ខ្ញុំឈ្មោះ កើត ឈុន អាយុ៧៩ឆ្នាំ កើតនៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ កាលពីដើមគ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ។ នៅអាយុ១២ឆ្នាំ ខ្ញុំចូលរៀនជាមួយព្រះសង្ឃនៅក្នុងវត្តពន្លៃ។ ខ្ញុំបានរៀនពេល
សម្រាកពីធ្វើស្រែក្នុងរដូវប្រាំងប៉ុណ្ណោះ ចំណែករដូវវស្សាខ្ញុំត្រូវទៅជួយឪពុកខ្ញុំភ្ជួរស្រែ។ ខ្ញុំរៀននៅក្នុងវត្តពន្លៃរហូតដល់អាយុ២២ឆ្នាំ ទើបខ្ញុំសម្រេចចិត្តចូលបួសនៅវត្តពន្លៃបន្តទៀត។ ខ្ញុំចូលបួសនៅក្នុងវត្តពន្លៃបានរយៈពេលពីរព្រះវស្សា និងចេះធម៌បាលី អានសាស្រ្តាផ្សេងៗទើបខ្ញុំសម្រេចចិត្តសឹកដើម្បីមកជួយធ្វើស្រែឪពុករបស់ខ្ញុំបន្តទៀតព្រោះគាត់ឈឺជាញឹកញាប់។
បន្ទាប់ពីសឹកបានរយៈពេលមួយឆ្នាំ នៅឆ្នាំ១៩៦៨ ខ្ញុំរៀបការជាមួយឈ្មោះ ម៉ែន ហន ប្រពន្ធរបស់ខ្ញុំសព្វថ្ងៃ ដែលជាអ្នកភូមិពន្លៃជាមួយគ្នា។ ក្រោយពីរៀបការរួចយើងចាប់ផ្ដើមធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំរស់នៅក្នុងភូមិដដែល ប៉ុន្តែមានប្អូនប្រុសរបស់ខ្ញុំម្នាក់បានរត់ចូលព្រៃម៉ាគីជាមួយយុវជនផ្សេងទៀតដើម្បីតស៊ូយកអំណាចថ្វាយព្រះអង្គវិញ។ មួយរយៈក្រោយមកក៏មានការទម្លាក់គ្រាប់ និងផ្លោងគ្រាប់ចូលក្នុងភូមិពន្លៃជាញឹកញាប់ ហេតុនេះហើយបានជាគ្រួសារខ្ញុំ និងអ្នកភូមិផ្សេងទៀតនាំគ្នារត់ចូលក្នុងលេណដ្ឋាននៅខាងក្រៅភូមិដើម្បីលាក់ខ្លួន។
នៅចន្លោះពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៧៤ ការទម្លាក់គ្រាប់បែកនៅក្នុងភូមិពន្លៃមានសភាពស្ងប់ស្ងាត់ ទើបខ្ញុំអាចប្រកបរបរធ្វើស្រែបានធម្មតា និងឆ្លៀតពេលជួញដូរគោក្របីទៅខាង លន់ នល់។ ខ្ញុំធ្វើជំនួញមិនបានប៉ុន្មាន សេនាជនភូមិពន្លៃមកចាប់ខ្លួនខ្ញុំ និងចោទខ្ញុំថាជាក្រុមខ្មែរស។ ក្រោយមក ឈ្មោះ ផុន គឺជាប្រធានសហករណ៍ក្នុងភូមិពន្លៃ មកជួយនិយាយសម្រួលជាមួយសេនាជនភូមិ ទើបខ្ញុំបានរួចខ្លួន។
អំឡុងពេលនោះខ្ញុំក៏ស្គាល់គណៈគ្រប់គ្រងភូមិពន្លៃជាច្រើននាក់ដែរ ព្រោះ ផុន តែងតែហៅខ្ញុំទៅសម្លាប់សត្វជ្រូក ឬ គោ ផ្តល់ឲ្យទៅខាងរោងបាយ។ ជាធម្មតានៅពេលខ្ញុំសម្លាប់សត្វឲ្យអង្គការ ប្រធានសហករណ៍តែងតែឲ្យស្រាមកខ្ញុំផឹក ហើយខ្ញុំអាចយកសាច់បន្តិចបន្តួចមកផ្ញើប្រពន្ធកូននៅផ្ទះ ប៉ុន្តែខ្ញុំត្រូវលាក់ការណ៍ឲ្យស្ងាត់បំផុត។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញ អង្គការប្រើខ្ញុំឲ្យទៅធ្វើការនៅកងភ្ជួរ។ ក្នុងមួយភូមិពន្លៃ មានអ្នកភ្ជួរចល័តចំនួន៥នាក់ និងមាននង្គ័លចំនួន៥។ យើងដើរភ្ជួរចល័តពីភូមិមួយ ទៅភូមិមួយទៀត នៅក្នុងឃុំអង្គរសទាំងមូល។ ចំណែករដូវប្រាំង ខ្ញុំត្រូវទៅជីកប្រឡាយ និងលើកទំនប់នៅក្បែរៗភូមិ។
នៅដើមឆ្នាំ១៩៧៧ ខ្ញុំឃើញមានកម្មាភិបាលខ្មែរក្រហមមកពីខាងស្វាយរៀងបណ្ដើរប្រជាជនយកមកសម្លាប់នៅជិតភូមិរបស់ខ្ញុំចំនួន៣លើក ហើយម្ដងៗមានប្រជាជនប្រមាណ៦នាក់។ កន្លែងដែលខ្មែរក្រហមសម្លាប់មនុស្សមានឈ្មោះថា ភូមិតាកែន ដែលមានចម្ងាយប្រមាណកន្លះគីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ កម្មាភិបាលខ្មែរក្រហមសម្លាប់មនុស្សរួច ទម្លាក់ចូលទៅក្នុងរណ្ដៅមួយមានសាកសពប្រមាណ៣០នាក់។
នៅចុងឆ្នាំ១៩៧៧ នៅក្នុងភូមិខ្ញុំចាប់ផ្ដើមមានការផ្លាស់ប្ដូរអ្នកគ្រប់គ្រងឃុំ។ នៅពេលនោះប្រធានសហករណ៍ថ្មីឈ្មោះ ង៉ាន់ ឈប់ឲ្យខ្ញុំកាន់នង្គ័ល រួចបញ្ជូនខ្ញុំឲ្យទៅជីកប្រឡាយនៅកៅទៃរយៈពេល៣ខែ។ នៅពេលត្រឡប់មកភូមិពន្លៃវិញឈ្មោះ ង៉ាន់ ចាត់តាំងខ្ញុំឲ្យធ្វើជាអនុក្រុមនិងគ្រប់គ្រងប្រជាជនចំនួន១២គ្រួសារ។ តួនាទីជាអនុក្រុម គឺចាំទទួលការងារពីប្រធានសហករណ៍ រួចដាក់ការងារបន្តទៅសមាជិកនៅក្នុងក្រុមធ្វើ។
នៅពេលនោះក្នុងភូមិពន្លៃក៏មានការជម្លៀសប្រជាជនចេញដែរ គឺលើកទី១ ជម្លៀសប្រជាជនចេញនៅចុងឆ្នាំ១៩៧៧ ដែលភាគច្រើនគឺប្រជាជន១៧ មេសា និងលើកទី២ ចាប់ផ្ដើមជម្លៀសប្រជាជនទៅតំបន់ដីខ្លាញ់ នៅចុងឆ្នាំ១៩៧៨។ ប្រជាជននៅក្នុងភូមិពន្លៃដែលត្រូវបានអង្គការជម្លៀសទៅតំបន់ដីខ្លាញ់ទាំងពីរលើកមានចំនួន៦០គ្រួសារ។ ការជម្លៀសលើកទី២ គឺជម្លៀសប្រជាជនមូលដ្ឋានហើយក្នុងនោះក៏មានគ្រួសារឪពុកម្ដាយក្មេករបស់ខ្ញុំទៅជាមួយដែរ។
នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការជម្លៀសប្រជាជនឲ្យចេញពីភូមិទាំងអស់ ហើយគ្រួសារខ្ញុំបានធ្វើដំណើរទៅដល់អ្នកលឿងទើបត្រឡប់មកផ្ទះវិញ។ ពេលមកដល់ភូមិ ខ្ញុំមិនសូវបានស្នាក់នៅផ្ទះជាប់លាប់ទេ ព្រោះខ្លាចក្រែងលោគ្រួសារដែលអង្គការជម្លៀសទៅតំបន់ដីខ្លាញ់ត្រឡប់មកវិញ ចងគំនុំ មករករឿង និងសម្លាប់ខ្ញុំ ព្រោះខ្ញុំគឺជាអ្នកទៅប្រាប់ឲ្យប្រជាជនទាំងនោះជម្លៀសទៅខេត្តភាគខាងលិច។ ក្រោយមកប្រជាជនបានរសាយកំហឹង ហើយនៅឆ្នាំ១៩៨១ ខ្ញុំចាប់ផ្ដើមរកស៊ីជួញគោ-ក្របីបន្ថែមពីលើការងារធ្វើស្រែ ទើបជីវភាពគ្រួសាររបស់ខ្ញុំបានធូរធាររហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
រូបថត ៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា