វេទិកាថ្នាក់រៀន ស្តីពី«សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» នៅខេត្តព្រៃវែង

មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង បានអនុវត្តវេទិកាថ្នាក់រៀនលើកទី៧៧របស់ខ្លួន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជាមួយសិស្សានុសិស្សចំនួន៤៥នាក់(ស្រី៣៥នាក់ ស្មើនឹង៧៨%) មកពីវិទ្យាល័យច័ន្ទក្រឹស្នា ស្ថិតនៅឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង តាមការស្នើសុំរបស់គណៈគ្រប់គ្រងវិទ្យាល័យនេះកាលពីខែមីនា ឆ្នាំ២០២២ កន្លងមក។ សិស្សានុសិស្សទាំងអស់ និងគ្រូដឹកនាំចំនួនបីនាក់ បានធ្វើដំណើរមកដល់ទីតាំងមជ្ឈមណ្ឌល ឯកសារកម្ពុជាខេត្តព្រៃវែង​ នៅវេលាម៉ោង៩ព្រឹក ហើយដំណើរការកម្មវិធីវេទិកាថ្នាក់រៀនបានចាប់ផ្តើមភ្លាមៗ ដែរ។ កម្មវិធីដែលបានរៀបចំទុកមុនរបស់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ត្រូវបានអនុវត្ត ជាបន្តបន្ទាប់រហូតដល់ម៉ោង១៥:០០នាទី រសៀលថ្ងៃដដែល។

ប្រវត្តិសង្ខេបវិទ្យាល័យ ច័ន្ទក្រឹស្នា

ប្រវត្តិវិទ្យាល័យ ច័ន្ទក្រឹស្នា មិនត្រូវបានចងក្រងលម្អិតឡើយ។ តាមសំណេរដោយដៃចំនួន៣ទំព័រ ដែលត្រូវបានផ្តល់ឲ្យដោយគណៈគ្រប់គ្រងវិទ្យាល័យនេះ គឺបានរៀបរាប់ត្រួសៗពីទិសដៅទៅកាន់ទីតាំងវិទ្យាល័យ ការកកើតវិទ្យាល័យ ស្ថានភាពរបស់វិទ្យាល័យនាពេលថ្មីៗនេះ តម្រូវការរបស់វិទ្យាល័យ និងការចុះឈ្មោះចូលរៀនរបស់សិស្សសម្រាប់ឆ្នាំថ្មីៗកន្លងមកនេះ។ ក្រុមការងារ បានសង្ខេបតែចំណុចទាក់ទងនឹងប្រវត្តិរបស់វិទ្យាល័យមកបញ្ជាក់ដូចតទៅ៖ នៅឆ្នាំ១៩៦៤ នាសម័យសង្គមរាស្ត្រនិយម វិទ្យាល័យនេះត្រូវបានសាងសង់ឡើង ដើម្បីផ្តល់នូវសេចក្តីត្រូវការរបស់អ្នកភូមិក្នុងការបញ្ចូនកូនៗរបស់ខ្លួនឲ្យចូលរៀន។ កាលនោះគឺជាសាលាបឋមសិក្សាច័ន្ទក្រឹស្នា។ ប្រាំ មួយឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៧០ សាលានេះត្រូវបិទទ្វារដោយសារតែសង្គ្រាម។ ពីឆ្នាំ១៩៧៥ដល់១៩៧៩ បរិវេណសាលាទាំងមូលត្រូវខ្មែរក្រហមប្រើប្រាស់ជាកន្លែងផលិតជីធម្មជាតិដាក់ស្រែ និងមន្ទីរពេទ្យប្រចាំឃុំច្រេស។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាលារៀននេះត្រូវបានបើកឲ្យដំណើរការឡើងវិញ ដោយមានឈ្មោះជាសាលាបឋមសិក្សាច័ន្ទក្រឹស្នាដដែល។ នៅឆ្នាំ១៩៨៤ ក្រសួងអប់រំបានតម្លើងកម្រិតសិក្សាពីសាលាបឋមសិក្សា ទៅជាអនុវិទ្យាល័យ ហើយចាប់ពីឆ្នាំ២០០៥មក ទៅជាវិទ្យាល័យ ច័ន្ទក្រឹស្នា។

កាលវិភាគវេទិកាថ្នាក់រៀន

ពេលព្រឹក

១) ណែនាំសិស្សានុសិស្សពីមូលហេុតនៃការបង្កើតមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង និងតួនាទីរបស់មជ្ឈមណ្ឌលនេះ។

២) វាស់ស្ទង់ចំណេះដឹងសិស្សមុនពេលអនុវត្តវេទិកាថ្នាក់រៀនចាប់ផ្តើម។

៣) ណែនាំ និងពន្យល់សិស្សានុសិស្សពីពិព័រណ៍រូបថតដែលតាំងបង្ហាញនៅផ្នែកខាងក្នុង និងខាងក្រៅការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង។

៤) ណែនាំសិស្សានុសិស្សឲ្យស្វែងយល់ស៊ីជម្រៅពីបរិបទប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។

ពេលរសៀល

៥) តម្រង់ទិសសិស្សានុសិស្សឲ្យគិតគូរស៊ីជម្រៅពីវិធីសាស្ត្រទប់ស្កាត់អំពើឃោរឃៅក្នុងប្រទេសកម្ពុជា នាពេលអនាគត ដោយណែនាំអ្នកទាំងនោះឲ្យស្វែងយល់ពី៖ (ក) និយមន័យឧក្រិដ្ឋកម្មឃោរឃៅ។ (ខ) កត្តាគ្រោះថ្នាក់ជាក់លាក់ដែលនាំឲ្យកើតមានអំពើឃោរឃៅក្នុងពិភពលោក។ (គ) វិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍ជាលក្ខណៈបុគ្គល គ្រួសារឬសហគមន៍ និងជាតិ ដើម្បីជាគំនិតក្នុងការត្រិះរិះពិចារណាពីវិធីសាស្ត្រផ្ទាល់ខ្លួនក្នុងការ ទប់ស្កាត់អំពើប្រល័យពូជសាសន៍។

៦) សំណួរ និងចម្លើយអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។

៧) វាស់ស្ទង់ចំណេះដឹងសិស្សក្រោយពេលវេទិកាចប់។

៨) ចែកចាយសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

៩) ថតរូបអនុស្សាវរីយ៍ និងបិទកម្មវិធីវេទិកាថ្នាក់រៀន។

សកម្មភាពវេទិកាថ្នាក់រៀន

ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានណែនាំសិស្សានុសិស្សទាំងអស់ពីការបង្កើតមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ព្រមទាំងបានបង្ហាញពីគោលបំណង តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលនេះ ក្នុងការផ្សព្វផ្សាយពីឯកសារខ្មែរក្រហមទាំងអស់ដែលមានតម្កល់នៅក្នុងការិយាល័យនេះ និងប្រមូលចងក្រងឯកសារទាំងឡាយណាដែលទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម ដូចជាការចងក្រងបទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបនេះ ដើម្បីការចងចាំ ការបង្រៀន និងការប្រើប្រាស់ជាមេរៀនបន្ថែមស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។

បន្ទាប់មក សិស្សានុសិស្សទាំងអស់ ត្រូវបានស្នើសុំឲ្យបំពេញតារាងស្ទាបស្ទង់មតិមុនពេលអនុវត្តវេទិកាថ្នាក់រៀន ដើម្បីវាស់ស្ទង់ចំណេះដឹងពីមុនរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ តារាងស្ទាបស្ទង់មតិមុនពេលធ្វើវេទិកាចំនួន៤៥ច្បាប់ ត្រូវបានចែកទៅកាន់សិស្សានុសិស្សទាំងអស់ ដើម្បីបំពេញ។ តារាងស្ទាបស្ទង់មតិនេះ មាន១២សំណួរដែលត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ផ្នែកចំណេះដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ផ្នែកចំណេះដឹងអំពីនិយមន័យ និងកត្តាគ្រោះថ្នាក់ជាក់លាក់ដែលនាំឲ្យកើតមានអំពើឃោរឃៅក្នុងពិភពលោក និងផ្នែកចំណេះដឹងអំពីវិធីសាស្ត្រក្នុងការចូលរួមទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។ សិស្សានុសិស្សទាំងអស់ មានពេលត្រឹមតែ១៥នាទីប៉ុណ្ណោះក្នុងការបំពេញសំណួរទាំង១២សំណួរនេះ។

សកម្មភាពបន្ទាប់ទៀត​ គឺជាការបង្ហាញពីពិព័រណ៍រូបថតខ្មែរក្រហម ដែលមាននៅខាងក្នុង និងខាងក្រៅបន្ទប់ការិយាល័យ។ សិស្សានុសិស្សត្រូវបានបង្ហាញពីរូបថតម្តងមួយផ្ទាំងៗ អមជាមួយនឹងការពន្យល់ពីផ្ទាំងរូបថត ទាំងនោះផង។ ក្នុងពេលជាមួយគ្នានេះដែរ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឲ្យកត់ត្រានូវសំណួរផ្សេងៗដែលខ្លួនមាន នៅក្នុងសៀវភៅកំណត់ហេតុ ដើម្បីសួរក្នុងពេលវេលាដែលបានកំណត់នៅក្នុងកាលវិភាគ។ សិស្សអាចកត់ត្រានូវសំណួរដែលខ្លួនឆ្ងល់ជាយូរយារណាស់មកហើយអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងអាចជាឱកាសនៃការសួរសំណួរពិបាកៗដែលគ្រូរបស់ខ្លួនមិនទាន់រកចម្លើយឲ្យខ្លួនបាន។

កាលវិភាគបន្តបន្ទាប់ទៀត គឺការធ្វើបទបង្ហាញពីប្រវតិ្តសាស្ត្រខ្មែរក្រហម។ គ្រូឧទ្ទេសបានចំណាយពេលវេលាប្រហែលពីម៉ោង សម្រាប់ការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ការធ្វើបទបង្ហាញ បានចាប់ផ្តើមពីការកកើតខ្មែរក្រហម និងបញ្ចប់ដោយការបង្ហាញពីផលប៉ះពាល់នៃរបបខ្មែរក្រហម មកលើប្រជាជនទូទៅ និងប្រទេសជាតិ ជាពិសេសជំងឺបាក់ស្បាតដែលនៅតែបន្តកើតមានចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនាពេលបច្ចុប្បន្ននេះ និងជីវិតតែលតោលរបស់ក្មេងកំព្រារាប់សែននាក់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៥។

នៅពេលរសៀលថ្ងៃដដែល គ្រូឧទ្ទេសបានពិភាក្សាពីសំណួរមួយចំនួនដែលសិស្សានុសិស្សបានសួរ។ បន្ទាប់មក គ្រូឧទ្ទេសបានចាប់ផ្តើម​ការធ្វើបទបង្ហាញរបស់ខ្លួនបន្តទៀត ដោយផ្តោតលើផ្នែកសំខាន់ពីរគឺ៖ ១) និយមន័យនៃអំពើឧក្រិដ្ឋឃោរឃៅ (រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម) និងឧទាហរណ៍ជាក់លាក់មួយចំនួនដែលនាំឲ្យកើតមានឧក្រិដ្ឋកម្មឃោរឃៅទាំងឡាយ។ ២) ការបង្ហាញពីវិធីសាស្ត្រជាក់លាក់ចំនួនពីរក្នុងការចូលរួមទប់ស្កាត់អំពើឃោរឃៅ​​ឬអំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារឬសហគមន៍ និងកម្រិតប្រទេសជាតិ។

សិស្សានុសិស្សទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យបំពេញតារាងស្ទាបស្ទង់មតិ (ក្រោយពេលធ្វើវេទិកា) ម្តងទៀត ដើម្បីស្វែងយល់ពីចំណេះដឹងកើនឡើងក្រោយពេលដែលខ្លួនបានចូលរួមក្នុងសកម្មភាពវេទិកាថ្នាក់រៀនរយៈពេលបីម៉ោងរួចមក។ លើកនេះ សិស្សានុសិស្សបានចំណាយពេលវេលាច្រើនជាងកន្លះម៉ោងក្នុងការបំពេញតារាងស្ទាបស្ទង់មតិនេះ ព្រោះថា មានសំណួរមួយចំនួនទាមទារឲ្យសិស្សានុសិស្សសរសេររៀបរាប់ពីចំណេះដឹងដែលខ្លួនបានសិក្សាថ្មីៗពីក្នុងកម្មវិធីវេទិកាថ្នាក់រៀន ពីគំនិតយល់ឃើញនានារបស់ខ្លួនអំពីវិធីសាស្ត្រផ្ទាល់ខ្លួនក្នុងការចូលរួមទប់ស្កាត់អំពើហិង្សា និងពីគំនិតឆ្លុះបញ្ចាំងពីដំណោះស្រាយចំពោះការកើតឡើងនូវអំពើហិង្សានៅក្នុងសហគមន៍ ដែលខ្លួនគួរមាននិងដោះស្រាយ ក្នុងករណីដែលមានអំពើហិង្សាកើតឡើងមែន។

ចុងបញ្ចប់នៃកម្មវិធីវេទិកាថ្នាក់រៀន សិស្សានុសិស្សទាំងអស់ទទួលបានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជា  ធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ម្នាក់មួយច្បាប់ ដើម្បីទុកជាឯកសារស្រាវជ្រាវ និងរៀនសូត្របន្ថែមមុនពេលដែលខ្លួននឹងត្រូវចូលរួមប្រឡងប្រជែងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនាពេលប៉ុន្មានខែខាងមុខនេះ។

មុននឹងត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ សិស្សានុសិស្សទាំងអស់បានឈរថតរូបជុំគ្នាជាមួយនឹងគ្រូឧទ្ទេស គ្រូដឹកនាំ និងក្រុមការងាររបសមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅពីមុខផ្ទាំងពិព័រណ៍ធំមួយស្ថិតនៅខាងក្នុងបរិវេណការិយាល័យមជ្ឈមណ្ឌលមណ្ឌលឯកសារខេត្តព្រៃវែង។

លទ្ធផល

លទ្ធផលដែលទទួលបានពីការធ្វើវេទិកាថ្នាក់រៀន គឺត្រូវបានធ្វើឡើងតាមរយៈការបំពេញតារាងស្ទាបស្ទង់មតិ (ក្រោយពេលធ្វើវេទិកា) របស់សិស្សានុសិស្ស។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏លទ្ធផលនេះ ត្រូវបានវាស់ស្ទង់តាមរយៈចំណេះដឹងពីមុនរបស់សិស្សលើផ្នែកសំខាន់ៗចំនួនបីគឺ៖ មាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និយមន័យនិងកត្តាគ្រោះថ្នាក់ជាក់លាក់ដែលជាមូលហេតុបង្កបង្កើតឲ្យមានឧក្រិដ្ឋកម្មឃោរឃៅនានា និងវិធីសាស្ត្រសំខាន់ៗមួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារ ឬសហគមន៍ និងប្រទេសជាតិ។ សំណួរដដែលទាំងនេះ ត្រូវបានសួរទៅកាន់សិស្សានុសិស្សម្តងទៀតនៅក្រោយការបញ្ចប់វេទិកាថ្នាក់រៀន ដើម្បីវាស់ស្ទង់ថា តើកម្រិតនៃការយល់ដឹងរបស់សិស្សលើផ្នែកសំខាន់ៗទាំងបីខាងលើ បានកើនឡើងកម្រិតណា។

តារាងខាងក្រោមនេះ គឺជាលទ្ធផលស្រង់ចេញពីតារាងស្ទាបស្ទង់មតិទាំងពីរ ដែលសិស្សបានបំពេញទាំងមុន និងក្រោយការធ្វើវេទិកាថ្នាក់រៀន។ រាល់ចម្លើយដែលជាប្រភេទចម្លើយជ្រើសរើសសម្រាប់ផ្នែក «និយម​ន័យនិងកត្តាគ្រោះថ្នាក់ជាក់លាក់នៃឧក្រិដ្ឋកម្មឃោរឃៅ» និង«វិធីសាស្ត្រសំខាន់ៗក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» ហើយត្រូវបានយកមកដាក់នៅក្នុងតារាងនេះ គឺជាចម្លើយជ្រើសរើសដែលត្រឹមត្រូវបំផុត។

បញ្ហាប្រឈម

ដោយសារតម្រូវការរបស់គ្រូដឹកនាំសិស្សមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាថាឲ្យគ្រូឧទ្ទេសធ្វើបទបង្ហាញលើចំណុចច្រើន និងលម្អិតពីបរិបទប្រវត្តិសាស្ត្រខ្មែរក្រហម យើងបានចំណាយពេលវេលាយ៉ាងច្រើននៅវេលាព្រឹកនៃការធ្វើវេទិកាថ្នាក់រៀន។ សកម្មភាពនេះ បានធ្វើឲ្យសិស្សានុសិស្សមានអារម្មណ៍ថាខ្លួនហាក់ដូចជាទទួលនូវចំណេះដឹងច្រើនពេក ដែលជាហេតុធ្វើឲ្យអ្នកទាំងនោះបាត់បង់ថាមពលនៅពេលរសៀលក្នុងការក្រេបជញ្ជក់ចំណេះដឹងអំពី និយមន័យ និងកត្តាគ្រោះថ្នាក់ជាក់លាក់នៃឧក្រិដ្ឋកម្មឃោរឃៅ។ សិស្សានុសិស្សមួយចំនួន បានបង្ហាញឲ្យឃើញពីភាពអស់កម្លាំងក្នុងពេលត្រងត្រាប់ស្តាប់គ្រូឧទ្ទេស។ ជាបទពិសោធន៍ កម្មវិធីវេទិកាថ្នាក់រៀនដែលនឹងប្រារព្ធធ្វើនាពេលក្រោយៗទៀត គឺត្រូវកំណត់ត្រឹមតែរយៈពេលក្រោមពីរម៉ោងសម្រាប់ការធ្វើបទបង្ហាញទាំងអស់។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖