ក្រុមគ្រួសាររបស់ខ្ញុំត្រូវជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ យើងបានធ្វើដំណើរទៅកាន់ស្រុកកំណើតម្តាយរបស់យើង ដែលស្ថិតនៅឯខេត្តតាកែវ។ កាលនោះ គឺនៅឆ្នាំ១៩៧៥ ហើយមានពាក្យចចាមអារាមបានលេចឡើងថា យើងអាចត្រឡប់មកផ្ទះនៅទីក្រុងភ្នំពេញវិញ។ ថ្ងៃមួយ ខ្មែរក្រហមបានមកប្រាប់យើងឲ្យរៀបចំបង្វេច និងចេញដំណើរ។ យើងសង្ឃឹមក្នុងចិត្តថា នេះគឺជាការធ្វើដំណើរវិលត្រឡប់មកផ្ទះយើងវិញហើយ។
ខ្មែរក្រហមបានបញ្ជាយើងឲ្យឡើងរថភ្លើង។ នៅលើរថភ្លើងមានមនុស្សម្នាជាច្រើន ដែលយើងមិនអាចអង្គុយបាន។ បងស្រីរបស់ខ្ញុំម្នាក់មានកូនស្រីមួយ ដែលទើបតែមានអាយុពីរ-បីខែប៉ុណ្ណោះ។ នាងមានឈ្មោះថា តាន់ កែវកិតាណា។ យើងគ្រប់គ្នាចាប់ផ្តើមព្រួយបារម្ភចំពោះរឿងរ៉ាវដែលអាចកើតឡើងបន្ទាប់។ នៅពេលយប់ ពូរបស់ខ្ញុំឈ្មោះ កែវ ឈឿន បានក្រឡេកមើលទៅផ្កាយឯលើមេឃ ហើយដំណាលប្រាប់យើងអំពីផ្កាយក្រពើ។
ផ្កាយក្រពើ គឺជារឿងនិទានដែលយើងបានរៀនកាលពីក្មេង។ នេះគឺជារឿងនិទាន ស្តីអំពីក្រពើមួយក្បាល ដែលបានសាងអំពើល្អ ហើយបានក្លាយទៅជាផ្កាយនៅលើមេឃ។ ផ្កាយក្រពើតំណាងឲ្យសេចក្តីសង្ឃឹម ទិសដៅ និងសេចក្តីល្អ។ គេអាចសម្លឹងរកមើលផ្កាយក្រពើនៅលើមេឃ ព្រោះផ្កាយនេះអាចជួយចង្អុលប្រាប់ទិសដៅដល់យើងបាន។
នៅពេលធ្វើដំណើរតាមរថភ្លើងនាពេលរាត្រី ពូរបស់ខ្ញុំតែងតែចង្អុលប្រាប់ខ្ញុំអំពីផ្កាយក្រពើនោះ។ គាត់បានប្រាប់យើងទាំងអស់គ្នាថា យើងកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញ។ យើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់ ដោយដឹងថានឹងបានត្រឡប់មកផ្ទះវិញ។ បើទោះបីជា យើងត្រូវធ្វើដំណើរជាច្រើនថ្ងៃ និងឈប់តាមផ្លូវជាច្រើនកន្លែងក៏ដោយ ក៏យើងមិនខ្វល់ដែរ ឲ្យតែយើងធ្វើដំណើរលើទិសដៅត្រូវមួយនេះ។ រំពេចនោះ យើងក៏បានដឹងការពិត។ បន្ទាប់ពីធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់ ប្រជាជនជាច្រើនត្រូវបញ្ជាឲ្យចុះពីទូរថភ្លើង។ អ្នកដំណើរផ្សេងទៀតត្រូវធ្វើដំណើរបន្តទៅកាន់ខេត្តបាត់ដំបង នៅក្បែរព្រំដែនប្រទេសថៃ។ ការធ្វើដំណើររបស់យើងមិនទាន់បានបញ្ចប់នៅឡើយទេ ពោលគឺការធ្វើដំណើររបស់យើងទើបតែចាប់ផ្តើមតែប៉ុណ្ណោះ។
សព្វថ្ងៃនេះ ខ្ញុំនៅតែនឹកឃើញដល់ផ្កាយក្រពើ។ ក្នុងអំឡុងពេលមួយនោះ ផ្កាយក្រពើបាននាំមកនូវក្តីសង្ឃឹម និងភាពរីករាយដល់យើង បើទោះបីជាវាហាក់បីដូចជាការស្រមើស្រមៃយ៉ាងណាក៏ដោយ។ ក្រុមគ្រួសាររបស់ខ្ញុំត្រូវបំបែកចេញពីគ្នា។ យើងចាប់ផ្តើមជីវិតថ្មីរៀងៗខ្លួន ជាមួយនឹង ការអត់ឃ្លាន ការធ្វើការធ្ងន់ និងអំពើប្រល័យពូជសាសន៍។ ខ្ញុំយល់ថា ខ្លួនខ្ញុំមានសំណាង ដែលបានរស់រានមានជីវិតពីរបបដ៏ឃោរឃៅ ស្របពេលដែលសមាជិកក្រុមគ្រួសាររបស់ខ្ញុំជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ដូចជា កូនស្រីរបស់បងស្រីខ្ញុំ និងពូរបស់ខ្ញុំជាដើម។ តាំងពីពេលនោះមក ខ្ញុំបានប្តូរការយល់ឃើញរបស់ខ្ញុំចំពោះផ្កាយក្រពើ។
ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា