តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង បាននិងកំពុងក្លាយទៅជាទីតាំងសម្រាប់ទស្សនកិច្ចបែបសិក្សារៀនសូត្រ និងឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងរយៈ
កាលចុងក្រោយនៃចលនាខ្មែរក្រហមនៅអន្លង់វែងនៅត្រឹមឆ្នាំ១៩៩៨។ នៅក្នុងខែសីហា ឆ្នាំ២០២២ យុវជន ទៀង សៀងហៃ ស្ថិតក្នុងចំណោមយុវជនចំនួន១៤នាក់ នៃវិទ្យាល័យ ហ៊ុន សែនត្រពាំងប្រាសាទ ដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សាមកកាន់អន្លង់វែង ស្ដីអំពី សន្តិភាព និងសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯសារកម្ពុជា។
យុវជនវ័យ១៩ឆ្នាំរូបនេះ បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សារមន្ទីរអតីតផ្ទះតាម៉ុក អតីតផ្ទះប្រជុំតាម៉ុកបច្ចុប្បន្នគឺជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង, ទីតាំងបូជាសព ប៉ុល ពត គឺជាអតីតនាយករដ្ឋមន្ត្រីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅពេលដែលឃើញនិងស្តាប់មគ្គុទ្ទេសក៍ធ្វើបទបង្ហាញទាក់ទងនឹងទីតាំងនីមួយៗ ទៀង សៀងហៃ ចាប់ផ្តើមនឹកឃើញដល់ការរៀបរាប់ប្រាប់របស់ឪពុកនិងម្ដាយរបស់ខ្លួន ដែលធ្លាប់ជាសមាជិកម្នាក់របស់ចលនាខ្មែរក្រហមដែរ។
សៀងហៃ និយាយថា ម្ដាយរបស់ខ្ញុំឈ្មោះ ផៃ ធឿង មានទីកន្លែងកំណើតនៅខេត្តកំពង់ធំ។ ពីមុន គាត់ធ្លាប់ជាអតីតកងនារីដឹកជញ្ជូនគ្រាប់ និងថ្នាំពេទ្យយកទៅឲ្យកងទ័ពនៅសមរភូមិ។ ម្ដាយរបស់ខ្ញុំតែងនិយាយប្រាប់ខ្ញុំថា ជីវិតនៅក្នុងសម័យសង្គ្រាមគឺលំបាកណាស់ និងធ្វើការគ្មានពេលសម្រាកឡើយ។ ខ្មែរក្រហមបានបិទសិទ្ធិគ្រប់យ៉ាង សូម្បីតែការរៀបការក៏ត្រូវបានខ្មែរក្រហមចាប់បង្ខំដែរ។ ម្ដាយនិងឪពុកខ្ញុំ បានរៀបការជាមួយគ្នាទាំងមិនបានស្រឡាញ់គ្នា។ គ្មាននរណាម្នាក់ហ៊ានតវ៉ាឡើយ ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។ ការរៀបការនេះមានច្រើនគូហើយគូនីមួយៗត្រូវឈរតម្រង់ជួរដោយបែរមុខរកគ្នា។ បន្ទាប់មក ចាប់ដៃគ្នានិងប្តេជ្ញានៅចំពោះមុខអង្គការខ្មែរក្រហម។ រីឯឪពុកខ្ញុំវិញឈ្មោះ ទោង ផែន មានទីកន្លែងកំណើតនៅខេត្តមណ្ឌលគិរី។ គាត់គឺជាយោធាខ្មែរក្រហមដែលពិការជើងដោយសារផ្ទុះគ្រាប់មីនក្នុងអំឡុងពេលធ្វើសង្គ្រាម។ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំ គឺគ្មានសេសសល់អ្វីទាល់សោះ ក្រៅពីការចងចាំដ៏ឈឺចាប់ និងរបួសស្នាមនៅជាប់នឹងខ្លួន។
ក្រោយពីដំណើរទស្សនកិច្ច និងការនឹកឃើញឡើងវិញនូវរឿងរ៉ាវទាំងអស់នោះ ទៀង សៀងហៃ ចាប់ផ្តើមមានទស្សនពីរផ្សេងគ្នា។ ដំបូងយុវជនរូបនេះបានត្រឹមនិយាយអំពីការសោកស្ដាយ និងការចងចាំដ៏សោកសង្រេងចំពោះអ្វីដែលប្រវត្តិសាស្ត្របានបន្សល់ទុក។ ប៉ុន្តែ ខ្លួនក៏នៅមានមោទកភាពចំពោះឪពុកខ្លួន និងអតីតកងកម្លាំងយោធាខ្មែរក្រហមផ្សេងទៀតដែលបានតស៊ូលះបង់គ្រប់យ៉ាងក្នុងការចូលរួមតស៊ូការពារទឹកដី។ ជាចុងក្រោយ យុវជនរូបនេះយល់ឃើញថា អ្នកបម្រើការឲ្យខ្មែរក្រហមមិនសុទ្ធសឹងតែអាក្រក់ទាំងអស់នោះទេ អ្វីដែលអាក្រក់គឺការដឹកនាំរបស់មេដឹកនាំនៃរបបនោះទេ ដែលធ្វើឲ្យប្រទេសកម្ពុជាត្រូវធ្លាក់ក្នុងភាពលំបាកវេទនា។
អត្ថបទ ៖ ហ៊ាន ពិសី អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា