ខ្ញុំឈ្មោះ ងួន ខេន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកស្ទោង ខេត្ដកំពង់ធំ។ បច្ចុប្បន្នខ្ញុំរស់នៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ នៅជំនាន់ខ្មែរក្រហម ខ្ញុំធ្លាប់ធ្វើជាកងទ័ព និងកងចល័ត។ ខ្ញុំចូលបម្រើជាកងទ័ពខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧១ នៅពេលដែលប្រជាជននៅក្នុងឃុំរបស់ខ្ញុំចាប់ផ្ដើមចលាចល ក្រោយ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ យុវជន-យុវនារីភាគច្រើននៅក្នុងឃុំរបស់ខ្ញុំ បានចូលរួមនៅក្នុងចលនានេះ ហើយមនុស្សតិចតួចបំផុតដែលមិនចូលរួម។
ខ្មែរក្រហមបានអូសទាញ និងតិះដៀលថាយើងជាមនុស្សកំសាកញី និងអន់ជាងនារីទៅទៀត បើកាលណាមិនចូលរួមក្នុងចលនាតស៊ូរបស់ខ្លួន។ ស្ថានភាពបែបនេះ បង្ខំឲ្យខ្ញុំនិងយុវជនផ្សេងទៀតក្នុងភូមិនាំគ្នាចូលរួមទៅក្នុងចលនាខ្មែរក្រហម។ ភ្លាមៗបន្ទាប់ពីចូលទៅក្នុងចលនានេះ យុវជនម្នាក់ៗមិនទទួលបានការបង្ហាត់បង្រៀនអំពីយុទ្ធសាស្រ្ដកងទ័ព និងសូម្បីតែការហាត់បាញ់កាំភ្លើង។ ខ្ញុំបានតស៊ូនិងវាយប្រយុទ្ធតទល់ជាមួយនឹងទាហាន លន់ នល់ នៅក្នុងសមរភូមិខេត្ដកំពង់ធំ ក្រោមការគ្រប់គ្រងរបស់ ឆន មេបញ្ជាការ តំបន់៤០៥ អស់រយៈពេលពីរឆ្នាំ។
ក្រោយមក ខ្ញុំត្រូវផ្លាស់ទៅឈរជើងនៅខេត្ដកំពង់ចាម បន្ទាប់ពីយោធាខ្មែរក្រហមទទួលជ័យជម្នះទាំងស្រុងនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កម្លាំងរបស់ខ្ញុំត្រូវបានថ្នាក់លើរំសាយចេញពីអង្គភាពទ័ព ហើយបញ្ជូនទៅធ្វើការងារបង្កបង្កើនផលស្រូវដូចប្រជាជនផ្សេងទៀតនៅក្នុងតំបន់នោះដែរ។ ការងាររបស់ខ្ញុំមមាញឹកខ្លាំងណាស់ ហើយការហូបចុកមិនមានភាពប្រសើរឡើយ។ ចុងភៅបានបបរដើមចេក និងគល់ល្ហុងឲ្យយើងហូប ដោយក្នុងម្នាក់ទទួលបានបបរមួយចានក្នុងមួយពេល។ គ្មានប្រជាជនណាម្នាក់ហ៊ានរអ៊ូរទាំ និងប្រកែកតវ៉ាឡើយ។ មិត្ដៗនៅក្នុងក្រុមបាននាំគ្នាទៅរើសផ្លែត្នោតទុំមកហូប ប៉ុន្ដែដោយសារមិនសូវមានត្នោតទុំជ្រុះមកច្រើន ទើបមិត្ដៗទាំងនោះឆ្លាស់គ្នាជញ្ជក់ផ្លែត្នោតដែលរើសបានម្នាក់ម្ដងៗ។ ភាពអត់ឃ្លានបែបនេះបានបណ្ដាលឲ្យប្រជាជនមួយចំនួនមានសភាពស្គមស្គាំង និងមិនសូវមានកម្លាំងធ្វើការងារឡើយ។ ប្រជាជនភាគច្រើនដួលសន្លប់ពេលកំពុងធ្វើការ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ជាបន្ដបន្ទាប់។ មិនត្រឹមតែភាពអត់ឃ្លានប៉ុណ្ណោះទេ ខ្ញុំឃើញមានការកត់ប្រវត្ដិរូបនិងយកមនុស្សទៅរៀនសូត្រទៀតផង។
ខ្ញុំធ្វើការនៅទីនោះរហូតកងទ័ពវៀតណាមវាយចូលមកនៅដើមឆ្នាំ១៩៧៩ ទើបខ្ញុំផ្លាស់មករស់នៅខេត្តឧត្តរមានជ័យរហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា