ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើប្រធានក្រុមដោយសារ ខ្ញុំអាចធ្វើការងារបានច្រើនមុខ

ខ្ញុំឈ្មោះ ជា លន់ អាយុ ៧២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ កាលពីកុមារភាពខ្ញុំរៀននៅសាលាវត្តដើមបេង ប៉ុន្តែបច្ចុប្បន្នសាលានេះត្រូវបានដូរមកហៅថាសាលា​ផាន់​

ផន​វិញ។ ខ្ញុំរៀនដល់ថ្នាក់ទី៩កាលពីសង្គមចាស់ បើធៀបនឹងឥឡូវស្មើថ្នាក់ទី៣ ព្រោះកាលពីសង្គមចាស់រាប់បញ្ច្រាស់មកវិញ។ ខ្ញុំគឺជាក្មេងកំព្រា ហើយត្រូវបានមីងយកមកចិញ្ចឹម ដោយសារគាត់មានកូនបង្កើតតែម្នាក់។ មីងរបស់ខ្ញុំបានយកខ្ញុំមកនៅជាមួយគ្រាន់បានជាគ្នា។

ជា លន់ អាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ឪពុករបស់ខ្ញុំស្លាប់ក្នុងជំនាន់ឥស្សរនៅខេត្តបាត់ដំបង ដោយសារសម័យនោះគាត់ធ្វើការងារខាងកាប់ដើមឈើធំៗ ហើយក្រោយមកគាត់ក៏ធ្លាក់ខ្លួនឈឺមើលមិនជារហូតដល់ស្លាប់។ ខ្ញុំគិតថា ឪពុកខ្ញុំស្លាប់ដោយសារព្រាយដើមឈើកាច់គាត់។ ចំណែកឯម្តាយរបស់ខ្ញុំស្លាប់នៅក្នុងខេត្តពោធិ៍សាត់ដោយសារអត់អាហារនៅក្នុងរបបខ្មែរក្រហម។

ខ្ញុំបានរៀបការនៅអាយុ១៧ឆ្នាំជាមួយបុរសម្នាក់ឈ្មោះ ជូរ ឈិន រស់នៅក្នុងភូមិដើមបេងជាមួយគ្នា។ ក្រោយពីរៀបការរួចហើយខ្ញុំមានកូន២នាក់។ នៅឆ្នាំ១៩៧០ អាចារ្យ អ៊ុន មកហៅប្តីរបស់ខ្ញុំឲ្យចូលធ្វើទាហាន លន់ នល់ ហើយប្តីរបស់ខ្ញុំក៏បានចាកចេញទៅ។ ក្រោយមក ខ្ញុំបានប្រាប់ប្តីរបស់ខ្ញុំឲ្យឈប់ធ្វើទាហាន លន់ នល់ ព្រោះខ្ញុំដឹងថាប្តីរបស់ខ្ញុំខ្លាចស្នូរកាំភ្លើងខ្លាំងណាស់។ ខ្ញុំមិនចង់ឲ្យប្តីរបស់ខ្ញុំទៅសមរភូមិទេ។

ខ្ញុំបានជិះម៉ូតូសេអិលរបស់ខ្ញុំទៅយកប្តីរបស់ខ្ញុំនៅបន្ទាយទាហាននៅក្នុងស្រុកគិរីវង់។ ប្តីរបស់ខ្ញុំព្រមត្រឡប់មកផ្ទះជាមួយខ្ញុំ ហើយមេបញ្ជាការប្តីខ្ញុំបានឲ្យកាំភ្លើងមួយដើមមកប្តីរបស់ខ្ញុំដាក់ជាប់ខ្លួនរហូតមកដល់ផ្ទះ។ មកដល់ឆ្នាំ១៩៧៤ ខ្ញុំនិងប្តីបានភៀសខ្លួនមករស់នៅទីក្រុងភ្នំពេញ និងប្រកបរបរលក់ម៉ូតូ។ យើងទាំងពីរនាក់ទិញម៉ូតូពីភ្នំពេញយកទៅលក់នៅខេត្តបាត់ដំបង ដោយដឹកតាមយន្តហោះឈ្នួល។ ខ្ញុំជួញដូរម៉ូតូបានតែពីរជើងប៉ុណ្ណោះ យោធាខ្មែរក្រហមវាយរំដោះបានក្រុងភ្នំពេញ ហើយយើងទាំងពីរនាក់ក៏ជាប់នៅក្នុងខេត្តបាត់ដំបង។ ខ្ញុំ តែងតែលាក់ប្រវត្តិមិនឲ្យខ្មែរក្រហមនិងអ្នកជិតខាងដឹងថាប្តីរបស់ខ្ញុំធ្លាប់ធ្វើទាហានឡើយ។

ជា លន់ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំនិងប្តីរបស់ខ្ញុំរស់នៅក្នុងស្រុកមោង ដែលជាស្រុកកំណើតរបស់ឪពុកខ្ញុំ។ នៅក្នុងរបបខ្មែរក្រហម ប្រធានភូមិបានឲ្យខ្ញុំធ្វើការនៅរោងបាយ និងដឹកបាយសម្លឲ្យប្រជាជនដែលចេញទៅធ្វើការនៅតាមការដ្ឋានផ្សេងៗ។ នៅពេលនោះ ខ្ញុំគឺជាប្រជាជន១៧មេសា ប៉ុន្តែដោយសារខ្ញុំមានចិត្តល្អ មានសុជីវធម៌ល្អ ទើបប្រជាជនទូទៅស្រឡាញ់រាប់អានខ្ញុំ។ ចំណែកឯប្តីរបស់ខ្ញុំប្រធានភូមិឲ្យគាត់ទៅនៅក្នុងផ្នែកសេដ្ឋកិច្ចគឺជាកន្លែងបើកអង្ករឲ្យអ្នកនៅតាមកងនីមួយៗ។

នៅពេលនោះខ្មែរក្រហមនៅក្នុងភូមិនឹកស្មានថាខ្ញុំមិនចេះដកសំណាប ព្រោះខ្ញុំគឺជាប្រជាជនថ្មី ក៏សាកល្បងឲ្យខ្ញុំចុះទៅដកសំណាបម្នាក់ឯងឲ្យបានពីរផ្លូនក្នុងមួយថ្ងៃ។ ប៉ុន្តែខ្ញុំអាចធ្វើបាន ព្រោះខ្ញុំគឺជាកូនអ្នកស្រែស្រាប់ និងមិនរួញរាជាមួយការងារបែបនេះឡើយ។ ក្រោយមកទៀត ខ្មែរក្រហមបានខ្ញុំឲ្យទៅបុកអង្ករ ក៏ខ្ញុំចេះបុកអង្ករយ៉ាងស្ទាត់ជំនាញ ព្រមទាំងចេះបុកអង្ករបន្លឺឡើងដូចជាសំឡេងភ្លេងពិរោះទៀត។ ពេលដែលប្រធានភូមិដឹងថាខ្ញុំចេះធ្វើការងារច្រើនមុខ ក៏ចាត់តាំងខ្ញុំឲ្យធ្វើជាប្រធានក្រុម។ ការងារប្រធានក្រុមមិនពិបាកដូចអ្នកដែលនៅក្រោមបង្គាប់នោះទេ។ ខ្ញុំគ្រាន់តែដើរមើល និងដើរប្រាប់សមាជិកក្រុមតែប៉ុណ្ណោះ។ ជីវិតខ្ញុំកាលពីជំនាន់នោះមិនសូវលំបាកពេកទេ។ នៅតំបន់របស់ខ្ញុំរស់នៅមានអាហារហូបចុកគ្រប់គ្រាន់ និងមិនខ្វះខាតឡើយ។ បន្ទាប់មក ឮដំណឹងថាកងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជាដើម្បីជួយរំដោះប្រជាជនចេញពីរបបខ្មែរក្រហម ទើបខ្ញុំនិងប្តីនាំគ្នាត្រឡប់មកស្រុកវិញ។ យើងបានធ្វើដំណើរអស់រយៈពេល២៨ថ្ងៃចេញពីខេត្តបាត់ដំបង ទើបមកដល់ស្រុកគីរីវង់។

ជា លន់ (រូបឈរកណ្តាល) ទទួលប្រអប់អនុស្សាវរីយ៍ពីអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់មក ប្តីរបស់ខ្ញុំត្រូវបានប្រជាជនស្នើឲ្យឡើងធ្វើជាមេភូមិ ព្រោះប្តីរបស់ខ្ញុំគឺជាមនុស្សស្លូតត្រង់ ហើយថែមទាំងមានចំណេះដឹងទៀត។ ក្រោយមក ប្តីរបស់ខ្ញុំបានស្លាប់នៅក្នុងឆ្នាំ១៩៨៤ ដោយសារកងទ័ពខ្មែរក្រហមបាញ់ នៅពេលដែលប្តីរបស់ខ្ញុំទៅចូលរួមក្នុងផែនការ «ក៥»។ នៅពេលដែលប្តីរបស់ខ្ញុំស្លាប់ ខ្ញុំទើបតែមានកូនខ្ចីមួយទៀតដែលមានអាយុទើបតែមួយខែ។ ខ្ញុំគ្មានកម្លាំងធ្វើអ្វីឡើយ ក្រៅពីយំសោកស្តាយស្រណោះប្តី។ បន្ទាប់ពីបាត់បង់ប្តី ខ្ញុំខិតខំប្រឹងប្រែងរកស៊ីដើម្បីចិញ្ចឹមកូនទាំង៧នាក់។ ក្រោយមក ខ្ញុំគិតថាប្តីរបស់ខ្ញុំស្លាប់ដោយបុព្វហេតុជាតិ ដូច្នេះខ្ញុំក៏បន្តការងារពីប្តីដើម្បីជួយអភិវឌ្ឍន៍ភូមិឃុំឲ្យបានប្រសើរឡើង ហើយពេលបច្ចុប្បន្នខ្ញុំគឺជាសមាជិកភូមិដើមបេង ទទួលបន្ទុកការងារយេនឌ័រ។

ដោយ៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖