកមកទុកនៅរោងបាយ បណ្តាលឲ្យខ្ញុំទាស់សរសៃ និងកៅ្តខ្លួនយ៉ាងខ្លាំង។ នៅពេលខ្ញុំកៅ្តខ្លួនមិនបាត់ ទើបប្រធានកងបញ្ជូនខ្ញុំទៅព្យាបាលនៅពេទ្យស្ថិតនៅក្នុងភូមិបារាច ហើយពេលខ្ញុំធូរស្បើយគឺត្រូវមកធ្វើការធម្មតាវិញ។ កាលនោះ ខ្ញុំក៏មានជំងឺប្រចាំកាយដែរ គឺជំងឺវិលមុខជារៀងរាល់ថ្ងៃ ធ្វើឲ្យខ្ញុំមានការលំបាកក្នុងការរស់នៅយ៉ាងខ្លាំង (ប៉ុន្តែក្រោយពេលរបបខ្មែរក្រហមដួលរលំ មានថ្ងៃមួយខ្ញុំបានដើរទៅកាប់ឆ្ការព្រៃ ស្រាប់តែផ្លែត្នោតជ្រុះមកត្រូវចំចិញ្ចើមរបស់ខ្ញុំធ្វើឲ្យជំងឺវិលមុខបាត់ទៅវិញ)។

តក់ ធុន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៩ ខ្ញុំនិងប្រជាជននៅក្នុងភូមិ ត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិសៅ្ត​​ ដោយយើងត្រូវដើររយៈពេល១ថ្ងៃ១យប់ទើបទៅដល់ទីនោះ។ ក្រោយមក កងទ័ពរណសិរ្ស និងកងទ័ពវៀតណាមបានចូលមករំដោះ ទើបខ្ញុំនិងប្រជាជនវិលត្រឡប់មកផ្ទះវិញ។ ក្រោយថ្ងៃរំដោះភ្លាម ការរស់នៅរបស់ខ្ញុំនៅមានការលំបាកខ្លះ ព្រោះមិនទាន់មានសម្ភារប្រើប្រាស់ និងនៅខ្វះខាតស្បៀងអាហារ។ នៅពេលនោះទ្រព្យសម្បត្តិរបស់ខ្ញុំដែលនៅសេសសល់ពីរបបខ្មែរក្រហម គឺមានតែក្របី៣ក្បាលតែប៉ុណ្ណោះ។ ក្រោយមក ខ្ញុំចាប់ផ្ដើមរកស៊ីលក់ដូរ និងដើរទៅរុតត្រីនៅភូមិបាបោងយកមកលក់ដើម្បីផ្គត់ផ្គង់ជីវភាពដែលខ្វះខាតនៅក្នុងគ្រួសារ។ សព្វថ្ងៃទោះបីខ្ញុំមានវ័យចាស់ក៏ដោយក៏ខ្ញុំនៅតែធ្វើការបានធម្មតា។

អត្ថបទ ៖ សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖