កាលពីថ្ងៃទី១៧ ខែសីហា ក្រុមការងារប្រវត្តិសាស្រ្តនិងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅខេត្តត្បូងឃ្មុំ ដើម្បីសួរសុខទុក្ខ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន ០៣នាក់ គឺ ១) ដន ដុង
អាយុ៦៤ឆ្នាំ ២) អ៊ុន សាម៉ុន អាយុ៧៦ឆ្នាំ និង ៣) លឹម លា អាយុ៥៦ឆ្នាំ រស់នៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីបទពិសោធន៍សម័យខ្មែរក្រហមរបស់គាត់ មុនពេលគាត់អញ្ជើញមកចូលរួមការប្រជុំនៅថ្ងៃបន្ទាប់។
ក្នុងអំឡុងពេលជួបជាមួយអ្នករស់រានមានជីវិតនីមួយៗ អ្នកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា និងលោក កូលីន ស៊ីមសារីន (Colin Simsarian) និស្សិតមកពីសកលវិទ្យាល័យប៉ាឡូ អាល់តូ ដែលសិក្សាលើផ្នែកសុខភាពសាធារណៈ បានសួរគាត់អំពីរឿងរ៉ាវពីសម័យខ្មែរក្រហមនិងស្ថានភាពសុខភាពរបស់គាត់ទាំងអស់គ្នា។ អ្នកស្រី សូ ហ្វារីណា ក៏បានណែនាំក្រុមការងារ និងជម្រាបអំពីគម្រោងប្រវត្តិសាស្រ្តនិងសុខភាព រួមទាំងខ្លឹមសារកូនសៀវភៅណែនាំអំពីសុខភាព ដែលស្ថិតក្នុងសេចក្តីពង្រាង និងបានអញ្ជើញអ្នករស់រានមានជីវិតទាំងនោះចូលរួមវេទិកាស្តីអំពីការរៀបចំកូនសៀវភៅណែនាំអំពីសុខភាពសហគមន៍នៅថ្ងៃបន្ទាប់។ លោក កូលីន ស៊ីមសារីន ក៏បានសន្ទនាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តបច្ចុប្បន្នរបស់ពួកគាត់ ហើយបានផ្តល់ការណែនាំ អំពីវិធីមួយចំនួនធ្វើឲ្យប្រសើរឡើងដល់សុខភាព។
ក្រោយពីបានជួបអ្នករស់មានជីវិតពីរបបខ្មែរក្រហមនៅឃុំទន្លូងហើយ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មក៏បន្តជួបគ្រូពេទ្យនៅក្នុងភូមិ ។ នៅទីនោះ ក្រុមការងារបានបង្ហាញកូនសៀវភៅណែនាំអំពីសុខភាពដល់លោកគ្រូពេទ្យ ហ៊ាន វី ហើយស្នើសុំយោបល់ពីគាត់។ លោកគ្រូពេទ្យបានមានប្រសាសន៍ថា កូនសៀវភៅណែនាំអំពីសុខភាពនេះមានសារសំខាន់សម្រាប់អ្នកស្រុកដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ថែមលើព័ត៌មានដែលមាននៅក្នុងកូនសៀវភៅនេះ លោកគ្រូពេទ្យភូមិ បានផ្តល់យោបល់ថា ប្រសិនបើអាច យើងគួរបន្ថែមព័ត៌មានអំពីជំងឺគ្រុនឈាមនិងជំងឺសត្វល្អិតទៀត ពីព្រោះទាំងនេះគឺជាជំងឺដែលគាត់ឧស្សាហ៍ប្រទះឃើញក្នុងចំណោមអ្នកជំងឺរបស់គាត់នៅក្នុងភូមិក្តុរផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បន្ទាប់មក ក្រុមការងារបានទៅទស្សនាមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលមានទីតាំងនៅក្នុងសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន កោះថ្ម។ ក្រុមការងារត្រូវបានអមដំណើរដោយលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានណែនាំអំពីពិព័រណ៌រូបថត និងផ្ទាំងរូបភាពដែលដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលឯកសារកោះថ្ម។
អត្ថបទ ៖ អាន ម៉ាហ្គារ៉េត ចូហាន់សេន អ្នកហាត់ការនៅមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា