សាំង អូន ៖ កងកុមារក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សាំង អូន ភេទស្រី មានអាយុ៦០ឆ្នាំ កើតនៅភូមិក្រសាំង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។ ខ្ញុំមានឪពុកឈ្មោះ គាន់ និងម្ដាយឈ្មោះ គួយ និងមានបងប្អូនចំនួន៩នាក់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនក្នុងភូមិរបស់ខ្ញុំមួយចំនួនត្រូវបានខ្មែរក្រហមជម្លៀសទៅឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ប៉ុន្តែខ្ញុំនិងក្រុមគ្រួសារមិនត្រូវបានខ្មែរក្រហមជម្លៀសចេញទេដោយអង្គការឲ្យរស់នៅភូមិឃុំសន្លុងដដែល។ ដំបូងខ្មែរក្រហមបែងចែកអង្ករឲ្យប្រជាជនទៅតាមក្រុម និងឲ្យហូបនៅតាមផ្ទះ។ ក្រោយមកខ្មែរក្រហម ចាប់ផ្ដើមប្រមូលប្រជាជនឲ្យចូលក្នុងសហករណ៍ ហើយចែកពោតមួយកំប៉ុងសម្រាប់មនុស្ស៣នាក់។ ខ្ញុំយកគ្រាប់ពោតដែលខ្មែរក្រហមចែកឲ្យមកស្លលាយជាមួយបន្លែ និងអង្ករមួយក្ដាប់ដែលបានលាក់ទុក។

សាំង អូន អាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិក្រសាំង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

មួយរយៈក្រោយមក ខ្មែរក្រហមជម្លៀសខ្ញុំឲ្យទៅភូមិអង្គប្រាង្គ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវវិញ។ ខ្ញុំនៅ កងកុមារ និងត្រូវធ្វើការងារ ដូចជា ដេញចាប រើសអាចម៍គោធ្វើជី និងកាប់ទន្រ្ទានខែត្រ។ ដោយសារមិនមានអាហារសម្រាប់ហូបចុកគ្រប់គ្រាន់បណ្ដាលឲ្យខ្លួនខ្ញុំហើម។ ប្រធានរោងបាយចិត្តអាក្រក់ណាស់។ ខ្ញុំនិងក្មេងៗឯទៀតបានទៅសុំបាយពីប្រធានរោងបាយ ប៉ុន្តែប្រធានរោងបាយមិនឲ្យបាយខ្ញុំហូបទេ ថែមទាំង​យកចានដែលខ្ញុំ និងក្មេងៗកាន់ យកទៅបោកចោលទៀត។

ពេលខ្ញុំមានវ័យជំទង់ ខ្មែរក្រហមចល័តខ្ញុំឲ្យទៅជីកប្រឡាយម្ដងនៅភ្នំស្រមោច ស្ថិតនៅភូមិអង្គខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត។ អំឡុងពេលធ្វើ ខ្ញុំឃើញមនុស្សប្រហែលជាមួយគ្រួសារត្រូវបានឈ្លបខ្មែរក្រហមចង និងឲ្យដើរជាជួរ ដោយមានឈ្លបតូចៗដើរនៅពីមុខ និងពីក្រោយ និងពីចំហៀង។

សាំង អូន ទទួលប្រអប់អនុស្សាវរីយ៍ពី ង៉ាន់ វីន អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅស្ដុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ ទ័ពវៀតណាមបានជម្លៀសប្រជាជនមកទីកន្លែងសុវត្ថិភាព និងឲ្យមករស់នៅភូមិរៀងៗខ្លួនវិញ ចំណែកខ្មែរក្រហមបានរត់គេចខ្លួនទៅលើភ្នំ។

ក្រោយរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បងប្រុសរបស់ខ្ញុំបានស្លាប់ម្នាក់ ដោយខ្មែរក្រហមយកទៅវាយចោល។ ចំណែកខ្ញុំ និងឪពុកម្ដាយដែលនៅរស់ជីវិត បានមករស់នៅភូមិកំណើតរបស់វិញ និងប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត ។ ក្រោយមក ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ យិន ជិន ដែលជាអ្នកភូមិជាមួយគ្នា និងមានកូនចំនួន៣នាក់។

អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ

អត្ថបទផ្សេងទៀត៖