ខ្ញុំដឹងរឿងរ៉ាវឪពុករបស់ខ្ញុំពីម្តាយ និងពូ

ខ្ញុំឈ្មោះ ភួង សុខថា ភេទស្រី អាយុ២៦ឆ្នាំ។ ខ្ញុំរស់នៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំគឺជាអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។ ចាប់តាំងពីខ្ញុំបានធ្វើការងារស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរឿងរ៉ាវរបស់អ្នករស់រានពីរបបខ្មែរក្រហម រួមទាំងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរក្រហមដែលប្រជាជនកម្ពុជាបានឆ្លងកាត់។ បន្ថែមលើនេះ បានធ្វើឲ្យខ្ញុំចង់ដឹងរឿងរ៉ាវជីវិតរបស់ឪពុកខ្ញុំឈ្មោះ សុខ ផន ដែលបានស្លាប់បាត់បង់ជីវិតតាំងពីខ្ញុំនៅតូច ដូច្នេះខ្ញុំក៏បានសាកសួរប្អូនប្រុសរបស់ឪពុកខ្ញុំ និងម្ដាយរបស់ខ្ញុំទាក់ទងនឹងប្រវត្តិឪពុករបស់ខ្ញុំ។

តាមសម្តីរបស់ពូ សុខ ភី អាយុ៥៦ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ឪពុកខ្ញុំ បាននិយាយរៀបរាប់ថា ឪពុករបស់ខ្ញុំឈ្មោះ សុខ ផន កើតនៅឆ្នាំ១៩៦៤។ ឪពុករបស់ខ្ញុំមានស្រុកកំណើតនៅភូមិជ្រួល ឃុំកន្សោមអក​ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលពីក្មេង ឪពុករបស់ខ្ញុំមិនបានរៀនសូត្រទេ ព្រោះគ្រួសារខ្វះខាត ហើយប្រទេសមានសង្គ្រាម។ នៅពេលយោធាខ្មែរក្រហមចូលមកក្នុងភូមិនៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំងឲ្យឪពុករបស់ខ្ញុំចូលទៅនៅក្នុងកងកុមារភូមិ ហើយប្រធានកងកុមារខ្មែរក្រហមប្រើឪពុកខ្ញុំឲ្យ ឃ្វាលគោ-ក្របី និងដើរប្រមូលជីយកទៅទុកនៅក្នុងសហករណ៍។ ក្រោយមក ខ្មែរក្រហមផ្លាស់ប្ដូរការងារឪពុករបស់ខ្ញុំឲ្យទៅរែកដីបាតស្រះ និងត្រពាំងយក ទៅដាក់នៅវាលស្រែ។ ឪពុករបស់ខ្ញុំគឺជាក្មេងប្រុសម្នាក់ដែលខិតខំធ្វើការងារ ហើយប្រធានកងមិនដែលស្តីបន្ទោសគាត់ឡើយ។ រហូតដល់ឪពុករបស់ខ្ញុំពេញវ័យទើបប្រធានកងចាត់តាំងគាត់ឲ្យរែកដី ភ្ជួរស្រែ និងស្ទូង នៅក្នុងភូមិ។ ប្រធានសហករណ៍ពេញចិត្តនឹងការងាររបស់ឪពុកខ្ញុំ ព្រោះឪពុកខ្ញុំគឺជាក្មេងឧស្សាហ៍ ដូច្នេះហើយទើបប្រធានកងមិនដែលឲ្យគាត់ចេញទៅធ្វើការនៅខាងក្រៅភូមិ។

​បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឪពុករបស់ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាមេសាង។ ឪពុករបស់ខ្ញុំបានជិះកង់ដឹកប្អូនរបស់គាត់ពីរនាក់ទៅរៀនដែរ។ ឪពុករបស់ខ្ញុំរៀនរហូតដល់ថ្នាក់ទី៧ នៅក្នុងឆ្នាំ១៩៨៥។ ក្រោយពីឪពុករបស់ខ្ញុំបញ្ចប់ការសិក្សាភ្លាម បងធម៌ឈ្មោះ ភ័ណ  បម្រើការជាមន្រ្តីនគរបាលនៅខេត្តព្រៃវែង មកហៅឪពុកខ្ញុំឲ្យទៅធ្វើការជាមួយគាត់។ ឈ្មោះ ភ័ណ ឲ្យឪពុកខ្ញុំសរសេរប្រវត្តិរូបចូលធ្វើការជាមន្រ្តីនគរបាល ក្នុងខេត្តព្រៃវែង។ បន្ទាប់ពីឪពុករបស់ខ្ញុំចូលធ្វើជាមន្រ្តីនគរបាលខេត្តព្រៃវែង បានរយៈពេល១ខែ គាត់បានឡើងតួនាទីជាប្រធាន «គ» រហូតមកដល់ចុងឆ្នាំ១៩៨៩។ រយៈពេល៤ឆ្នាំ ក្រោយមក ឪពុករបស់ខ្ញុំត្រូវបានមេបញ្ជាការឈ្មោះ យឹនណូ បញ្ជូនគាត់ឲ្យមកយាមនៅទួលប្រលៀសដែលមានទីតាំងនៅខាងកើតភូមិព្រៃកណ្ដៀង ចម្ងាយប្រហែលកន្លះគីឡូម៉ែត្រ។ នៅពេលដែលឪពុករបស់ខ្ញុំប្រចាំការនៅទួលប្រលៀស ប្រធានភូមិព្រៃកណ្តៀងឈ្មោះ ហេង ឆឹង​ គឺជាប្រធានភូមិចាស់ បានស្នើកងកម្លាំងរបស់ឪពុកខ្ញុំឲ្យចុះជួយប្រជាជនស្រង់កំប្លោកនៅក្នុងភូមិព្រៃកណ្ដៀង រយៈពេល២សប្ដាហ៍ ។

ចំណែកម្តាយរបស់ខ្ញុំឈ្មោះ លន់ សុគន្ធា អាយុ៥២ឆ្នាំ កើតនៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានរៀបរាប់ថា នៅថ្ងៃដែលឪពុករបស់ខ្ញុំទៅជួយប្រជាជនក្នុងភូមិព្រៃកណ្ដៀងស្រង់កំប្លោក ឪពុករបស់ខ្ញុំបានជួបគាត់ និងចាប់ចិត្តស្រឡាញ់គាត់។​ ឪពុករបស់ខ្ញុំបាននាំចាស់ទុំចូលទៅស្ដីដណ្ដឹងម្ដាយរបស់ខ្ញុំ ប៉ុន្តែត្រូវបានម្ដាយរបស់ខ្ញុំប្រកែក ព្រោះពេលនោះម្ដាយខ្ញុំគិតថាគាត់នៅក្មេងអាយុត្រឹមតែ១៧ឆ្នាំមិនអាចមានគ្រួសារឡើយ។ ក្រោយមកដោយសារតែយាយរបស់ខ្ញុំឈ្មោះ ហង់ ធរ ចង់បានកូនប្រសារធ្វើជានគរបាល ទើបបង្ខំម្ដាយរបស់ខ្ញុំឲ្យរៀបការ។ យាយរបស់ខ្ញុំគិតថាប្រសិនបើគាត់មានកូនប្រសាជានគរបាល នោះកូនប្រុសរបស់គាត់ម្នាក់ទៀតនឹងមិនមានឈ្មោះចូលធ្វើជាទាហា​នវាយជាមួយខ្មែរក្រហមទេ។ ម្តាយរបស់ខ្ញុំបានឮសម្តីយាយរបស់ខ្ញុំបែបនេះ ក៏ព្រមរៀបការជាមួយឪពុករបស់ខ្ញុំនៅក្នុងឆ្នាំ១៩៩១។

បន្ទាប់ពីម្តាយខ្ញុំរៀបការជាមួយឪពុករបស់ខ្ញុំបានរយៈពេលកន្លះខែ មេបញ្ជាការរបស់ឪពុកខ្ញុំឈ្មោះ យឹនណូ ចាត់តាំងឪពុករបស់ខ្ញុំទៅបំពេញបេសកម្មនៅខេត្តបាត់ដំបងរយៈពេល៣ខែ។ នៅពេលនោះឪពុករបស់ខ្ញុំមានតួនាទីជាប៉ូលីសអាបី។ ពេលត្រឡប់មកពីខេត្តបាត់ដំបងវិញ ឪពុករបស់ខ្ញុំធ្វើការនៅស្នងការនគរបាល ខេត្តព្រៃវែងដដែល និងមានតួនាទីដដែល។

រយៈពេល៣ខែបន្ទាប់ពីឪពុករបស់ខ្ញុំត្រឡប់មកវិញ មេបញ្ជាការឈ្មោះ យឹនណូ ចាត់តាំងឪពុករបស់ខ្ញុំឲ្យទៅបំពេញបេសកម្មនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្តទៀត។ អំឡុងពេលឪពុករបស់ខ្ញុំទៅធ្វើការនៅខេត្តកំពង់ស្ពឺ ម្តាយរបស់ខ្ញុំចាប់ផ្តើមឈឺពោះឆ្លងទន្លេបានបងប្រុសរបស់ខ្ញុំ។ រយៈពេល៣ខែក្រោយមក ឪពុករបស់ខ្ញុំបានត្រឡប់មកធ្វើការនៅស្នងការនគរបាលខេត្តព្រៃវែងវិញ និងមានតួនាទីជាប្រធាន «គ»។

មិនយូរប៉ុន្មាន ឪពុករបស់ខ្ញុំត្រូវបានបញ្ជូនទៅបំពេញបេសកម្មនៅខេត្តប៉ៃលិនរយៈពេល៣ខែទៀត។ នៅពេលឪពុករបស់ខ្ញុំបានត្រឡប់មកធ្វើការនៅខេត្តព្រៃវែងបានរយៈពេល៣ឆ្នាំ មេបញ្ជា និងអនុបញ្ជាការរបស់ឪពុកខ្ញុំឈ្មោះ យឹន ណូ និង ចាន់ ប្រកប បានចាត់តាំងឪពុករបស់ខ្ញុំឲ្យដឹកនាំកម្លាំងនៅស្នងការនគរបាលខេត្តព្រៃវែងទាំងអស់ចុះទៅបំពេញបេសកម្មនៅខេត្តប៉ៃលិន ជាលើកទីពីរ។ ម្តាយរបស់ខ្ញុំបានសួរទៅឪពុកខ្ញុំថា ហេតុអី្វម្តងនេះចុះទៅខេត្តប៉ៃលិនពីរដង។ កន្លងមកម្តាយខ្ញុំមិនដែលសួរឪពុករបស់ខ្ញុំទេនៅពេលចុះទៅបំពេញបេសកម្ម។ ឪពុករបស់ខ្ញុំប្រាប់ម្តាយខ្ញុំថា ការចុះទៅបំពេញបេសកម្មនៅខេត្តប៉ៃលិនជាលើកទីពីរនេះ ព្រោះយើងដេញខ្មែរក្រហមមិនទាន់ចេញអស់។ នៅពេលឪពុកខ្ញុំប្រាប់ម្តាយខ្ញុំហើយ ឪពុករបស់ខ្ញុំក៏បានផ្តាំបងប្រុសខ្ញុំថា «កូនត្រូវមើលថែប្អូន និងស្រឡាញ់ប្អូន»។ នៅពេលឪពុកខ្ញុំផ្តែផ្តាំរួច គាត់ក៏បានចាកចេញទៅ ចំណែកម្តាយរបស់ខ្ញុំសង្កេតឃើញថាឪពុករបស់ខ្ញុំនិយាយប្លែកពីមុន។

នៅថ្ងៃដែលឪពុករបស់ខ្ញុំត្រូវបញ្ចប់បេសកម្មរយៈពេល៣ខែនៅខេត្តប៉ៃលិន ម្តាយរបស់ខ្ញុំយល់សប្តិឃើញឪពុករបស់ខ្ញុំបានមកគោះទ្វារ ឲ្យម្តាយខ្ញុំបើកទ្វារឲ្យគាត់ឡើងផ្ទះ។ បន្ទាប់មកឪពុករបស់ខ្ញុំបាននិយាយប្រាប់ម្តាយខ្ញុំថា គាត់បានស្លាប់ហើយ។ នៅពេលឮឪពុកខ្ញុំនិយាយដូច្នេះ ម្តាយរបស់ខ្ញុំបានភ្ញាក់ដឹងខ្លួន និងស្ទុះទៅបើកទ្វារ ប៉ុន្តែមិនឃើញឪពុកខ្ញុំទេ។ ម្តាយរបស់ខ្ញុំបានខិតខំនិយាយបន្លប់ខ្លួនឯងថា វាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះ។

នៅវេលាប្រហែលម៉ោង៣រសៀលថ្ងៃបន្ទាប់ឈ្មោះ កង ភា  គឺជាមន្រ្តីនគរបាល និងជាមិត្តភក្តិរបស់ឪពុកខ្ញុំបានមកប្រាប់ម្តាយខ្ញុំថា សុខ ផន បានស្លាប់ហើយ។ ឈ្មោះ កង ភា ក៏បានប្រាប់ម្តាយរបស់ខ្ញុំឲ្យរៀបចំផ្ទះសម្បែងរង់ចាំទទួលសាកសពឪពុករបស់ខ្ញុំ។ ពេលម្តាយខ្ញុំឮឈ្មោះ កង ភា ប្រាប់បែបនេះ គាត់យំរហូតទាល់តែសាកសពឪពុករបស់ខ្ញុំត្រូវបានកម្លាំងនគរបាលដឹកមកដល់ផ្ទះ។ សាកសពឪពុករបស់ខ្ញុំត្រូវបានដឹកពីខេត្តប៉ៃលិនដោយចំណាយពេល២ថ្ងៃទើបមកដល់ស្រុក។ នៅពេលបុណ្យសពឪពុករបស់ខ្ញុំ មានកងទ័ព និងនគរបាលជាច្រើនបានមកចូលរួម និងយាមនៅជុំវិញផ្ទះខ្ញុំរហូតដល់បុណ្យខួបគម្រប់៧ថ្ងៃ។ នៅពេលនោះ មេស្នងការនគរបាលខេត្តព្រៃវែងឈ្មោះ ពេជ្រ ជីវន្ត ក៏បានមកចូលរួម និងជួយឧត្ថម្ភប្រាក់ដល់ម្តាយខ្ញុំដែរ។

ម្តាយខ្ញុំបានប្រាប់ខ្ញុំថា នៅពេលដែលឪពុកខ្ញុំស្លាប់ ខ្ញុំអាយុទើបតែ១ខួបតែប៉ុណ្ណោះ ដូច្នេះខ្ញុំមិនអាចចំណាំមុខមាត់របស់ឪពុករបស់ខ្ញុំច្បាស់លាស់ទេ។

អត្ថបទ និង រូបថត ៖ ភួង សុខថា  អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

 

អត្ថបទផ្សេងទៀត៖