ប្ដីរបស់ខ្ញុំស្លាប់ដោយសារត្រូវអំបែងគ្រាប់ផ្លោងរបស់ទាហានថៃ

ខ្ញុំឈ្មោះ ឈិត សំអែត អាយុ៥៣ឆ្នាំ និងជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ គឺស្រី៣នាក់ និងប្រុស២នាក់។ ក្នុងចំណោមបងប្អូនទាំង៥នាក់របស់ខ្ញុំ គឺមានចំនួន២នាក់បានស្លាប់ដោយសារជំងឺ។ កាលពីក្មេង ខ្ញុំមិនបានរៀនសូត្រដូចក្មេងឯទៀតទេ គឺខ្ញុំនៅឃ្វាលគោ-ក្របី ធ្វើស្រែ ចម្ការជាមួយម្ដាយឈ្មោះ ហែម អួន និងឪពុកឈ្មោះ ឈិត។ សព្វថ្ងៃ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់អស់ហើយ។

នៅចន្លោះឆ្នាំ១៩៨៧ និងឆ្នាំ១៩៨៨ ខ្ញុំមានបំណងចង់រៀនសូត្រ និងចង់ទៅលេងបងប្អូនដែលរស់នៅជំរំជនភៀសខ្លួន ហេតុដូច្នេះខ្ញុំសម្រេចចិត្តលួចធ្វើដំណើរទៅជំរំសាយធូតែម្នាក់ឯង។ ខ្ញុំចេញទៅជំរំទាំងមិនបានប្រាប់ម្ដាយ ពីព្រោះខ្ញុំដឹងថាគាត់ច្បាស់ជាមិនអនុញ្ញាតឱ្យខ្ញុំទៅម្នាក់ឯងឡើយ។ ខ្ញុំមកស្នាក់នៅជំរំសាយធូបានប្រហែលជា៣ខែ ក៏ត្រឡប់មកផ្ទះវិញ។

លុះដល់ឆ្នាំ១៩៩០ ខ្ញុំបានសម្រេចចិត្តត្រឡប់ទៅជំរំសាយធូជាលើកទីពីរ។ ការធ្វើដំណើររបស់ខ្ញុំទៅជំរំសាយធូលើកនេះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំជារៀងរហូត។ នៅក្នុងជំរំសាយធូខ្ញុំបានជួបជាមួយប្ដីរបស់ខ្ញុំឈ្មោះ វ៉ាន់ វីរៈ (ហៅយក្ស) មានស្រុកកំណើតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ បន្ទាប់ពីស្គាល់គ្នាបានត្រឹមតែ២ថ្ងៃ នៅសង្កាត់លេខ១០ ជំរំបាំងភូ ចំណុះជំរំសាយធូ យើងបានសម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នានៅក្នុងជំរំសាយធូនោះតែម្ដង។ ពេលនោះ ថ្លៃបណ្ណាការឬថ្លៃទឹកដោះខ្ញុំគិតពីប្ដីខ្ញុំចំនួន៩០០បាត។ ក្រោយមកខ្ញុំ និងប្តីបានវិលមករស់នៅក្នុងស្រុកកំណើតរបស់ខ្ញុំវិញ គឺនៅភូមិកណ្ដាល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ខ្ញុំរស់នៅស្រុកកំណើតបានរយៈពេល៣ខែ ក៏ផ្លាស់ទៅរស់នៅស្រុកកំណើតប្តីនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានរយៈពេលមួយឆ្នាំ ទើបត្រឡប់មករស់នៅភូមិកណ្តោល ឃុំគោករមៀតវិញ។

ខ្ញុំ និងប្តីមានកូនសរុបចំនួន៤នាក់ គឺស្រី២នាក់ និងប្រុស២នាក់ ដែលក្នុងនោះមានកូនបង្កើតចំនួន៣នាក់ និងកូនចិញ្ចឹមម្នាក់អាយុ១៨ឆ្នាំ។ ទោះបីជាជីវិតកាលពីអតីតកាលឆ្លងកាត់ការលំបាក ប៉ុន្តែខ្ញុំមានសុភមង្គលជាមួយក្រុមគ្រួសារ និងកូនៗទាំង៤នាក់។ សព្វថ្ងៃខ្ញុំប្រកបរបរជាអ្នកបិទស្រា និងចិញ្ចឹមជ្រូក។

កាលពីកងទ័ពថៃវាយប្រហារលើកម្ពុជាលើកទីមួយ ក្រុមគ្រួសារខ្ញុំមិនបានរត់ភៀសទៅណាទេ។ ខ្ញុំរស់នៅផ្ទះ និងឮស្នូគ្រាប់ផ្លោងល្វើយៗពីចម្ងាយ។ អំឡុងផ្ទុះអាវុធលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ ខ្ញុំនិងកូន៤នាក់ បានភៀសខ្លួនទៅរស់នៅផ្ទះដន្លង ដែលត្រូវជាឪពុកម្ដាយក្មេកកូនប្រុសខ្ញុំ នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ចំណែកប្ដីខ្ញុំមិនបានទៅជាមួយខ្ញុំទេ ពីព្រោះត្រូវនៅមើលថែផ្ទះសម្បែង និងដាក់បាយឱ្យជ្រូកស៊ី។

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានទូរសព្ទប្រាប់ប្តីខ្ញុំថា នៅព្រឹកស្អែកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំនឹងឡើងទៅផ្ទះជួយកើបស្រូវដែលហាលថ្ងៃដាក់ក្នុងជង្រុង និងដាក់បាយជ្រូករួច យើងធ្វើដំណើរត្រឡប់មកស្នាក់នៅផ្ទះដន្លងក្នុងភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុកទាំងអស់គ្នា។ ចៃដន្យនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ភ្លើងអគ្គិសនី និងអ៊ីនធឺណែតត្រូវបានកាត់ផ្តាច់ទាំងអស់ ធ្វើឱ្យខ្ញុំមិនអាចទាក់ទងប្តីបាន ដោយសារទូរសព្ទគាត់អស់ថ្ម។

នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខណៈពេលខ្ញុំជិះម៉ូតូមកដល់វត្តកណ្ដោល អ្នកភូមិបានប្រាប់ថា មីងកុំទៅព្រោះមានគ្រាប់ផ្លោងធ្លាក់មកច្រើនណាស់។ នៅម៉ោងប្រហែល១០ព្រឹក អ្នកភូមិកណ្តោល ទូរសព្ទប្រាប់កូនប្រុសខ្ញុំឈ្មោះ ម៉ី ថា «ពុកឯងត្រូវគ្រាប់ហើយ»។ ពេលកូនខ្ញុំទៅដល់ ប្តីខ្ញុំបានស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងនៅចុងភូមិកណ្តោល នៅខណៈដែលប្តីខ្ញុំកំពុងយកកន្ទក់ទៅឱ្យជ្រូកមិត្តភក្តិរបស់គាត់ស៊ី ស្រាប់តែអំបែងគ្រាប់ខ្ទាតមកត្រូវចំស្លាបប្រចៀវគាត់តែម្តង។ ពិធីបុណ្យសពប្តីខ្ញុំធ្វើឡើងនៅវត្តភូមិថ្មី ឃុំភូមិថ្មី ដោយមានព្រះសង្ឃចំនួន៣អង្គ សូត្រមន្តបង្សុកូល។ នៅម៉ោង៥ល្ងាច ខ្ញុំមិនបាននៅរើសធាតុប្តីខ្ញុំដោយផ្ទាល់ទេ គឺព្រះសង្ឃជាអ្នករើស និងរក្សាទុកឱ្យ ពីព្រោះខ្ញុំត្រូវប្រញាប់ភៀសខ្លួនត្រឡប់ទៅផ្ទះដន្លងវិញ។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ទើបខ្ញុំត្រឡប់មកធ្វើបុណ្យគម្រប់ខួប៧ថ្ងៃឧទ្ទិសដល់ប្តីខ្ញុំនៅវត្តភូមិថ្មីដដែល ដោយមានកូនចៅ និងដន្លងមកចូលរួម។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ និងបានយកធាតុប្តីរបស់ខ្ញុំមកផ្ទះ។

តាំងពីប្តីខ្ញុំស្លាប់ ខ្ញុំធ្វើអ្វីក៏មិនសមបំណងដែរ ព្រោះនៅពេលចង់ទៅណាមកណាគឺគ្មានអ្នកជូនឡើយ។ ខ្ញុំមានអនុស្សាវរីយ៍យ៉ាងច្រើនជាមួយប្តីខ្ញុំ ជាពិសេសពេលខ្ញុំសម្រាលកូន និងពេលឈឺថ្កាត់ម្ដងៗ ប្តីរបស់ខ្ញុំតែងតែនៅមើលថែ និងបោកខោអាវឱ្យគ្រប់សព្វ។ សូម្បីតែចៅៗក៏ត្អូញត្អែរថា អស់ពីតាទៅ គ្មានអ្នកណានាំចៅទៅដាក់បាយជ្រូក និងដឹកចៅដើរលេងតាមស្រែចម្ការទេ។

បំណងប្រាថ្នារបស់ប្ដីខ្ញុំពេលនៅរស់ គឺធ្លាប់និយាយប្រាប់ខ្ញុំថាចង់សាងសង់ផ្ទះមួយឱ្យកូនចិញ្ចឹម និងរស់នៅជាមួយកូនចិញ្ចឹមនៅពេលខ្ញុំ និងគាត់ចាស់ជរា ប៉ុន្តែពេលនេះប្តីខ្ញុំបានស្លាប់ហើយ។ ខ្ញុំសូមបួងសួងឱ្យស្រុកទេសមានសុខសន្តិភាព ឈប់មានសង្គ្រាម ដើម្បីឱ្យប្រជាជនបានរស់នៅជួបជុំគ្នា។

អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖