ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានស្វាគមន៍ដំណើរមកកាន់ការិយាល័យរបស់ខ្លួន ពីសំណាក់ក្រុមយុវជននិងយុវនារី ចំនួន៤៣នាក់ ក្នុងនោះមានស្រី២៨នាក់ មកពីស្រុកកំចាយមារ ខេត្តព្រៃវែង។ យុវជនទាំងនេះ បានចំណាយពេលវេលារបស់ខ្លួនបន្ទាប់ពីសម្រាកពីការសិក្សានៅក្នុងវិទ្យាល័យ ជាស៊ីម កំចាយមារ ដោយប្រើប្រាស់សិទ្ធិជាយុវជនជំនាន់ក្រោយ ក្នុងការចង់ស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហមពីវេទិកាថ្នាក់រៀនស្តីអំពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩) ដែលត្រូវបានរៀបចំឡើងនៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នាចុងសប្តាហ៍ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ គោលបំណងនៃការមកកាន់ទីតាំងការិយាល័យរបស់មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង គឺដើម្បីរៀនសូត្របន្ថែមពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងស្តាប់ការពន្យល់ពីលោក ផេង ពង្សរ៉ាស៊ី គ្រូឧទ្ទេសទាក់ទងនឹងនិយមន័យនៃឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្ត្រទប់ស្កាត់អំពើហិង្សានានាដែលអាចឈានដល់ការកកើតអំពើប្រល័យពូជសាសន៍។
យុវជនទាំងអស់ ត្រូវបានណែនាំឲ្យទស្សនាពិព័រណ៍រូបថតដែលដាក់តាំងបង្ហាញនៅក្នុងការិយាល័យ អមដោយការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ព្រោះនៅខាងក្រៅការិយាល័យមានភ្លៀងរលឹម និងពិបាកក្នុងការធ្វើដំណើរទៅទស្សនាពិព័រណ៍ដែលត្រូវបានដាក់តាំងបង្ហាញនៅតាមសួនច្បារ។ បន្ទាប់មក គ្រូឧទ្ទេសបានណែនាំពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហមដោយសង្ខេប។ នៅក្នុងកម្មវិធីទស្សនកិច្ច និងវេទិកាថ្នាក់រៀនចុងសប្តាហ៍នេះ គ្រូឧទ្ទេសបានផ្តល់ដល់ក្រុមយុវជននូវទិដ្ឋភាពរួមទាក់ទងនឹងវិធីសាស្ត្រសំខាន់ៗមួយចំនួនក្នុងការទប់ស្កាត់អំពើហិង្សា ដែលអាចឈានដល់ការកកើតអំពើប្រល័យពូជសាសន៍។
យុវជនច្រើនលើសលប់ បានសម្តែងនូវអារម្មណ៍រីករាយដែលទទួលបានចំណេះដឹងថ្មីស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានយុវជនតិចតូចប៉ុណ្ណោះ បានបង្ហាញពីភាពអស់កម្លាំង និងនឿយហត់ ដោយសារតែយុវជនទាំងនោះធ្វើដំណើរឆ្ងាយ។ នៅចុងបញ្ចប់នៃកម្មវិធីយុវជនបានចាប់ផ្តើមផ្ចង់ការគិត និងយកចិត្តទុកដាក់ឡើងវិញ ព្រមទាំងបានសួរសំណួរមួយចំនួនអំពីប្រវត្តិសាស្ត្រខ្មែរក្រហមទៅវាគ្មិនទៀតផង។
លោក ជិន ភិរម្យ នាយកវិទ្យាល័យកំចាយមារដែលបានដឹកនាំក្រុមយុវជនមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានបង្ហាញពីអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងដែលផ្តល់ឱកាសដល់យុវជនក្មេងៗជំនាន់ក្រោយ បានចូលរួមស្វែងយល់ និងបង្កើនចំណេះដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ លោក ភិរម្យ ក៏បានស្នើសុំឲ្យយុវជនដទៃទៀតចូលរួមវេទិកាថ្នាក់រៀននៅឱកាសក្រោយទៀតផងដែរ។
អត្ថបទ ៖ ភា រស្មី បុគ្គលិកជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា