ខ្ញុំឈ្មោះ លឹម អេង អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាកសិករ ប៉ុន្តែដោយសារតែជរាភាព ខ្ញុំមិនអាចប្រកបរបរនេះបានទៀតទេ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ សេត
ឡាង និងមានកូនចំនួន៦នាក់។ ខ្ញុំកើតនៅភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ ខ្ញុំមានឪពុកឈ្មោះ គុយ លឹម និងម្ដាយឈ្មោះ អោ សេន។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៥នាក់។ នៅវ័យកុមារ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាវត្តចុងកោះសូទិន និងបន្តការសិក្សានៅទីរួមខេត្តកំពង់ចាម។ ខ្ញុំរៀននៅសាលាឯកជនមួយដើម្បីត្រៀមប្រឡងចូលថ្នាក់ទី៣សង្គមចាស់។ ក្រោយមក ខ្ញុំសម្រេចចិត្តទៅរៀននៅសាលាព្រែកដំណឹង ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងវិញ ពីព្រោះខ្ញុំមានឪពុកមារស់នៅទីនោះ។ នៅពេលដែលខ្ញុំកំពុងស្នាក់នៅ និងរៀន នៅស្រុកស៊ីធរកណ្ដាល ខ្ញុំឮដំណឹងថាមានរដ្ឋប្រហារទម្លាក់សម្ដេចឪ។ បន្ទាប់មក បងប្អូនរបស់ខ្ញុំមកបបួលខ្ញុំចូលធ្វើជាទាហាន លន់ នល់ នៅទីក្រុងភ្នំពេញ។ ខ្ញុំមិនបានចូលធ្វើទាហានទេ។ បាតុកម្មបានផ្ទុះឡើង និងដង្ហែរទៅទីរួមខេត្តកំពង់ចាម។ ដោយឃើញស្ថានភាពមិនស្រួល ខ្ញុំបានវិលត្រឡប់មករស់នៅជួបជុំគ្រួសារនៅភូមិកំណើតវិញ។
នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមបានចូលមកក្នុងភូមិ និងស្នាក់អាស្រ័យនៅក្រោមផ្ទះ និងក្រោយផ្ទះរបស់អ្នកភូមិ។ ពេលនោះគឺជាវេលានៃការផ្ទុះអាវុធរវាងទាហាន លន់ នល់ ដែលឈរជើងនៅទីរួមខេត្តកំពង់ចាម និងកងទ័ពរំដោះខ្មែរក្រហមដែលឈរជើងនៅតាមភូមិនានាក្នុងស្រុកកោះសូទិន។ ភូមិទី៩ទទួលរងគ្រាប់ផ្លោងយ៉ាងសន្ធឹកសន្ធាប់ដែលបានផ្លោងចេញពីភ្នំស្រីភ្នំប្រុស។ នៅក្នុងឆ្នាំ១៩៧១ ដដែល គ្រួសាររបស់ខ្ញុំបានរត់ភៀសខ្លួនចេញពីភូមិទៅរស់នៅជាមួយបងប្អូននៅភូមិជ្រែកឃ្មុំ ឃុំជ្រែកឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដែលជាតំបន់រំដោះខ្មែរក្រហម។ បន្ទាប់ពីបានទៅដល់ទីនោះ ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាគ្រូបង្រៀននៅមូលដ្ឋាន។ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅរៀនវគ្គបណ្ដុះបណ្ដាលអស់រយៈពេល៣ខែថែមទៀត។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលបានបញ្ចប់ ខ្ញុំបានបង្រៀនថ្នាក់ទី៣នៅសាលាបឋមសិក្សាស្វាយទាប ដែលមានមិត្ត ឈាន គឺជានាយកសាលា។
នៅឆ្នាំ១៩៧៣ ខ្ញុំរៀបការប្រពន្ធឈ្មោះ សេត ឡាង និងទៅរស់នៅជាមួយគ្រួសារខាងប្រពន្ធ។ ដោយសារតែផ្ទះគ្រួសារខាងប្រពន្ធស្ថិតនៅឆ្ងាយ ខ្ញុំបានឈប់បង្រៀន។ ក្រោយមកទៀត ខ្ញុំស្ម័គ្រចិត្តចូលធ្វើជាពេទ្យ និងត្រូវបានបញ្ជូនទៅរៀនវគ្គបណ្ដុះបណ្ដាលរយៈពេល៣ខែបន្ថែមទៀត អំពីការចាក់ថ្នាំ ផ្សំថ្នាំ និងពិនិត្យមើលអាការជំងឺ។ បន្ទាប់ពីរៀនចប់ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើជាពេទ្យប្រចាំភូមិដើម្បីពិនិត្យ និងព្យាបាលប្រជាជនមូលដ្ឋាន។ នៅចុងឆ្នាំ១៩៧៣ មេភូមិ ដែលខ្ញុំមិនបានចាំឈ្មោះ បានជ្រើសរើសពេទ្យជំនាញវះកាត់។ នៅពេលនោះ បងថ្លៃខ្ញុំដែលជាពេទ្យមូលដ្ឋាន បានស្ម័គ្រចិត្តចូលរៀនជំនាញពេទ្យវះកាត់ និងត្រូវបានបញ្ជូនទៅរៀនបន្ត ប៉ុន្តែបងថ្លៃរបស់ខ្ញុំមិនដែលវិលត្រឡប់មកភូមិវិញទេ។ នៅឆ្នាំ១៩៧៤ ខ្ញុំនាំប្រពន្ធ និងកូនមករស់នៅភូមិទី៩ដែលជាភូមិកំណើតវិញ។ នៅពេលដែលខ្ញុំត្រៀមឆ្លងទន្លេមកភូមិ ម៉ារីនទាហាន លន់ នល់ បានបើកល្បាតចុះឡើងពិនិត្យមើលសភាពការណ៍ បន្ទាប់មកក៏បន្តដំណើរទៅក្រុងកំពង់ចាម។ ខ្ញុំនិងប្រពន្ធកូនស្នាក់នៅម្ដុំកោះចិនមួយយប់សិន។ នៅពេលដែលសភាពការណ៍ស្ងប់ស្ងាត់ទើប ខ្ញុំនិងប្រពន្ធកូនជួលទូកជិះឆ្លងទន្លេមករស់នៅក្នុងភូមិកំណើត រហូតដល់ខ្មែរក្រហមទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា នៅឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៦ ខ្ញុំនិងអ្នកភូមិផ្សេងទៀតចាប់ផ្ដើមហូបបាយរួម។ ក្រោយមក ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការនៅកងនេសាទភូមិ ដែលមានសមាជិកចំនួន១០នាក់ ដើម្បីរកត្រីមកឲ្យរោងបាយ។ កងនេសាទក៏មានខ្មែរ-អ៊ីស្លាម ដូចជា មិត្តលាស់ មិត្តកូប និងមិត្ត ម៉ាន ដែលជាអ្នកជំនាញជួសមង ឬដោះមងដែលជាប់នៅបាតទន្លេដែរ។ ប្រធានកងនេសាទនៅពេលនោះ ឈ្មោះ វែង ថៃ, លាស់, កូប និង ម៉ាន។ កងនេសាទរបស់ខ្ញុំគឺធ្វើការចាប់ពីពាក់កណ្ដាលអធ្រាត ដោយបានរាយមងនៅកណ្ដាលទន្លេ បន្ទាប់មកទើបចូលមកសម្រាកវិញ។ រហូតដល់ម៉ោង៦ព្រឹក កងនេសាទបានចែវទូកទៅលើកមង និងប្រមូលបានត្រី គល់រាំង ត្រីក្អែក និងត្រីព្រួល ជាដើម។ បន្ទាប់មក កងដឹកជញ្ជូនបានដឹកត្រីដែលកងនេសាទរកបានទៅដាក់នៅរោងបាយរួមដើម្បីធ្វើម្ហូបឲ្យអ្នកភូមិ។
នៅឆ្នាំ១៩៧៧ ខ្ញុំឃើញកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីទាំងក្មេងចាស់ចូលមកក្នុងភូមិ។ ខ្ញុំមិនហ៊ាននិយាយរក និងមើលមុខកងទ័ពខ្មែរក្រហមទាំងនោះទេ។ ខ្ញុំបន្តធ្វើការនៅកងនេសាទ និងពេលខ្លះខ្ញុំបានសុំច្បាប់មកលេងប្រពន្ធ និងកូននៅផ្ទះ។ ក្រោយមក មិត្តលាស់ មិត្តកូប និងមិត្តម៉ាន នៅកងនេសាទភូមិ ត្រូវបានចាប់ខ្លួនយកទៅសម្លាប់។ ខ្ញុំមិនដឹងថាខ្មែរក្រហមសម្លាប់អ្នកទាំងនោះនៅកន្លែងណាទេ។ ខ្ញុំធ្វើការនៅកងនេសាទ រហូតដល់កងទ័ពវៀតណាមចូលមកនៅដើមឆ្នាំ១៩៧៩។ ខ្ញុំនិងគ្រួសាររួចផុតពីជីវិតពីរបបខ្មែរក្រហម និងប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។
អត្ថបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម
រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា