ឌឿន គឹមសាន៖ អតីតប្រធានក្រុម នៅការដ្ឋានឆ្ន័ត្រ

ខ្ញុំឈ្មោះ ឌឿន គឹមសាន អាយុ៦៣ឆ្នាំ រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងបច្ចុប្បន្នគឺជាប្រធានភូមិទីប្រាំបី។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ភួង ពៅ និងមានកូនចំនួនបួននាក់។ ឪពុកខ្ញុំឈ្មោះ អៀ សុខាន់ និងម្ដាយឈ្មោះ អែម គឹមអុល។ ខ្ញុំគឺជាកូនទី៧ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ កាលនៅពីក្មេងខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម និងចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មក ខ្ញុំប្ដូរទៅរៀននៅសាលាបឋមសិក្សាទួលថ្មរហូតដល់ថ្នាក់ទី៩។

បន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មផ្ទុះឡើង និងក្បួនបាតុករដង្ហែចូលមកដល់ទីរួមខេត្ត។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាមដដែល ប៉ុន្តែខ្ញុំឈប់រៀនពីព្រោះពេលនោះមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះតែកាន់តែខ្លាំងឡើងៗ។ កងទ័ពរំដោះខ្មែរក្រហមបើកការវាយប្រហារ និងរំកិលចូលមកទីរួមខេត្តកំពង់ចាមបន្តិចម្ដងៗ។ នៅឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបើកការវាយប្រយុទ្ធជាទ្រង់ទ្រាយធំ និងរំដោះតំបន់ជាយទីរួមខេត្តកំពង់ចាម ដែលជាកន្លែងខ្ញុំស្នាក់នៅជាមួយបងស្រី។ ខ្ញុំនិងបងស្រីត្រូវបានជម្លៀសទៅនៅភូមិរកាគយ ក្នុងស្រុកកងមាស។ យើងបានស្នាក់នៅភូមិនេះបានមួយរយៈ។

ឌឿន គឹមសាន អាយុ៦៣ឆ្នាំ បច្ចុប្បន្នជាប្រធានភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ (លី ដេវីដ / នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម)

នៅពាក់កណ្ដាលឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវឡោមព័ទ្ធដោយកងទ័ពរំដោះខ្មែរក្រហម គឺមានតែផ្លូវទឹកប៉ុណ្ណោះដែលជាផ្លូវអាចចូលក្នុងទីរួមខេត្តកំពង់ចាមបាន។ ទាហានម៉ារីន លន់ នល់ តែងតែបើកប៉ាល់ចម្បាំង និងកប៉ាល់ដឹកស្បៀង ព្រមទាំងសម្ភារសឹកផ្សេងៗពីទីក្រុងភ្នំពេញទៅទីរួមខេត្តកំពង់ចាម ហើយជាញឹកញាប់បានទទួលរងការវាយប្រហារដោយកងទ័ពរំដោះខ្មែរក្រហមពីត្រើយម្ខាងនៃទន្លេមេគង្គ។ នៅឆ្នាំ១៩៧៣ ដដែលកងទ័ពរំដោះខ្មែរក្រហមវាយរំដោះបានពាក់កណ្ដាលទីរួមខេត្តកំពង់ចាម និងបន្តប្រយុទ្ធជាមួយទាហាន លន់ នល់ ដែលនៅសេសសល់ម្ដុំសាលាខេត្ត។

នៅឆ្នាំ១៩៧៤ ខ្ញុំត្រឡបមករស់នៅភូមិកំណើតជាមួយឪពុកម្ដាយវិញ។ ចន្លោះពីឆ្នាំ១៩៧៤ និងដើមឆ្នាំ១៩៧៥ ខ្ញុំត្រូវកងទ័ពរំដោះខ្មែរក្រហមឲ្យចូលធ្វើការក្នុងកងប្រវាស់ដៃដើម្បីជួយច្រូតស្រូវ និងប្រមូលដំណាំផ្សេងៗ។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្ដើមបង្កើតសហករណ៍ និងចាត់ឲ្យប្រជាជនធ្វើការនៅកងចល័តតាមការដ្ឋានផ្សេងៗ។ ខ្ញុំត្រូវបញ្ជូនឲ្យទៅធ្វើការនៅកងរយដែលមានទិសដៅធ្វើស្រែ និងលើកទំនប់នៅការដ្ឋានឆ្ន័ត្រ។ ខ្ញុំត្រូវក្រោកពីម៉ោង៤ និងត្រូវចូលរួមប្រជុំជួររយៈពេលមួយម៉ោង។ ខ្ញុំចាប់ផ្ដើមធ្វើការពីម៉ោង៦ដល់ម៉ោង១១ព្រឹក។ បន្ទាប់ពីខ្ញុំហូបបបរនៅរោងបាយរួមរួច ខ្ញុំត្រូវបន្តធ្វើការចាប់ពីម៉ោង១ដល់ម៉ោង៥រសៀល។ ម៉ោង៦ដល់ម៉ោង៧ល្ងាចគឺជាម៉ោងធ្វើការងារសង្គមនិយម គឺខ្ញុំនិងសមមិត្តផ្សេងទៀតត្រូវកាប់ដើមទន្ទ្រានខែត្រ និងស្រង់កំប្លោកដើម្បីយកមកធ្វើជី។ ខ្ញុំមិនបានដឹងថាម៉ោងសង្គមនិយមនេះយ៉ាងម៉េចទេ គឺគ្រាន់តែធ្វើតាមបទបញ្ជារបស់ប្រធានកងក្ដាប់រួមប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងខ្ញុំឲ្យធ្វើជាប្រធានកង «ក»។ នៅកងចល័តរយបុរសត្រូវបានបែងចែកជា៣កង ៖ ទី១) គឺកង «ក» មានចំនួន១០កង ហើយក្នុងមួយកងៗមានសមមិត្តចំនួន១០នាក់។ ខ្ញុំគឺជាប្រធានកង «ក» ម្នាក់ក្នុងចំណោមប្រធានកង «ក» សរុបចំនួន១០នាក់។ ទី២) គឺកង «ខ» មានចំនួន៣កង ហើយក្នុងមួយកងមានសមមិត្តចំនួន៣០នាក់។ កង «ខ» គឺគ្រប់គ្រងលើកង «ក»។ ទី៣) គឺកង «គ» ដែលក្ដាប់រួមកង «ខ» ។ ប្រធានឈ្មោះមិត្ត ឆាត និងអនុប្រធានឈ្មោះមិត្ត ប៊ីន។ នៅក្នុងការដ្ឋានឆ្ន័ត្រ ខ្ញុំនៅចងចាំអំពីព្រឹត្តិការណ៍សំខាន់ៗចំនួន៣ មុនការមកដល់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ដែលធ្វើការចាប់ខ្លួននិងសម្លាប់កម្មាភិបាលមូលដ្ឋាន។

ព្រឹត្តិការណ៍ទី១) គឺការទៅទទួលប្រធានតំបន់២២ឈ្មោះមិត្ត ស៊ឹម នៅឆ្នាំ១៩៧៦។ បន្ទាប់ពីទទួលប្រធានតំបន់២២រួចរាល់ ខ្ញុំត្រូវទៅធ្វើការវិញ។

ព្រឹត្តិការណ៍ទី២) គឺការទៅកាប់ដូងឲ្យមេការចិននៅរោងចក្រចម្ការកៅស៊ូពាមជាំង។ នៅព្រឹកមួយក្នុងឆ្នាំ១៩៧៦ កង «ក» របស់ខ្ញុំត្រូវបានបញ្ជាឲ្យបេះផ្លែដូងជាច្រើន និងដឹកមួយឡានធំចេញពីការដ្ឋានទៅរោងចក្រចម្ការកៅស៊ូពាមជាំង។ ពេលទៅដល់រោងចក្រ ខ្ញុំបានដឹកនាំសមមិត្តឲ្យកាប់ដូងដើម្បីយកឲ្យមេការចិនដែលកំពុងធ្វើការនៅរោងចក្រចម្ការកៅស៊ូ។ នៅពេលនោះ ខ្ញុំឃើញមានមេការចិនប្រុសស្រីប្រមាណ២០ទៅ៣០នាក់ ក្នុងសម្លៀកបំពាក់ខោខ្មៅអាវខ្មៅដូចខ្ញុំ បានដើរមកយកដូងផឹក។ ខ្ញុំក៏បានឲ្យដូងទៅមេការចិន។ មេការចិននោះបានងក់ក្បាលដើម្បីបង្ហាញការអរគុណ។ ខ្ញុំឮមេការចិននិយាយគ្នាថាចូលចិត្តហូបទឹកដូង ដោយមានអ្នកបកប្រែភាសាម្នាក់នៅទីនោះផង។ បន្ទាប់ពី មេការចិនផឹកទឹកដូងរួច ខ្ញុំនិងកង «ក» ត្រូវអង្គការដឹកមកការដ្ឋានវិញ។

ព្រឹត្តិការណ៍ទី៣) គឺការទៅលើកដីនៅស្ថានីយ៍ស្ដុកទុកទឹកទួលទម្លាប់ស្ថិតនៅស្រុកអូររាំងឪ។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការ​នៅការដ្ឋានទួលទម្លាប់ដើម្បីជីកស្រះ និងលើកដីទប់មាត់ស្រះប្រវែង១០០ម៉ែត្រ។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏បានឃើញអ្នកជំនាញចិនមួយក្រុមទៀតដែលភាគច្រើនស្លៀកខោខ្លី និងពាក់ស្បែកជើងខ្លុបចូលមកពិនិត្យដំណើរការម៉ាស៊ីនបូមទឹកធំៗនៅក្នុងរោង។ អ្នកជំនាញការចិនក៏បានចុះមកមើលកន្លែងខ្ញុំកំពុងជីកដីដែរ។ នៅពេលរសៀលបន្តិចអ្នកជំនាញការចិនទាំងនោះត្រូវបានខ្មែរក្រហមដឹកត្រឡប់ទៅវិញ ព្រោះមិនមានកន្លែងស្នាក់នៅ គឺមានតែកងធារាសាស្រ្តយាមកន្លែងប៉ុណ្ណោះ។ អ្នកជំនាញចិនទាំងនេះមកពិនិត្យការដ្ឋានបានតែពីរថ្ងៃតែប៉ុណ្ណោះ ចំណែកការដ្ឋានស្ថានីយ៍ស្ដុកទុកទឹកនេះបានបញ្ចប់ការសាសង់ក្នុងរយៈពេលតែ៣ខែ។

បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនមកធ្វើការនៅការដ្ឋានឆ្ន័ត្រវិញ។ ខ្ញុំបន្តធ្វើការនៅការដ្ឋាននេះ រហូតដល់ពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមករំដោះប្រជាជនចេញពីខ្មែរក្រហម ទើបខ្ញុំវិលត្រឡប់មករស់នៅជួបជុំគ្រួសារវិញ។

អត្ថបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖