នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ សិស្សានុសិស្សចំនួន៥១នាក់ ក្នុងនោះមានសិស្សស្រី៣៣នាក់ និងអ្នកគ្រូចំនួន២នាក់មកពីវិទ្យាល័យ ហ៊ុន សែនខ្នារ និង វិទ្យាល័យក្រែក ខេត្តត្បូងឃ្មុំ បានចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីអំពី «សារសំខាន់នៃការសិក្សាប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ។
ការរៀបចំវេទិកាថ្នាក់រៀនចុងសប្តាហ៍នេះក្នុងគោលបំណងដូចខាងក្រោម៖
-ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចែករំលែក និងបង្ហាញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេនៅលើអ្វីដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
-លើកទឹកចិត្តសិស្សឲ្យគិតពិចារណាលើផលវិបាកអន្តរកាលនៃកេរដំណែលនេះ ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
-ជំរុញការពិភាក្សាអំពីកេរដំណែលនេះនៅក្នុងគ្រួសារ និងសហគមន៍។
-ជំរុញការពិភាក្សាអំពីយុទ្ធសាស្រ្តមួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។
-ចែកសៀវភៅសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
ជាកិច្ចចាប់ផ្តើមវេទិកាថ្នាក់រៀនចុងសប្តាហ៍លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានណែនាំខ្លួន និងបង្ហាញអំពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្ម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ បន្ទាប់មកលោក ឡុង ដានី បាននាំសិស្សានុសិស្ស និងអ្នកគ្រូដើរទស្សនាពិព័រណ៍នៃបណ្តុំរូបថត រូបគំនូរ និងផែនទីនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០ នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូរដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាម ដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ដើម្បីវាយផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
ជាកិច្ចបន្តលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ដល់សិស្សានុសិស្សមានដូចខាងក្រោម ៖
-វាស់ស្ទង់ចំណេះដឹងសិស្សមុនវេទិកាចាប់ផ្តើម ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។
-ចែកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សទាំងអស់។
-ពន្យល់ពីនិយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។
-បង្រៀនមេរៀនប្រវត្តិសាស្ត្រជំពូកទី៣ នៃសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ៖ ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី១ និងដំណាក់កាលទី២។
លោក ផេង ពង្សរ៉ាស៊ី បានពន្យល់សិស្សានុសិស្សថា នៅដំណាក់កាលដំបូងយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងចាប់ផ្តើមជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងប្រមាណ២លាននាក់ក្រោមមូលហេតុផ្សេងៗដូចជា ៖
១) សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់បែកលើទីក្រុង
២) ដើម្បីបោសសម្អាតទីក្រុង
៣) ពិនិត្យមើលខ្មាំងចុងក្រោយ
៤) មិនចង់ឲ្យប្រជាជនរស់នៅលាយឡំជាមួយខ្មាំង
៥) ឲ្យប្រជាជនចេញទៅយកស្បៀងអាហារនៅទីជនបទ។
ការជម្លៀសដោយបង្ខំនេះបានបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់ ជាពិសេសកុមារ មនុស្សចាស់ជរា និងអ្នកជំងឺបានស្លាប់។ ស្រ្តីមានផ្ទៃពោះជាច្រើនបានស្លាប់នៅពេលសម្រាលកូនដោយសារគ្មានថ្នាំសង្គូវ ឬសេវាសុខាភិបាល។ ក្មេងៗបានវង្វេងបាត់ពីឪពុកម្តាយ។ ប្រជាជនភាគច្រើនមិនដឹងថា តើមានអ្វីកំពុងតែកើតឡើងនោះទេ។
លោកផេង ពង្សរ៉ាស៊ី បានបន្តថាការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី២ គឺខ្មែរក្រហមបានជម្លៀសប្រជាជននៅភូមិភាគបូព៌ា រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលបន្ទាប់ពីខ្មែរក្រហមបានចោទប្រកាន់មេដឹកនាំ និងកម្មាភិបាលនៅភូមិភាគបូព៌ាក្បត់ដោយបានចូលជាមួយប្រទេសវៀតណាមនៅចុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ ការជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលនេះបានបណ្តាលឲ្យប្រជាជនបូព៌ាជាច្រើនបានស្លាប់ដោយសារការយកទៅសម្លាប់ ដោយសារជំងឺ និងអត់អាហារ។
នៅចុងបញ្ចប់វេទិកាថ្នាក់រៀន លោក ផេង ពង្សរ៉ាស៊ី ឲ្យសិស្សធ្វើកិច្ចការដូចខាងក្រោម៖
-សួរសំណួរនិងឆ្លើយសំណួរទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
-ឲ្យសិស្សបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងក្រោយវេទិកាបញ្ចប់។
– ថតរូបអនុស្សាវរីយ។
បន្ទាប់មក គ្រូ និងសិស្សបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម ៖
អ្នកគ្រូ ហុង ស្រីរ័ត្ន បង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានៃវិទ្យាល័យ ហ៊ុន សែន ខ្នារ មានប្រសាន៍ថា នៅពេលខ្ញុំមកមជ្ឈមណ្ឌលឯកសារកោះថ្មភ្លាម ខ្ញុំបានចាប់អារម្មណ៍ទៅលើផ្ទាំងគំនូរនៅលើជញ្ជាំងជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមចាប់ពីការកកើតឡើងរហូតដល់មានការរំដោះប្រទេសចេញពីរបបខ្មែរក្រហម។ ចំណែករូបភាពមួយចំនួនបានបង្ហាញពីសោកនាដកម្ម ដូចជា សាកសព គ្រោងឆ្អឹង ព្រមទាំងមានរូបភាពផ្សេងៗទៀត។ ខ្ញុំសង្កេតឃើញសិស្សានុសិស្សមានសកម្មភាព មានការយកចិត្តទុកដាក់សិក្សា ចាប់អារម្មណ៍ទៅលើការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសដែលធ្វើឲ្យសិស្សទទួលបាននូវចំណេះដឹងបន្ថែមពីលើសៀវភៅសិក្សាគោលដែលបង្រៀននៅតាមសាលា។ ម្យ៉ាងទៀតសិស្សដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀននេះ គឺបានឃើញទីតាំងផ្ទាល់ និងរូបភាពជាច្រើនទាក់ទងនឹងសម្តេច ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូបកាលពីអតីតកាល។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់ឱកាសឲ្យនាងខ្ញុំ និងសិស្សានុសិស្សបានចូលរួមសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហម និងចង់ឲ្យមជ្ឈមណ្ឌលឯកសារកោះថ្មនៅតែផ្តល់ឱកាសឲ្យសិស្សានុសិស្សក្រោយៗបានមកសិក្សាបន្ថែមទៀត។
យុវសិស្ស ថន ថេន ភេទប្រុស អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២Aនៃវិទ្យាល័យ ហ៊ុន សែន ខ្នារ និយាយថា ខ្ញុំសប្បាយរីករាយនៅពេលដែលបានមកទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ វេទិកានេះធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងប្រវត្តិសាស្ត្រខ្មែរក្រហមថ្មីៗបន្ថែមទៀត និងបានដឹងពីផលពិបាកនៃសង្រ្គាម។ ម្យ៉ាងទៀតខ្ញុំក៏ទទួលបានព័ត៌មានកាន់តែច្រើនអំពីជីវភាពរស់នៅលំបាកវេទនារបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម។ ចំពោះខ្លួនខ្ញុំផ្ទាល់ គឺមិនចង់ឲ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍កើតឡើងវិញម្តងទៀតឡើយ។
យុវសិស្ស លាង រតនា ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២B នៅវទ្យាល័យ ហ៊ុន សែនខ្នារ បានឲ្យដឹងថា ខ្ញុំមានអារម្មណ៍រីករាយ ពីព្រោះកាលពីមុនខ្ញុំបានសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ប៉ុន្តែមិនបានស៊ីជម្រៅ។ ក្រោយពីខ្ញុំបានចូលរួមនៅការសិក្សាប្រវត្តិសាស្រ្តនៅថ្ងៃនេះ ខ្ញុំបានយល់ដឹងកាន់តែច្រើនពីប្រវត្តិសាស្រ្តខ្មែរក្រហម ហើយក៏បានទទួលបានចំណេះដឹងកាន់តែច្រើ់នអំពីដំណើររបស់សម្ដេច ហ៊ុន សែន និងយុទ្ធមិត្ត ដើមី្បសុំការអន្តរាគមន៍ពីប្រទេសវៀតណាមដើម្បីកសាងកងកម្លាំងប្រដាប់អាវុធមករំដោះប្រទេសជាតិ។ លើសពីនេះទៀត ខ្ញុំក៍យល់ដឹងអំពីវិធីទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតឡើងម្ដងទៀតដែរ។
អត្ថបទ ៖ គាត ស្រីឡែន និង ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា