ខ្ញុំឈ្មោះ កយ អាត អាយុ៧២ឆ្នាំ គឺជាប្រជាពលរដ្ឋ សព្វថ្ងៃរស់នៅភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ ហង្ស កយ និងម្ដាយឈ្មោះ ឯម រឿង។ ឪពុកម្ដាយរបស់ខ្ញុំបានស្លាប់ដោយសារ
ជំងឺ។ ខ្ញុំមានបងប្អូនសរុប៩នាក់ បងប្អូន១នាក់ស្លាប់ក្នុងរបប លន់ នល់, ៣នាក់់ស្លាប់ក្នុងរបបខ្មែរក្រហម និង១នាក់ទៀតស្លាប់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ខ្ញុំកើតនៅភូមិពោធិ៍ស្នាយ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
កាលពីក្មេងខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាពោធិ៍ស្នាយ រហូតដល់ថ្នាក់ទី១០សង្គមចាស់។ ដោយសារគ្រួសាររបស់ខ្ញុំមានសមាជិកច្រើន និងមានជីវភាពខ្វះខាត ទើបឪពុកម្ដាយរបស់ខ្ញុំឲ្យខ្ញុំទៅរស់នៅជាមួយលោកអ៊ំរបស់ខ្ញុំ។ ខ្ញុំបានទៅរស់នៅផ្ទះអ៊ំរបស់ខ្ញុំរយៈពេលមួយឆ្នាំ បន្ទាប់មកបានទៅរស់នៅផ្ទះពូរបស់ខ្ញុំរយៈពេលមួយឆ្នាំទៀត។ នៅទីនោះខ្ញុំមិនបានរៀនសូត្រទេ។ ក្រោយមក ខ្ញុំសម្រេចចិត្តមករស់នៅវត្តពោធិ៍ស្នាយវិញដើម្បីបានរៀនសូត្របន្ត។ ខ្ញុំរៀនរហូតបញ្ចប់ថ្នាក់បឋមសិក្សា និងបានបន្តការសិក្សានៅអនុវិទ្យាល័យបាភ្នំ។ បន្ទាប់ពីប្រឡងជាប់អនុវិទ្យាល័យ ខ្ញុំបានទៅរស់នៅជាមួយមីងរបស់ខ្ញុំនៅឯស្រុកបាភ្នំ និងបានបន្តការសិក្សានៅទីនោះ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែងប្រមុខរដ្ឋ។ នៅពេលនោះមានភាពចលាចលយ៉ាងខ្លាំង ហើយខ្ញុំក៏សម្រេចចិត្តឈប់រៀន និងត្រឡប់មកផ្ទះវិញ។ រយៈពេល៦ខែបន្ទាប់ពីរដ្ឋប្រហារ ខ្ញុំបានសុំម្ដាយរបស់ខ្ញុំចូលព្រៃម៉ាគីដើម្បីតស៊ូដណ្ដើមអំណាចថ្វាយសម្ដេចព្រះ នរោត្តម សីហនុ វិញ។ ម្ដាយរបស់ខ្ញុំមិនបានបដិសេធនោះទេ ថែមទាំងឲ្យធ្មេញរបស់គាត់ដែលបាក់មកខ្ញុំរក្សាទុកព្រោះវាអាចជួយការពារខ្ញុំ ហើយគាត់បានទូន្មានខ្ញុំឲ្យមានភាពស្មោះត្រង់ទៀតផង។
ខ្ញុំចាកចេញពីភូមិជាមួយឈ្មោះ ម៉ោញ កុសល និងសមាជិក៦នាក់ទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នា។ ក្រុមរបស់ខ្ញុំកាលនោះបានធ្វើដំណើរទៅម្ដុំព្រៃត្រោះ ក្នុងទឹកដីខេត្តស្វាយរៀង ដើម្បីហ្វឹកហាត់ក្បួនយោធា។ ខ្ញុំបានស្នាក់នៅ និងរៀនអំពីក្បួនធ្វើសឹកនៅព្រៃត្រោះចំនួន៣ខែ ដោយមានជនជាតិវៀតណាម (វៀតកុង) គឺជាអ្នកបង្រៀន។ បន្ទាប់ពីរៀនចប់ ខ្ញុំត្រូវបានបញ្ជូនឲ្យចូលក្នុងអង្គភាពទ័ពចល័តរបស់ស្រុក និងមកឈរជើងនៅខាងផ្សារស្នេហ៍។ អង្គភាពទ័ពចល័តរបស់ខ្ញុំមានសមាជិកចំនួន១២នាក់ និងមានឈ្មោះ សុន ហី គឺជាប្រធានក្រុម។ ក្រុមរបស់ខ្ញុំមានតួនាទីវាយឆ្មក់ទាហានរដ្ឋការ ឬមូលដ្ឋានទ័ពរបស់ លន់ នល់។ ក្រុមរបស់ខ្ញុំទាំងអស់មិនបានឈរជើងនៅមួយកន្លែងយូរទេ គឺយើងដើរវាយឆ្មក់នៅកន្លែងផ្សេងៗ ដូចជា ម្ដុំផ្សារស្នេហ៍ នៅភ្នំឈើកាច់ ស្រុកបាភ្នំ និងពេលខ្លះទៀតនៅវាយនៅឃុំបាបោង ស្រុកពាមរក៍។ ចន្លោះឆ្នាំពី១៩៧៣ ដល់ឆ្នាំ១៩៧៤ មានការប្រយុទ្ធគ្នាកាន់តែខ្លាំង គឺក្រុមរបស់ខ្ញុំបានវាយប្រយុទ្ធជាមួយទាហាន លន់ នល់ ដើម្បីដណ្ដើមយកទីរួមខេត្តព្រៃវែង។ នៅពេលវាយប្រយុទ្ធគ្នាម្ដងៗ ខ្ញុំតែងតែយកធ្មេញរបស់ម្ដាយខ្ញុំមកបៀមជាប្រចាំ ពីព្រោះខ្ញុំជឿថាធ្មេញនោះអាចជួយការពារខ្ញុំ។ នៅឆ្នាំ១៩៧៤ ក្រុមរបស់ខ្ញុំបានទទួលជ័យជម្នះនៅទីរួមខេត្តព្រៃវែង ហើយបានប្ដូរមកធ្វើសកម្មភាពនៅខាងអ្នកលឿង។ បន្ទាប់មកខ្ញុំក៏ត្រឡប់មករស់នៅជាមួយឪពុកម្ដាយ និងជួយធ្វើស្រែគាត់វិញ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់។ ប្រជាជននៅក្នុងភូមិពោធិ៍ស្នាយចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិទាំងអស់ធ្វើជារបស់រួម ចំណែកការងារ និងការហូបក៏តម្រូវឲ្យរួមគ្នាទាំងអស់ដែរ។ នៅពេលនោះអង្គការចាត់តាំងខ្ញុំឲ្យចូលធ្វើការក្នុងកងចល័តឃុំ និងត្រូវចេញទៅធ្វើការងារនៅភូមិផ្សេងៗ។ នៅខែឧសភា ឆ្នាំ១៩៧៦ ខ្ញុំបានស្នើសុំអង្គការរៀបការជាមួយនារីម្នាក់នៅក្នុងភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ អង្គការបានរៀបការឲ្យខ្ញុំ និងអ្នកផ្សេងទៀតសរុបទាំងអស់មានចំនួន៣៤គូ នៅក្នុងទីស្នាក់ការភូមិស្រះតាអឹម។ នៅថ្ងៃរៀបការ ឪពុកម្ដាយទាំងសងខាងអាចចូលរួមធ្វើជាភ្ងៀវ ប៉ុន្តែមិនមានសិទ្ធិនិយាយទេ។ បន្ទាប់ពីរៀបការរួច ខ្ញុំបានប្ដូរទៅរស់នៅភូមិស្រះតាអឹម និងបានធ្វើការងារនៅក្នុងក្រុមដឹកជញ្ជូនឃុំអង្គរស។
នៅក្នុងឃុំអង្គរសទាំងមូលមានរទេះដឹកជញ្ជូនប្រមាណជិត១០រទេះ។ អង្គការបានប្រើឲ្យកងដឹកជញ្ជូន ដឹកស្បៀងអាហារ សម្ភារប្រើប្រាស់ និងផលដំណាំផ្សេងៗ។ ចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៧ ប្រជាជននៅក្នុងភូមិស្រះតាអឹម មានអាហារហូបបានគ្រប់គ្រាន់ ហើយការងារក៏មិនសូវលំបាកប៉ុន្មានដែរ។ បន្ទាប់ពីមានព្រឹត្តិការណ៍ចាប់ សោ ភឹម កម្មាភិបាលខ្មែរក្រហមដែលគ្រប់គ្រងនៅក្នុងឃុំអង្គរសត្រូវបានចាប់ខ្លួនយកទៅសម្លាប់ចោល ហើយដាក់កម្មាភិបាលថ្មីមកគ្រប់គ្រងជំនួស។ ចាប់តាំងពីពេលនោះការរស់នៅរបស់ប្រជាជនចាប់ផ្ដើមលំបាក ហើយរបបអារហារកាន់តែតិចទៅៗ ចំណែកការងារកាន់តែធ្ងន់ធ្ងរ។ ខ្មែរក្រហមបានដកយករទេះគោពីខ្ញុំវិញ និងបានចាត់តាំងខ្ញុំឲ្យធ្វើការងារនៅក្នុងភូមិ។
នៅឆ្នាំ១៩៧៨ ប្រធានសហករណ៍កត់ឈ្មោះខ្ញុំ និងគ្រួសារដើម្បីត្រៀមជម្លៀសទៅតំបន់ផ្សេង ប៉ុន្តែបានខកខានវិញ។ រហូតដល់ដើមខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់រួមទាំងគ្រួសាររបស់ខ្ញុំឲ្យចេញពីភូមិម្តងទៀត ព្រោះកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកជិតដល់ភូមិហើយ។ គ្រួសាររបស់ខ្ញុំបានធ្វើដំណើរឆ្លងកាត់ភ្នំឈើកាច់សំដៅទៅកំពង់ចម្លងអ្នកលឿង។ ពេលទៅដល់អ្នកលឿង ខ្ញុំឃើញកម្មាភិបាលខ្មែរក្រហមជាច្រើននាក់ព្យាយាមហែលឆ្លងទន្លេ និងមានកម្មាភិបាលជាច្រើននាក់បានស្លាប់ដោយសារលង់ទឹក ព្រោះមានការវាយប្រយុទ្ធគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងយោធាខ្មែរក្រហម។ ខ្ញុំឃើញឈាមដាននៅពេញថ្នល់ជាតិ។
គ្រួសាររបស់ខ្ញុំបានធ្វើដំណើរត្រឡប់មកភូមិស្រះតាអឹមវិញ។ នៅតាមផ្លូវខ្ញុំឃើញ សាកសពប្រជាជន និងយោធាខ្មែរក្រហមជាច្រើននាក់។ សាកសពប្រជាជនភាគច្រើនស្លាប់នៅម្ដុំកំពង់សឹង ស្ពានស្ទឹងស្លូត និង ស្ពានវ៉ាមី ដោយសារខ្មែរក្រហមបររថក្រោះកិន។ ពេលមកដល់ភូមិគ្រួសាររបស់ខ្ញុំបានដើរច្រូតស្រូវក្នុងស្រែដើម្បីទុកធ្វើជាស្បៀងអាហារ និងទុកធ្វើជាពូជដាំដុះបន្តទៀត។ គ្រួសាររបស់ខ្ញុំបានប្រកបរបបធ្វើស្រែ និងឡើងត្នោតដើម្បីចិញ្ចឹមជីវិត។
នៅឆ្នាំ១៩៨៣ ខ្ញុំចូលធ្វើការខាងគណនេយ្យនៅមន្ទីរពាណិជ្ជកម្មស្រុកមេសាងរហូតដល់ឆ្នាំ១៩៨៦ទើបឈប់។ បន្ទាប់មកខ្ញុំប្រកបរបរធ្វើស្រែរហូតដល់ឆ្នាំ២០០០ ទើបខ្ញុំឡើងទៅរៀនផ្នែកកសិកម្មនៅទីរួមខេត្តព្រៃវែង និងធ្វើជាគ្រូបណ្ដុះបណ្ដាលប្រជាជន ខាងផ្នែកកសិកម្ម។ នៅឆ្នាំ២០១៤ ខ្ញុំឈប់ដើរបង្រៀនកសិកម្ម ព្រោះប្រពន្ធរបស់ខ្ញុំឈ្មោះ ស្រី រាម បានស្លាប់ដោយសារជំងឺ ដូច្នេះខ្ញុំត្រូវនៅចាំផ្ទះ និងថែទាំដំណាំ។ សព្វថ្ងៃ ខ្ញុំរស់នៅជាមួយចៅរបស់ខ្ញុំម្នាក់ ចំណែកកូនៗបានរៀបការ និងរស់នៅបែកផ្ទះអស់ហើយ។
អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា