ខ្ញុំបាត់បង់កូនប្រុសជាទីស្រឡាញ់ ដោយសារការឈ្លានពានរបស់ទាហានថៃ

កូនប្រុសខ្ញុំមានឈ្មោះ ខុម ឃីម អាយុ១៣ឆ្នាំ បានបាត់បង់​ជីវិត ដោយសារតែគ្រាប់ផ្លោងរបស់ទាហានថៃធ្លាក់ចំផ្ទះរបស់ខ្ញុំស្ថិតក្នុងភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកព្រលឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ខ្ញុំឈ្មោះ ឡេង គឹមលាង អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ គុណ ឡេង សព្វថ្ងៃរស់នៅ ឃុំបន្ទាយឆ្មារ និងម្ដាយឈ្មោះ តឿក រីន ស្លាប់ប្រហែល​១០ឆ្នាំហើយ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ គឺប្រុស៤នាក់និងស្រី២នាក់ ហើយខ្ញុំគឺជាកូនទី៣នៅក្នុងគ្រួសារ។

ខ្ញុំមានប្តីឈ្មោះ ណៃ ខុម អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ កាលពីក្មេង ខ្ញុំមិនបានរៀនសូត្រទេ ព្រោះខ្ញុំទៅធ្វើការស៊ីឈ្នួលដកដំឡូង និងដាំដំឡូងនៅ​ប្រទេស​ថៃ។ ខ្ញុំរស់នៅប្រទេសថៃបានរយៈពេលប្រហែល១ឆ្នាំ ក៏ត្រឡប់មក​ស្រុកកំណើត​វិញ។ ក្រោយពីត្រឡប់មកពីប្រទេសថៃវិញ ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំ និងប្រកបរបរធ្វើស្រែចម្ការ ដាំដំឡូង និងដើរស៊ីឈ្នួលស្ទូងស្រូវ ដកដំឡូង ដាំដំឡូងឱ្យអ្នកស្រុកក្នុងភូមិជាមួយគ្នា។ ចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំនិងប្តី មានកូនប្រុសពីរនាក់ គឺកូនប្រុសច្បងឈ្មោះ ខុម សុឃី សព្វថ្ងៃមានអាយុ១៨ឆ្នាំ។ ចំណែកកូនប្រុសពៅឈ្មោះ ខុម ឃីម អាយុ១៣ឆ្នាំ។ កូនប្រុសច្បងរបស់ខ្ញុំបានចេញទៅធ្វើការនៅទីក្រុងភ្នំពេញ និងមានប្រពន្ធរួចហើយ។

មុនពេលផ្ទុះអាវុធរវាងកម្ពុជានិងថៃ ក្នុងខែធ្នូ ឆ្នាំ២០២៥ នៅផ្ទះខ្ញុំមានសមាជិកចំនួន៣នាក់ គឺរូបខ្ញុំ ប្តី និងកូន​ប្រុសពៅ។ កូនប្រុសពៅរបស់ខ្ញុំគឺជាក្មេងប្រុសសុភាពរាបសារ ចេះជួយការងារឪពុកម្ដាយ ចេះគោរពចាស់ទុំ។ ជាពិសេសកូនប្រុសពៅរបស់ខ្ញុំ ស្រឡាញ់ខ្ញុំខ្លាំងណាស់ ហើយតែងតែជួយការងារខ្ញុំ ដូចជាទៅជួយដកដំឡូង និងដាំដំឡូងជាមួយខ្ញុំ។ ពេលកូនប្រុសពៅរបស់ខ្ញុំទៅណាមកណាម្ដងៗ ចង់ឱ្យខ្ញុំទៅជាមួយគាត់​គ្រប់ពេល។

នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃចាប់ផ្ដើមផ្ទុះអាវុធជាលើកទី២។ នៅពេលនោះ ប្រជាជនមួយចំនួននៅក្នុងភូមិគោកព្រេច បាននាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង និងភូមិឋាន។ ចំណែកខ្ញុំចង់ភៀសខ្លួនចេញជាមួយប្រជាជនទាំងនោះដែរ ប៉ុន្តែប្តីនិងកូនប្រុសខ្ញុំមិនព្រមចាកចេញពីផ្ទះ។ ហេតុនេះគ្រួសារខ្ញុំបានត្រឹមនាំគ្នារត់ចូល​លេណដ្ឋាន ដែលបានជីកទុកតាំងពីពេលផ្ទុះអាវុធលើកទី១ ក្នុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីលាក់ខ្លួន។ នៅថ្ងៃនោះ កូនប្រុសពៅខ្ញុំបាន​និយាយប្រាប់ខ្ញុំថា «ម៉ែៗ ខ្ញុំបានឃើញដ្រូនរបស់ទាហានថៃហោះ»។

ចាប់តាំងពីផ្ទុះអាវុធថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥មក គ្រួសារខ្ញុំមានសមាជិកបីនាក់ តែងតែរត់ចូលពួននៅក្នុងលេណដ្ឋាន។ ខ្ញុំតែងតែនិយាយប្រាប់កូនប្រុសច្បងខ្ញុំអំពី​ស្ថានភាពទាហានថៃបាញ់ផ្លោងចូលមកលើទឹកដីខ្មែរ។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥  សភាពការណ៍បានស្ងប់ស្ងាត់ ហើយនៅម៉ោងប្រហែល១២រំលងអាធ្រាតឈាន​ចូលដល់ថ្ងៃទី១០ កូនប្រុសរបស់ខ្ញុំនិយាយមកកាន់ខ្ញុំថា «ម៉ែៗ! ខ្ទួយទិចខ្ញុំ» ឮដូច្នេះ ខ្ញុំបានយកប្រេងកូឡាទៅលាប​ឱ្យកូន រួចហើយខ្ញុំនាំកូនចេញពីលេណដ្ឋាន ឡើងទៅសម្រាកនៅលើផ្ទះ ព្រោះនៅមិនទាន់មានការបាញ់ផ្លោងបន្តទៀត។

នៅព្រឹកព្រលឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦ ពេលខ្ញុំក្រោកពីដេក ខ្ញុំមិនឃើញកូនប្រុសពៅរបស់ខ្ញុំទេ។ ពេលខ្ញុំចុះមកក្រោមផ្ទះ ទើបដឹងថាកូនប្រុស​ខ្ញុំចុះមកក្រោមដើម្បីចូលបន្ទប់ទឹក។ បន្ទាប់ពីកូនខ្ញុំចូលបន្ទប់ទឹកមួយសន្ទុះ កូនខ្ញុំបានដើរមករកខ្ញុំដែលកំពុងឈរនៅជិតចង្រ្កាន។ ខ្ញុំបានសួរទៅកូនប្រុសខ្ញុំថា «យ៉ាងម៉េចហើយកូន មានឮសំឡេងគ្រាប់កាំភ្លើងទៀតទេ?» កូនខ្ញុំឆ្លើយថាមិនឮទេ។ បន្ទាប់មកកូនខ្ញុំកាន់ទូរសព្ទយកមកសាក់ថ្ម ​រួចដាក់ទូរសព្ទនៅលើកៅតុថ្ម។ ខ្ញុំសួរកូនរួចហើយ ក៏ដើរទៅអង្គុយលើគ្រែដើម្បីរៀបចំបត់ខោអាវទុក។ បន្ទាប់មក​ កូនខ្ញុំបានដើរមករកខ្ញុំដែលកំពុងអង្គុយបត់ខោអាវ ស្រាប់តែ​មានគ្រាប់កាំភ្លើងធំធ្លាក់ក្បែរគ្រែ ហើយអំបែងគ្រាប់បានហោះមកចំកូនប្រុសខ្ញុំ ដែលកំពុងដើរមកកាន់ខ្ញុំ។ ពេលនោះកូនខ្ញុំបានដួលទៅលើដីភ្លាមៗ។ ខ្ញុំភាំងស្មារតី ឈរឆ្កឹង​មើលអ្វីមិនឃើញឡើយ បានត្រឹមស្រែកហៅប្ដី ចំណែកត្រចៀកខ្ញុំឡើងហឹង និងមានផ្សែងហុយងងឹតឈឹង។ ខ្ញុំរកមើលអ្វីមិនឃើញឡើយ។ អំបែងគ្រាប់ខ្ទាតត្រូវចំខ្នងដៃឆ្វេងរបស់ខ្ញុំ និងដាច់ក្រវិលត្រចៀកមួយចំហៀងរបស់ខ្ញុំ។

រំពេចនោះ ប្តីខ្ញុំដែលកំពុងឈរនៅមុខផ្ទះ បានរត់មករកខ្ញុំ ហើយបានទាញខ្ញុំចូលទៅក្នុងលេណដ្ឋាន។ បន្ទាប់មកប្ដីខ្ញុំសួររកកូន ខ្ញុំ​បានត្រឹមឆ្លើយតបទៅប្ដីទាំងទឹកភ្នែកថា «កូនយើងត្រូវគ្រាប់ហើយ នៅក្រោមផ្ទះ»។ ប្ដីខ្ញុំដឹងថាកូនស្លាប់ ក៏រត់ចេញ​ពីលេណដ្ឋានទៅរកកូន ហើយបានលើកកូនបីរត់ចូលក្នុងលេណដ្ឋានវិញ។ កូនខ្ញុំធ្លាយពោះ ត្រូវ​ចំ​ចង្ការ ហើយអំបែងគ្រាប់ផ្លោងខ្ទាតត្រូវសុះពេញខ្លួនប្រាណ។ នៅពេលប្ដីខ្ញុំបីកូនពីក្រោមផ្ទះចូលក្នុងលេណដ្ឋាន កូនខ្ញុំ​​នៅមានដង្ហើមតិចៗ បន្ទាប់មកក៏ផុតដង្ហើមទៅ។ គ្រាប់ផ្លោងបានបន្តរហូតដល់ម៉ោងប្រមាណ៧ព្រឹក បន្ទាប់មកមេភូមិគោកព្រេចបានដើរមកផ្ទះខ្ញុំ និងប្រាប់ ប្ដីខ្ញុំឱ្យនាំខ្ញុំទៅមន្ទីរពេទ្យមុន ចាំត្រឡប់មកយកសពកូនតាម​ក្រោយ។ បន្ទាប់ពីមេភូមិប្រាប់ប្តីខ្ញុំរួច ប្ដីខ្ញុំបានដឹកខ្ញុំទៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅពេលទៅដល់ភូមិបន្ទាត់បោះ ប្រជាជននៅក្នុងភូមិដែលឃើញប្ដីខ្ញុំ​ប្រឡាក់ឈាមពេញខ្លួន បានប្រាប់ប្ដីខ្ញុំឱ្យទៅងូតទឹកសម្អាតខ្លួន ដោយទុកឱ្យពួកគាត់ជួយនាំខ្ញុំទៅមណ្ឌលសុខភាពឃុំតាផូជំនួស។ បន្ទាប់ពីគ្រូពេទ្យពិនិត្យរបួសខ្ញុំរួចហើយ គ្រូពេទ្យបានផ្តល់ថ្នាំឱ្យខ្ញុំទុកលេប និងលាបរបួស។ ក្រោយមក ខ្ញុំចេញពីមណ្ឌលសុខភាពឃុំតាផូ រួច​ធ្វើដំណើរមកភូមិបន្ទាត់បោះវិញ។ នៅវេលាម៉ោង១២ថ្ងៃត្រង់ ប្ដីខ្ញុំបានមកយកសាកសពកូនម្នាក់ឯង និងបានដឹកសពកូនតាមគោយន្ត​តាមផ្លូវភូមិស្រែល្អ ឆ្ពោះទៅស្រុកថ្មពួក។ នៅតាមផ្លូវ ប្ដីខ្ញុំបានជួបព្រះសង្ឃចំនួនពីរអង្គ ក៏និមន្តព្រះសង្ឃទាំងពីឱ្យឡើងជិះគោយន្តមកជាមួយសព​កូនប្រុសខ្ញុំ។ ប្ដីខ្ញុំបានបើកគោយន្តទៅវត្តភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ប្ដីខ្ញុំទៅដល់វត្ត​ភូមិថ្មី ដោយអាជ្ញាធរស្រុកថ្មពួក នៅរង់ចាំទទួល និងរៀបចំបុណ្យសពកូនខ្ញុំនៅក្នុងវត្តភូមិថ្មីតែម្តង។  ប្តីខ្ញុំបាននិមន្តព្រះសង្ឃចំនួន៣អង្គ បង្សុកូលមុននឹងយកសពកូនប្រុសខ្ញុំទៅបូជានៅវេលាម៉ោងប្រមាណជាង៦ល្ងាច ក្នុងថ្ងៃដដែល។ នៅខណៈពេលកំពុងបូជាសពកូន ព្រះសង្ឃបានប្រាប់ប្ដីខ្ញុំឱ្យមកមើលថែខ្ញុំនៅភូមិបន្ទាត់បោះវិញ ដោយទុកឱ្យព្រះអង្គ​ជួយរើសឆ្អឹងកូនប្រុសខ្ញុំរក្សាទុកឱ្យ។ ប្ដីរបស់ខ្ញុំបានចេញមករកខ្ញុំទាំងយប់ ទាំងមិនស្គាល់ផ្លូវច្បាស់លាស់។ ប្តីខ្ញុំបានវង្វេងផ្លូវរហូតមកដល់ម៉ោងជិត១០យប់ ទើបមកដល់ភូមិបន្ទាត់បោះ។

នៅព្រឹកនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ប្ដីរបស់ខ្ញុំបានទៅយកឆ្អឹងកូនប្រុសមកផ្ញើទុកជាមួយព្រះសង្ឃក្នុងភូមិបន្ទាត់បោះ។ នៅថ្ងៃបុណ្យគម្រប់៧ថ្ងៃកូនប្រុសខ្ញុំ​ ខ្ញុំបានដាំបាយធ្វើម្ហូបបន្តិចបន្តួចតែប៉ុណ្ណោះ យកទៅប្រគេនព្រះសង្ឃនៅវត្តបន្ទាត់បោះ។ ចាប់តាំងពីកូនប្រុសស្លាប់ ខ្ញុំឧស្សាហ៍យល់សប្តិឃើញកូនខ្ញុំ។ ខ្ញុំយល់សប្តិឃើញកូនខ្ញុំមករកទូរសព្ទ។ ខ្ញុំដឹងថាកូនខ្ញុំស្រឡាញ់​ទូរសព្ទណាស់ ពីព្រោះខ្ញុំទើបទិញឱ្យកូនខ្ញុំប្រើប្រាស់បានរយៈពេល២០ថ្ងៃតែប៉ុណ្ណោះ មុនពេលកូនខ្ញុំស្លាប់ដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ។

ខ្ញុំ និងប្តី ត្រូវភៀសខ្លួនរហូតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ទើបខ្ញុំត្រឡប់មកផ្ទះវិញ។ បន្ទាប់មកខ្ញុំបានរៀបចំធ្វើបុណ្យឱ្យកូនប្រុសបានសមរម្យ និងបានយកទូរសព្ទកូនទៅវត្ត ដើម្បីឱ្យព្រះសង្ឃសូត្រធម៌ឧទិ្ទស​ទៅ​ឱ្យកូន។

ខ្ញុំនឹកកូនខ្ញុំខ្លាំងណាស់។ ខ្ញុំស្រឡាញ់កូនខ្ញុំខ្លាំងណាស់ ព្រោះកូនប្រុសទី២របស់ខ្ញុំ តែងតែ​នៅក្បែរខ្ញុំជានិច្ចមិនថានៅកន្លែងធ្វើការ ឬនៅផ្ទះ។ ពេលខ្ញុំជួបបញ្ហាក្នុងពេលកំពុងធ្វើការ និងពេល​មេឃភ្លៀង គឺកូនខ្ញុំតែងតែយកចិត្តទុកដាក់ជាមួយខ្ញុំ ដោយយកស្លឹកមកបាំងឱ្យខ្ញុំកុំឱ្យទទឹក។ គ្រួសារខ្ញុំធ្លាប់តែមានសេចក្ដីសុខ សុភមង្គល ប្រែជាមានទុក្ខធំ។ ខ្ញុំបានបាត់បង់កូនប្រុសជារៀងរហូត ខ្ញុំមិនអាចកាត់ចិត្តពីកូនប្រុសខ្ញុំបានឡើយ។ ខ្ញុំធ្លាប់តែគិតថា ​អនាគតទៅ ខ្ញុំនឹងពឹងពាក់ទៅលើកូនប្រុសពៅរបស់ខ្ញុំ ប៉ុន្តែពេលនេះខ្ញុំបានបាត់បង់កូនជាទីស្រឡាញ់ហើយ។ ខ្ញុំនិង​ប្ដីគិតអ្វីលែងចេញ ព្រោះតែនឹកកូន។

ខ្ញុំបានបាត់បង់កូនប្រុស ក៏ព្រោះតែទាហានថៃបានបំពានច្បាប់ ចង់ដណ្ដើមយកទឹកដីខ្មែរ។ គ្រាប់ផ្លោងរបស់ទាហានថៃមិនត្រឹមតែធ្វើឱ្យកូនខ្ញុំស្លាប់ទេ ថែមទាំងធ្វើឱ្យសម្ភារប្រើប្រាស់ ផ្ទះសម្បែង​ខ្ញុំបែកបាក់គ្មានសល់ឡើយ។ ខ្ញុំចង់ឱ្យប្រទេសជាតិមានសុខសន្តិភាព និងចង់បាន​យុត្តិធម៌​សម្រាប់កូនប្រុសរបស់ខ្ញុំ។​

អត្ថបទ ៖ គាត់ ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖