ខ្ញុំឈ្មោះ ង៉ែត មោង្ស អាយុ៧៧ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំកើតនៅភូមិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់ ហើយសព្វថ្ងៃបងប្អូនរបស់ខ្ញុំ
នៅរស់តែ២នាក់ប៉ុណ្ណោះ។ កាលពីកុមារភាព ខ្ញុំរស់នៅជាមួយឪពុកម្ដាយ និងចូលរៀននៅសាលាក្នុងភូមិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំរៀនដល់ត្រឹមថ្នាក់ទី១១។ នៅឆ្នាំ១៩៥៩ ខ្ញុំបានឈប់រៀន ហើយមកជួយធ្វើស្រែចម្ការឪពុកម្ដាយ ព្រោះឪពុកម្ដាយរបស់ខ្ញុំមិនមានកម្លាំងគ្រប់គ្រាន់។
នៅឆ្នាំ១៩៦៧ ខ្ញុំបានចូលធ្វើទាហានកន្សែងសតាមការអូសទាញពីអ្នកនៅក្នុងភូមិ ហើយម៉្យាងទៀត ខ្ញុំក៏មានបំណងចង់ចូលដែរដើម្បីជាតិមាតុភូមិ។ យូរៗម្តងខ្ញុំបានចូលរួមប្រជុំជាមួយសមាជិកឯទៀតនៅក្នុងអង្គភាព ហើយក្រៅពីប្រជុំ គឺខ្ញុំស្នាក់នៅផ្ទះ និងដើរធ្វើការតាមភូមិឃុំ ជាពិសេសភូមិឃុំដែលនៅជាប់ព្រំដែនវៀតណាម។ សមាជិករបស់ទាហានកន្សែងស មានទាំងខ្មែរក្រោម និងខ្មែរលើ។ កងរបស់ខ្ញុំគឺមានឈ្មោះ បេ.សេ.១១៦ (BC116)។
បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ កងទ័ពកន្សែងសបានសហការជាមួយកងទ័ព លន់ នល់ និងធ្វើសកម្មភាពកាន់តែផុសផុលជាងមុន។ នៅឆ្នាំ១៩៧២ ខ្ញុំបានរៀបការប្រពន្ធ។ បន្ទាប់ពីរៀបការបានរយៈពេល៩ខែ យោធាខ្មែរក្រហមបានចូលមកកាន់កាប់ខេត្តតាកែវទាំងមូល។ ខ្ញុំជាមួយប្រពន្ធ និងកូនម្នាក់របស់ខ្ញុំបានភៀសខ្លួនទៅប្រទេសវៀតណាម។ អ្នកភូមិជាច្រើននាក់ ក៏បានភៀសខ្លួនចេញដំណាលខ្ញុំដែរ។ ខ្ញុំទៅរស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកស្វាយទង (ឬស្រុកទីតូង) ខេត្តមាត់ជ្រូក (ឬខេត្តចូវដុក)។ នៅទីនោះ ភាគច្រើនប្រជាជនខ្មែរកម្ពុជាក្រោមរស់នៅ។
ខ្ញុំទទួលបានអំណោយពីរដ្ឋអំណាចវៀតណាម ហើយកញ្ចប់អំណោយដែលខ្ញុំទទួលបានគឺសរសេរអក្សរយូអេសអេ (USA)។ ខ្ញុំយល់ថា អំណោយទាំងនោះគឺជាជំនួយរបស់អាមេរិកាំង។ ក្រៅពីទទួលអំណោយប្រចាំខែ ខ្ញុំនិងគ្រួសារខិតខំរកស៊ី ធ្វើស្រែចម្ការលើដីដែលរដ្ឋអំណាចវៀតណាមផ្តល់ឲ្យ។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមប្រកាសថា នឹងធ្វើការដោះដូរប្រជាជនជាមួយនឹងវៀតណាម។ ប្រជាជនខ្មែរទាំងអស់ដែលបានភៀសទៅប្រទេសវៀតណាមតាំងពីពីឆ្នាំ១៩៧៤ ក៏ត្រូវវិលត្រឡប់មកស្រុកកំណើតវិញដែរ។ ពេលនោះខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញ។ មកដល់ព្រំដែន ខ្ញុំមិនឃើញមានជនជាតិវៀតណាមណាម្នាក់ឆ្លងកាត់ព្រំដែនចូលក្នុងប្រទេសរបស់ខ្លួនឡើយ។ ខ្មែរក្រហមបានយកឡានមកទទួលខ្ញុំ។ អ្នកបើកឡានមិនបានឈប់នៅភូមិកំណើតរបស់ខ្ញុំនៅស្រុកគិរីវង់ឡើយ គឺបើកបង្ហួសទៅកាន់ស្រុកត្រាំកក់ ជាកន្លែងដែលខ្ញុំស្នាក់នៅពេញមួយរបបខ្មែរក្រហម។ ខ្ញុំត្រូវបានអ្នកបើកបរខ្មែរក្រហមឲ្យចុះពីលើឡាន និងឲ្យស្នាក់នៅបណ្តោះអាសន្ននៅភូមិខ្ពបត្របែក ឃុំអូរសារាយ មុននឹងបញ្ជូនខ្ញុំទៅកាន់ភូមិត្រពាំងដងទឹកបន្តទៀត។
មកដល់ដំបូង ខ្មែរក្រហមមិនឲ្យខ្ញុំហូបឆ្អែតទេ។ ប្រធានកងប្រើខ្ញុំឲ្យធ្វើស្រែ និងភ្ជួររាស់។ នៅពេលដែលខ្ញុំកំពុងធ្វើស្រែ ខ្ញុំឃើញកម្មាភិបាលខ្មែរក្រហមបណ្ដើរមនុស្សទាំងខ្សែកាត់តាមវាលស្រែចូលទៅក្នុងព្រៃ។ ខ្ញុំមិនដឹងថាកម្មាភិបាលខ្មែរក្រហមយកអ្នកទាំងនោះទៅកាន់ទីណាឡើយ។ ខ្ញុំគិតថាប្រហែលជាកម្មាភិបាលខ្មែរក្រហមនាំយកអ្នកទាំងនោះទៅសម្លាប់ចោល។ ខ្ញុំរស់នៅ និងធ្វើការងារគ្រប់យ៉ាងតាមតែកម្មាភិបាលប្រើឲ្យធ្វើ។ ខ្ញុំមិនដែលប្រកែក ឬស្ពឹកស្រពន់ឡើយ។ ខ្ញុំតែងតែលាក់ប្រវត្តិរូបរបស់ខ្ញុំដែលធ្លាប់ធ្វើជាទាហានកន្សែងស។ ខ្ញុំដឹងច្បាស់ថា ប្រសិនបើខ្មែរក្រហមដឹងថាខ្ញុំគឺជាទាហានកន្សែងស ខ្ញុំប្រាកដជាស្លាប់ចោលប្រពន្ធកូនជាមិនខាន។
នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវផ្លាស់ប្ដូរទីកន្លែងរស់នៅម្តងទៀត គឺមករស់នៅភូមិត្រាំកក់ ឃុំត្រាំកក់។ នៅឆ្នាំ១៩៧៨ដដែល មានយន្ដហោះមកបាចត្រាក់នៅក្នុងស្រុកត្រាំកក់។ ខ្ញុំបានរើសត្រាក់នោះមកអាន ទើបដឹងថាមានការវាយរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម។ ភ្លាមៗបន្ទាប់ពីការបាចត្រាក់ កម្មាភិបាលខ្មែរក្រហមបានដើរប្រមូលត្រាក់ទាំងនោះពីប្រជាជន និងបានហាមប្រជាជនមិនឲ្យជជែកគ្នាពីអត្ថន័យដែលសរសេរនៅក្នុងត្រាក់នោះឡើយ។
មិនយូរប៉ុន្មាន ប្រទេសជាតិត្រូវបានរំដោះ ហើយខ្ញុំបានវិលត្រឡប់មកភូមិកំណើតវិញ។ ខ្ញុំរស់នៅឃុំភ្នំដិន ស្រុកគិរីវង់បានមួយរយៈខ្លី ក៏ត្រូវបានកងទ័ពវៀតណាមចាប់ខ្លួនយកទៅសួរចម្លើយ និងដាក់គុក ព្រោះកងទ័ពវៀតណាមទាំងនោះសង្ស័យថា ខ្ញុំគឺជាកម្មាភិបាលខ្មែរក្រហម។ កងទ័ពវៀតណាមយកកាំភ្លើងវាយសួរចម្លើយខ្ញុំថា តើខ្ញុំចូលខ្មែរក្រហមតាំងពីពេលណា? និងដឹកនាំកងកម្លាំងបានប៉ុន្មានឆ្នាំហើយ? ខ្ញុំបានបដិសេធនិងប្រាប់ថា ខ្ញុំគឺជាប្រជាជន មិនមែនខ្មែរក្រហមទេ និងមិនដឹកនាំកម្លាំងអ្វីឡើយ។ ខ្ញុំត្រូវបានឃុំឃាំងនៅសាលាបឋមសិក្សាទន្លាប់អស់រយៈពេល១៦ថ្ងៃ។ បន្ទាប់មក ខ្ញុំត្រូវបានដោះលែងឲ្យមករស់នៅជួបជុំប្រពន្ធកូនវិញ។ ខ្ញុំចាប់ផ្តើមប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ មួយរយៈក្រោយមក គ្រួសាររបស់ខ្ញុំបានស្នើសុំផ្លាស់ប្តូរទីលំនៅពីឃុំភ្នំដិន មកនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ រហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា