មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរស្រុកកំពង់សៀមស្ដីអំពីគម្រោង ប្រវត្តិសាស្រ្ត និងសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ក្រុមការងាររបស់មជ្ឈមណ្ឌលឯក​សារ​ខេត្តកំពង់ចាម ដឹកនាំដោយ ទូច វណ្ណេត, អេង វណ្ណីកា និង ស៊ាង ចិន្ដា​ ទទួលបានការអនុញ្ញាតឲ្យចូល​ជួប​ប្រជុំជាមួយ

លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម និងមន្ត្រីពាក់​ព័ន្ធ ដើម្បីពិភាក្សា​អំពីការ​ស្នើសុំកិច្ចសហការ និងការអនុញ្ញាតឲ្យអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារ​ខេត្ត​កំពង់ចាមចុះ​បំពេញ​កិច្ចការងារទៅលើគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវ​ស្ថាន​​ភាព​​សុខភាព​របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ​នៅតាមភូមិ និងឃុំនានាក្នុងស្រុកកំពង់​សៀម។

លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម។ (ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា) 

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្ត​កំពង់ចាម ដែលជា​សាខា​របស់​​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ថ្លែងអំណរគុណដល់លោកស្រីអភិបាលរងស្រុក ចំពោះ​ការអនុញ្ញាតឲ្យ​ក្រុម​​ការងារចូលជួបប្រជុំ និងបង្ហាញអំពីគោលបំណងនៃគម្រោង ដែលរួមមាន៖ ទី១)ធ្វើឲ្យ​ប្រសើរ​ឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅតាមគោលដៅដែលបាន​កំណត់​​, ទី២) លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាព​សម្រាប់​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទី៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខ​ភាព​របស់​អ្ន​ករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមសហគមន៍។

ដើម្បីសម្រេចបាននូវគោលបំណងនេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ស្នើសុំកិច្ចការ​អនុញ្ញាតពីលោកអភិបាល នៃគណៈអភិបាលស្រុក​កំពង់​សៀម ក្នុងការចុះអនុវត្តសកម្មភាពការងារ​គម្រោង​នៅក្នុងភូមិ និងឃុំនានាក្នុង​ស្រុក​កំពង់សៀម និង​កិច្ចសហការក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្ត​ចេញពីមូលដ្ឋានភូមិ និងឃុំនានាក្នុងស្រុកកំពង់សៀម​ចំនួន​ ២០នាក់ដើម្បីចុះអនុវត្តកិច្ចការងារក្នុងពេល​ឆាប់ៗនេះ។

លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម ((រូបទីពីររាប់ពីឆ្វេង) ) និងក្រុមការងារ។ (ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុក ថ្លែងអំណរគុណដល់មជ្ឈមណ្ឌល​ឯក​សារ​ខេត្តកំពង់ចាមក្នុងការកំណត់យកស្រុកកំពង់សៀមជាគោលដៅអទិភាព និងសម្ដែងការពេញ​ចិត្ត​ចំពោះ​គម្រោងនេះដែលយកចិត្តទុកដាក់ទៅលើមិនត្រឹមតែបទពិសោធន៍ជីវិតនោះឡើយ ក៏ប៉ុន្តែថែម​ទាំង​ស្ថាន​សុខ​ភាពបច្ចុប្បន្នរបស់អ្នករានមានជីវិតពីរបបខ្មែរក្រហម។ លោកស្រីអភិបាលរងស្រុក បន្ថែមទៀត​ថា «​សន្តិភាពគឺពិតជាមានសារសំខាន់ណាស់ ដែលយើងគ្រប់គ្នាត្រូវតែចូលរួមការពារ។ ការស្ដាប់​រឿងរ៉ាវ​របស់​​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចជួយលើកកម្ពស់ការអត់ឱន និងការយោគយល់គ្នាទៅវិញ​ដើម្បី​​ទប់ស្កាត់​កុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ បន្ថែមលើនេះទៀត គម្រោងប្រវត្តិសាស្រ្ត​និង​សុខភាព នេះគឺល្អសម្រាប់យុវជន-យុវនារី ក៏ដូចជារូបខ្ញុំផ្ទាល់ ដែលកើតក្រោយរបបខ្មែរក្រហមអាច​ចុះ​ជួប​និង​ស្ដាប់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិនិងឃុំរបស់​ខ្លួន ដើម្បី​យល់ដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងចូលរួមការការពារសន្តិភាព និងការអភិវឌ្ឍន៍»។​

ទេសភាពវាលស្រែនៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងរដូវវស្សា។ (ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកស្រីអភិបាលរងស្រុក ផ្ដល់កិច្ចសហការក្នុងការជួយជ្រើសរើស​យុវ​ជន-យុវនារីស្ម័គ្រចិត្តក្នុងស្រុក ​ដើម្បីចូលរួមបំពេញកិច្ចការងារក្នុងការជួយដល់អ្នករស់រាន​មាន​ជីវិតពី​របប​ខ្មែរក្រហមក្នុងភូមិសាស្រ្តស្រុកកំពង់សៀម។

អត្តបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ ទូច វណ្ណេត/មជ្ឈមណ្ឌលឯក​សារ​កម្ពុជា

អត្ថបទផ្សេងទៀត៖