គឿម ជន៖ កងកុមារក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ គឿម ជន ភេទស្រី អាយុ៥៩ឆ្នាំ គឺជាកសិករ រស់នៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ ប្តីរបស់ខ្ញុំឈ្មោះ អ៊ូ សុខ បានស្លាប់កាលពី២០ឆ្នាំមុន។ សព្វថ្ងៃខ្ញុំគឺជាស្ត្រីមេម៉ាយ និងមានកូនចំនួន៦នាក់។ ឪពុករបស់ខ្ញុំឈ្មោះ សួន គឿម និង ម្តាយឈ្មោះ មាស ជូ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំគឺជាកូនច្បងក្នុងគ្រួសារ។ នៅពេលខ្ញុំធំដឹងក្តីបន្តិច ខ្ញុំត្រូវទូលដំឡូងទៀន ដំឡូងជ្វា  ដំឡូងគ និងចេកលក់ ឬដូរយកអង្ករនិងស្រូវពីអ្នកភូមិមកដាំហូប នៅពេលគ្រួសារខ្ញុំមិនមានអង្ករគ្រប់គ្រាន់។

នៅឆ្នាំ១៩៧០ គ្រួសារខ្ញុំធ្វើស្រែចម្ការប៉ុន្តែជីវភាពគ្រួសារកាន់តែយ៉ាប់យ៉ឺនទៅៗ។ នៅដើមឆ្នាំ១៩៧០ ដដែល ខ្ញុំបានឆ្លៀតចូលរៀននៅសាលាដែលស្ថិតនៅក្នុងវត្តជាមួយក្មេងៗនៅក្នុងភូមិធ្វើឲ្យខ្ញុំអាចអានអក្សរខ្លះ។ កាលនោះមានគ្រូវ័យចំណាស់ម្នាក់ គឺជាអ្នកបង្រៀនខ្ញុំនិងក្មេងៗក្នុងភូមិ ហើយគាត់គឺជាគ្រូដ៏ល្អ។ គ្រូបានខិតខំបង្រៀនសិស្សឲ្យចេះអានអក្សរគ្រប់ៗគ្នា។ នៅពេលខ្មែរក្រហមចូលមកដល់ក្នុងភូមិ ខ្ញុំលែងបានរៀនទៀតហើយ ចំណែកគ្រូរបស់ខ្ញុំក៏ដឹងមិនទៅដល់ទីណាដែរ។

គឿម ជន អាយុ៥៩ឆ្នាំ គឺជាកសិករ រស់នៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ ឃន់ ឃីម អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តសៀមរាប។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៥ ប្រជាជននៅក្នុងភូមិរបស់ខ្ញុំមិនទាន់ផ្លាស់ទៅណាទេ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៥ ទើបខ្មែរក្រហមចាប់ផ្តើមជម្លៀសអ្នកភូមិ រួមទាំងគ្រួសាររបស់ខ្ញុំចេញ។ ខ្ញុំត្រូវបានចាត់តាំងទៅស្រុកវ៉ារិន ដើម្បីលើកទំនប់គោកស្រុក។ កាលនោះខ្ញុំមានអាយុប្រហែល១២ឆ្នាំ ត្រូវរែកដីចាក់លើខ្នងទំនប់គោកស្រុក បន្ទាប់មកទើបត្រឡប់មកធ្វើស្រែនៅក្នុងភូមិវិញ។ រហូតដល់អាយុ១៤ឆ្នាំ ខ្ញុំត្រូវចល័តទៅស្រុកវ៉ារិនលើកទំនប់គោកស្រុកម្តងទៀត។ បន្ទាប់ពីលើកទំនប់គោកស្រុករួចរាល់ខ្ញុំនិងគ្រួសារចល័តទៅធ្វើស្រែចម្ការនៅភ្នំបាយដុស។ នៅទីនោះ ខ្ញុំនិងគ្រួសារស្ទើរតែបាត់បង់ជីវិតដោយសារខ្មែរក្រហមចោទថា ជាខ្មាំង ប៉ុន្តែសំណាងល្អខ្ញុំបាននាំឪពុកម្តាយ និងប្អូនរត់គេចខ្លួន។ អំឡុងពេលរត់គេចខ្លួន ម្តាយ និងឪពុករបស់ខ្ញុំ មានជំងឺដោយម្តាយរបស់ខ្ញុំអាចដើរបានជិតៗ ចំណែកឪពុកខ្ញុំឈឺធ្ងន់ដូច្នេះត្រូវលើកគាត់ដាក់លើរទេះឈើគ្មានកង់ដើម្បីអូសចេញទៅ។ យើងជិតនឹងត្រូវខ្មែរក្រហមចាប់បាននៅបាក់រនាស់ ប៉ុន្តែខ្ញុំបានយកឪពុកនិងម្តាយរបស់ខ្ញុំទៅលាក់ក្នុងព្រៃ ហើយប្អូនដែលពរនៅបីជាប់នឹងដៃរួមជាមួយនឹងអីវ៉ាន់លាក់ទុកនៅគុម្ពោធព្រៃម្ខាងទៀត។ បន្ទាប់ពីខ្មែរក្រហមដើរចេញទៅផុត ខ្ញុំទៅឪពុកម្តាយ ប្អូន និងរបស់របរបន្តដំណើរទៅមុខទៀត។ នៅពេលឃ្លានម្តងៗខ្ញុំ និងគ្រួសារមិនមានបាយសម្រាប់ហូបឡើយ គឺមានតែដំឡូងដុត។

គ្រួសាររបស់ខ្ញុំបានធ្វើដំណើរមកដល់ភូមិវិញ ពេលនោះប្រធានសហករណ៍ប្រកាសថា ប្រជាជនមកពីភូមិណាទៅនៅកន្លែងនោះវិញ។ កាលនោះស្រុកកំណើតរបស់ឪពុកខ្ញុំនៅនគរភាស ស្ថិតនៅក្នុងអង្គរជុំ ដូច្នេះគ្រួសាររបស់ខ្ញុំបានធ្វើដំណើរទៅកាន់ទីនោះ។ ទៅដល់នគរភាស គ្រួសារខ្ញុំត្រូវបំបែកឲ្យទៅធ្វើការរៀងៗខ្លួន នៅសល់តែឪពុករបស់ខ្ញុំដែលឈឺនៅផ្ទះជាមួយប្អូនរបស់ខ្ញុំ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើជីដាក់ស្រែ កាប់ដីដំបូកទម្លាក់ចូលក្នុងរណ្តៅដើម្បីច្របល់ចូលគ្នាជាមួយអាចម៍គោ និងលាមកមនុស្ស។ យើងច្របល់វាឲ្យចូលគ្នាហើយ ទើបយកវាទៅចាក់លើពុម្ពហើយហាលថ្ងៃឲ្យស្ងួត បន្ទាប់មកយើងយកវាទៅដាក់ក្នុងជំរំដើម្បីទុកដាក់ស្រែ។ ម្តាយរបស់ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែ ស្ទូងស្រូវ ប៉ុន្តែបើម្តាយខ្ញុំស្ទូងមិនហើយតាមផែនការ អង្គការមិនឲ្យឈប់សម្រាកជាដាច់ខាត។ ដូច្នេះពេលខ្ញុំធ្វើជីរួចរាល់ ខ្ញុំតែងតែមកជួយស្ទូងម្តាយជានិច្ចដោយមានការអនុញ្ញាតពីប្រធានសហករណ៍។ ចំណែកឪពុករបស់ខ្ញុំ ទោះបីគាត់ឈឺក៏គាត់ខំប្រឹងដើរទៅយករបបអាហារមកទុកហូប ប្រសិនបើគាត់ទៅមិនទាន់ម៉ោងទេគឺគ្មានអាហារហូបឡើយ។

ខ្ញុំធ្វើការនៅខាងផលិតជីបានមួយរយៈ ប្រធានកងបានចាត់តាំងខ្ញុំឲ្យទៅដេញសេកនៅស្រែក្រុង និងអំពៅបីដើម នៅពេលស្រូវជិតទុំ។ ពេលខ្ញុំត្រឡប់មកជិតដល់ទីរួមស្រុកពួកវិញ ស្រាប់ខ្មែរក្រហមប្រមូលខ្ញុំនិងក្មេងៗឲ្យចូលក្នុងជំរំ ព្រោះនៅខាងក្រៅមានការវាយប្រយុទ្ធគ្នារវាងកងទ័ពវៀតណាម និងខ្មែរក្រហម។ ខ្ញុំបានស្នាក់នៅក្នុងជំរំមួយយប់។ នៅពេលកងទ័ពវៀតណាមដេញយោធាខ្មែរក្រហមចេញទៅអស់ ខ្ញុំក៏ចេញពីជំរំមកខាងក្រៅវិញ។ កងទ័ពវៀតណាមបានដាំបាយ២០ឆ្នាំងសម្រាប់ឲ្យខ្ញុំនិងក្មេងៗហូប។ បន្ទាប់មកខ្ញុំបានជួបឪពុកម្តាយនិងបងប្អូនវិញ ហើយនាំគ្នាត្រឡប់មករស់នៅភូមិប្រាសាទវិញ។ នៅពេលខ្ញុំមានអាយុ២២ឆ្នាំ ខ្ញុំបានរៀបការបែកចេញពីឪពុកម្តាយ និងបានប្រកបរបរធ្វើស្រែចម្ការរហូតមកដល់បច្ចុប្បន្ន។

អត្ថបទ ៖ ឃន់ ឃីម អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តសៀមរាប

រូបថត ៖ ឃន់ ឃីម/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖