បណ្ណាល័យសម្តេចម៉ែមានសេចក្តីសោមនស្ស ធ្វើសេចក្តីប្រកាសអំពីការចេញផ្សាយសៀវភៅ «នរោត្តម សីហនុ និង ជូ អេនឡាយ៖ មិត្តភាពដ៏កម្រនៅក្នុងអំឡុងនៃការរីកសាយភាយរបស់សង្គ្រាមត្រជាក់» ដែលជាស្នាដៃនិពន្ធរបស់ឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស អតីតលេខាផ្ទាល់និងជាអ្នកសរសេរជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា សៀវភៅនេះ ពិពណ៌នាអំពីទំនាក់ទំនងដែលគ្មានពីរ រវាងប្រមុខរដ្ឋពីររូបដែលមានសាវតារផ្ទុយគ្នាស្រឡះ ដែលមួយរូបគឺជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមួយរូបទៀតគឺជាអ្នកដឹកនាំបក្សកុម្មុយនីស្តរបស់សាធារណរដ្ឋប្រជាមានិតចិន។ បុគ្គលទាំងពីរបានព្យាយាមរក្សាទំនាក់ទំនងដ៏យូរអង្វែងមួយ ដែលបន្តផ្តល់ជាសារៈប្រយោជន៍ដល់ប្រទេសទាំងពីររហូតមកទល់ពេលបច្ចុប្បន្ន។
បណ្ឌិត ហែលឌ្រេស បានចាប់អារម្មណ៍ទៅលើមិត្តភាពដ៏កម្ររវាងសែស្រឡាយរាជវង្សនៃព្រះរាជាណាចក្របុរាណមួយ និងនាយករដ្ឋមន្ត្រីនៃរដ្ឋប្រកាន់យករបបកុម្មុយនីស្តដ៏លេចធ្លោមួយក្នុងទ្វីបអាស៊ីក្នុងឆ្នាំ១៩៧០ នៅពេលដែលលោកនៅជាសិស្សវិទ្យាល័យម្នាក់នៅក្នុងមាតុប្រទេសរបស់លោក គឺប្រទេសស៊ីលី ក្នុងទ្វីបអាមេរិកខាងត្បូង។
បណ្ឌិត ហែលឌ្រេស រំឭកថា នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីសម្តេច សីហនុ ត្រូវបានទម្លាក់ចេញពីដំណែងដោយរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ លោកមានការឈឺចាប់ប្រកបដោយក្តីអាណិតអាសូរចំពោះព្រះរាជកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច សីហនុ ក្នុងការការពារបូរណភាពទឹកដីនិងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៦៧មក បណ្ឌិត ហែលឌ្រេស កាន់មុខដំណែងជាអ្នកឆ្លើយឆ្លងផ្ទាល់របស់សម្តេច សីហនុ និងតែងចង់ដឹងអំពីព្រះរាជសុខទុក្ខនិងព្រះរាជហឫទ័យរបស់ទ្រង់ បន្ទាប់ពីព្រឹត្តិការណ៍ដ៏ខ្លោចផ្សារនេះកើតមាននៅក្នុងទីក្រុងភ្នំពេញ។
«នេះបានញ៉ាំងឲ្យរូបខ្ញុំចាប់អារម្មណ៍ជាពន់ពេក ចំពោះព្រះរាជដំណើរជីវិតនយោបាយរបស់ សម្តេច សីហនុ៖ សម្ព័ន្ធភាពរបស់ទ្រង់ជាមួយនឹងនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ។ ទំនាក់ទំនងនេះ ហាក់ដូចជាទំនាក់ទំនងមួយដ៏វិសេសវិសាល រវាងព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រមួយដែលប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាយករដ្ឋមន្ត្រីនៃរដ្ឋកុម្មុយនីស្តមួយ។ ក្នុងនាមជាអ្នកស្រាវជ្រាវក្មេងវ័យលើផ្នែកទំនាក់ទំនងអន្តរជាតិ ខ្ញុំបានដឹងតិចតួចណាស់អំពីការដែលទំនាក់ទំនងរវាងរដ្ឋពីរប្រព្រឹត្តទៅ ហើយទំនាក់ទំនងខាងលើហាក់ដូចជាចម្លែកសម្រាប់រូបខ្ញុំ ពោលគឺអ្នកដឹកនាំម្នាក់ដែលអះអាងថាជាទាយាទរបស់ព្រះមហាក្សត្រនៃរាជវង្សអង្គរ បានកសាងទំនាក់ទំនងដែលគ្មានពីរជាមួយនឹងអ្នកដឹកនាំនយោបាយនៃប្រទេសដែលប្រកាន់នូវមនោគមន៍វិជ្ជាប្រឆាំងនឹងការគ្រប់គ្រងរបស់រាជវង្ស។»
បណ្ឌិត ហែលឌ្រេស បានស្រាវជ្រាវរកឃើញថា សាខានៃភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ក្នុងទីក្រុងសាន់ត្យាហ្គោ ប្រទេសស៊ីលី បានរក្សាទុកនូវឯកសារទាំងអស់ជាភាសាអេស្ប៉ាញ ស្តីអំពីព្រះរាជសេចក្តីថ្លែងការណ៍របស់សម្តេច សីហនុ ដែលទ្រង់ធ្វើឡើងនៅរដ្ឋធានីរបស់ប្រទេសចិននៅមុនព្រឹត្តិការណ៍នោះមួយថ្ងៃ។ មើលទៅដូចជាមិនទំនងសោះ ដែលរបបកុម្មុយនីស្តមួយ ផ្តល់នូវការគោរពរាក់ទាក់ចំពោះអតីតសមាជិករាជវង្សយ៉ាងដូច្នេះ ជាពិសេសក្នុងអំឡុងបដិវដ្តន៍វប្បធម៌ចិនទៀតនោះ។ តាមពិតទៅអ្វីៗកើតឡើងបែបនេះមែន។ មិត្តភាពបានយកឈ្នះលើមនោគមន៍វិជ្ជា។
ការស្រាវជ្រាវដើម្បីសរសេរជាសៀវភៅនេះឡើង បានចាប់ផ្តើមតាំងពីឆ្នាំ១៩៧០ និងបានបញ្ចប់ទៅនៅអំឡុងឆ្នាំ២០១៥។ បន្ទាប់ពីសំណេរបានបញ្ចប់ទៅ គឺមានការកែសម្រួលនិងកែតម្រូវបន្ថែមទៀតនៅរវាងឆ្នាំ២០១៥និងឆ្នាំ២០២០។
សៀវភៅនេះមានកម្រាស់ ២២០ទំព័រ និងត្រូវបោះពុម្ពឡើងដោយគម្រោងស្រាវជ្រាវភាសាចិនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ។
សៀវភៅនេះ អាចរកបាននៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ សូមទាក់ទង សុភ័ក្ត្រ ភាណា ប្រធាន គម្រោងស្រាវជ្រាវភាសាចិន និងទំនាក់ទំនងមហាជន មជ្ឈមណ្ឌលឯកសារកម្ពុជា សារអេឡិចត្រូនិច៖ truthpheana.s@dccam.org ទូរសព្ទ៖ +៨៥៥ (០) ៩២ ២៣៤ ៧០៧
អត្ថបទ៖ ឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស