"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាអន្តរជំនាន់ស្តីអំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តកំពង់ចាម

នាវេលាម៉ោង២រសៀលនៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម រៀបចំវេទិកាអន្តរជំនាន់ដោយមានការចូលរួម តុង ស៊ីថាត គឺជាអតីតគ្រូបង្រៀនថ្នាក់ទី១ក្នុងរបបខ្មែរក្រហម និងគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមនឹងក្រុមគរុសិស្សឆ្នាំទី១ចំនួន១២នាក់នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ គោលបំណងនៃការបង្កើតវេទិកាអន្តរជំនាន់នេះឡើង គឺដើម្បីផ្តល់ឱកាសដល់គរុសិស្សស្ដាប់នូវការចែករំលែករឿងរ៉ាវជីវិតរស់នៅក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហមរបស់ ស៊ីថាត។

ដំបូង ស៊ីថាត និយាយទៅកាន់គរុសិស្សចូលរួមទាំងអស់ថា «នៅពេលដែលខ្ញុំឃើញក្មួយៗទាំងអស់អង្គុយនាពេលនេះ ខ្ញុំនឹកឃើញដល់កូនសិស្សរបស់ខ្ញុំបង្រៀននៅក្នុង របបខ្មែរក្រហម។ ខ្ញុំទើបតែជួបសិស្សខ្ញុំម្នាក់ឈ្មោះ វណ្ណា កាលពីសប្ដាហ៍មុន បន្ទាប់ពីបែកពីគ្នាក្នុងឆ្នាំ១៩៧៨។» ស៊ីថាត និយាយបន្តអំពីដំណើរជីវិតរបស់ខ្លួនថា «ខ្ញុំរៀនត្រឹមថ្នាក់ទី៧សង្គមចាស់នៅសាលាបឋមសិក្សាកំពង់ក្របី។ បន្ទាប់មក ខ្ញុំបន្តការសិក្សានៅអនុវិទ្យាល័យព្រះសីហនុនៅទីរួមខេត្តកំពង់ចាមនៅឆ្នាំ១៩៧០។ រៀនមិនបានប៉ុន្មាន មានបាតុកម្មបានកើតឡើងនៅទីរួមខេត្តកំពង់ចាម។ ខ្ញុំឈប់រៀន និងវិលត្រឡប់មកភូមិកំណើតវិញ។

នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ភូមិកំណើតរបស់ខ្ញុំ គឺជាសមរភូមិប្រទាញប្រទង់រវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។» បន្ទាប់ពីសង្រ្គាមផ្ទុះឡើង នៅក្នុងភូមិ ខ្ញុំបានរត់ភៀសខ្លួនទៅតំបន់រំដោះខ្មែរក្រហម និងស្ម័គ្រចិត្តចូលបម្រើកងសិល្បៈខ្មែរក្រហម ដែលមានសមមិត្ត ហ៊ាន គឺជាប្រធាន។ ចាប់ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ ខ្ញុំទទួលតួនាទីជាពិធីករក្នុងសម្ដែងសិល្បៈខ្មែរក្រហម និងចល័តពីកន្លែងមួយទៅកន្លែងមួយ។

នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវផ្លាស់ទៅរស់នៅភូមិមាន់ហើរ និងទទួលតួនាទីបង្រៀនថ្នាក់ទី១ដល់កូនប្រជាជនមូលដ្ឋាន។ សមមិត្ត ជឿន គឺជាមេភូមិមាន់ហើរ បានរៀបចំផ្ទះឈើរបស់អ្នកភូមិចំនួន៣ខ្នងដើម្បីប្រើប្រាស់ជាថ្នាក់រៀន និងកន្លែងស្នាក់នៅ៖ ផ្ទះទី១ គឺ សម្រាប់បង្រៀនថ្នាក់ទី១, ផ្ទះទី២គឺសម្រាប់បង្រៀនថ្នាក់ទី២ និង ផ្ទះទី៣គឺសម្រាប់បង្រៀនថ្នាក់ទី៣។ ខ្ញុំត្រូវបង្រៀនថ្នាក់ទី១ ដែលមានកូនប្រជាជនមូលដ្ឋាន ប្រមាណពី៦ទៅ១០នាក់។ ខ្ញុំបង្រៀនអក្សរខ្មែរនៅពេល ព្រឹក និងលេខនៅពេលរសៀល។ នៅពេលសម្រាកថ្ងៃត្រង់ ខ្ញុំ និងកូនសិស្សបានទៅរោងបាយ សហករណ៍រួមដើម្បីហូបបាយ។ បន្ទាប់ពីបង្រៀនរួចរាល់ ខ្ញុំដឹកនាំកូនសិស្ស ថ្នាក់ទី១ទៅដំាដំណាំ និងដើរប្រមូលលាមកសត្វមកធ្វើជី។ ខ្ញុំបង្រៀនកូនសិស្សជារៀងរាល់ថ្ងៃ។

នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីចូលមកដល់ភូមិ និងចាប់ខ្លួនកម្មាភិបាលមូលដ្ឋានយកទៅសម្លាប់ចោល។ ឪពុកមារបស់ខ្ញុំ គឺសមមិត្ត ជឿន ក៏ត្រូវកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់ទាំងគ្រួសារ។ នៅពេលដែលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បន្តសម្លាប់អ្នកភូមិកាន់តែច្រើនឡើង អ្នកភូមិខ្លះរត់ចូលក្នុងព្រៃលើភ្នំហាន់ជ័យដើម្បីតស៊ូប្រឆាំងជាមួយខ្មែរក្រហមភូមិ​ភាគនិរតី។ ខ្ញុំដឹងថា ខ្មែរក្រហមមកពីភូមិភាគនិរតី ដាក់ឈ្មោះឲ្យអ្នកភូមិដែលរត់ភៀសខ្លួនទៅភ្នំហាន់ជ័យទាំងនោះថាជា ក្រុមខ្មែរស ដែលងើបបះបោរ វាយឆ្មក់ ប្លន់ និងសម្លាប់កងឈ្លប ឬកម្មាភិបាល ខ្មែរក្រហមជាញឹកញាប់។ នាថ្ងៃមួយ កងឈ្លបខ្មែរក្រហមមកហៅខ្ញុំយកទៅសម្លាប់ចោលនៅក្រោយភូមិ។ ខ្ញុំត្រូវចាប់ចងស្លាបសេក និងដឹកយកទៅដាក់នៅក្បែររណ្ដៅកប់សាកសព។ តែជាកុសលផលបុណ្យ កងឈ្លបខ្មែរក្រហមបានដោះលែងខ្ញុំវិញ»។

បន្ទាប់ពីការចែករំលែករឿងរ៉ាវជីវិត ជាគ្រូបង្រៀនថ្នាក់ទី១ក្នុងរបបខ្មែរក្រហម គរុសិស្សចូលរួមទាំងអស់បានស្ដាប់យ៉ាងយកចិត្តទុកដាក់ និងចោទសួរសំណួរទៅកាន់ ស៊ីថាត ដូចតទៅ ទី១) តើអ៊ំស្រីហូបចុកគ្រប់គ្រាន់ដែរឬទេ? តើអ៊ំស្រីមានឈ្មោះបដិវត្តន៍ដែរឬទេ? ទី២) តើអ៊ំស្រីបង្រៀនអ្វីខ្លះដល់កូនសិស្សនាពេលនោះ? ទី៣) ខ្មែរក្រហមដាក់គោលដៅសម្លាប់អ្នកមានចំណេះដឹង តើមូលហេតុអ្វីបានជាខ្មែរក្រហមមិនបានចាប់អ៊ំស្រី និងបានចាត់តាំងអ៊ំស្រីបង្រៀនកូនប្រជាជនមូលដ្ឋានទៅវិញ? ទី៤) តើការបង្រៀនកូនសិស្សនៅពេលនោះដូចម្ដេចដែល? ទី៥) តើស្រូវអង្ករត្រូវបានដឹកយកទៅណា ខណៈពេលដែលប្រជាជនគ្មានបាយ​ហូបគ្រប់គ្រាន់?

បន្ទាប់ពីការសួរសំណួរបញ្ចប់ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានចាក់ បញ្ចាំងវីដេអូឯកសារ ចំណងជើងថា «ផ្លូវដ៏វែងឆ្ងាយទៅកាន់ការអប់រំ» ដែលបង្ហាញអំពីដំណើររបស់ ប្រជាជនកម្ពុជា ចេញពីអតីតកាលខ្មៅងងឹត មកកាន់បច្ចុប្បន្នកាល។ ប្រទេសកម្ពុជាត្រូវបានញាំញី ដោយសង្គ្រាម អំពើប្រល័យពូជសាសន៍ និងភាពខ្វះខាតក្រៃលែង។ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានបំបាត់​ស្ថាប័ននានាជាច្រើនរបស់ប្រទេសកម្ពុជា។ ការអប់រំ ទទួលរងការខូចខាត ហើយផលប៉ះពាល់ពីរបបនេះ នៅតែបន្សល់មកដល់ពេលបច្ចុប្បន្ន។ ជាចុងបញ្ចប់ គរុសិស្សចូលរួមទទួលបានសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតយ្យ (ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩) បោះពុម្ពលើកទី២ ដើម្បីរក្សាទុកជាឯកសារផ្ទាល់ខ្លួន និងស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។

អត្ថបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា