ឈឹម ឡុក៖ កងចល័តនៅក្នុងរបបខ្មែរក្រហម

ឈឹម ឡុក អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឈឹម ឡុក កើតនៅឆ្នាំ១៩៥០ ក្នុងគ្រួសារដែលមានជីវភាពក្រីក្រនៅភូមិត្រោក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឈឹម ឡុក មិនបានរៀនសូត្រជ្រៅជ្រះទេ គឺគាត់បានឈប់រៀននៅឆ្នាំ១៩៦៧ ដើម្បីជួយឪពុកម្តាយធ្វើស្រែ និងធ្វើការងារក្នុងផ្ទះរហូតដល់ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០។ ក្រោយរដ្ឋប្រហារភ្លាម មានហេតុការណ៍ដាក់ពង្រាយទាហានធីវគីនៅលើទឹកដីភូមិត្រោក។ អ្នកភូមិទាំងអស់បានចាកចេញពីភូមិកំណើតរបស់ខ្លួន។ កាលនោះទីតាំង «ត្រពាំងទ័ព» ស្ថិតក្នុងភូមិត្រោក បានក្លាយជាសមរភូមិប្រយុទ្ធរវាងកងកម្លាំងវៀតកុង និងធីវគី ហើយក៏ជាទីកន្លែងមកដល់ដំបូងនៃកងទ័ពធីវគីរាប់រយនាក់ដែរ។ ឈឹម ឡុក បានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក និងបានរំឭកឡើងវិញថា៖

ខ្ញុំរន្ធត់ខ្លាំងណាស់នៅនៅពេលដែលខ្ញុំកំពុងនៅលើចុងត្នោត ព្រោះបានឃើញផ្ទាល់ភ្នែកនូវកន្ទុំរុយ (ឧទ្ធម្ភាគចក្រ) ចំនួន១០គ្រឿងផ្ទុកទាហានធីវគីពេញៗ បន្ទាបខ្លួនចុះចតនៅលើដី ដើម្បីឲ្យទាហានទាំងនោះចេញ​ពីឧទ្ធម្ភាគចក្រ។ ក្នុងមួយឧទ្ធម្ភាគចក្រ មានទាហាន១២នាក់។ នៅពេលដែលទាហានទាំងនោះចុះអស់ ឧទ្ធម្ភាគចក្រទាំងនេះបានហោះត្រឡប់ទៅវិញ។ មួយសន្ទុះក្រោយមក ខ្ញុំបានឃើញឧទ្ធម្ភាគចក្រត្រឡប់មកវិញ ដោយដឹកទាហានធីវគីមកបន្ថែមទៀត។ ខ្ញុំមិនហ៊ានចុះពីលើចុងត្នោតឡើយ ព្រោះទាហានធីវគីនៅជុំគ្នាពេញទីវាលចតឧទ្ធម្ភាគចក្រ។ ខ្ញុំនៅលើចុងត្នោតរហូតទាល់តែឧទ្ធម្ភាគចក្រទាំងនោះត្រឡប់ទៅវិញ ហើយទាហានធីវគីទាំងអស់បានចាកចេញពីទីនោះ។ ខ្ញុំបានឃើញឧទ្ធម្ភាគចក្រ១០គ្រឿង ចុះចតចំនួន៥លើកក្នុងថ្ងៃតែមួយ ដើម្បីដាក់ទាហានធីវគីចុះ។ ខ្ញុំភ័យខ្លាំងណាស់ ព្រោះខ្លាចទាហានធីវគីឃើញខ្ញុំ ហើយបាញ់ខ្ញុំទម្លាក់ពីលើចុងត្នោត។

ឈឹម ឡុក អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧១ ខ្ញុំបានរៀបការជាមួយស្ត្រីដែលជាអ្នកភូមិជាមួយគ្នា ក្នុងពេលដែលស្ថានភាពរស់នៅរបស់ប្រជាជនទូទៅក្នុងឃុំជ្រៃកំពុងទទួលរងនូវការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នា។ នៅពេលនោះក្រុមពួករដ្ឋ​ការ (អ្នកបម្រើការខាងរបបសាធារណរដ្ឋខ្មែរ) មួយកងមានគ្នាជាងដប់នាក់ បាននាំគ្នាចូលហូបអាហារដែលរៀបចំទុកសម្រាប់ទទួលភ្ញៀវក្នុងពិធីរៀបការរបស់អ្នកភូមិ ដោយមិនបានប្រាប់ដំណឹងមុនឡើយ។ ខ្ញុំ និង​​ក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិឯទៀតដែលបានចូលរួមនៅក្នុងពិធីមង្គលការ មានការភ័យស្លន់ស្លោចំពោះវត្តមានអ្នកទាំងនោះ ព្រោះទាហានម្នាក់ៗសុទ្ធតែមានស្ពាយកាំភ្លើង និងបង្ហាញអាកប្បកិរិយាច្រងេង​ច្រងាង និងឫកពារមិនសមរម្យ។ ក្រោយពេលរៀបការ ខ្ញុំនិងប្រពន្ធ មិនដែលបានសម្រាកនៅក្នុងផ្ទះជាប់លាប់ទេ និងមិនបានប្រកបរបរធ្វើស្រែដូចរាល់ដងដែរ ព្រោះតែសង្គ្រាម និងការចូលលុកលុយរបស់ទាហាន​ធីវគី និងក្រុមរដ្ឋការ។ សមរភូមិតូចធំបានកើតឡើងជាហូរហែនៅក្នុងភូមិត្រោក។ អ្នកភូមិទាំងអស់ បានបោះបង់ចោលផ្ទះសម្បែងរបស់ខ្លួន រួចបាននាំគ្នាស្វែងរកទីជម្រកបណ្តោះអាសន្ននៅក្បែរផ្លូវជាតិលេខ១។

នៅឆ្នាំ១៩៧២ ខ្ញុំនិងប្រពន្ធ ព្រមទាំងអ្នកភូមិឯទៀត បានវិលត្រឡបមកកាន់ភូមិកំណើតវិញ បន្ទាប់ពីបានដឹងថា កងកម្លាំងធីវគីនិងពួករដ្ឋការ បានដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងបរិវេណវត្តព្រៃពោន។ មក​ដល់ផ្ទះវិញ អ្នកភូមិភាគច្រើនបានចូលបម្រើក្នុងជួរបដិវត្តន៍តាមការអូសទាញតៗគ្នាពីកន្លែងមួយទៅកន្លែងមួយ។ កងកម្លាំងវៀតកុង (វៀតណាមខាងជើង) គឺជាអ្នកជួយបង្ហាត់បង្រៀនក្បួនយុទ្ធសាស្ត្រដល់អ្នកភូមិដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងកងកម្លាំងរំដោះ ឬចលនារួបរួមជាតិកម្ពុជា។ មូលដ្ឋានមួយកន្លែងស្ថិតនៅក្បែរវត្តបេង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីមូលដ្ឋានយោធារបស់ លន់ នល់ នៅវត្តព្រៃពោន គឺជាកន្លែងប្រមូលផ្តុំ និងបង្ហាត់បង្រៀនក្បួនយុទ្ធសាស្ត្រដល់កងកម្លាំងខ្មែររំដោះ។ ខ្ញុំមិនបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរបដិវត្តន៍ឡើយ។ ប្រធានភូមិ និងអ្នកស្គាល់គ្នាជាច្រើននាក់បានមកអូសទាញ ខ្ញុំឲ្យចូលបម្រើជាតិ ប៉ុន្តែខ្ញុំប្រកែកដោយលើកហេតុផលថា នៅមើលប្រពន្ធកូនខ្ចី និងរកស៊ីចិញ្ចឹមគ្រួសារ។

ក្រោយថ្ងៃជ័យជម្នះរបស់ខ្មែរក្រហម នៅទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានរើសអើង និងចាត់ចូលជាប្រជាជនថ្មីដូចប្រជាជនជម្លៀសឯទៀតដែរ។ ខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋាន ចាត់តាំងឲ្យធ្វើការងាររែកដី លើកទំនប់ ជីកប្រឡាយ ភ្ជួរស្រែ និងដឹកជញ្ជូនស្រូវ។ ខ្ញុំបានហូបបាយនៅត្រឹមតែដើមឆ្នាំ១៩៧៦ប៉ុណ្ណោះ ក្រោយមកត្រូវប្តូរមកហូបបបររហូតដល់ថ្ងៃរំដោះទី៧ ខែមករា ឆ្នាំ១៩៧៩។ ខ្ញុំមិនមានបាត់បង់សមាជិកគ្រួសារណាម្នាក់ក្នុងរបបខ្មែរក្រហមឡើយ។ អ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំនៅសម័យនោះ គឺការហូបចុកមិនគ្រប់គ្រាន់ ហើយហេតុការណ៍ដែលធ្វើឲ្យខ្ញុំរន្ធត់បំផុតនោះ គឺឃើញសាកសពមនុស្សនៅក្នុងរណ្តៅ និងស្លាកស្នាមនៃការធ្វើទារុណកម្មរបស់កម្មាភិបាលខ្មែរក្រហមខាងភូមិភាគនិរតីមកលើប្រជាជននិងអតីតកម្មាភិបាលខ្មែរក្រហមខាងភូមិភាគបូព៌ា។

ខ្ញុំនៅចាំថា «ថ្ងៃមួយវេលាម៉ោងប្រមាណ១០ព្រឹកក្នុងឆ្នាំ១៩៧៨ ខ្ញុំបានបណ្តើរគោឲ្យស៊ីស្មៅរហូតដល់ប្រទះឃើញរណ្តៅធំៗចំនួនបី និងបង្គោលឫស្សីបញ្ឈរខ្ពស់ៗចំនួនពីរ ដែលនៅខាងចុងមានចងភ្ជាប់មេក្រូពីរសម្រាប់​ចាក់បន្លឺសំឡេងឡើង។ រណ្តៅទាំងនោះមានទំហំប្រហែល៦ម៉ែត្រការ៉ែ។ ខ្ញុំមិនដឹងពីជម្រៅរណ្តៅទេ ព្រោះសាកសពមនុស្សនៅពេញរណ្តៅទាំងបីនោះ។ ខ្ញុំរន្ធត់ខ្លាំងណាស់។ ខ្ញុំឃើញសាកសពដែលស្លាប់ទៅហើយ និងឃើញមនុស្ស កំពុងប្រកាច់ ព្រមទាំងឃើញមនុស្សដែលខំប្រឹងវារតោងសាកសពដទៃទៀតដើម្បីឡើងមកខាងលើមាត់រណ្តៅ។ ខ្ញុំឃើញឈាមប្រឡាក់សាក​សព អ្នករងរបួស និងឃើញឧបករណ៍ធ្វើទារុណកម្ម និងវាយសម្លាប់។ ខ្ញុំហូបបបរមិនចូល បន្ទាប់ពីឃើញហេតុការណ៍នោះ។ ក្រោយមក ខ្មែរក្រហមមកពីខាងភូមិភាគនិរតីបានបង្ខំខ្ញុំ និងប្រជាជនឯទៀតឲ្យចាកចេញទៅកាន់ស្រុកព្រះស្តេច និងបន្តទៅអ្នកលឿង។ ខ្ញុំមិនបានទៅអ្នកលឿងទេ ព្រោះកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមកជួយ​សង្រ្គោះ។ ខ្ញុំបានត្រឡប់មកស្រុកកំណើតវិញ និងបានរស់នៅជុំគ្រួសាររហូតមក។

សព្វថ្ងៃខ្ញុំមានមុខរបរជាចុងភៅ និងជាអ្នកបណ្តុះសណ្តែកលក់។ ប្រពន្ធរបស់ខ្ញុំបានជួយធ្វើកិច្ចការនេះ។ បន្ទាប់ពីជំងឺកូវីដ-១៩ បានថមថយ ខ្ញុំពុំសូវមានពេលទំនេរឡើយ ព្រោះខ្ញុំត្រូវទៅធ្វើចុងភៅនៅតាមពិធីបុណ្យ និងមង្គលការនៅក្នុងឃុំជ្រៃ និងឃុំផ្សេងៗទៀត។ ក្រៅពីកិច្ចការចុងភៅ ខ្ញុំមានតួនាទីមួយទៀតគឺ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំឃុំជ្រៃ។ ខ្ញុំសូមផ្តាំផ្ញើឲ្យក្មេងៗជំនាន់ក្រោយ ខិតខំរៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរក្រហមឲ្យបានច្បាស់លាស់ដើម្បីជាការចូលរួមទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ជាលើកទីពីរ។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖