ទូច ហ៊ន៖ ជីវិតរស់នៅក្រោមភាពភ័យខ្លាច

ទូច ហ៊ន អាយុ៨៧ឆ្នាំ រស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ស្ថិតក្នុងវ័យជរាទៅហើយ លោកតា ហ៊ន មិនមានសុខភាពមាំទាំឡើយ ព្រមទាំងមានជំងឺប្រចាំកាយទៀត។ កូនស្រីរបស់ ហ៊ន (មិន

ស្គាល់ឈ្មោះ) បានប្រាប់ថា តាំងពីឪពុកគាត់វះកាត់រួចមក ឪពុកគាត់បានបាត់បង់ការចងចាំច្រើនជាងមុន។ ក្នុងកិច្ចសម្ភាសមួយជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ហ៊ន តែងតែយកដៃដាក់លើក្បាលបែបសញ្ជឹងគិតនៅពេលដែលយើងសួរនាំគាត់អំពីពេលវេលានៃការកកើតព្រឹត្តិការណ៍។ មានកាលបរិច្ឆេទនិងបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមច្រើនណាស់ ដែលគាត់មិនអាចចងចាំបាន។ ប៉ុន្តែយ៉ាងហោចណាស់ គាត់នៅចងចាំពីព្រឹត្តិការណ៍ធំៗចំនួនបីគឺ៖ ការចាកចេញពីភូមិកំណើតឆ្ពោះទៅរស់នៅក្នុងប្រទេសវៀតណាមនៅឆ្នាំ១៩៧៤, ការវិលត្រឡប់ពីប្រទេសវៀតណាមមកវិញនៅឆ្នាំ១៩៧៦ និងការវិលត្រឡប់មកកាន់ស្រុកកំណើតនៅឆ្នាំ១៩៧៩។ ខាងក្រោមនេះ ជាការលើកឡើងរបស់ ទូច ហ៊ន ដែលបាននិយាយប្រាប់យើងពីបទពិសោធន៍ជីវិតគាត់ឆ្លងកាត់របបខ្មែរក្រហម ៖

ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាកំពុងសម្ភាស ទូច ហ៊ន អាយុ៨៧ឆ្នាំ អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមនៅផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា) 

នៅឆ្នាំ១៩៧៤ មិនចាំខែ ខ្ញុំនិងប្រពន្ធខ្ញុំ ព្រមទាំងកូនចំនួន៧នាក់ បានចាកចេញពីផ្ទះតាមអ្នកភូមិផ្សេងទៀតឆ្ពោះទៅកាន់ទឹកដីកម្ពុជាក្រោម ដោយធ្វើដំណើរកាត់តាមច្រកភ្នំដិន។ ប្រពន្ធខ្ញុំមិនយល់ព្រមទៅជាមួយខ្ញុំទេ តែខ្ញុំបង្ខំគាត់រហូតដល់គាត់ព្រមទៅជាមួយ។ នៅតាមផ្លូវ ខ្ញុំឃើញមានប្រជាជនច្រើននាក់ណាស់ កំពុងធ្វើដំណើរចាកចេញដូចខ្ញុំដែរ។ គ្រួសារខ្ញុំ ធ្វើដំណើរតាមរទេះគោមួយ ហើយនៅលើរទេះគោខ្ញុំ មានផ្ទុកអង្ករ ស្រូវ និងស្បៀងអាហារមួយចំនួនត្រៀមទុកហូបតាមផ្លូវ។ រទេះខ្ញុំ និងរទេះអ្នកឯទៀត បានឆ្លងកាត់ព្រំដែននៅភ្នំដិន ហើយឆ្ពោះចូលទៅប្រទេសវៀតណាម ដែលជាភូមិស្រុករបស់ខ្មែរកម្ពុជាក្រោមរស់នៅ។ គ្រួសារខ្ញុំ ដំបូងឡើយគេឲ្យស្នាក់នៅផ្ទះរបស់ខ្មែរម្នាក់ដែលត្រូវជាប្អូនរបស់ឈ្មោះ សៀម ស្ថិតនៅក្នុងភូមិជើងគោ។ ពួកខ្ញុំរស់នៅទីនោះ ត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក៏រើទៅរស់នៅលើទីតាំងមួយទៀតស្ថិតនៅក្នុងភូមិថ្មីវិញ។ នៅភូ​មិថ្មី ខ្ញុំត្រូវធ្វើការងារច្រើនមុខដូចជា កាប់ចម្ការនៅភ្នំពាល ដាំពោត និងកាប់ឧសយកមកដុត។ ក្រោយមក ខ្ញុំទទួលបានដីអំណោយចំនួនមួយហិកតានៅ «ជើងកង»។ ខ្ញុំដាំពោតនៅលើដីអំណោយទទួលផលបានច្រើនគួរសម ដែលអាចលក់ដូរទៅឲ្យប្រជាជនវៀតណាម ហើយសន្សំកម្រៃដែលបានមកពីការលក់ពោតនេះ យកមកសង់ផ្ទះឈើប្រក់ស្បូវថ្មីមួយ ដែលអាចរស់នៅជាមួយគ្រួសារបានយ៉ាងស្រួល។ រយៈពេលជាងមួយឆ្នាំក្រោយមក មានព្រឹត្តិការណ៍មួយឮតៗគ្នាថា មានការកេណ្ឌប្រជាជនខ្មែរដែលភៀសខ្លួនទៅរស់នៅក្នុងទឹកដីកម្ពុជាក្រោមឲ្យចូលធ្វើទាហាន។ ខ្ញុំឮដំណឹងនេះភ្លាម ភ័យណាស់។ អ្នកភូមិមួយចំនួនរួមទាំងខ្ញុំផង មិនដែលបានស្នាក់នៅក្នុងផ្ទះខ្លួនឯងនាពេលយប់ទេ ចាប់តាំងពីឮដំណឹងនេះមក។ ពួកយើងតែងតែទៅដេកនៅក្នុងចម្ការ និងវាលស្រែដើម្បីលាក់កំបាំងពីការតាមចាប់ធ្វើទាហាន។

ទូច ហ៊ន កំពុងផ្តល់បទសម្ភាសអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៦ មានដំណឹងមួយទៀតលេចឮមកថា ខ្មែរក្រហមធ្វើការដោះដូរប្រជាជនវៀតណាម ជាមួយប្រជាជនខ្មែរដែលកំពុងរស់នៅក្នុងទឹកដីវៀតណាម។ ដំណឹងនេះ បានធ្វើឲ្យខ្ញុំត្រេកអរណាស់ ហើយអ្នកផ្សេងទៀត ក៏ត្រេកអរដូចខ្ញុំដែរ ព្រោះគិតថានិងបានត្រឡប់មករស់នៅស្រុកកំណើតវិញ និងបានរួចផុតពីកំណែនទាហាន។ ពួកយើងបាននាំគ្នាចាកចេញពីទឹកដីវៀតណាមតាមផ្លូវដដែល។ ខ្ញុំស្តាយផ្ទះខ្ញុំដែលទើបធ្វើណាស់ តែខ្ញុំមិនអាចស្នាក់នៅតទៅទៀតបាន។ ប្រជាជនច្រើនពាន់នាក់បានវិលត្រឡប់មកស្រុកខ្មែរវិញ។ នៅតាមផ្លូវឆ្ពោះមកព្រំដែន និងបន្ទាប់ពីបានឆ្លងផុតព្រំដែនរួច ខ្ញុំមិនឃើញមានប្រជាជនវៀតណាមណាម្នាក់ឆ្លងចូលប្រទេសរបស់ខ្លួនឡើយ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីត្រូវមានការដោះដូរប្រជាជនគ្នាតាមការប្រកាសរបស់ខ្មែរក្រហម បើពុំឃើញមានប្រជាជនវៀតណាមណាម្នាក់ឆ្លងដែនទៅប្រទេសរបស់ខ្លួនផង? ខ្ញុំនៅតែមានចម្ងល់នេះរហូតដល់សព្វថ្ងៃ។ មកដល់ព្រំដែន កងទ័ពខ្មែរក្រហមបានយកឡានធំៗចំនួន៧គ្រឿងមកទទួលពួកខ្ញុំ។ ឡានរបស់កងទ័ពខ្មែរក្រហម មិនបានដាក់ពួកខ្ញុំនៅស្រុកកំណើតទេ គឺបានធ្វើដំណើរបង្ហួសមកដល់វត្តត្នោតជុំ ឃុំខ្ពបត្របែក ស្រុកត្រាំកក់។ មកដល់វត្តត្នោតជុំ កម្មាភិបាលខ្មែរក្រហមបានសួរចម្លើយពួកខ្ញុំដោយសួរដដែលៗថា «តើធ្លាប់ធ្វើទាហាន (លន់ នល់) ដែរឬទេ? ខ្ញុំបានប្រាប់តាមត្រង់ថា ខ្ញុំអត់ធ្លាប់ធ្វើទាហានទេ។ ក្មួយខ្ញុំម្នាក់បានប្រាប់ថា វាធ្លាប់ធ្វើទាហានកងចក្រ ហើយវាក៏ត្រូវកម្មាភិបាលនោះនាំយកទៅបាត់រហូតទៅ។ ខ្ញុំត្រូវដាំដើមគជានិច្ច គឺមិននិយាយស្តី មិនធ្វើដឹងឮ និងមិនធ្វើចេះ។ បន្ទាប់ពីសួរចម្លើយរួចរាល់ហើយ កម្មាភិបាលខ្មែរក្រហមបានចាត់ចែងឲ្យពួកខ្ញុំទៅស្នាក់នៅតាមភូមិជាមួយប្រជាជនចាស់ ដោយបានបែងចែក១០គ្រួសារត្រូវនៅមួយភូមិ។ ខ្ញុំត្រូវបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងដងទឹក។ ខ្ញុំនៅជុំគ្នាជាមួយប្រពន្ធ និងកូនទាំង៧នាក់របស់ខ្ញុំនៅក្នុងផ្ទះស្លឹកមួយដែលអង្គការរៀបចំទុកឲ្យ។ ខ្ញុំមិនស្នាក់នៅក្នុងផ្ទះជាមួយប្រជាជនចាស់ទេ ព្រោះខ្ញុំមានកូនច្រើន។ នៅទីនោះខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហមប្រើឲ្យធ្វើការមួយចំនួន ដូចជា ធ្វើចម្ការ ធ្វើស្រែ កាប់ដើមកក់ ដាំបន្លែ និងភ្ជួររាស់។ ថ្ងៃមួយខ្ញុំបានធ្វើឲ្យបាក់នង្គ័ល។ ខ្ញុំភ័យណាស់ ព្រោះខ្ញុំគឺជាប្រជាជនថ្មី ឲ្យតែមានកំហុសគឺដឹងច្បាស់ថាប្រាកដជាត្រូវគេនាំយកទៅកសាង។ ភ្លាមៗនោះ ខ្ញុំរត់ទៅសុំមេកងដើម្បីទៅកាប់ដើមត្រាចយកមកធ្វើនង្គ័លថ្មីជំនួសវិញ។ ខ្ញុំក៏បានរួចខ្លួននៅគ្រានោះម្តង។ ពេលក្រោយមកទៀត ខ្ញុំបានធ្វើឲ្យបាក់រទេះគោ ដោយសារតែគោដែលទឹមរទេះនោះផ្អើលរត់ធ្លាក់ចូលប្រឡាយទឹក ដែលជាហេតុធ្វើឲ្យរទេះនោះបាក់បែកអស់។ លើកនេះ ខ្ញុំគិតថាប្រាកដជាស្លាប់ព្រោះខ្ញុំមិនដឹងជារកអ្វីមកធ្វើរទេះសងអង្គការវិញបានភ្លាមទេ។ មេកងខ្ញុំ បានជួយខ្ញុុំ និងផ្លាស់ប្តូរខ្ញុំឲ្យមករស់នៅ និងធ្វើការនៅក្នុងភូមិត្រពាំងឫស្សីវិញ។ អ្នកមកពីវៀតណាមជាមួយខ្ញុំម្នាក់ឈ្មោះ កាន បានលួចដុតដំឡូងដូងហូប ហើយត្រូវកងឈ្លបតាមដានដឹង។ គាត់ត្រូវចាប់យកទៅសួរចម្លើយ និងកសាង។ កម្មាភិបាលខ្មែរក្រហមប្រចាំមូលដ្ឋាននោះ ប្រកាសនៅក្នុងចំណោមប្រជាជនក្នុងភូមិថា ទោសកំហុសរបស់ កាន គឺត្រូវសម្លាប់ចោល ប៉ុន្តែដោយសារអង្គការលែងតឹងរ៉ឹងដូចមុនទៀត ទើប កាន បានរួចខ្លួនពីការសម្លាប់។

ទូច ហ៊ន នៅផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

មុននឹងខ្ញុំត្រឡប់មកកាន់ស្រុកកំណើតវិញនៅឆ្នាំ១៩៧៩ មានព្រឹត្តិការណ៍មួយទៀតបានកើតឡើង នោះគឺការប្រកាសរបស់ យ៉ាន ដែលជាអ្នកក្តោបក្តាប់ឃុំត្រាំកក់ ឲ្យអ្នកភូមិខ្ញុំទាំងអស់ទៅចូលរួមហូបនុំបញ្ចុករួមគ្នានៅក្នុងរោងបាយ ដើម្បីអបអរសាទរចំពោះការឈប់ដាក់ផែនការធ្ងន់ៗមកលើប្រជាជនតទៅទៀត។ ពួកយើងបាននាំគ្នាទៅកាន់រោងបាយ។ ទន់ ដែលជាកម្មាភិបាលឃុំម្នាក់ បានហូបនំបញ្ចុកនោះមុនគេ។ ក្រោយមក គាត់បានស្លាប់ដោយសារតែពុលនំបញ្ចុកនោះ។ គ្រាន់តែឃើញហេតុការណ៍នេះភ្លាម ប្រជាជនទាំងអស់បានរត់គេចចេញពីរោងបាយវិលត្រឡប់មកកាន់ផ្ទះវិញ។ គាប់ជួនពេលនេះ ក៏មានដំណឹងថាកងទ័ពវៀតណាមកំពុងវាយសម្រុកមកលើខ្មែរក្រហម ខ្ញុំនិងគ្រួសារបានវេចបង្វិចវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ នៅតាមផ្លូវមកស្រុកកំណើត ខ្ញុំឃើញមានប្រជាជនច្រើននាក់ កំពុងចាកចេញពីស្រុកគិរីវង់ឆ្ពោះមកកាន់ខេត្តតាកែវ ហើយអ្នកដែលចាកចេញពីខេត្តតាកែវឆ្ពោះទៅកាន់ស្រុកគិរីវង់ ក៏មានចំនួនច្រើនដូចគ្នាដែរ។ ក្រោយឆ្នាំ១៩៧៩ ខ្ញុំបានធ្វើជាប្រធានភូមិ ហើយខ្ញុំចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។

អត្ថបទ​ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖